YouVersion Logo
Search Icon

២ កូរិនថូស 2

2
1ដូច្នេះ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​មិន​មក​ជួប​អ្នក​រាល់​គ្នា​ទាំង​ព្រួយ​ចិត្ត​ទៀត​ឡើយ។ 2ដ្បិត​បើ​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ទៅ​ហើយ តើ​អ្នក​ណា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ ក្រៅ​ពី​អ្នក​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រួយ​ចិត្ត​នោះ? 3ហេតុ​នេះ​បាន​ជា​ខ្ញុំ​សរសេរ​សំបុត្រ​នោះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដើម្បី​កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​កើត​ទុក្ខ​ព្រួយ​ពី​អស់​អ្នក​ដែល​គួរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​អរ​សប្បាយ ដ្បិត​ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទាំង‌អស់​ថា អំណរ​របស់​ខ្ញុំ ក៏​ជា​អំណរ​របស់​អ្នក​រាល់​គ្នា​ដែរ។ 4ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា ទាំង​ពិបាក​ចិត្ត ទាំង​ថប់​ព្រួយ ទាំង​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន មិន​មែន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ទេ គឺ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ពី​សេចក្តី​ស្រឡាញ់​ជា​បរិបូរ ដែល​ខ្ញុំ​មាន​ចំពោះ​អ្នក​រាល់​គ្នា​វិញ។
ការ​អត់​ទោស​ឲ្យ​អ្នក​ដែល​ប្រព្រឹត្ដ​ខុស
5ប៉ុន្តែ បើ​អ្នក​ណា​ម្នាក់​ធ្វើ​ឲ្យ​មាន​ទុក្ខ​ព្រួយ អ្នក​នោះ​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ទេ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ទាំង‌អស់​ព្រួយ​ខ្លះ (ខ្ញុំ​និយាយ​ដូច្នេះ មិន​ចង់​បំផ្លើស​ទេ)។ 6ទោស​ដែល​អ្នក​រាល់​គ្នា​ភាគ​ច្រើន​បាន​ធ្វើ​ដល់​មនុស្ស​បែប​នេះ នោះ​ល្មម​ហើយ 7ផ្ទុយ​ទៅ​វិញ សូម​អ្នក​រាល់​គ្នា​អត់​ទោស ហើយកម្សាន្ត​ចិត្ត​គាត់ ក្រែង​គាត់​ត្រូវ​លេប​បាត់ ដោយ​សារ​កើត​ទុក្ខ​ព្រួយ​ហួស​ប្រមាណ។ 8ដូច្នេះ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នា ឲ្យ​បញ្ជាក់​ប្រាប់​គាត់​ថា អ្នក​រាល់​គ្នា​ស្រឡាញ់​គាត់។ 9ដ្បិត​ដោយ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​សរសេរ ដើម្បី​ល​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ថា តើ​អ្នក​រាល់​គ្នា​ស្តាប់​បង្គាប់​ក្នុង​គ្រប់​ការ​ទាំង​អស់ ឬ​យ៉ាង​ណា។ 10បើ​អ្នក​រាល់​គ្នា​អត់​ទោស​ឲ្យ​អ្នក​ណា នោះ​ខ្ញុំ​ក៏​អត់​ទោស​ឲ្យ​អ្នក​នោះ​ដែរ ចំពោះ​ខ្ញុំ ប្រសិន‌បើ​ខ្ញុំ​បាន​អត់​ទោស​ពី​រឿង​អ្វី​មួយ​មែន នោះ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌គ្រីស្ទ 11ដើម្បី​កុំ​ឲ្យ​អារក្ស​សាតាំង​មាន​ឱកាស​លើ​យើង ដ្បិត​យើង​មិន​មែន​មិន​ដឹង​ពី​កិច្ច‌កល​របស់​វា​នោះ​ឡើយ។
លោក​ប៉ុល​ខ្វល់​ខ្វាយ​ក្នុង​ចិត្ដនៅ​ក្រុង​ទ្រអាស
12កាល​ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​ទ្រ‌អាស ដើម្បី​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ‌គ្រីស្ទ មាន​ទ្វារ​មួយ​បាន​បើក​ចំហ​ឲ្យ​ខ្ញុំ​ក្នុង​ព្រះ‌អម្ចាស់ 13តែ​ចិត្ត​ខ្ញុំ​មិន​បាន​ធូរ​ស្បើយ​សោះ ព្រោះ​នៅ​ទី​នោះ ខ្ញុំ​រក​ទី‌តុស ជា​បង‌ប្អូន​ខ្ញុំ​មិន​ឃើញ។ ដូច្នេះ ខ្ញុំ​ក៏​លា​គេ ហើយ​បន្ត​ដំណើរ​ទៅ​ស្រុក​ម៉ា‌សេ‌ដូន។
14ប៉ុន្ដែ អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​នាំ​យើង​ឲ្យ​មាន​ជ័យ‌ជម្នះ​ជានិច្ច​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​តាម​រយៈ​យើង ការ​ស្គាល់​ព្រះ‌អង្គ សាយក្លិន​ក្រអូប​នៅ​គ្រប់​ទី​កន្លែង។ 15ដ្បិត​យើង​ជា​ក្លិន​ក្រអូប​របស់​ព្រះ‌គ្រីស្ទ​ចំពោះ​ព្រះ ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​តែ​បាន​សង្គ្រោះ និង​ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​តែ​វិនាស។ 16ចំពោះ​មនុស្សមួយ​ពួក ជា​ក្លិន​នៃ​សេចក្តី​ស្លាប់ ដែល​នាំ​ឲ្យ​ស្លាប់ ចំពោះ​មនុស្សមួយ​ពួក​ទៀត ជា​ក្លិន​នៃ​ជីវិត ឲ្យ​មាន​ជីវិត។ តើ​អ្នក​ណា​មាន​សមត្ថ‌ភាព​សម្រាប់​កិច្ច‌ការ​នេះ? 17ដ្បិត​យើង​មិន​មែន​រក​ចំណេញ​ពី​ព្រះ‌បន្ទូល​របស់​ព្រះ ដូច​មនុស្ស​ជា​ច្រើន​នោះ​ឡើយ តែ​ក្នុង​ព្រះ​គ្រីស្ទ យើង​និយាយ​ក្នុង​នាម​ជា​មនុស្ស​ស្មោះ‌ត្រង់ ជា​មនុស្ស​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក នៅ​ចំពោះ​ព្រះ‌អង្គ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in