YouVersion Logo
Search Icon

១ កូរិន‌ថូស 11

11
1ចូរ​ត្រាប់​តាម​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​ត្រាប់​តាម​ព្រះ‌គ្រីស្ទ​ចុះ។
ឥរិយាបថ​របស់​គ្រីស្ទ‌បរិស័ទ​នៅ​ពេល​ថ្វាយ‌បង្គំ​ព្រះ
2ខ្ញុំ​សូម​សរសើរ​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​នឹ​ក​ចាំ​ពី​ខ្ញុំ​ក្នុង​គ្រប់​ការ​ទាំង‌អស់ ហើយកា​ន់​តាម​សេចក្តី​ដែល​ខ្ញុំ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា។ 3ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌គ្រីស្ទ​ជា​សិរសា​របស់​បុរស​គ្រប់​រូប ប្ដី​ជា​ក្បាល​របស់​ប្រពន្ធ ហើយ​ព្រះ​ជាសិរសា​របស់​ព្រះ‌គ្រីស្ទ។ 4បុរស​ណា​ដែល​អធិស្ឋាន ឬ​ថ្លែង​ទំនាយ​ទាំង​មាន​ពាក់​អ្វី​នៅ​លើ​ក្បាល អ្នក​នោះ​បន្ថោក​សិរសា​របស់​ខ្លួន 5ឯ​ស្ត្រី​ណា​ដែល​អធិស្ឋាន ឬ​ថ្លែង​ទំនាយ​ដោយ​មិន​ទទូរ​ស្បៃ​លើ​ក្បាល ស្រ្ដី​នោះ​បន្ថោក​ក្បាល​របស់​ខ្លួន ដ្បិត​ធ្វើ​ដូច្នោះ​ប្រៀប​ដូច​ជា​នាង​បាន​កោរ​សក់​ដែរ។ 6ដ្បិត​បើ​ស្ត្រី​ណា​មិន​ព្រម​ទទូរ​ស្បៃ នោះ​នាង​គួរ​តែ​កាត់​សក់​ចេញ​ទៅ តែ​បើ​កាត់​សក់ ឬ​កោរ​សក់​នាំ​ឲ្យ​ស្រ្ដី​អៀន​ខ្មាស នាង​ត្រូវ​តែ​ទទូរ​ស្បៃ។ 7សម្រាប់​បុរស​វិញ មិន​គួរ​ពាក់​អ្វី​លើ​ក្បាល​ទេ ព្រោះ​ខ្លួន​ជា​រូប​អង្គ និង​ជាសិរី‌ល្អរបស់​ព្រះ តែ​ស្ត្រី​ជាសិរី‌ល្អរបស់​បុរស។ 8ដ្បិត​ព្រះ​មិន​បាន​បង្កើត​បុរស​ចេញ​ពី​ស្ត្រី​មក​ទេ គឺ​ស្ត្រី​ចេញ​ពី​បុរស 9ហើយ​ព្រះ​ក៏​មិន​បាន​បង្កើត​បុរស​មក​សម្រាប់​ស្ត្រី​ដែរ គឺ​ស្ត្រី​សម្រាប់​បុរស​វិញ។ 10ហេតុ​នេះ​បាន​ជា​ស្ត្រី​គួរ​តែ​មាន​សញ្ញា​សម្គាល់​ពី​សិទ្ធិ​អំណាច​នៅ​លើ​ក្បាល​របស់​ខ្លួន ដោយ​ព្រោះ​ពួក​ទេវតា។ 11ក៏​ប៉ុន្តែ នៅ​ក្នុង​ព្រះ‌អម្ចាស់ ស្រ្ដី​ត្រូវ​ការ​បុរស​ជា​ចាំ​បាច់ ហើយ​បុរស​ក៏​ត្រូវ​ការ​ស្ត្រី​ជា​ចាំ​បាច់​ដែរ 12ដ្បិត​ដូច​ដែល​ស្ត្រី​ចេញ​មក​ពី​បុរស​យ៉ាង​ណា បុរស​ក៏​កើត​ចេញ​ពី​ស្រ្ដី​យ៉ាង​នោះ​ដែរ តែ​អ្វីៗ​ទាំង‌អស់​មក​ពី​ព្រះ។ 13ចូរ​ពិចារណា​មើល​ខ្លួន​ឯង​ចុះ​ថា តើ​សម​ឬ​ទេ​ដែល​ស្ត្រី​អធិស្ឋាន​ទៅ​ព្រះ​ដោយ​មិន​ទទូរ​ស្បៃ? 14តើ​ធម្មជាតិ​មិន​បង្រៀន​អ្នក​រាល់​គ្នា​ទេ​ឬ​ថា បើ​បុរស​ទុក​សក់​វែង នោះ​ជា​ការ​បង្អាប់​ដល់​ខ្លួន 15តែ​បើ​ស្ត្រី​ទុក​សក់​វែង​វិញ នោះ​ជា​សិរីល្អ​របស់​នាង? ដ្បិត​ព្រះ​ប្រទាន​ឲ្យ​នាង​មាន​សក់​វែង ទុក​ដូច​ជា​ស្បៃ​សម្រាប់​គ្រប​បាំង។ 16ប៉ុន្តែ បើ​អ្នក​ណា​ចង់​ជជែក​ពី​រឿង​នេះ នោះ​ត្រូវ​ដឹង​ថា យើង​គ្មាន​ទម្លាប់​បែប​នេះ​ទេ ហើយ​ក្រុម​ជំនុំ​របស់​ព្រះ​ក៏​មិន​ដែល​មាន​ដែរ។
ការ​បំពាន​នៅ​ពេល​ធ្វើ​ពិធី​លៀង​ព្រះ‌អម្ចាស់
17ប៉ុន្ដែ នៅ​ក្នុង​សេចក្តី​ទូន្មាន​បន្ត​ទៅ​ទៀត​នេះ ខ្ញុំ​មិន​សរសើរ​អ្នក​រាល់​គ្នា​ទេ ព្រោះ​ពេល​អ្នក​រាល់​គ្នា​ជួប​ប្រជុំ​គ្នា មិន​មែន​ដើម្បី​ឲ្យ​ប្រសើរ​ឡើង​ទេ តែ​បែរ​ជា​អាក្រក់​ទៅៗ 18ដ្បិត​មុន​ដំបូង​ខ្ញុំ​ឮ​ថា ពេល​អ្នក​រាល់​គ្នា​មក​ជួប​ជុំ​គ្នា​ជា​ក្រុម​ជំនុំ នោះ​មាន​ការ​បែក​បាក់​គ្នា​ជា​បក្ស​ពួក ហើយ​ខ្ញុំ​ក៏​ជឿ​ខ្លះ​ដែរ 19ដ្បិត​ត្រូវ​តែ​មាន​បក្ស​ពួក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដូច្នេះ​ឯង ទើប​ដឹង​ថា​អ្នក​ណា​ជា​មនុស្ស​ពិត​ត្រង់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ 20ពេល​អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា អ្នក​រាល់​គ្នា​មិន​មែន​បរិ‌ភោគ​ពិធី​ជប់​លៀង​របស់​ព្រះ‌អម្ចាស់​ទេ។ 21ដ្បិត​ពេល​អ្នក​រាល់​គ្នា​បរិ‌ភោគ ម្នាក់ៗ​ប្រញាប់​ប្រញាល់​តែ​នឹង​បរិ‌ភោគ​ម្ហូប​អាហារ​របស់​ខ្លួន​ឲ្យ​បាន​ឆ្អែត​មុន​គេ ទុក​ឲ្យ​អ្នក​ខ្លះ​នៅ​ឃ្លាន ហើយ​អ្នក​ខ្លះ​ទៀត​បែរ​ជា​ស្រវឹង 22តើ​អ្នក​រាល់​គ្នា​គ្មាន​ផ្ទះ​សំបែង​សម្រាប់​ពិសា​បាយ​ទឹក​ទេ​ឬ? ឬ​មួយ​អ្នក​រាល់​គ្នា​ប្រមាថ​មើល​ងាយ​ក្រុម​ជំនុំ​របស់​ព្រះ ហើយ​បង្អាប់​បង្ឱន​អស់​អ្នក​ដែល​គ្មាន​អ្វី​បរិភាគ? តើ​គួរ​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា​ដូច‌ម្តេច? គួរ​ឲ្យ​ខ្ញុំ​សរសើរ​អ្នក​រាល់​គ្នា​ឬ? ខ្ញុំ​មិន​សរសើរ​អ្នក​រាល់​គ្នា​ក្នុង​រឿង​នេះ​ទេ។
បណ្ដាំ​អំពី​ពិធី​លៀង​ព្រះម្ចាស់
23ដ្បិត​សេចក្តី​ដែល​ខ្ញុំ​បាន​បង្រៀន​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់​មក​ថា នៅ​យប់​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​ត្រូវ​គេ​បញ្ជូន ទ្រង់​បាន​យក​នំបុ័ង​មក 24លុះ​ទ្រង់​បាន​អរ​ព្រះ‌គុណ​រួច​ហើយ ទ្រង់​ក៏​កាច់​នំបុ័ង ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប‌កាយ​ខ្ញុំ​ដែល​ត្រូវ​បូជា​សម្រាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ដូច្នេះ​ទុក​ជា​ការ​រំឭក​ពី​ខ្ញុំ»។ 25ក្រោយ​ពី​បរិ‌ភោគ​រួច​ហើយ ព្រះ‌អង្គ​ក៏​យក​ពែង​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ពែង​នេះ​ជា​សញ្ញា​ថ្មី តាំង​ឡើង​ដោយ​ឈាម​របស់​ខ្ញុំ។ ចូរ​ធ្វើ​ដូច្នេះ​រាល់​ពេល​ដែល​អ្នក​រាល់​គ្នា​ផឹក ដើម្បី​រំឭក​ពី​ខ្ញុំ»។ 26ដ្បិត​រាល់​ពេល​ដែល​អ្នក​រាល់​គ្នា​បរិ‌ភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​អ្នក​រាល់​គ្នា​ប្រកាស​ពី​ការ​សុគត​របស់​ព្រះ‌អម្ចាស់ រហូត​ដល់​ព្រះ‌អង្គ​យាង​មក។
ការ​ទទួល​ពិធី​លៀង​ព្រះម្ចាស់​បែប​មិន​គួរ​សម
27ដូច្នេះ អ្នក​ណា​បរិ‌ភោគ​នំបុ័ង​នេះ ឬ​ផឹក​ពី​ពែង​របស់​ព្រះ‌អម្ចាស់​បែប​មិន​គួរ​សម អ្នក​នោះ​នឹង​មាន​ទោស​ចំពោះ​ព្រះ​កាយ និង​ព្រះ‌លោ​ហិត​របស់​ព្រះ‌អម្ចាស់។ 28ត្រូវ​ឲ្យ​ម្នាក់ៗ​ពិនិត្យ​មើល​ខ្លួន​ឯង​សិន សឹម​បរិ‌ភោគ​នំបុ័ង ហើយ​ផឹក​ពី​ពែង​នេះ 29ដ្បិត​អ្នក​ណា​ដែល​បរិ‌ភោគ​ដោយ​មិន​យល់​ដល់​ព្រះ‌កាយ​របស់​ព្រះ‌អម្ចាស់ អ្នក​នោះ​បរិ‌ភោគ និង​ផឹក​សេចក្ដី​ជំនុំ​ជម្រះ​ដល់​ខ្លួន​ឯង​ហើយ។ 30ហេតុ​នេះ​ហើយ​បាន​ជា​មាន​អ្នក​រាល់​គ្នា​ជា​ច្រើន​ខ្សោយ មាន​ជំងឺ ហើយ​ខ្លះ​បាន​ស្លាប់។ 31ប្រសិន‌បើ​យើង​រាល់​គ្នា​ពិចារណា​មើល​ខ្លួន​យើង នោះ​យើង​មិន​ជាប់​ជំនុំ‌ជម្រះ​ទេ។ 32ប៉ុន្តែ ពេល​ព្រះ‌អម្ចាស់​ជំនុំ‌ជម្រះ​យើង នោះ​ទ្រង់​វាយ​ផ្ចាល​យើង ដើម្បី​កុំ​ឲ្យ​យើង​ជាប់​ទោស​ជាមួយ​លោកីយ៍។
33ដូច្នេះ បង‌ប្អូន​អើយ ពេល​អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា​បរិ‌ភោគ ត្រូវ​ចាំ​គ្នា​ផង 34បើ​អ្នក​ណា​ឃ្លាន ត្រូវ​ឲ្យ​អ្នក​នោះ​បរិ‌ភោគ​នៅ​ផ្ទះ​ចុះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ជួប​ប្រជុំ​គ្នា​ទៅ ហើយ​បែរ​ជា​មាន​ទោស។ ចំ​ពោះ​រឿង​ឯទៀតៗ ខ្ញុំ​នឹង​ដោះ​ស្រាយ នៅ​ពេល​ខ្ញុំ​មក​ដល់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in