កិច្ចការ 13
13
លោកបាណាបាស និងលោកសុលចេញបំពេញបេសកកម្ម
1ក្នុងក្រុមជំនុំក្រុងអាន់ទីយ៉ូក មានហោរា និងគ្រូបង្រៀន គឺលោកបាណាបាស លោកស៊ីម្មានដែលហៅថានីគើរ លោកលូគាសអ្នកស្រុកគីរេន លោកម៉ាណាអេន ជាប្អូនចិញ្ចឹមរបស់ព្រះបាទហេរ៉ូឌ ជាអនុរាជ និងលោកសុល។ 2ក្នុងកាលដែលអ្នកទាំងនោះកំពុងថ្វាយបង្គំព្រះអម្ចាស់ ទាំងតមអាហារ ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបាណាបាស និងសុលចេញដោយឡែក សម្រាប់ការងារដែលយើងហៅគេឲ្យធ្វើ»។ 3ពេលនោះ ក្រោយពីបានតម និងអធិស្ឋានរួចហើយ គេក៏ដាក់ដៃលើលោកទាំងពីរ ហើយចាត់ពួកលោកឲ្យចេញទៅ។
ពួកសាវកប្រកាសព្រះបន្ទូលនៅកោះគីប្រុស
4ដូច្នេះ ដោយព្រះវិញ្ញាណបរិសុទ្ធបានចាត់ឲ្យចេញទៅ លោកទាំងពីរចុះទៅក្រុងសេលើស៊ា ហើយចុះសំពៅចេញពីទីនោះទៅកោះគីប្រុស។ 5ពេលទៅដល់ក្រុងសាឡាមីន គេក៏ប្រកាសព្រះបន្ទូលរបស់ព្រះ នៅក្នុងសាលាប្រជុំនានារបស់សាសន៍យូដា ទាំងមានលោកយ៉ូហាន ជាអ្នកជំនួយដែរ។ 6កាលលោកបាននាំគ្នាធ្វើដំណើរកាត់កោះនោះ ទៅដល់ក្រុងប៉ាផុស លោកក៏ជួបគ្រូមន្ដអាគមសាសន៍យូដាម្នាក់ ជាហោរាក្លែងក្លាយ ឈ្មោះបារ-យេស៊ូវ។ 7គ្រូនោះនៅជាមួយលោកអភិបាលជាតិរ៉ូមម្នាក់ ឈ្មោះស៊ើគាស-ប៉ូឡូស ជាមនុស្សដ៏ឆ្លាតវៃ។ លោកបានហៅលោកបាណាបាស និងលោកសុលមក ព្រោះចង់ស្តាប់ព្រះបន្ទូលរបស់ព្រះ។ 8ប៉ុន្ដែ អេលីម៉ាស ជាគ្រូមន្តអាគម (ដ្បិតឈ្មោះគាត់ប្រែមកដូច្នេះ) ចេះតែប្រឆាំងនឹងលោកទាំងពីរ ដើម្បីបង្វែរលោកអភិបាលនោះមិនឲ្យជឿ។ 9ប៉ុន្ដែ លោកសុល ដែលហៅថាប៉ុល បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ លោកសម្លឹងទៅគ្រូនោះ 10ហើយមានប្រសាសន៍ថា៖ «នែ៎ មនុស្សដែលពេញដោយកិច្ចកល និងល្បិចគ្រប់យ៉ាង ជាកូនរបស់អារក្ស ហើយជាខ្មាំងសត្រូវនៃអស់ទាំងសេចក្តីសុចរិតអើយ! តើអ្នកមិនព្រមឈប់បង្ខូចផ្លូវត្រង់របស់ព្រះអម្ចាស់ទេឬ? 11មើល៍ ឥឡូវនេះ ព្រះហស្តរបស់ព្រះអម្ចាស់បានសង្កត់លើអ្នកហើយ អ្នកនឹងត្រូវខ្វាក់ភ្នែក មើលមិនឃើញពន្លឺថ្ងៃមួយរយៈ»។ រំពេចនោះ ភ្នែករបស់គាត់ទៅជាព្រឹលៗ ហើយងងឹតសូន្យទៅ រួចគាត់ដើរវិលវល់រាវរកគេឲ្យដឹកដៃ។ 12ពេលលោកអភិបាលជាតិរ៉ូមនោះឃើញហេតុការណ៍កើតឡើងដូច្នេះ លោកក៏ជឿ ដ្បិតលោកមានសេចក្ដីអស្ចារ្យក្នុងចិត្ត អំពីសេចក្តីបង្រៀនរបស់ព្រះអម្ចាស់។
លោកប៉ុល និងលោកបាណាបាសនៅក្រុងអន់ទីយ៉ូកស្រុកពីស៊ីឌា
13បន្ទាប់មក លោកប៉ុល និងគូកនរបស់លោកបានចុះសំពៅចេញពីក្រុងប៉ាផុស មកដល់ក្រុងពើកា ក្នុងស្រុកប៉ាមភីលា។ ឯលោកយ៉ូហាន បានចាកចេញពីពួកគេ ត្រឡប់ទៅក្រុងយេរូសាឡិមវិញ 14តែលោកប៉ុល និងលោកបាណាបាសបានបន្ដដំណើរពីក្រុងពើកា មកដល់ក្រុងអាន់ទីយ៉ូក ក្នុងស្រុកពីស៊ីឌា។ នៅថ្ងៃសប្ប័ទ លោកទាំងពីរចូលទៅអង្គុយក្នុងសាលាប្រជុំ។ 15ក្រោយពីបានអានគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរារួចហើយ ពួកមេគ្រប់គ្រងសាលាប្រជុំ ចាត់មនុស្សឲ្យទៅជម្រាបលោកទាំងពីរថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្តប្រជាជន សូមមានប្រសាសន៍ចុះ»។
16ដូច្នេះ លោកប៉ុលក៏ក្រោកឡើង លើកដៃធ្វើសញ្ញា ហើយមានប្រសាសន៍ថា៖
«បងប្អូនសាសន៍អ៊ីស្រាអែល និងអស់អ្នកដែលកោតខ្លាចព្រះអើយ សូមស្តាប់ចុះ 17ព្រះរបស់ប្រជាជនអ៊ីស្រាអែលនេះ បានជ្រើសរើសបុព្វបុរសរបស់យើង ហើយបានលើកតម្កើងប្រជាជននេះជាខ្លាំង ក្នុងកាលគេស្នាក់នៅស្រុកអេស៊ីព្ទ រួចព្រះអង្គបាននាំគេចេញពីស្រុកនោះ ដោយព្រះហស្តដ៏មានព្រះចេស្តា។ 18ព្រះអង្គបានទ្រាំទ្រគេ រយៈពេលប្រមាណជាសែសិបឆ្នាំនៅទីរហោស្ថាន។ 19ក្រោយពីព្រះអង្គបានបំផ្លាញសាសន៍ប្រាំពីរនៅស្រុកកាណានរួចហើយ ព្រះអង្គក៏ប្រទានស្រុករបស់គេដល់បុព្វបុរសរបស់យើង ទុកជាមត៌ក។ 20ហេតុការណ៍ទាំងអស់នេះ មានរយៈពេលប្រមាណជាបួនរយហាសិបឆ្នាំ ហើយក្រោយការទាំងនោះមក ទ្រង់ប្រទានឲ្យមានពួកចៅហ្វាយ រហូតដល់គ្រាហោរាសាំយូអែល។ 21បន្ទាប់មកទៀត គេបានសុំឲ្យមានស្តេច ហើយព្រះអង្គក៏ប្រទានព្រះបាទសូល ជាបុត្ររបស់លោកគីស ជាបុរសម្នាក់ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ឲ្យធ្វើជាស្តេចលើគេ អស់រយៈពេលសែសិបឆ្នាំ។ 22ក្រោយពីបានដកព្រះបាទសូលចេញ ព្រះអង្គបានតាំងព្រះបាទដាវីឌឡើងធ្វើជាស្តេចរបស់គេ។ ព្រះអង្គបានធ្វើបន្ទាល់ពីព្រះបាទដាវីឌថា "យើងរកបានដាវីឌ កូនរបស់អ៊ីសាយ ជាមនុស្សម្នាក់ត្រូវចិត្តយើង ដែលនឹងធ្វើតាមចិត្តយើងគ្រប់ជំពូក"។ 23គឺក្នុងព្រះរាជវង្សស្តេចនោះហើយ ដែលព្រះបានបង្កើតព្រះសង្គ្រោះមួយអង្គ គឺព្រះយេស៊ូវ ដល់សាសន៍អ៊ីស្រាអែល ដូចព្រះអង្គបានសន្យា។ 24មុនពេលព្រះអង្គយាងមក លោកយ៉ូហានបានប្រកាសប្រាប់អំពីពិធីជ្រមុជខាងការប្រែចិត្ត ដល់ប្រជាជនអ៊ីស្រាអែលទាំងអស់។ 25កាលលោកយ៉ូហានបានបង្ហើយការងាររបស់លោកចប់សព្វគ្រប់ លោកមានប្រសាសន៍ថា "តើអ្នករាល់គ្នាស្មានថាខ្ញុំជាអ្នកណា? ខ្ញុំមិនមែនជាព្រះអង្គនោះទេ តែមើល៍ ព្រះអង្គនោះយាងមកក្រោយខ្ញុំ ខ្ញុំមិនសមនឹងស្រាយខ្សែសុព័ណ៌បាទព្រះអង្គផង"។
26បងប្អូនជាកូនចៅនៃពូជពង្សលោកអ័ប្រាហាំ និងអស់អ្នកក្នុងចំណោមអ្នករាល់គ្នាដែលកោតខ្លាចព្រះអើយ ទ្រង់បានចាត់ព្រះបន្ទូលពីការសង្គ្រោះនេះ មកឲ្យយើងរាល់គ្នាហើយ។ 27ដ្បិតអស់អ្នកដែលនៅក្រុងយេរូសាឡិម និងពួកមេគ្រប់គ្រងរបស់គេ មិនបានស្គាល់ព្រះអង្គទេ ក៏មិនបានយល់ទំនាយរបស់ពួកហោរា ដែលគេអានរាល់ថ្ងៃសប្ប័ទដែរ គេបានធ្វើឲ្យទំនាយនោះបានសម្រេច ដោយកាត់ទោសព្រះអង្គ។ 28ទោះបីគេរកហេតុនឹងសម្លាប់ព្រះអង្គមិនបានក៏ដោយ ក៏គេនៅតែសុំឲ្យលោកពីឡាត់យកព្រះអង្គទៅសម្លាប់ដែរ។ 29កាលគេបានធ្វើសម្រេចគ្រប់ទាំងសេចក្តី ដែលបានចែងទុកអំពីព្រះអង្គស្រេចហើយ គេក៏យកព្រះអង្គចុះពីឈើឆ្កាង មកបញ្ចុះក្នុងផ្នូរ។ 30ប៉ុន្តែ ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ 31ព្រះអង្គបានលេចឲ្យអស់អ្នកដែលបានឡើងពីស្រុកកាលីឡេ មកក្រុងយេរូសាឡិមជាមួយព្រះអង្គបានឃើញ អស់រយៈពេលជាច្រើនថ្ងៃ។ ឥឡូវនេះ អ្នកទាំងនោះជាស្មរបន្ទាល់របស់ព្រះអង្គដល់ប្រជាជន។
32យើងខ្ញុំប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ពីសេចក្តីដែលព្រះបានសន្យាជាមួយបុព្វបុរសរបស់យើង 33ព្រះអង្គបានសម្រេចដល់យើងរាល់គ្នា ដែលជាពូជពង្សរបស់ពួកលោក ដោយទ្រង់បានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ឡើងវិញ ដូចមានសេចក្តីចែងទុកមក នៅក្នុងទំនុកតម្កើងទីពីរថា៖ "អ្នកជាកូនរបស់យើង យើងបានបង្កើតអ្នកនៅថ្ងៃនេះ" ។ 34ឯការដែលព្រះបានប្រោសឲ្យព្រះយេស៊ូវមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដើម្បីកុំឲ្យព្រះអង្គត្រឡប់ទៅឯសេចក្ដីពុករលួយ នោះព្រះអង្គមានព្រះបន្ទូលដូច្នេះថា "យើងនឹងប្រគល់ព្រះពរដ៏បរិសុទ្ធ និងប្រាកដរបស់ដាវីឌ ឲ្យអ្នករាល់គ្នា" ។ 35ហេតុនេះហើយបានជាព្រះអង្គមានព្រះបន្ទូល ក្នុងទំនុកតម្កើងមួយទៀតថា "ព្រះអង្គមិនទុកឲ្យអ្នកបរិសុទ្ធរបស់ព្រះអង្គ ឃើញសេចក្ដីពុករលួយឡើយ" ។ 36រីឯព្រះបាទដាវីឌ ក្រោយពីស្ដេចបានបម្រើគោលបំណងរបស់ព្រះ ដល់មនុស្សជំនាន់របស់ខ្លួនរួចមក ទ្រង់ក៏ផ្ទំលក់ទៅ ហើយគេបានបញ្ចុះសពទ្រង់ជាមួយបុព្វបុរស ហើយក៏ឃើញសេចក្តីពុករលួយដែរ 37តែព្រះអង្គដែលព្រះបានប្រោសឲ្យរស់ឡើងវិញ ទ្រង់មិនឃើញសេចក្ដីពុករលួយឡើយ។ 38ដូច្នេះ បងប្អូនអើយ សូមជ្រាបថា ដែលយើងបានប្រកាសប្រាប់អ្នករាល់គ្នានេះ គឺការអត់ទោសឲ្យរួចពីបាប តាមរយៈព្រះអង្គនេះឯង 39ហើយដោយសារព្រះអង្គ អស់អ្នកដែលជឿនឹងមានសេរីភាព រួចពីគ្រប់ការទាំងអស់ ដែលពុំអាចនឹងមានសេរីភាពបាន ដោយសារក្រឹត្យវិន័យរបស់លោកម៉ូសេ។ 40ដូច្នេះ ត្រូវប្រយ័ត្ន ក្រែងអ្នករាល់គ្នាកើតមានសេចក្តីដែលពួកហោរាបានថ្លែងទុកមកថា៖ 41"មើល៍ ពួកអ្នកដែលមើលងាយអើយ! ចូរងឿងឆ្ងល់ ហើយវិនាសទៅចុះ ដ្បិតយើងធ្វើការមួយនៅជំនាន់អ្នករាល់គ្នា ជាកិច្ចការដែលអ្នករាល់គ្នាមិនព្រមជឿ ទោះបើមានគេប្រាប់អ្នករាល់គ្នាក៏ដោយ" »។
42ពេលលោកប៉ុល និងលោកបាណាបាសកំពុងដើរចេញពីសាលាប្រជុំ ប្រជាជនបានសុំឲ្យលោកមានប្រសាសន៍អំពីសេចក្តីទាំងនេះម្ដងទៀត នៅថ្ងៃសប្ប័ទក្រោយ។ 43ពេលចប់ការប្រជុំហើយ មានពួកសាសន៍យូដា និងពួកអ្នកចូលសាសនាយូដាដែលគោរពកោតខ្លាចព្រះជាច្រើន បានដើរតាមលោកប៉ុល និងលោកបាណាបាស ហើយលោកបានទូន្មានគេឲ្យបន្តនៅជាប់ក្នុងព្រះគុណរបស់ព្រះ។
44លុះថ្ងៃសប្ប័ទមកដល់ ពួកអ្នកក្រុងស្ទើរតែទាំងអស់បានមកជួបជុំគ្នា ដើម្បីស្តាប់ព្រះបន្ទូល។ 45ប៉ុន្ដែ កាលពួកសាសន៍យូដាបានឃើញមហាជនដូច្នេះ គេមានចិត្តច្រណែន ហើយចាប់ផ្ដើមនិយាយប្រឆាំងនឹងសេចក្តីដែលលោកប៉ុលមានប្រសាសន៍ ទាំងជេរប្រមាថលោកទៀតផង។ 46ពេលនោះ លោកប៉ុល និងលោកបាណាបាសក៏មានប្រសាសន៍យ៉ាងក្លាហានថា៖ «យើងខ្ញុំត្រូវតែប្រកាសព្រះបន្ទូលប្រាប់អ្នករាល់គ្នាជាមុន ប៉ុន្តែ ដោយព្រោះអ្នករាល់គ្នាបដិសេធមិនព្រមទទួលព្រះបន្ទូល ហើយដោយអ្នករាល់គ្នាយល់ឃើញថា ខ្លួនមិនសមនឹងទទួលជីវិតអស់កល្បជានិច្ច ឥឡូវនេះ យើងបែរទៅរកពួកសាសន៍ដទៃវិញ។ 47ដ្បិតព្រះអម្ចាស់បានបង្គាប់មកយើងខ្ញុំថា៖ "យើងបានតាំងអ្នកសម្រាប់ជាពន្លឺដល់សាសន៍ដទៃ ដើម្បីឲ្យអ្នកបាននាំការសង្គ្រោះដល់ចុងបំផុតនៃផែនដី"» ។
48កាលពួកសាសន៍ដទៃបានឮដូច្នេះ គេមានចិត្តរីករាយ ហើយលើកតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់។ រីឯអស់អ្នកដែលព្រះបានតម្រូវឲ្យទទួលជីវិតអស់កល្បជានិច្ច ក៏បានជឿ។ 49ព្រះបន្ទូលរបស់ព្រះអម្ចាស់ បានឮសុសសាយ ពេញតំបន់នោះទាំងមូល។ 50ប៉ុន្តែ ពួកសាសន៍យូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពង់ខ្ពស់ ដែលគោរពកោតខ្លាចព្រះ និងពួកអ្នកមុខអ្នកការនៅក្នុងទីក្រុងនោះ ដោយញុះញង់ឲ្យបៀតបៀនលោកប៉ុល និងលោកបាណាបាស ហើយដេញលោកទាំងពីរចេញពីស្រុករបស់គេ។ 51ដូច្នេះ លោកទាំងពីរក៏រលាស់ធូលីដីចេញពីជើងទាស់នឹងគេ ហើយបន្តដំណើរទៅក្រុងអ៊ីកូនាម។ 52ពួកសិស្សមានចិត្តពេញដោយអំណរ និងដោយព្រះវិញ្ញាណបរិសុទ្ធ។
Currently Selected:
កិច្ចការ 13: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies