YouVersion Logo
Search Icon

១ កូរិន‌ថូស 6

6
ការ​ប្ដឹង​ផ្ដល់​គ្នា​ក្នុង​ចំណោម​ពួក​អ្នក​ជឿ
1ក្នុង​ចំណោម​អ្នក​រាល់​គ្នា ពេល​អ្នក​ណា​ម្នាក់​មាន​រឿង​ឈ្លោះ​ប្រកែក​នឹង​ម្នាក់​ទៀត ម្ដេច​ក៏​ហ៊ាន​យក​រឿង​នោះ​ទៅ​ប្ដឹង​ពួក​មនុស្ស​ទុច្ចរិត ហើយ​មិន​ទុក​ឲ្យ​ពួក​បរិសុទ្ធ​កាត់​ក្ដី? 2តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ពួក​បរិសុទ្ធ​នឹង​ជំនុំ‌ជម្រះ​ពិភព​លោក​ទេ​ឬ? ប្រសិន‌បើ​អ្នក​រាល់​គ្នា​ជំនុំ‌ជម្រះ​ពិភព​លោក​ដូច្នេះ ម្ដេច​ក៏​អ្នក​រាល់​គ្នា​គ្មាន​សមត្ថ‌ភាព​នឹង​ជំនុំ‌ជម្រះ​រឿងរ៉ាវ​ដ៏​តូច​បំផុត​នេះ? 3តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ? យើង​ត្រូវ​ជំនុំ‌ជម្រះ​ពួក​ទេវតា​ទៀត​ផង កុំ​ថា​ឡើយ​រឿង​រ៉ាវ​ក្នុង​ជីវិត​នេះ! 4ដូច្នេះ បើ​អ្នក​រាល់​គ្នា​មាន​រឿង​ក្ដី​ក្នុង​ជីវិត​នេះ ម្ដេច​ក៏​អ្នក​រាល់​គ្នា​ឲ្យ​មនុស្ស​ដែល​ក្រុម​ជំនុំ​មិន​សូវ​រាប់​អាន​កាត់​ក្ដី​ទៅ​វិញ? 5ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អៀន​ខ្មាស។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​គ្មាន​អ្នក​ណា​ម្នាក់​មាន​ប្រាជ្ញា អាច​នឹង​អារ​កាត់​រវាង​ពួក​បង‌ប្អូន​របស់​ខ្លួន​បាន​ទេ​ឬ? 6ផ្ទុយ​ទៅ​វិញ បង‌ប្អូន​បែរ​ជា​ប្ដឹង​ផ្ដល់​គ្នា​ឯង ហើយ​នៅ​មុខ​អ្នក​មិន​ជឿ​ទៀត​ផង!
7តាម​ពិត ដែល​គ្រាន់​តែ​មាន​រឿង​ក្តី​នឹង​គ្នា នោះ​អ្នក​រាល់​គ្នា​ខុស​ទាំង​ស្រុង​រួច​ទៅ​ហើយ។ ហេតុ​អ្វី​បាន​ជា​មិន​ស៊ូ​ទ្រាំ​នឹង​បង‌ប្អូន​ដែល​ធ្វើ​ខុស​លើ​ខ្លួន? ហេតុ​អ្វី​បាន​ជា​មិន​ស៊ូ​ទ្រាំ​ឲ្យ​គេ​កេង​បន្លំ​ខ្លួន​ជា​ជាង? 8តែ​អ្នក​រាល់​គ្នា​ខ្លួន​ឯង​ធ្វើ​ខុស ហើយកេង​បន្លំ​គ្នា ដែល​សុទ្ធ​តែ​ជា​បង‌ប្អូន​របស់​ខ្លួន។
9តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត មិន​អាច​គ្រង​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មត៌ក​បាន​ទេ​ឬ? សូម​កុំ​ច្រឡំ​ឲ្យ​សោះ! ពួក​សហាយ​ស្មន់ ពួក​ថ្វាយ‌បង្គំរូប​ព្រះ ពួក​ផិត​ក្បត់ ពួក​ប្រុស​ពេស្យា ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា 10ពួក​ចោរ ពួក​លោភ​លន់ ពួក​ប្រមឹក ពួក​ជេរ​ប្រមាថ ពួក​បោក​ប្រាស់ នោះ​មិន​អាច​គ្រង​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មត៌ក​បាន​ឡើយ។ 11ពី​ដើម​អ្នក​រាល់​គ្នា​ខ្លះ​ក៏​ធ្លាប់​ជា​មនុស្ស​បែប​នោះ​ដែរ តែ​ព្រះ​បាន​លាង​សម្អាត​អ្នក​រាល់​គ្នា បាន​ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ បាន​រាប់​អ្នក​រាល់​គ្នា​ជា​សុចរិត ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ​គ្រីស្ទ និង​ដោយ​សារ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​របស់​យើង​រួច​ហើយ។
ចូរ​លើក​តម្កើង​ព្រះ​នៅ​ក្នុង​រូប​កាយ និង​វិញ្ញាណ
12អ្នក​ខ្លះ​ពោល​ថា៖ «ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​ការ​ទាំង‌អស់​បាន» ប៉ុន្តែ មិន​មែន​ការ​ទាំង​អស់​សុទ្ធ​តែ​មាន​ប្រយោជន៍​នោះ​ទេ។ «ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​ការ​ទាំង‌អស់​បាន» ប៉ុន្តែ ខ្ញុំ​មិន​ឲ្យ​អ្វី​មួយ​ធ្វើ​ចៅ​ហ្វាយ​លើ​ខ្ញុំ​ឡើយ។ 13អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «អា​ហារ​សម្រាប់​ចម្អែត​ក្រពះ ហើយ​ក្រពះ​សម្រាប់​ទទួល​អាហារ» តែ​ព្រះ​នឹង​បំផ្លាញ​ទាំង​ពីរ​នេះ​ចោល។ រូប‌កាយ​មិន​មែន​សម្រាប់​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់​ទេ គឺ​សម្រាប់​ព្រះ‌អម្ចាស់​វិញ ហើយ​ព្រះ‌អម្ចាស់​ក៏​សម្រាប់​រូប‌កាយ​ដែរ។ 14ព្រះ​ដែល​បាន​ប្រោស​ព្រះ‌អម្ចាស់​ឲ្យ​រស់​ឡើង​វិញ ទ្រង់​ក៏​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ ដោយ​សារ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ​ដែរ។ 15តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា រូប‌កាយ​របស់​អ្នក​រាល់​គ្នា​ជា​អវ‌យវៈ​របស់​ព្រះ​គ្រីស្ទ​ទេ​ឬ? ដូច្នេះ តើ​គប្បី​ឲ្យ​ខ្ញុំ​យក​អវយវៈ​របស់​ព្រះ‌គ្រីស្ទ ទៅ​ធ្វើ​ជា​អវ‌យវៈ​របស់​ស្ត្រី​ពេស្យា​ឬ? ទេ មិន​បាន​ជា​ដាច់​ខាត! 16តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា អ្នក​ណា​ដែល​រួមរ័ក​ជាមួយ​ស្ត្រី​ពេស្យា អ្នក​នោះ​ជា​រូប​កាយ​តែ​មួយ​ជាមួយ​នាង​ទេ​ឬ? ដ្បិត​មាន​សេចក្ដីចែង​ទុក​មក​ថា៖ «អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ» 17រីឯ​អ្នក​ដែល​រួម​រស់​ជាមួយ​ព្រះ‌អម្ចាស់​វិញ នោះ​ក៏​ជា​វិញ្ញាណ​តែ​មួយ​ជាមួយ​ព្រះ‌អង្គ​ដែរ។ 18ចូរ​រត់​ចេញ​ពី​អំពើ​សហាយ​ស្មន់​ទៅ! រាល់​អំពើ​បាប​ដែល​មនុស្ស​ប្រព្រឹត្ត នោះ​នៅ​ខាង​ក្រៅ​រូប‌កាយ​ទេ តែ​អ្នក​ដែល​ប្រព្រឹត្ត​សហាយ​ស្មន់ អ្នក​នោះ​ធ្វើ​បាប​ទាស់​នឹង​រូប‌កាយ​របស់​ខ្លួន​ហើយ។ 19តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា រូប‌កាយ​របស់​អ្នក​រាល់​គ្នា ជា​ព្រះ‌វិហារ​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​មក​ពី​ព្រះ​ទេ​ឬ? អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ខ្លួន​ឯង​ទៀត​ទេ 20ដ្បិត​ព្រះ​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ ចូរ​លើក​តម្កើង​ព្រះ នៅ​ក្នុង​រូប‌កាយ​របស់​អ្នក​រាល់​គ្នា​ចុះ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in