១ ធីម៉ូថេ 3
3
គុណសម្បត្ដិរបស់អ្នកដឹកនាំក្រុមជំនុំ
1ពាក្យនេះពិតប្រាកដមែន គឺថា ប្រសិនបើអ្នកណាចង់បានមុខងារជាអភិបាល អ្នកនោះប្រាថ្នាចង់បានកិច្ចការល្អប្រសើរហើយ។ 2ដូច្នេះ អ្នកអភិបាលត្រូវតែជាមនុស្សរកកន្លែងបន្ទោសមិនបាន មានប្រពន្ធតែមួយ មានចិត្តធ្ងន់ធ្ងរ ចេះគ្រប់គ្រងចិត្ត មានកិរិយាមារយាទល្អ ចេះរាក់ទាក់ ប្រសប់ក្នុងការបង្រៀន 3មិនចំណូលស្រា មានចិត្តស្លូតបូត មិនចេះរករឿងហេតុ មិនឈ្លោះប្រកែក មិនស្រឡាញ់ប្រាក់។ 4គាត់ត្រូវចេះគ្រប់គ្រងក្រុមគ្រួសាររបស់ខ្លួនបានល្អ ទាំងឲ្យកូនចៅចេះស្តាប់បង្គាប់ និងមានកិរិយាថ្លៃថ្នូរគ្រប់ជំពូក 5ដ្បិតប្រសិនបើមនុស្សម្នាក់មិនចេះគ្រប់គ្រងក្រុមគ្រួសាររបស់ខ្លួន ធ្វើដូចម្ដេចឲ្យគាត់អាចថែរក្សាក្រុមជំនុំរបស់ព្រះបាន? 6អ្នកដែលទើបនឹងជឿថ្មី ធ្វើពុំបានឡើយ ក្រែងគាត់អាចនឹងអួតបំប៉ោង ហើយធ្លាក់ទៅក្នុងទោសរបស់អារក្ស។ 7ម្យ៉ាងទៀត អ្នកនោះត្រូវមានកេរ្ដិ៍ឈ្មោះល្អពីអ្នកដទៃផងដែរ ក្រែងគេត្មះតិះដៀល ហើយធ្លាក់ទៅក្នុងអន្ទាក់របស់អារក្ស។
គុណសម្បត្តិរបស់អ្នកជំនួយ
8ឯអ្នកជំនួយវិញក៏ដូច្នោះដែរ ត្រូវមានចិត្តនឹងធឹង មិននិយាយសម្ដីពីរ មិនចំណូលស្រា មិនលោភចង់បានប្រាក់ 9គេត្រូវប្រកាន់ខ្ជាប់តាមអាថ៌កំបាំងរបស់ជំនឿ ដោយមនសិការស្អាតបរិសុទ្ធ។ 10ត្រូវសាកល្បងគេជាមុនសិន ហើយបើឃើញថារកកន្លែងបន្ទោសមិនបាន នោះចូរឲ្យគេធ្វើជាអ្នកជំនួយទៅចុះ។ 11ឯប្រពន្ធរបស់គេវិញក៏ដូច្នោះដែរ ត្រូវមានចិត្តនឹងធឹង មិននិយាយដើមគេ មានចិត្តធ្ងន់ធ្ងរ ហើយស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។ 12អ្នកជំនួយត្រូវតែជាអ្នកមានប្រពន្ធតែមួយ ហើយចេះគ្រប់គ្រងកូនចៅ និងក្រុមគ្រួសាររបស់ខ្លួនបានល្អ 13ដ្បិតអស់អ្នកដែលបំពេញមុខងារជាអ្នកជំនួយបានល្អ គេនឹងបានចំណាត់ថ្នាក់ល្អសម្រាប់ខ្លួន ហើយមានសេចក្តីក្លាហានជាខ្លាំងក្នុងជំនឿ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។
អាថ៌កំបាំងនៃសាសនារបស់យើង
14ខ្ញុំសង្ឃឹមថានឹងមកជួបអ្នកក្នុងពេលឆាប់ៗ ប៉ុន្តែ ខ្ញុំសរសេរសេចក្ដីទាំងនេះផ្ញើមកអ្នក 15ដើម្បីក្រែងបើខ្ញុំក្រមកដល់ នោះអ្នកបានដឹងពីរបៀបដែលត្រូវប្រព្រឹត្តយ៉ាងណា នៅក្នុងដំណាក់របស់ព្រះ ដែលជាក្រុមជំនុំរបស់ព្រះដ៏មានព្រះជន្មរស់ ជាសសរ និងជាគ្រឹះទ្រទ្រង់សេចក្ដីពិត។ 16ពិតណាស់ អាថ៌កំបាំងនៃសាសនារបស់យើងអស្ចារ្យណាស់ គឺព្រះអង្គបានសម្ដែងឲ្យយើងឃើញក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ មនុស្សបានប្រកាសអំពីព្រះអង្គក្នុងចំណោមពួកសាសន៍ដទៃ គេបានជឿដល់ព្រះអង្គនៅពាសពេញពិភពលោក ព្រះបានលើកព្រះអង្គឡើងទៅក្នុងសិរីល្អ។
Currently Selected:
១ ធីម៉ូថេ 3: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies