YouVersion Logo
Search Icon

១ ធីម៉ូថេ 5

5
ដំបូន្មាន​ស្ដី​អំពី​ការ​មើល​ខុស​ត្រូវ​ពួក​អ្នកជឿ
1កុំ​ស្តី​បន្ទោស​មនុស្ស​ចាស់​ឡើយ តែ​ត្រូវ​ដាស់‌តឿន​គាត់​ទុក​ដូច​ជា​ឪពុក ហើយ​មនុស្ស​ដែល​ក្មេង​ជាង​អ្នក ត្រូវ​ទុក​ដូច​ជា​ប្អូន 2ស្ត្រី​ចាស់ៗ ទុក​ដូចជា​ម្តាយ ស្ត្រី​ដែល​ក្មេង​ជាង​អ្នក ទុក​ដូច​ជា​ប្អូន ដោយ​ចិត្ត​បរិសុទ្ធ​ទាំង​ស្រុង។
3ត្រូវ​គោរព​ស្ត្រី​មេម៉ាយ ដែល​ពិត​ជាស្ត្រី​មេម៉ាយ មែន 4តែ​បើ​ស្ត្រី​មេម៉ាយ​ណា​មាន​កូន ឬ​មាន​ចៅ ត្រូវ​ឲ្យ​កូន​ចៅទាំង​នោះ​រៀន​បំពេញ​ករណីយកិច្ច​ដល់​ក្រុម​គ្រួសាររបស់​ខ្លួន ហើយ​ចេះ​សង​គុណ​ឪពុក​ម្តាយ ដ្បិត​ធ្វើ​ដូច្នេះ ទើប​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ។ 5រីឯ​ស្ត្រី​ណា​ដែល​ពិត​ជា​មេម៉ាយ ហើយ​នៅ​តែ​ម្នាក់ឯង ស្ត្រី​នោះ​សង្ឃឹម​លើ​ព្រះ​តែ​ប៉ុណ្ណោះ ក៏​ព្យាយាម​ក្នុង​ការ​ទូល​អង្វរ និង​អធិស្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ 6តែ​ស្ត្រី​មេម៉ាយ​ណា​ដែល​គិត​តែ​ពី​ស្រើប​ស្រាល ទោះ​បើ​នៅ​រស់​ក៏​ដោយ ក៏​ឈ្មោះ​ថា​ស្លាប់​ដែរ។ 7ចូរ​បង្គាប់​សេចក្ដី​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​គេ​មាន​កន្លែង​បន្ទោស​បាន។ 8បើ​អ្នក​ណា​មិន​ផ្គត់‌ផ្គង់​ញាតិ​សន្តាន​របស់​ខ្លួន ជា​ពិសេស​ក្រុម​គ្រួសារ​របស់​ខ្លួន អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះ‌បង់​ចោល​ជំនឿ ហើយ​អាក្រក់​ជាង​អ្នក​មិន​ជឿ​ទៅ​ទៀត។
9ស្ត្រី​មេម៉ាយ​ដែល​ត្រូវ​កត់ចូល​ក្នុង​បញ្ជី ត្រូវ​មាន​អាយុ​ហុក‌សិប​ឆ្នាំ​ឡើង​ទៅ ហើយ​ធ្លាប់​មាន​ប្តី​តែ​មួយ​ប៉ុណ្ណោះ 10គាត់​ត្រូវ​មាន​គេ​ធ្វើ​បន្ទាល់​ពី​អំពើ​ល្អ ជា​ស្ត្រី​ដែល​បាន​ចិញ្ចឹម​អប់​រំកូន ទទួល​អ្នក​ដទៃ​ដោយ​រាក់​ទាក់ លាង​ជើង​ពួក​បរិសុទ្ធ ជួយ​ទុក្ខ​ធុរៈ​អ្នក​មាន​ទុក្ខ​លំបាក ហើយ​យក​ចិត្ត​ទុក​ដាក់​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​បែប​យ៉ាង។ 11តែ​ចំពោះ​ស្ត្រី​មេម៉ាយ​ដែល​ក្មេង​ជាង​នេះ មិន​ត្រូវ​កត់​ចូល​ក្នុង​បញ្ជី​ឡើយ ដ្បិត​នៅ​ពេល​ពួកនាង​មាន​ចិត្ត​ស្រើប​ស្រាល ពួក​នាងនឹង​ឃ្លាត​ចេញ​ពី​ព្រះ‌គ្រីស្ទ ហើយ​ចង់រៀប​ការ​ទៀត 12ដូច្នេះ ពួក​នាង​ត្រឡប់​ជា​មាន​ទោស ព្រោះ​បាន​បំពាន​សេចក្ដី​សន្យា​ពីមុន។ 13មួយ​វិញ​ទៀត ពួក​នាង​ទម្លាប់​នៅ​ដៃ​ទំនេរ ទាំង​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ហើយ​មិន​ត្រឹម​តែ​នៅ​ដៃ​ទំនេរ​ប៉ុណ្ណោះ គឺ​ថែម​ទាំង​និយាយ​ប៉ប៉ាច់‌ប៉ប៉ោច ហើយ​បេះ‌បួយ ក៏​និយាយ​សេចក្ដី​ដែល​មិន​គួរ​និយាយ។ 14ដូច្នេះ ខ្ញុំ​ចង់​ឲ្យ​ស្ត្រី​មេម៉ាយ​ដែល​នៅ​ក្មេង​រៀប​ការ​ទៅ ដើម្បី​បង្កើត​កូន ហើយ​គ្រប់​គ្រង​ផ្ទះ​សំបែង​របស់​ខ្លួន កុំ​ឲ្យ​អ្នក​ប្រឆាំង​មាន​ឱកាស​នឹង​និយាយ​បង្ខូច។ 15ដ្បិត​មាន​ពួក​នាង​ខ្លះ​បាន​ងាក​បែរ​ទៅ​តាម​អារក្ស​សាតាំង​រួច​ទៅ​ហើយ។ 16ប្រសិន‌បើ​ស្ដ្រី​ណា​ជា​អ្នក​ជឿ មាន​សាច់​ញាតិ​ដែល​ជា​ស្ត្រី​មេម៉ាយ ត្រូវ​ឲ្យ​នាង​ជួយ​ទំនុកបម្រុង​ស្ត្រី​មេម៉ាយ​ទាំង​នោះ មិន​ត្រូវឲ្យ​ក្រុម​ជំនុំ​មាន​បន្ទុក​ឡើយ ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ក្រុម​ជំនុំ​អាច​ជួយ​ដល់​អ្នក​ដែល​ជា​ស្ត្រី​មេម៉ាយ​ពិត​ប្រាកដ។
17ចាស់​ទុំ​ណា​ដែល​នាំ​មុខ​បាន​ល្អ ត្រូវ​រាប់​ជា​ស័ក្ដិ​សម​នឹងទទួល​កិត្តិយស​ទ្វេ​ដង ជា​ពិសេស​អស់​អ្នក​ដែល​នឿយ​ហត់​នឹង​ប្រកាស​ព្រះ‌បន្ទូល និង​បង្រៀន។ 18ដ្បិត​គម្ពីរ​ចែង​ទុក​មក​ថា «មិន​ត្រូវ​ឃ្លុំ​មាត់​គោនៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ» ហើយ «ជើង​ឈ្នួល​សម​នឹង​ទទួល​ប្រាក់​ឈ្នួល» ។ 19កុំទទួល​ពាក្យ​ចោទ​ប្រកាន់ទាស់​នឹង​ចាស់​ទុំ​ណា​ម្នាក់​ឡើយ លើក​លែង​តែ​មាន​ស្មរ​បន្ទាល់​ពីរ ឬ​បី​នាក់។ 20ចំណែក​អស់​អ្នក​ដែលនៅ​តែ​មានះ​ក្នុង​អំពើ​បាប ត្រូវ​បន្ទោស​គេ​នៅ​មុខ​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អ្នក​ឯ​ទៀតបាន​ខ្លាច​ដែរ។ 21ខ្ញុំ​សូម​ដាស់​តឿន​អ្នក​យ៉ាង​ម៉ឺង​ម៉ាត់ នៅ​ចំពោះ​ព្រះ នៅ​ចំពោះ​ព្រះ‌គ្រីស្ទ‌យេស៊ូវ និង​នៅ​ចំពោះ​ពួក​ទេវតា​រើស​តាំង​ថា ត្រូវ​កាន់​តាម​សេចក្ដី​ទាំង​នេះ ដោយ​ឥត​រើស​មុខ​អ្នក​ណា ឬ​ល្អៀង​ទៅ​ខាង​ណា​ឡើយ។ 22កុំ​ប្រញាប់​ដាក់​ដៃ​លើ​អ្នក​ណា ហើយ​កុំ​ចូល​រួម​ក្នុង​អំពើ​បាប​របស់​ដទៃ​ឡើយ ចូរ​រក្សា​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ។
23កុំ​ផឹក​ទឹក​តែ​ទៀត​ឡើយ ចូរ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បន្តិច​បន្តួច​ផង ដោយ​ព្រោះ​ក្រពះ​របស់​អ្នក និងជំងឺ​ដែល​អ្នក​មាន​ជាញឹក​ញាប់។
24អំពើ​បាប​របស់​មនុស្ស​ខ្លះ​លេច​ឲ្យ​ឃើញ​យ៉ាង​ច្បាស់ មុន​ពេល​ជួប​ការ​ជំនុំ​ជម្រះ តែ​អំពើ​បាប​របស់​អ្នក​ខ្លះ​ទៀត នឹង​លេច​ឲ្យ​ឃើញ​តាម​ក្រោយ។ 25រី​ឯ​អំពើ​ល្អ ក៏​នឹង​លេច​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ដូច្នោះ​ដែរ ទោះ​បើ​មិន​ទាន់​លេច​ឲ្យ​ឃើញ​ក៏​ដោយ ក៏​មិន​អាច​លាក់កំ​បាំង​បាន​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in