YouVersion Logo
Search Icon

យ៉ះយ៉ា 18

18
គេ​ចាប់​ណាពី​អ៊ីសា
1កាល​អ៊ីសា​មាន​ប្រសាសន៍​ដូច្នោះ​រួច​ហើយ គាត់​ទៅ​ខាង​នាយ​ជ្រោះ​កេដ្រូន​ជា​មួយ​ពួក​សិស្ស។ នៅ​ទី​នោះ មាន​សួន​ឧទ្យាន​មួយ អ៊ីសា​ចូល​ទៅ​ក្នុង​សួន​ឧទ្យាន​នោះ​ជា​មួយ​ពួក​សិស្ស។ 2រីឯ​យូដាស​ជា​អ្នក​ក្បត់​អ៊ីសា​ក៏​ស្គាល់​កន្លែង​នោះ​ដែរ ព្រោះ​ជា​កន្លែង​ដែល​អ៊ីសា និង​ពួក​សិស្ស​ធ្លាប់​ជួប‌ជុំ​គ្នា​ជា​ញឹក‌ញាប់។ 3ដូច្នេះ​យូដាស​នាំ​កង​ទាហាន និង​កង​រក្សា​ម៉ាស្ជិទ​ចូល​មក ទាំង​កាន់​ចន្លុះ កាន់​គោម កាន់​អាវុធ​ផង។ ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក។ 4អ៊ីសា​ឈ្វេង​យល់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​កើត​ដល់​គាត់ អ៊ីសា​ក៏​ទៅ​មុខ សួរ​គេ​ថា៖ «អ្នក​រាល់​គ្នា​មក​រក​នរណា?»។ 5គេ​ជម្រាប​អ៊ីសា​ថា៖ «រក​ឈ្មោះ​អ៊ីសា​ជា​អ្នក​ភូមិ​ណា‌សារ៉ែត»។ អ៊ីសា​ប្រាប់​គេ​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ»។ រីឯ​យូដាស​ជា​អ្នក​ក្បត់​អ៊ីសា​ក៏​នៅ​ជា​មួយ​ពួក​គេ​ដែរ។ 6កាល​អ៊ីសា​ប្រាប់​គេ​ថា “គឺ​ខ្ញុំ​ហ្នឹង​ហើយ”ដូច្នេះ​គេ​ថយ​ក្រោយ ហើយ​ដួល​ដាច់​ផ្ងារ​ទាំង​អស់​គ្នា។ 7អ៊ីសា​សួរ​គេ​ម្ដង​ទៀត​ថា៖ «អ្នក​រាល់​គ្នា​មក​រក​នរណា?» គេ​ជម្រាប​ថា៖ «រក​ឈ្មោះ​អ៊ីសា ជា​អ្នក​ភូមិ​ណា‌សារ៉ែត»។ 8អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ហ្នឹង​ហើយ បើ​អ្នក​រាល់​គ្នា​មក​រក​ខ្ញុំ ទុក​ឲ្យ​អ្នក​ទាំង​នេះ​ចេញ​ទៅ​ចុះ»។ 9អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​មក​ថា «“អស់​អ្នក​ដែល​អុលឡោះ​ប្រទាន​មក​ខ្ញុំ ឥត​មាន​នរណា​ម្នាក់​ត្រូវ​វិនាស​ឡើយ”»។ 10លោក​ស៊ីម៉ូន​ពេត្រុស​មាន​ដាវ​មួយ គាត់​ហូត​កាប់​អ្នក​បម្រើ​ម្នាក់​របស់​មូស្ទី​ដាច់​ស្លឹក​ត្រចៀក​ស្ដាំ អ្នក​បម្រើ​នោះ​ឈ្មោះ​ម៉ាល‌កុស។ 11អ៊ីសា​ប្រាប់​ពេត្រុស​ថា៖ «ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ​ទៅ តើ​អ្នក​មិន​ចង់​ឲ្យ​ខ្ញុំ​ផឹក​ពី​ពែង​នៃ​ទុក្ខ​លំបាក ដែល​អុលឡោះ​ជា​បិតា​ប្រទាន​មក​ខ្ញុំ​ទេ​ឬ?»។
ណាពី​អ៊ីសា​នៅ​មុខ​មូស្ទី​ពេត្រុស​បដិសេធ​មិន​ទទួល​ស្គាល់​អ៊ីសា
12ពួក​ទាហាន និង​មេ​បញ្ជា‌ការ​របស់​គេ ព្រម​ទាំង​កង​រក្សា​ម៉ាស្ជិទ​របស់​ជន‌ជាតិ​យូដា នាំ​គ្នា​ចាប់​អ៊ីសា​ហើយ​ចង​គាត់។ 13គេ​នាំ​អ៊ីសា​ទៅ​ជួប​លោក​អាណ​មុន​គេ ព្រោះ​លោក​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​កៃផាស ដែល​កាន់​តំណែង​ជា​មូស្ទី​នៅ​ឆ្នាំ​នោះ 14គឺ​លោក​កៃផាស​នេះ​ហើយ ដែល​បាន​ឲ្យ​យោបល់​ទៅ​ជន‌ជាតិ​យូដា​ថា “គួរ​ឲ្យ​មនុស្ស​តែ​ម្នាក់​ស្លាប់ ជា​ប្រយោជន៍​ដល់​ប្រជា‌រាស្ដ្រ”។
15លោក​ស៊ីម៉ូន​ពេត្រុស​ដើរ​តាម​អ៊ីសា​ជា​មួយ​សិស្ស​ម្នាក់​ទៀត មូស្ទី​ស្គាល់​សិស្ស​ម្នាក់​នោះ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​អាច​ចូល​ជា​មួយ​អ៊ីសា ទៅ​ទី‌ធ្លា​ខាង​ក្នុង​ដំណាក់​របស់​មូស្ទី។ 16រីឯ​ពេត្រុស​វិញ គាត់​ឈរ​នៅ​ខាង​ក្រៅ​ក្បែរ​មាត់​ទ្វារ។ សិស្ស​ដែល​មូស្ទី​ស្គាល់​នោះ ក៏​ចេញ​មក​និយាយ​ជា​មួយ​ស្ដ្រី​ម្នាក់​ជា​អ្នក​យាម​ទ្វារ ហើយ​នាំ​ពេត្រុស​ចូល​ទៅ​ខាង​ក្នុង​ដែរ។ 17ស្ដ្រី​បម្រើ​ជា​អ្នក​យាម​ទ្វារ​និយាយ​ទៅ​កាន់​ពេត្រុស​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​មែន​ឬ?»។ ពេត្រុស​តប​ថា៖ «ទេ! មិន​មែន​ទេ!»។ 18ពួក​អ្នក​បម្រើ​របស់​មូស្ទី និង​កង​រក្សា​ម៉ាស្ជិទ​នាំ​គ្នា​បង្កាត់​ភ្លើង​អាំង ព្រោះ​ពេល​នោះ​រងា​ណាស់។ ពេត្រុស​ក៏​នៅ​អាំង​ភ្លើង​ជា​មួយ​ពួក​គេ​ដែរ។
មូស្ទី​សួរ​ចម្លើយ​អ៊ីសា
19មូស្ទី​សួរ​អ៊ីសា​អំពី​ពួក​សិស្ស​របស់​គាត់ និង​អំពី​សេចក្ដី​ដែល​គាត់​បង្រៀន។ 20អ៊ីសា​មាន​ប្រសាសន៍​ទៅ​លោក​វិញ​ថា៖ «ខ្ញុំ​បាន​និយាយ ដោយ​ចេញ​មុខ​ប្រាប់​មនុស្ស​លោក ខ្ញុំ​តែង​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ និង​នៅ​ក្នុង​ម៉ាស្ជិទ ជា​កន្លែង​ដែល​ជន‌ជាតិ​យូដា​ទាំង​អស់​ជួប‌ជុំ​គ្នា គឺ​ឥត​និយាយ​ក្នុង​ទី​លាក់​កំបាំង​ទេ។ 21ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​សួរ​ខ្ញុំ? សូម​លោក​សួរ​អស់​អ្នក​ដែល​បាន​ឮ​សេចក្ដី​ខ្ញុំ​និយាយ​នោះ​ទៅ ដ្បិត​គេ​សុទ្ធ​តែ​ដឹង​អំពី​អ្វីៗ​ដែល​ខ្ញុំ​បាន​និយាយ»។ 22ពេល​ឮ​អ៊ីសា​មាន​ប្រសាសន៍​ដូច្នោះ ទាហាន​ម្នាក់​ក្នុង​កង​រក្សា​ម៉ាស្ជិទ​ដែល​ឈរ​នៅ​ក្បែរ​នោះ ទះ​កំផ្លៀង​អ៊ីសា​ទាំង​ពោល​ថា៖ «ម្ដេច​ក៏​អ្នក​ឯង​ហ៊ាន​ឆ្លើយ​របៀប​នេះ​ទៅ​!»។ 23អ៊ីសា​មាន​ប្រសាសន៍​ទៅ​ទាហាន​នោះ​វិញ​ថា៖ «បើ​ខ្ញុំ​និយាយ​ខុស​ឆ្គង សុំ​ប្រាប់​មើល៍! តើ​មាន​ឆ្គង​ត្រង់​ណា! តែ​បើ​ខ្ញុំ​និយាយ​ត្រឹម​ត្រូវ ម្ដេច​ក៏​អ្នក​វាយ​ខ្ញុំ?»។ 24ពេល​នោះ​លោក​អាណ​បញ្ជូន​អ៊ីសា ទាំង​ជាប់​ចំណង​ទៅ​លោក​កៃផាស​ជា​មូស្ទី។
ពេត្រុស​បដិ‌សេធ​សា​ជា​ថ្មី​ថា​មិន​ស្គាល់​អ៊ីសា
25លោក​ស៊ីម៉ូន​ពេត្រុស​អាំង​ភ្លើង​នៅ​ទី​នោះ។ មាន​គេ​សួរ​គាត់​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​មែន​ឬ?»។ ពេត្រុស​ប្រកែក​ថា៖ «ទេ! មិន​មែន​ទេ!»។ 26មាន​អ្នក​បម្រើ​របស់​មូស្ទី​ម្នាក់​ត្រូវ​ជា​បង​ប្អូន​នឹង​អ្នក​ដែល​ពេត្រុស​កាប់​ដាច់​ស្លឹក​ត្រចៀក ពោល​ថា៖ «ខ្ញុំ​ក៏​បាន​ឃើញ​អ្នក​ឯង​នៅ​ក្នុង​សួន​ជា​មួយ​គាត់​ដែរ!»។ 27ពេត្រុស​ប្រកែក​សា​ជា​ថ្មី​ម្ដង​ទៀត។ រំពេច​នោះ ស្រាប់​តែ​មាន់​រងាវ​ឡើង។
ណាពី​អ៊ីសា​នៅ​មុខ​លោក​ពីឡាត
28បន្ទាប់​មក គេ​បណ្ដើរ​អ៊ីសា​ចេញ​ពី​ដំណាក់​លោក​កៃផាស ទៅ​បន្ទាយ​របស់​លោក​ទេសា‌ភិបាល។ ពេល​នោះ​ភ្លឺ​ស្រាងៗ​ហើយ។ ជន‌ជាតិ​យូដា​ពុំ​បាន​ចូល​ក្នុង​បន្ទាយ​ទេ ព្រោះ​គេ​ខ្លាច​មាន​បាប នាំ​ឲ្យ​ធ្វើ​ពិធី​ជប់‌លៀង​ក្នុង​ឱកាស​បុណ្យ​រំលង​មិន​បាន។ 29ដូច្នេះ​លោក​ពីឡាត​ចេញ​មក​ជួប​ពួក​គេ​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​អ្នក​នេះ​អំពី​រឿង​អ្វី?»។ 30គេ​ជម្រាប​លោក​ថា៖ «ប្រសិន​បើ​គាត់​មិន​បាន​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត​ទេ យើង​ខ្ញុំ​នាំ​គាត់​មក​ជូន​លោក​ធ្វើ​អ្វី!»។ 31លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​វិនិច្ឆ័យ​ទោស តាម​ហ៊ូកុំ​របស់​អ្នក​រាល់​គ្នា​ទៅ»។ ជន‌ជាតិ​យូដា​ជម្រាប​ទៅ​លោក​វិញ​ថា៖ «យើង​ខ្ញុំ​គ្មាន​សិទ្ធិ​ប្រហារ​ជីវិត​អ្នក​ណា​សោះ​ឡើយ»។ 32គេ​និយាយ​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​អ៊ីសា​មាន​ប្រសាសន៍​អំពី​របៀប​គាត់​ត្រូវ​ស្លាប់។ 33លោក​ពីឡាត​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ រួច​ហៅ​អ៊ីសា​មក​សួរ​ថា៖ «តើ​អ្នក​ជា​ស្ដេច​របស់​ជន‌ជាតិ​យូដា​មែន​ឬ?»។ 34អ៊ីសា​មាន​ប្រសាសន៍​ថា៖ «លោក​មាន​ប្រសាសន៍​ដូច្នេះ តើ​មក​ពី​គំនិត​របស់​លោក​ផ្ទាល់ ឬ​មាន​អ្នក​ផ្សេង​ទៀត​ជម្រាប​លោក?»។ 35លោក​ពីឡាត​តប​វិញ​ថា៖ «ខ្ញុំ​មិន​មែន​ជា​ជន‌ជាតិ​យូដា​ទេ! គឺ​ជន‌ជាតិ​របស់​អ្នក និង​ពួក​អ៊ីមុាំ​ទេ​តើ ដែល​បាន​បញ្ជូន​អ្នក​មក​ខ្ញុំ តើ​អ្នក​បាន​ធ្វើ​អ្វី?»។ 36អ៊ីសា​មាន​ប្រសាសន៍​ថា៖ «នគរ​របស់​ខ្ញុំ​មិន​មែន​នៅ​ក្នុង​លោក​នេះ​ទេ។ ប្រសិន​បើ​នគរ​របស់​ខ្ញុំ​នៅ​ក្នុង​លោក​នេះ​មែន ពួក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​នាំ​គ្នា​តយុទ្ធ​មិន​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​យូដា​បាន​ឡើយ។ ប៉ុន្ដែ នគរ​របស់​ខ្ញុំ មិន​មែន​នៅ​លោក​នេះ​ទេ»។ 37លោក​ពីឡាត​សួរ​អ៊ីសា​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ជា​ស្ដេច​មែន​ឬ?»។ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «លោក​ទេ​តើ ដែល​មាន​ប្រសាសន៍​ថា ខ្ញុំ​ជា​ស្ដេច។ ខ្ញុំ​កើត​មក ហើយ​ខ្ញុំ​មក​ក្នុង​លោក​នេះ ដើម្បី​ផ្ដល់​សក្ខី‌ភាព​អំពី​សេចក្ដី​ពិត អ្នក​ណា​កើត​ពី​សេចក្ដី​ពិត អ្នក​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ»។ 38លោក​ពីឡាត​សួរ​អ៊ីសា​ថា៖ «អ្វី​ទៅ​សេចក្ដី​ពិត​នោះ?»។
គេ​កាត់​ទោស​ប្រហារ​ជីវិត​ណាពី​អ៊ីសា
លោក​ពីឡាត​មាន​ប្រសាសន៍​ដូច្នោះ​ហើយ ក៏​ចេញ​ទៅ​ជួប​ជន‌ជាតិ​យូដា​ជា​ថ្មី​ម្ដង​ទៀត​ប្រាប់​ថា៖ «ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​សោះ​ឡើយ។ 39តាម​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ត្រូវ​ដោះ​លែង​អ្នក​ទោស​ម្នាក់​ក្នុង​ឱកាស​បុណ្យ​រំលង។ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​ស្ដេច​យូដា​ឬ​ទេ?»។ 40ពេល​នោះ​គេ​នាំ​គ្នា​ស្រែក​ឡើង​សា​ជា​ថ្មី​ថា៖ «កុំ​ដោះ​លែង​អ្នក​នេះ​ឡើយ សូម​ដោះ​លែង​បារ៉ា‌បាស​វិញ»។ រីឯ​ឈ្មោះ​បារ៉ា‌បាស​នេះ​ជា​ចោរ​ព្រៃ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in