YouVersion Logo
Search Icon

១ របា‌ក្សត្រ 26

26
ពួក​ឆ្មាំ​ទ្វារ
1ឯ​ផ្នែក​របស់​ពួក​ឆ្មាំ​ទ្វារ គឺ​ក្នុង​ពួក​កូន​ចៅ​កូរេ មាន​មសេ‌លេមា ជា​កូន​កូរេ ក្នុង​វង្សា​របស់​អេសាភ 2ហើយ​កូន​របស់​មសេ‌លេមា គឺ​សាកា‌រី ជា​កូន​ច្បង យេឌី‌អែល ជា​កូន​ទី​ពីរ សេបា‌ឌា​ទី​បី យ៉ាតនាល​ទី​បួន 3អេឡាំ​ទី​ប្រាំ យ៉ូ‌ហា‌ណាន​ទី​ប្រាំមួយ និង​អេលី‌យ៉ូណាយ​ទី​ប្រាំពី​រ។ 4ឯ​កូន​របស់​អូបិឌ-អេដុម គឺ​សេម៉ា‌យ៉ា ជា​កូន​ច្បង យ៉ូសា‌បាឌ ជា​កូន​ទី​ពីរ យ៉ូអា​ទីបី សាកើរ​ទីបួន នេថា‌នេល​ទី​ប្រាំ 5អាំមាល​ទី​ប្រាំ​មួយ អ៊ីសា‌ខារ​ទី​ប្រាំពីរ និង​ពេអ៊ូល‌ថាយ​ទី​ប្រាំ​បី ដ្បិត​ព្រះ​បាន​ប្រទាន​ពរ​ដល់​លោក។ 6សេម៉ា‌យ៉ា ជា​កូន​របស់​អូបិឌ-អេដុម ក៏​មាន​កូន​ដែរ អ្នក​ទាំង​នោះ​បាន​ត្រួត‌ត្រា​លើ​វង្ស​របស់​ឪពុក​គេ ដ្បិត​គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន។ 7ឯ​កូន​របស់​សេម៉ា‌យ៉ា គឺ​អូតនី រេផែល អូបិឌ អែលសា‌បាឌ និង​បង‌ប្អូន​គេ ដែល​ជា​មនុស្ស​ក្លាហាន គឺ​អេលី‌ហ៊ូវ និង​សេម៉ា‌គា។ 8អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អូបិឌ-អេដុម ពួក​គេ កូន​ចៅ និង​បង‌ប្អូន​គេ សុទ្ធ​តែ​ជា​មនុស្ស​មាន​កម្លាំង​ជំនាញ​ក្នុង​ការ‌ងារ មាន​ហុក​សិប​ពីរ​នាក់ ដែល​កើត​ពី​អូបិឌ-អេដុម។ 9ឯ​មសេ‌លេមា គាត់​មាន​កូន និង​បង‌ប្អូន​ដប់​ប្រាំបី​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន 10ហើយ​ហូសា ក្នុង​វង្ស​ម្រ៉ារី​ក៏​មាន​កូន គឺ​ស៊ីមរី ជា​មេ (ដ្បិត​ទោះ​បើ​គាត់​មិន​មែន​ជា​កូន​ច្បង ក៏​ឪពុក​បាន​តាំង​ឲ្យ​ធ្វើ​ជា​មេ​ដែរ)។ 11ហ៊ីល‌គីយ៉ា ជា​កូន​ទីពីរ ថេបាល‌យ៉ា​ទី​បី សាកា‌រី​ទី​បួន ឯ​កូន​ចៅ និង​បង‌ប្អូន​របស់​ហូសា​ទាំង​អស់​មាន​ដប់​បី​នាក់។
12ក្នុង​ចំណោម​អ្នក​ទាំង​នោះ បាន​រើស​យក​អ្នក​ឆ្មាំ​ទ្វារ​មាន​វេន​ត​គ្នា ព្រម​ទាំង​ពួក​មេ ដែល​មាន​ការ‌ងារ ដូច​ជា​បង‌ប្អូន​គេ​ដែរ ដើម្បី​រក្សា​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។ 13គេ​ចាប់​ឆ្នោត​ទាំង​តូច​ទាំង​ធំ តាម​វង្ស​របស់​ឪពុក​គេ ឲ្យ​បាន​ទ្វារ​នីមួយៗ។ 14ឆ្នោត​ដែល​ត្រូវ​ទ្វារ​ទិស​ខាង​កើត នោះ​ត្រូវ​លើ​សេលេមា រួច​គេ​ចាប់​ឆ្នោត​ឲ្យ​សាកា‌រី ជា​កូន​គាត់ ដែល​ជា​អ្នក​ជួយ​គំនិត​យ៉ាង​ចំណាន ហើយ​ឆ្នោត​គាត់​ត្រូវ​នៅ​ទ្វារ​ខាង​ជើង។ 15ឯ​ឆ្នោត​របស់​អូបិឌ-អេដុម ត្រូវ​នៅ​ទ្វារ​ខាង​ត្បូង ហើយ​ឆ្នោត​របស់​ពួក​កូន​គាត់ ត្រូវ​ខាង​ឃ្លាំង។ 16ឆ្នោត​របស់​ស៊ូភីម និង​ហូសា ត្រូវ​នៅ​ទ្វារ​ខាង​លិច និង​ទ្វារ​សាលេ‌គែត ត្រង់ផ្លូវ​ដែល​ឡើង ឲ្យ​គ្រប់​គ្នា​បាន​ចាំ​យាម​ទល់​មុខ​គ្នា។ 17ឯ​ខាង​កើត មាន​ពួក​លេវី​ប្រាំមួយ​នាក់រាល់​ថ្ងៃ ខាង​ជើង​មាន​បួន​នាក់​រាល់​ថ្ងៃ ខាង​ត្បូង​មាន​បួន​នាក់​រាល់​ថ្ងៃ ហើយ​នៅ​យាម​ឃ្លាំង​មាន​ពីរក្រុម គឺ​មួយ​ក្រុម​ពីរនាក់។ 18ឯ​ទីលាន​ខាង​លិច មាន​បួន​នាក់យាម​នៅ​តាម​ផ្លូវ ហើយ​ពីរ​នាក់​យាម​នៅ​ត្រង់​ទីលាន​នោះ។ 19នេះ​ហើយ​ជា​វេន​របស់​ពួក​ឆ្មាំ​ទ្វារ ក្នុង​ចំណោម​កូន​ចៅ​កូរេ និង​កូន​ចៅ​ម្រ៉ារី។
ឃ្លាំង​រាជទ្រព្យ ការិយាល័យ និង​ទីជំនុំ​ជម្រះក្ដី
20ក្នុង​ពួក​លេវី មាន​អ័ហ៊ី‌យ៉ា ជា​អ្នក​ត្រួត​លើ​ទ្រព្យ​សម្បត្តិ​នៃ​ព្រះ‌ដំណាក់ និង​ឃ្លាំង​នៃ​របស់​ដែល​បាន​ថ្វាយ​ទាំង​ប៉ុន្មាន។ 21កូន​ចៅ​របស់​ឡាអា‌ដាន ជា​ពួក​គើសុន ពួក​គេ​ជា​មេ​លើ​វង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន កូន​ចៅ​ឡាអា‌ដាន​នៃ​ពួក​គើសុន មាន​ដូច​ជា យីអែ‌លី។
22ឯ​កូន​របស់​យីអែ‌លី គឺ​សេថាម និង​យ៉ូអែល​ជា​ប្អូន គេ​ត្រួត​លើ​ទ្រព្យ​សម្បត្តិ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា។ 23ក្នុងចំណោម​ពួក​អាំរ៉ាម ពួក​យីតសារ ពួក​ហេប្រុន និង​ពួក​អ៊ូស៊ាល 24ព្រម​ទាំង​សេបួល ជា​កូន​គើសុន ដែល​ជា​កូន​របស់​លោក​ម៉ូសេ នោះ​សុទ្ធ​តែ​ជា​អ្នក​ត្រួត​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់។ 25ឯ​បង‌ប្អូន​គាត់​ដែល​កើតពី​អេលា‌ស៊ើរ គឺ​រេហាប‌យ៉ា ដែល​បង្កើត​យេសា‌យ៉ា យេសា‌យ៉ា​បង្កើត​យ៉ូរ៉ាម យ៉ូរ៉ាម​បង្កើត​សីកគ្រី សីកគ្រី​បង្កើត​សឡូ‌មិត។ 26គឺ​សឡូ‌មិត​នេះ និង​បង‌ប្អូន​គាត់ ជា​អ្នក​ត្រួត​លើ​ឃ្លាំង​នៃ​របស់​ដែល​ព្រះ​បាទ​ដាវីឌ ព្រម​ទាំង​មេ​លើ​ពួក​វង្សា‌នុវង្ស មេ​លើ​ទាហាន​មួយ​ពាន់​នាក់ មេ​លើ​មួយរយ​នាក់ និង​ពួក​មេទ័ព​ធំ​បាន​ថ្វាយ។ 27គឺ​ជា​របស់ដែល​គេ​ចាប់​យក​បាន​ក្នុង​ចម្បាំង សម្រាប់​នឹង​ជួស‌ជុល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា 28ហើយ​ក៏​ជា​របស់​សាំយូ‌អែល ជា​ហោរា​របស់​សូល ជា​បុត្រ​គីស របស់​អ័ប៊ី‌នើរ ជា​កូន​នើរ និង​របស់​យ៉ូអាប់ ជា​កូន​សេរូយ៉ា បាន​ថ្វាយ​ដែរ។ របស់​អ្វី​ដែល​អ្នក​ណា​បាន​ថ្វាយ​ក៏​ដោយ សុទ្ធ​តែ​នៅ​ក្រោម​អំណាច​របស់​សឡូ‌មិត និង​បង‌ប្អូន​គាត់​ទាំង​អស់។
29ក្នុង​ចំណោម​កូន​ចៅ​ពួក​យីតសារ មាន​កេណា‌នា និង​កូន​ចៅ​គាត់ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ខាង​ក្រៅ ត្រួត‌ត្រា​លើ​ពួក​អ៊ីស្រា‌អែល គឺ​ជា​ចៅ​ក្រម និង​សុភា។ 30ក្នុង​ពួក​ហេប្រុន មាន​ហា‌សាប‌យ៉ា និង​បង‌ប្អូន​គាត់ ដែល​សុទ្ធ​ជា​មនុស្ស​ក្លាហាន ចំនួនមួយ​ពាន់​ប្រាំពីររយ​នាក់ គេ​ជា​អ្នក​ត្រួត‌ត្រា​លើ​ពួក​អ៊ីស្រា‌អែល ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ទិស​ខាង​លិច សម្រាប់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា និង​សម្រាប់​ការ​ខាង​ស្តេច​ផង។ 31ក្នុង​ពួក​ហេប្រុន មាន​យេរី‌យ៉ា ជា​មេ​លើ​ពួក​ហេប្រុន នៅ​គ្រប់​តំណ​នៃ​វង្ស​របស់​ឪពុក​គេ (នៅ​ឆ្នាំ​ទី​សែសិប​ក្នុង​រាជ្យ​ដាវីឌ គេ​រក​ពួក​អ្នក​នោះ ក៏​បាន​ឃើញ​មាន​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន​ក្នុង​ពួក​គេ​នៅ​ក្រុង​យ៉ាស៊ើរ ស្រុក​កាឡាត)។ 32ឯ​បង‌ប្អូន​យេរី‌យ៉ា ដែល​សុទ្ធ​ជា​មនុស្ស​ក្លាហាន មាន​ចំនួនពីរ​ពាន់​ប្រាំពីររយ​នាក់ ជា​មេ​លើ​វង្ស​ឪពុក​គេ ជា​អ្នក​ដែល​ព្រះបាទ​ដាវីឌ​បាន​តាំង​ឲ្យ​ត្រួត‌ត្រា​លើ​ពួក​រូបេន ពួក​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង សម្រាប់​គ្រប់​ការ​របស់​ព្រះ និង​ការ​របស់​ស្តេច​ទាំង​ប៉ុន្មាន​ផង។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in