YouVersion Logo
Search Icon

យ៉ះយ៉ា 14

14
ណាពី​អ៊ីសា​ជា​មាគ៌ា​ទៅ​កាន់​អុលឡោះ
1«កុំ​រន្ធត់​ចិត្ដ​ធ្វើ​អ្វី អ្នក​រាល់​គ្នា​ជឿ​លើ​អុលឡោះ​ហើយ សុំ​ជឿ​លើ​ខ្ញុំ​ផង។ 2ក្នុង​ដំណាក់​របស់​អុលឡោះ​ជា​បិតា​ខ្ញុំ មាន​លំ‌នៅ​ជា​ច្រើន។ បើ​ពុំ​ដូច្នោះ​ទេ ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ទៅ​រៀប‌ចំ​កន្លែង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ។ 3ពេល​ខ្ញុំ​ទៅ​រៀប‌ចំ​កន្លែង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​រួច​ហើយ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ យក​អ្នក​រាល់​គ្នា​ទៅ​ជា​មួយ​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ។ 4ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ អ្នក​រាល់​គ្នា​ក៏​ស្គាល់​ផ្លូវ​ទៅ​ដែរ»។
5លោក​ថូម៉ាស​សួរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​ខ្ញុំ​អាច​ស្គាល់​ផ្លូវ​ទៅ​បាន បើ​យើង​ខ្ញុំ​មិន​ដឹង​ថា​លោក​ម្ចាស់​ទៅ​ទី​ណា​ផង​នោះ»។ 6អ៊ីសា​ឆ្លើយ​ទៅ​គាត់​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​អុលឡោះ​ជា​បិតា​បាន​ឡើយ លើក‌លែង​តែ​ទៅ​តាម​រយៈ​ខ្ញុំ។ 7បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​ក៏​ស្គាល់​អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ដែរ។ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់​ហើយ ព្រម​ទាំង​បាន​ឃើញ​ទ្រង់​ថែម​ទៀត​ផង»។
8លោក​ភីលីព​សុំ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! សូម​បង្ហាញ​អុលឡោះ​ជា​បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​អស់​ចិត្ដ​ហើយ»។ 9អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ភីលីព​អើយ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តាំង​ពី​យូរ​មក​ហើយ ម្ដេច​អ្នក​នៅ​តែ​មិន​ស្គាល់​ខ្ញុំ!។ អ្នក​ណា​បាន​ឃើញ​ខ្ញុំ ក៏​បាន​ឃើញ​អុលឡោះ​ជា​បិតា​ដែរ។ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថា សូម​បង្ហាញ​អុលឡោះ​ជា​បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង​ដូច្នេះ? 10តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​អុលឡោះ​ជា​បិតាហើយ​អុលឡោះ​ជា​បិតា​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ? សេចក្ដី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា មិន​មែន​ចេញ​មក​ពី​ខ្ញុំ​ផ្ទាល់​ទេ គឺ​អុលឡោះ​ជា​បិតា​ដែល​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ទ្រង់​បំពេញ​កិច្ចការ​របស់​ទ្រង់។ 11ពេល​ខ្ញុំ​និយាយ​ថា ខ្ញុំ​នៅ​ក្នុង​អុលឡោះ​ជា​បិតា​ហើយ​អុលឡោះ​ជា​បិតា​នៅ​ក្នុង​ខ្ញុំ ចូរ​ជឿ​ខ្ញុំ​ចុះ បើ​មិន​ជឿ​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ​ទេ ចូរ​ជឿ​ដោយ​ឃើញ​កិច្ចការ​ទាំង​នោះ​ទៅ។
12ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ជឿ​លើ​ខ្ញុំ អ្នក​នោះ​នឹង​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ហើយ​នឹង​ធ្វើ​កិច្ចការ​ធំ​ជាង​នេះ​ទៅ​ទៀត ពី‌ព្រោះ​ខ្ញុំ​ទៅ​ឯ​អុលឡោះ​ជា​បិតា។ 13អ្វីៗ​ដែល​អ្នក​រាល់​គ្នា​សូម​ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​នោះ​ជា​មិន​ខាន ដើម្បី​ឲ្យ​អុលឡោះ​ជា​បិតា​សំដែង​សិរី‌រុង‌រឿង​ក្នុង​បុត្រា។ 14បើ​អ្នក​រាល់​គ្នា​សូម​អ្វី​ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ចការ​នោះ»។
សន្យា​អំពី​រស‌អុលឡោះ
15«ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​កាន់​តាម​បទ​បញ្ជា​របស់​ខ្ញុំ 16ខ្ញុំ​នឹង​សូម‌អង្វរ​អុលឡោះ​ជា​បិតា ហើយ​ទ្រង់​នឹង​ប្រទាន​ម្ចាស់​ដ៏​ជួយ​ការ‌ពារ មួយ​នាក់​ទៀត ឲ្យ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​ដរាប​ត​រៀង​ទៅ 17អ្នក​នោះ​ជា​រស‌អុលឡោះ​ដែល​សំដែង​សេចក្ដី​ពិត។ មនុស្ស​លោក​ពុំ​អាច​ទទួល​រស‌អុលឡោះ​បាន​ទេ ព្រោះ​គេ​មើល​រស‌អុលឡោះ​មិន​ឃើញ ហើយ​ក៏​មិន​ស្គាល់​រស‌អុលឡោះ​ផង។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ស្គាល់​រស‌អុលឡោះ​ព្រោះ​រស‌អុលឡោះ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ហើយ​រស‌អុលឡោះ​នឹង​នៅ​ក្នុង​អ្នក​រាល់​គ្នា។ 18ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​មក​រក​អ្នក​រាល់​គ្នា​វិញ។ 19បន្ដិច​ទៀត មនុស្ស​លោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​ព្រោះ​ខ្ញុំ​មាន​ជីវិត​រស់ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ជីវិត​រស់​ដែរ។ 20នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​អុលឡោះ​ជា​បិតា​របស់​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ខ្ញុំ ខ្ញុំ​ក៏​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ។ 21អ្នក​ណា​មាន​បទ​បញ្ជា​របស់​ខ្ញុំ និង​ប្រតិ‌បត្ដិ​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ។ អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​នោះ​ដែរ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះ​ស្គាល់​ខ្ញុំ​ថែម​ទៀត​ផង»។
22លោក​យូដាស (មិន​មែន​យូដាស‌អ៊ីស្ការី‌យ៉ុត​ទេ) សួរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ម្ចាស់​បង្ហាញ​ឲ្យ​តែ​យើង​ខ្ញុំ​ស្គាល់​លោក​ម្ចាស់ មិន​ឲ្យ​មនុស្ស​លោក​ស្គាល់​ផង​ដូច្នេះ?»។ 23អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អ្នក​ណា​ស្រឡាញ់​ខ្ញុំ​អ្នក​នោះ​នឹង​ប្រតិបត្ដិ​តាម​ពាក្យ​ខ្ញុំ។ អុលឡោះ​ជា​បិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​អុលឡោះ​ជា​បិតា និង​ខ្ញុំ​ក៏​នឹង​មក​តាំង​លំ‌នៅ នៅ​ក្នុង​អ្នក​នោះ​ដែរ។ 24អ្នក​ណា​មិន​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​ប្រតិបត្ដិ​តាម​ពាក្យ​ខ្ញុំ​ឡើយ។ ពាក្យ​ដែល​អ្នក​រាល់​គ្នា​ឮ​ខ្ញុំ​និយាយ មិន​មែន​ជា​ពាក្យ​របស់​ខ្ញុំ​ទេ គឺ​ជា​បន្ទូល​របស់​អុលឡោះ​ជា​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។
25ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ក្នុង​ពេល​ដែល​ខ្ញុំ​ស្ថិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ 26ប៉ុន្ដែ ម្ចាស់​ដ៏​ជួយ​ការ‌ពារ គឺ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ដែល​អុលឡោះ​ជា​បិតា​ចាត់​ឲ្យ​មក​ក្នុង​នាម​ខ្ញុំ​នឹង​បង្រៀន​សេចក្ដី​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា ព្រម​ទាំង​រំលឹក​អ្វីៗ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ផង។
27ខ្ញុំ​ទុក​សេចក្ដី​សុខ‌សាន្ដ​ឲ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ដ​របស់​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា។ សេចក្ដី​សុខ‌សាន្ដ​ដែល​ខ្ញុំ​ផ្ដល់​ឲ្យ​នេះ មិន​ដូច​សេចក្ដី​សុខ‌សាន្ដ​ដែល​មនុស្ស​លោក​ឲ្យ​ទេ។ ចូរ​កុំ​រន្ធត់​ចិត្ដ កុំ​ភ័យ​ខ្លាច​ឲ្យ​សោះ។ 28អ្នក​រាល់​គ្នា​បាន​ឮ​ខ្ញុំ​និយាយ​រួច​មក​ហើយ​ថា ខ្ញុំ​នឹង​ចាក​ចេញ​ទៅ រួច​ខ្ញុំ​មក​រក​អ្នក​រាល់​គ្នា​វិញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​រាល់​គ្នា​មុខ​តែ​សប្បាយ​ចិត្ដ​ដោយ​ខ្ញុំ​ទៅ​ឯ​អុលឡោះ​ជា​បិតា ដ្បិត​អុលឡោះ​ជា​បិតា​មាន​ឋានៈ​ធំ​ជាង​ខ្ញុំ។ 29ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ឥឡូវ​នេះ មុន​ហេតុ‌ការណ៍​ទាំង​នោះ​កើត​ឡើង។ លុះ​ដល់​ហេតុ‌ការណ៍​ទាំង​នោះ​កើត​ឡើង អ្នក​រាល់​គ្នា​នឹង​ជឿ។ 30ខ្ញុំ​និយាយ​ជា​មួយ​អ្នក​រាល់​គ្នា​មិន​បាន​ច្រើន​ទៀត​ទេ ព្រោះ​ចៅហ្វាយ​របស់​លោកីយ៍​កំពុង​តែ​មក​វា​គ្មាន​អំណាច​អ្វី​លើ​ខ្ញុំ​សោះ។ 31វា​មក​ដូច្នេះ ជា​ឱកាស​ឲ្យ​មនុស្ស​លោក​ដឹង​ថា ខ្ញុំ​ស្រឡាញ់​អុលឡោះ​ជា​បិតា ហើយ​ខ្ញុំ​សុខ​ចិត្ដ​ធ្វើ​តាម​បង្គាប់​របស់​ទ្រង់។ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ចេញ​ពី​ទី​នេះ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in