លូកា 15
15
ប្រស្នាអំពីចៀមដែលបាត់ ហើយរកឃើញវិញ
1មានអ្នកទារពន្ធ និងមនុស្សបាបទាំងអស់ នាំគ្នាចូលមកជិតអ៊ីសា ស្ដាប់គាត់មានប្រសាសន៍។ 2ពួកខាងគណៈផារីស៊ និងពួកតួនរអ៊ូរទាំថា៖ «មើល៍! អ្នកនេះរាក់ទាក់នឹងមនុស្សបាប ព្រមទាំងបរិភោគជាមួយគេផង!»។ 3អ៊ីសាមានប្រសាសន៍ទៅគេ ជាប្រស្នានេះថា៖ 4«ក្នុងចំណោមអ្នករាល់គ្នា ឧបមាថា មានម្នាក់មានចៀមមួយរយក្បាល បើគាត់បាត់ចៀមមួយ គាត់មុខជាទុកចៀមកៅសិបប្រាំបួនចោលនៅទីវាល ហើយទៅតាមរកចៀមដែលបាត់នោះ រហូតទាល់តែបានឃើញវិញ។ 5កាលរកឃើញហើយ គាត់ត្រេកអរណាស់ គាត់ក៏លើកចៀមដាក់លើ ក 6ត្រឡប់មកផ្ទះវិញ ហៅមិត្ដភក្ដិ និងអ្នកជិតខាងប្រាប់ថា “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតចៀមរបស់ខ្ញុំដែលបាត់ទៅនោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ 7ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អុលឡោះនៅសូរ៉កាមានអំណរសប្បាយ ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្ដគំនិត ខ្លាំងជាងអុលឡោះសប្បាយនឹងមនុស្សសុចរិតកៅសិបប្រាំបួននាក់ ដែលមិនត្រូវការកែប្រែចិត្ដគំនិត»។
ប្រស្នាអំពីប្រាក់ដួងដែលបាត់ ហើយរកឃើញវិញ
8«ម្យ៉ាងទៀត ឧបមាថា ស្ដ្រីម្នាក់មានប្រាក់ដប់ដួង ហើយបាត់មួយដួង គាត់មុខជាអុជចង្កៀងបោសផ្ទះរកប្រាក់នោះ គ្រប់កៀនកោះរហូតទាល់តែបានឃើញវិញ។ 9លុះរកឃើញហើយ គាត់ក៏ហៅមិត្ដភក្ដិ និងអ្នកជិតខាងប្រាប់ថា “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតប្រាក់ដួងដែលខ្ញុំបាត់នោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ 10ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ម៉ាឡាអ៊ីកាត់របស់អុលឡោះនឹងមានអំណរសប្បាយជាខ្លាំង ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្ដគំនិត»។
ប្រស្នាអំពីកូនពៅដែលបាត់ ហើយរកឃើញវិញ
11អ៊ីសាមានប្រសាសន៍ទៀតថា៖ «មានបុរសម្នាក់មានកូនប្រុសពីរ។ 12កូនពៅនិយាយទៅឪពុកថា “លោកឪពុក! សូមចែកកេរមត៌កឲ្យកូនមក”។ ឪពុកក៏ចែកមត៌កឲ្យកូន។ 13ប៉ុន្មានថ្ងៃក្រោយមក កូនពៅប្រមូលទ្រព្យសម្បត្តិ រួចចាកចេញទៅស្រុកឆ្ងាយ។ នៅស្រុកនោះ កូនពៅបានខ្ជះខ្ជាយបង្ហិនទ្រព្យសម្បត្តិរបស់ខ្លួនអស់ទៅ។ 14ពេលចាយវាយទ្រព្យសម្បត្តិអស់ហើយ ជួនជាកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្នុងស្រុក កូនពៅនោះចាប់ផ្ដើមខ្វះខាត។ 15គាត់ក៏ទៅស៊ីឈ្នួលអ្នកស្រុកម្នាក់ គេប្រើគាត់ឲ្យមើលជ្រូកតាមស្រែចំការ។ 16គាត់ចង់ចំអែតក្រពះនឹងចំណីដែលគេដាក់ឲ្យជ្រូកស៊ីនោះណាស់ តែគ្មានអ្នកណាឲ្យបរិភោគឡើយ។ 17ពេលនោះ កូនពៅភ្ញាក់ខ្លួន ហើយរិះគិតក្នុងចិត្ដថា “អ្នកបម្រើរបស់ឪពុកអញសុទ្ធតែមានម្ហូបអាហារបរិភោគហូរហៀរទាំងអស់គ្នា រីឯនៅទីនេះវិញ អញសឹងតែដាច់ពោះស្លាប់។ 18អញត្រូវតែវិលត្រឡប់ទៅរកឪពុកអញវិញ ហើយជម្រាបគាត់ថា លោកឪពុក កូនបានប្រព្រឹត្ដអំពើបាបខុសនឹងហ៊ូកុំរបស់អុលឡោះ កូនក៏បានប្រព្រឹត្ដអំពើបាបខុសនឹងលោកឪពុកដែរ។ 19មិនគួរឲ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ សូមលោកឪពុកចាត់ទុកកូនជាអ្នកបម្រើចុះ”។ 20លុះគិតដូច្នោះហើយ កូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញ។ កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្ដអាណិតអាសូរក្រៃលែង ក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។ 21កូនពៅជម្រាបឪពុកថា “លោកឪពុក កូនបានប្រព្រឹត្ដអំពើបាបខុសនឹងហ៊ូកុំរបស់អុលឡោះ កូនក៏បានប្រព្រឹត្ដអំពើបាបខុសនឹងលោកឪពុកដែរ មិនគួរឲ្យលោកឪពុករាប់ខ្ញុំនេះ ជាកូនទៀតទេ”។ 22ឪពុកប្រាប់ពួកអ្នកបម្រើថា “ចូរទៅយកសម្លៀកបំពាក់ល្អៗបំផុត មកពាក់ឲ្យកូនខ្ញុំជាប្រញាប់ ហើយយកចិញ្ចៀន និងស្បែកជើងមកពាក់ឲ្យផង។ 23ចូរយកកូនគោដែលយើងបានបំប៉នទុក មកកាប់ជប់លៀងឲ្យសប្បាយចុះ 24ដ្បិតកូនខ្ញុំនេះបានស្លាប់ទៅហើយ តែឥឡូវរស់ឡើងវិញ វាវង្វេងបាត់ តែឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ គេនាំគ្នាជប់លៀងយ៉ាងសប្បាយ។
25ពេលនោះ កូនច្បងនៅឯចំការ។ កាលគាត់ត្រឡប់មកជិតដល់ផ្ទះវិញ ឮស្នូរតូរ្យតន្ដ្រី និងចំរៀងរបាំ 26គាត់ហៅអ្នកបម្រើម្នាក់មកសួរថា មានការអ្វីកើតឡើង។ 27អ្នកបម្រើឆ្លើយថា “ប្អូនលោកត្រឡប់មកវិញហើយ។ ឪពុករបស់លោកឲ្យគេកាប់កូនគោដែលយើងបំប៉ននោះ ព្រោះកូនពៅរបស់លោកបានត្រឡប់មកវិញដោយសុខសាន្ដ”។ 28កូនច្បងខឹងណាស់មិនព្រមចូលផ្ទះទេ ឪពុកចេញមកអង្វរឲ្យចូល។ 29កូនច្បងនិយាយទៅឪពុកថា “ខ្ញុំបាននៅបម្រើលោកឪពុកជាច្រើនឆ្នាំមកហើយ ខ្ញុំមិនដែលធ្វើខុសនឹងបទបញ្ជារបស់លោកឪពុកត្រង់ណាឡើយ តែលោកឪពុកមិនដែលឲ្យកូនពពែ ដើម្បីឲ្យខ្ញុំកាប់ជប់លៀងជាមួយមិត្ដភក្ដិទាល់តែសោះ សូម្បីតែមួយក៏មិនដែលផង។ 30ពេលកូនលោកឪពុកត្រឡប់មកវិញ លោកឪពុកបានកាប់កូនគោបំប៉នទទួលវា មើល៍ វានេះ បានបំផ្លាញទ្រព្យសម្បត្តិលោកឪពុកទាំងអស់ជាមួយស្រីញី”។ 31ឪពុកនិយាយទៅកូនថា “កូនអើយ ឯងនៅជាមួយឪពុកជានិច្ចរហូតណាកូន អ្វីៗទាំងអស់ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។ 32យើងត្រូវតែសប្បាយរីករាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅនោះ ឥឡូវនេះ រស់ឡើងវិញហើយ។ វាបានវង្វេងបាត់ តែឥឡូវនេះ យើងរកឃើញវិញហើយ”»។
Currently Selected:
លូកា 15: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.