YouVersion Logo
Search Icon

១ កូរិន‌ថូស 3

3
ការ​បាក់​បែក​ក្នុង​ក្រុម​ជំនុំ​កូរិនថូស
1រីឯ​ខ្ញុំ​វិញ បង‌ប្អូន​អើយ ខ្ញុំ​ពុំ​អាច​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ដូច​មនុស្ស​ខាង​វិញ្ញាណ​បាន​ឡើយ គួរ​តែ​និយាយ​ដូច​មនុស្ស​ខាង​សាច់​ឈាម​វិញ គឺ​ដូច​ជា​និយាយ​ទៅ​កាន់​កូន​ខ្ចី​ក្នុង​ព្រះ‌គ្រីស្ទ។ 2ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​អ្នក​រាល់​គ្នា​ជា​អាហារ មិន​ឲ្យ​អាហារ​រឹង​ទេ ដ្បិត​កាល​ណោះ អ្នក​រាល់​គ្នា​ពុំ​អាច​ទទួល​អាហារ​រឹង​បាន ហើយ​សូម្បី​តែ​ឥឡូវ​នេះ ក៏​នៅ​តែ​ពុំ​អាច​ទទួល​បាន 3ព្រោះ​អ្នក​រាល់​គ្នា​នៅ​តែ​ខាង​សាច់​ឈាម​នៅ​ឡើយ។ ដ្បិត​បើ​នៅ​តែ​មាន​ការ​ច្រណែន និង​ការ​ឈ្លោះ​ប្រកែក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នោះ​តើ​អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម ហើយ​រស់​នៅ​តាម​បែប​មនុស្ស​ធម្មតា​ទេ​ឬ? 4ដ្បិត​កាល​ម្នាក់​និយាយ​ថា «ខ្ញុំ​ជា​របស់​លោក​ប៉ុល» ហើយ​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​របស់​លោក​អ័​រប៉ុ‌ឡូ​ស» នោះ​តើ​អ្នក​រាល់​គ្នា​មិន​មែន​ប្រព្រឹត្ត ដូច​មនុស្ស​ខាង​សាច់​ឈាម​ទេ​ឬ?
5ចុះ​តើ​លោក​អ័ប៉ុ‌ឡូសជា​អ្វី? ហើយ​ប៉ុល​ជា​អ្វី? គឺ​គ្រាន់​តែ​ជា​អ្នក​បម្រើ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ តាម​តែ​កិច្ច‌ការ​ដែល​ម្នាក់ៗ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់​មក​ប៉ុណ្ណោះ។ 6ខ្ញុំ​បាន​ដាំ លោក​អ័​ប៉ុ‌ឡូ​ស​ជា​អ្នក​ស្រោ​ច​ទឹក តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ដុះ។ 7ដូច្នេះ អ្នក​ដាំ និង​អ្នក​ដែល​ស្រោច​ទឹក មិន​មែន​ជា​អ្វី​ទេ គឺ​មាន​តែ​ព្រះ​ដែល​ធ្វើ​ឲ្យ​ដុះ​ប៉ុណ្ណោះ​ទើប​សំខាន់។ 8អ្នក​ដែល​ដាំ និង​អ្នក​ដែល​ស្រោច​ទឹក មាន​គោល​ដៅ​តែ​មួយ​ដូច​គ្នា ហើយ​ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ការ​ដែល​ខ្លួន​បាន​ធ្វើ។ 9ដ្បិត​យើង​ជា​អ្នក​រួមការ​ងារ​ជាមួយ​ព្រះ ឯ​អ្នក​រាល់​គ្នា​ជា​ស្រែ​របស់​ព្រះ ហើយ​ជា​អាគារ​ដែល​ព្រះ​បាន​សង់។
10ខ្ញុំ​បាន​ចាក់​គ្រឹះ ដូច​ជា​មេ​ជាង​ផ្ទះ​ដ៏​ជំនាញ តាម​ព្រះ‌គុណ​ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ ហើយ​មាន​ម្នាក់​ទៀត​សង់​ពី​លើ។ ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​ពី​របៀប​ដែល​ខ្លួន​សង់​ពី​លើ​គ្រឹះ​នោះ។ 11ដ្បិត​គ្មាន​អ្នក​ណា​អាច​ចាក់​គ្រឹះ​ណា​ផ្សេង​ទៀត ក្រៅ​ពី​គ្រឹះ​ដែល​បាន​ចាក់​រួច​មក​ហើយ​នោះ​ឡើយ ហើយ​គ្រឹះ​នោះ​គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ 12ប្រសិន‌បើ​អ្នក​ណា​យក​មាស ប្រាក់ ត្បូង ឈើ ស្បូវ ឬ​ស្លឹក មក​សង់​លើ​គ្រឹះ​នេះ 13នោះ​កិច្ច‌ការ​ដែល​ម្នាក់ៗ​ធ្វើ នឹង​លេច​មក​ឲ្យ​ឃើញ ដ្បិត​ថ្ងៃ​នោះ​នឹង​បង្ហាញ​ពី​ការ​នោះ ព្រោះ​ការ​នោះ​នឹង​សម្ដែង​ឲ្យ​ដឹង​ដោយ​សារ​ភ្លើង ហើយ​ភ្លើង​នោះ​នឹង​ល្បង​មើល​ពី​ប្រភេទ​នៃ​កិច្ច‌ការ​ដែល​ម្នាក់ៗ​បាន​ធ្វើ។ 14បើ​កិច្ច‌ការ​ដែល​បាន​សង់​នៅ​លើ​គ្រឹះ​នោះ​បាន​ជាប់​នៅ អ្នក​នោះ​នឹង​បាន​រង្វាន់។ 15បើ​កិច្ច‌ការ​នោះ​ត្រូវ​ឆេះ អ្នក​នោះ​នឹង​ត្រូវ​ខាត តែ​ខ្លួន​អ្នក​នោះ​នឹង​បាន​រួច​ជីវិត ប៉ុន្តែ នឹង​រួច​ដូច​ជា​ឆ្លង​កាត់​ភ្លើង។
16តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នក​រាល់​គ្នា​ជា​ព្រះ‌វិ​ហារ​របស់​ព្រះ ហើយ​ថា ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា? 17ប្រសិន‌បើ​អ្នក​ណា​បំផ្លាញ​ព្រះ‌វិ​ហារ​របស់​ព្រះ នោះ​ព្រះ​នឹង​បំផ្លាញ​អ្នក​នោះ​វិញ ដ្បិត​ព្រះ‌វិ​ហារ​របស់​ព្រះ​ជា​វត្ថុ​បរិសុទ្ធ គឺ​អ្នក​រាល់​គ្នា​ហ្នឹង​ហើយ​ជា​ព្រះ​វិហារ។
18សូមកុំ​បញ្ឆោត​ខ្លួន​ឯង​ឡើយ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្លួន​មាន​ប្រាជ្ញា​ក្នុង​លោកីយ៍​នេះ ត្រូវ​ឲ្យ​អ្នក​នោះ​ត្រឡប់​ជា​ល្ងី‌ល្ងើ​សិន ដើម្បី​ឲ្យ​អ្នក​នោះ​មាន​ប្រាជ្ញា​ឡើង។ 19ព្រោះ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ជា​សេចក្តី​ល្ងី‌ល្ងើ​នៅ​ចំពោះ​ព្រះ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ព្រះ‌អង្គ​ចាប់​ពួក​អ្នក​ប្រាជ្ញ ដោយ​សារ​កិច្ច‌កល​របស់​គេ» 20ហើយ​មាន​ចែង​ទៀត​ថា «ព្រះ‌អម្ចាស់​ជ្រាប​គំនិត​របស់​ពួក​អ្នក​ប្រាជ្ញ ថា​ជា​គំនិត​ឥត​ប្រយោជន៍» 21ដូច្នេះ មិន​ត្រូវ​ឲ្យ​អ្នក​ណា​អួត​ពី​មនុស្ស​ឡើយ ដ្បិត​គ្រប់​ទាំង‌អស់​ជា​របស់​អ្នក​រាល់​គ្នា 22ទោះ​ជា​ប៉ុល លោក​អ័ប៉ុ‌ឡូស លោក​កេផាស ពិភព​លោក ជីវិត សេចក្តី​ស្លាប់ អ្វីៗ​ដែល​មាន​បច្ចុប្បន្ន ឬ​ទៅ​អនាគត​ក្តី នោះ​សុទ្ធ​តែ​ជា​របស់​អ្នក​រាល់​គ្នា​ទាំង‌អស់ 23ឯ​អ្នក​រាល់​គ្នា​ជា​របស់​ព្រះ‌គ្រីស្ទ ហើយ​ព្រះ‌គ្រីស្ទ​ជា​របស់​ព្រះ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in