YouVersion Logo
Search Icon

១ ពេត្រុស 1

1
សេចក្ដី​ផ្ដើម
1ពេត្រុស ជា​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សូម​ជម្រាប​មក​បង‌ប្អូន ដែល​បែក​ខ្ញែក​គ្នា​ទៅ​ស្នាក់​នៅ​ស្រុក​ប៉ុន‌តុស ស្រុក​កា‌ឡា‌ទី ស្រុក​កាប៉ា‌ដូគា ស្រុក​អាស៊ី និង​ស្រុក​ប៊ីធូ‌នា 2ជា​អ្នក​ដែល​ព្រះ ជា​ព្រះ‌វរបិតា​បាន​ជ្រើស​រើស និង​បាន​បម្រុង​ទុក ហើយ​ព្រះ‌វិញ្ញាណ​បាន​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ស្តាប់​បង្គាប់​ព្រះ‌យេស៊ូវ​គ្រីស្ទ ព្រម​ទាំង​បាន​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ប្រោះ​លើ​ខ្លួន។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត កាន់​តែ​ច្រើន​ឡើង។
សេចក្ដី​សង្ឃឹម​ដ៏​រស់
3សូម​សរសើរ​តម្កើង​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​រាល់​គ្នា ដែល​ព្រះ‌អង្គ​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដ៏​ធំ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​មាន​សង្ឃឹម​ដ៏​រស់ តាម​រយៈ​ការ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ 4ហើយ​ឲ្យ​បាន​មត៌ក ដែល​មិន​ចេះ​ពុក​រលួយ ឥត​សៅ‌ហ្មង ក៏​មិន​ចេះ​ស្រពោន ជា​មត៌ក​ដែល​បម្រុង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ស្ថាន‌សួគ៌។ 5អ្នក​រាល់​គ្នា​មាន​ព្រះ‌ចេស្តា​របស់​ព្រះ​កំពុង​ថែ​រក្សា តាម​រយៈ​ជំនឿ ដើម្បី​ទទួល​ការ​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សម្តែង​មក​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។ 6ដោយ​សារ​សេចក្តី​នេះ អ្នក​រាល់​គ្នា​មាន​អំណរ​យ៉ាង​ខ្លាំង ទោះ​បើ​សព្វ​ថៃ្ង​នេះ​ត្រូវ​រង​ទុក្ខ​លំបាក​ផ្សេងៗ​ជា​យូរ​បន្តិច​ក៏​ដោយ 7ដើម្បី​ឲ្យ​ជំនឿ​ដ៏​ពិត​ឥត​ក្លែង​របស់​អ្នក​រាល់​គ្នា កាន់​តែ​មាន​តម្លៃ​វិសេស​ជាង​មាស​ដែល​តែង​តែ​ខូច ទោះ​បើ​បាន​សាក​នឹង​ភ្លើង​ក៏​ដោយ ហើយ​អាច​ទទួល​បាន​ការ​សរសើរ សិរី​ល្អ និង​កេរ្តិ៍‌ឈ្មោះ នៅ​ពេល​ព្រះ‌យេស៊ូវ‌គ្រីស្ទ​លេច​មក។ 8ទោះ​បើ​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ព្រះ‌អង្គ តែ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌អង្គ ហើយ​សូម្បី​តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ឃើញ​ព្រះ‌អង្គ ក៏​អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ‌អង្គ ហើយ​ត្រេក​អរ​ដោយ​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន 9ដ្បិត​អ្នក​រាល់​គ្នា​កំពុង​ទទួល​ផល​ពី​ជំនឿ​របស់​អ្នក​រាល់​គ្នា គឺ​ការ​សង្គ្រោះ​ដល់​ព្រលឹង។
10ពួក​ហោរា​ដែល​បាន​ទាយ​ពី​ព្រះ‌គុណ ដែល​ផ្តល់​មក​អ្នក​រាល់​គ្នា បាន​ស្រាវ​ជ្រាវ​យ៉ាង​ប្រុង​ប្រយ័ត្ន ហើយ​ខំ​រក​ឲ្យ​ដឹង​ពី​ការ​សង្គ្រោះ​នេះ 11ទាំង​ស្វែង​រក​ឲ្យ​ដឹង​ពី​អ្នក​ណា ឬ​ពេល​វេលា​ណា ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ​សណ្ឋិត​ក្នុង​គេ ទ្រង់​ធ្វើ​បន្ទាល់​ជា​មុន អំពី​ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក និង​ពី​សិរីល្អ​ដែល​ត្រូវ​មក​តាម​ក្រោយ។ 12ព្រះ​បាន​សម្តែង​ឲ្យ​គេ​ដឹង​ថា ការ​ទាំង​នោះ​មិន​មែន​សម្រាប់​គេ​ទេ គឺ​សម្រាប់​អ្នក​រាល់​គ្នា ជា​អ្វី​ដែល​ឥឡូវ​នេះ អស់​អ្នក​ផ្សាយ​ដំណឹង​ល្អ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​រយៈ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ‌អង្គ​បាន​ចាត់​ពី​ស្ថាន‌សួគ៌​មក ហើយ​ពួក​ទេវតា​ក៏​ចូល​ចិត្ត​ចង់​ពិនិត្យ​មើល​ការ​ទាំង​នោះ​ដែរ។
ការ​ត្រាស់​ហៅ​ឲ្យ​មាន​ជីវិត​បរិសុទ្ធ
13ដូច្នេះ ចូរ​ប្រុង​ប្រៀប​គំនិត​របស់​អ្នក​រាល់​គ្នា​ឲ្យ​មាន​សកម្ម‌ភាព​ឡើង ទាំង​ដឹង​ខ្លួន ហើយ​មាន​ចិត្ត​សង្ឃឹម​ទាំង​ស្រុង​លើ​ព្រះ‌គុណ ដែល​ព្រះ‌យេស៊ូវ‌គ្រីស្ទ​នឹង​ផ្តល់​មក​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​លេច​មក។ 14ចូរ​ធ្វើ​ដូច​ជា​កូន​ដែល​ស្តាប់​បង្គាប់ គឺ​មិន​ត្រូវ​ត្រាប់​តាម​សេចក្តី​ប៉ង​ប្រាថ្នា ដែល​ពី​ដើម​អ្នក​រាល់​គ្នា​នៅ​ល្ងង់​នោះ​ឡើយ 15ផ្ទុយ​ទៅ​វិញ ដូច​ព្រះ‌អង្គ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា ទ្រង់​បរិសុទ្ធ​យ៉ាង​ណា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ​ក្នុង​គ្រប់​កិរិយា​ទាំង​អស់​យ៉ាង​នោះ​ដែរ។ 16ដ្បិត​មាន​ចែង​ទុក​មក​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​បរិសុទ្ធ ដ្បិត​យើង​បរិសុទ្ធ» ។ 17ប្រសិន‌បើ​អ្នក​រាល់​គ្នា​អំពាវ​នាវ​រក​ព្រះ ទុក​ដូច​ជា​ព្រះ‌វរបិតា​ដែល​ជំនុំ​ជម្រះ តាម​ការ​ដែល​គេ​ប្រព្រឹត្ត​រៀង​ខ្លួន ឥត​រើស​មុខ​អ្នក​ណា នោះ​ត្រូវ​រស់​នៅ​ដោយ​កោត​ខ្លាច ក្នុង​កាល​ដែល​ស្នាក់​នៅ​ក្នុង​ជីវិត​នេះ​ចុះ។ 18អ្នក​រាល់​គ្នា​បាន​ដឹង​ហើយ​ថា ព្រះ​បាន​លោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កិរិយា​ឥត​ប្រយោជន៍ ដែល​ជា​ដំណែល​ពី​ដូន​តា​របស់​អ្នក​រាល់​គ្នា មិន​មែន​ដោយ​របស់​ពុក​រលួយ ដូច​ជា​ប្រាក់ ឬ​មាស​នោះ​ទេ 19គឺ​បាន​លោះ​ដោយ​សារ​ព្រះ‌លោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ‌គ្រីស្ទ​វិញ ដែល​ប្រៀប​ដូច​ជា​ឈាម​របស់​កូន​ចៀម​ឥត​ខ្ចោះ ឥត​ស្លាក​ស្នាម។ 20ព្រះ​បាន​តម្រូវ​ព្រះ‌អង្គ​ទុក​តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក តែ​បាន​លេច​មក​នៅ​គ្រា​ចុង​ក្រោយ​នេះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា។ 21តាម​រយៈ​ព្រះ‌អង្គ អ្នក​រាល់​គ្នា​បាន​ជឿ​ដល់​ព្រះ ដែល​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​ទ្រង់​មាន​សិរីល្អ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជំនឿ និង​មាន​សង្ឃឹម​លើ​ព្រះ។
22ដោយ​អ្នក​រាល់​គ្នា​បាន​ជម្រះ​ព្រលឹង​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ដោយ​ស្តាប់​តាម​សេចក្តី​ពិត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ជា​បង‌ប្អូន នោះ​ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​អស់​ពី​ចិត្ត​ចុះ។ 23ព្រះ​បាន​បង្កើត​អ្នក​រាល់​គ្នា​ជា​ថ្មី មិន​មែន​ពី​ពូជ​ដែល​តែង​តែ​ពុក​រលួយ​នោះ​ទេ គឺ​ពី​ពូជ​ដែល​មិន​ចេះ​ពុក​រលួយ​វិញ ជា​ព្រះ‌បន្ទូល​របស់​ព្រះ​ដែល​រស់​នៅ ហើយ​ស្ថិត​ស្ថេរ។ 24ដ្បិត​មនុស្ស​គ្រប់​រូប​ប្រៀប​ដូច​ជា​ស្មៅ ហើយ​សិរី​ល្អ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​ក៏​ដូច​ជា​ផ្កា​ស្មៅ។ ស្មៅ​តែង​តែ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រុះ​រោយ​ដែរ 25តែ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ស្ថិត​ស្ថេរ​អស់​កល្ប​ជា‌និច្ច​វិញ ព្រះ‌បន្ទូល​នោះ​គឺ​ជា​ដំណឹង​ល្អ​ដែល​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ១ ពេត្រុស 1