YouVersion Logo
Search Icon

២ កូរិនថូស 5

5
1យើង​ដឹង​ថា បើ​ជម្រក​ដែល​ជា​ទី​លំនៅ​របស់​យើង​នៅ​ផែនដី​នេះ ត្រូវ​ខូច​បង់​ទៅ នោះ​យើង​មាន​វិមាន​មួយ​ដែល​មក​ពី​ព្រះ ជា​លំនៅ​សិ្ថត‌ស្ថេរ​អស់​កល្ប​ជា‌និច្ច​នៅ​ស្ថាន​សួគ៌ មិន​មែន​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស​ឡើយ។ 2ដ្បិត​នៅ​ក្នុងជម្រក​នេះ យើង​តែង​តែ​ថ្ងូរ ដោយ​សង្វាត​ចង់​បាន​លំនៅ​របស់​យើង​ដែល​មក​ពី​ស្ថាន‌សួគ៌ មក​ស្លៀក​ពាក់ 3ដ្បិត​ពេល​យើង​បាន​ស្លៀក​ពាក់ នោះ​ឃើញ​ថា យើង​នឹង​មិន​អាក្រាត​ឡើយ។ 4ពេល​យើង​នៅ​ក្នុង​ជម្រក​នេះ​នៅ​ឡើយ យើង​ថ្ងូរ​ដោយ​មាន​បន្ទុក​យ៉ាង​ធ្ងន់ ព្រោះ​យើង​មិន​ចង់​ដោះ​សម្លៀក​បំពាក់​នេះ​ចេញ​ទេ គឺ​ចង់​តែ​ស្លៀក​ពាក់​តទៅ​ទៀត ដើម្បី​ឲ្យ​ជីវិត​លេប​បំបាត់​នូវ​អ្វី​ដែល​តែង​តែ​ស្លាប់​នេះ​វិញ។ 5អ្នក​ដែល​បាន​រៀប​ចំ​យើង​សម្រាប់​ការ​នេះ គឺ​ជា​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​មក​យើង ទុក​ជា​របស់​បញ្ចាំ​ចិត្ត។
6ដូច្នេះ យើង​មាន​ចិត្ត​ជឿ​ជាក់​ជានិច្ច ហើយ​ដឹង​ថា ដរាប​ណា​យើង​ជ្រក​កោន​ក្នុង​រូប‌កាយ​នេះ​នៅ​ឡើយ នោះ​យើង​នៅ​ឃ្លាត​ពី​ព្រះ‌អម្ចាស់ 7ដ្បិត​យើង​ដើរ​ដោយ​ជំនឿ មិន​មែន​ដោយ​មើល​ឃើញ​ទេ។ 8យើង​មាន​ចិត្ត​ជឿ​ជាក់ ហើយ​យើង​សុខ​ចិត្ត​ឃ្លាត​ពី​រូប‌កាយ​នេះ ទៅ​នៅ​ជា​មួយ​ព្រះ‌អម្ចាស់​ជា​ជាង។ 9ដូច្នេះ ទោះ​ជា​យើង​នៅ​ជ្រក​កោន ឬ​ឃ្លាត​ពី​រូប‌កាយ​នេះ​ក្តី យើង​មាន​បំណង​ចង់​ឲ្យ​បាន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ។ 10ដ្បិត​យើង​ទាំង​អស់​គ្នា​ត្រូវ​ឈរ​នៅ​មុខ​ទី​ជំនុំ‌ជម្រះ​របស់​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​ផល តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត កាល​នៅ​ក្នុង​រូប‌កាយ​នេះ​នៅ​ឡើយ ទោះ​ល្អ ឬ​អាក្រក់​ក្តី។
ការ​ផ្សះ‌ផ្សា​មនុស្ស​លោក​ឲ្យ​ជានា​នឹង​ព្រះ
11ដូច្នេះ ដោយ​ស្គាល់​ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់ នោះ​យើង​ខំ​ប្រឹង​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ តែ​ខ្លួន​យើង​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅ​ចំពោះ​ព្រះ ហើយ​ខ្ញុំ​សង្ឃឹម​ថា យើង​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ដល់​មន​សិការ​របស់​អ្នក​រាល់​គ្នា​ដែរ។ 12យើង​មិន​សរ​សើរ​ខ្លួន​ឯង​នៅ​ចំពោះ​អ្នក​រាល់​គ្នា​ទៀត​ទេ គឺ​យើង​ទុក​ឱកាស​ឲ្យ​អ្នក​រាល់​គ្នា​អួត​ពី​យើង​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​តប​ឆ្លើយ​នឹង​អស់​អ្នក​ដែល​អួត​ពី​សម្បក​ក្រៅ មិន​មែន​ពី​ក្នុង​ចិត្ត។ 13ដ្បិត​ប្រសិន‌បើ​យើង​វង្វេង​ស្មារតី នោះ​យើង​វង្វេង​សម្រាប់​ព្រះ ហើយ​ប្រសិន‌បើ​យើង​មាន​គំនិត​ត្រឹម​ត្រូវ នោះ​គឺ​សម្រាប់​អ្នក​រាល់​គ្នា។ 14ដ្បិត​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​បង្ខំ​យើង ព្រោះ​យើង​ជឿ​ច្បាស់​ថា បើ​មនុស្សម្នាក់​បាន​ស្លាប់​ជំនួសមនុស្ស​ទាំង​អស់ នោះ​ឈ្មោះ​ថា មនុស្ស​ទាំង​អស់​បាន​ស្លាប់​ហើយ។ 15ព្រះ‌អង្គ​បាន​សុគត​ជំនួសមនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ លែង​រស់​សម្រាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សម្រាប់​ព្រះ‌អង្គ​ដែល​បាន​សុគត ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​សម្រាប់​គេ។
16ដូច្នេះ ពី​ពេល​នេះ​តទៅ យើង​ឈប់​ស្គាល់​អ្នក​ណា​ម្នាក់​តាម​បែប​សាច់​ឈាម​ទៀត​ហើយ ទោះ​ជា​យើង​ធ្លាប់​ស្គាល់​ព្រះ‌គ្រីស្ទ​តាម​បែប​សាច់​ឈាមក៏​ដោយ ក៏​ឥឡូវ​នេះ យើង​មិន​ស្គាល់​ព្រះ‌អង្គ​តាម​បែប​នោះ​ទៀត​ទេ។ 17ដូច្នេះ បើ​អ្នក​ណា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ អ្នក​នោះ​កើត​ជា​ថ្មី​ហើយ អ្វីៗ​ដែល​ចាស់​បាន​កន្លង​ផុត​ទៅ មើល៍ អ្វីៗ​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ! 18គ្រប់​ទាំង​អស់​មក​ពី​ព្រះ ដែល​ទ្រង់​បាន​ផ្សះ‌ផ្សា​យើង​ឲ្យ​ជានា​នឹង​ព្រះ‌អង្គ​វិញ តាម​រយៈ​ព្រះ‌គ្រីស្ទ ហើយ​បាន​ប្រទាន​ការ‌ងារ​ផ្សះ‌ផ្សា​នោះ​មក​យើង 19គឺ​នៅ​ក្នុង​ព្រះ​គ្រីស្ទ ព្រះ​កំពុង​ផ្សះ‌ផ្សា​មនុស្ស​លោក​ឲ្យ​ជានា​នឹង​ព្រះ‌អង្គ ដោយ​មិន​ប្រកាន់​ទោស​គេ​ទៀត ហើយ​ព្រះ‌អង្គ​បាន​ប្រគល់​ព្រះ‌បន្ទូល​នៃ​ការ​ផ្សះ‌ផ្សា​នោះ​មក​យើង។ 20ដូច្នេះ យើង​ជា​ទូត​របស់​ព្រះ‌គ្រីស្ទ ហាក់​ដូច​ជា​ព្រះ​កំពុង​អង្វរ​តាម​រយៈ​យើង គឺ​យើង​អង្វរ​អ្នក​រាល់​គ្នា​ជំនួស​ព្រះ‌គ្រីស្ទ​ថា ចូរ​ជា​នា​នឹង​ព្រះ​វិញ​ទៅ។ 21ដ្បិត​ព្រះគ្រីស្ទ​ដែល​មិន​បាន​ស្គាល់​បាប​សោះ តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ជា​តួ​បាប​ជំនួស​យើង ដើម្បី​ឲ្យ​យើង​បាន​ត្រឡប់​ជា​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ក្នុង​ព្រះ‌អង្គ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in