YouVersion Logo
Search Icon

កិច្ចការ 16

16
លោក​ធីម៉ូថេ​រួម​ដំណើរ​ជា‌មួយ​លោក​ប៉ុល និង​លោក​ស៊ីឡាស
1លោក​ប៉ុល​បាន​ទៅ​ដល់​ក្រុង​ឌើបេ និងក្រុង​លីស្ត្រា ហើយ​នៅ​ទី​នោះ មាន​សិស្ស​ម្នាក់ ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់ ដែល​ជា​អ្នក​ជឿ តែ​ឪពុក​ជា​សាសន៍​ក្រិក។ 2គាត់​ជា​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ក្នុង​ចំណោម​ពួក​បង‌ប្អូន​នៅ​ក្រុង​លីស្ត្រា និងក្រុង​អ៊ីកូ‌នាម។ 3លោក​ប៉ុល​ចង់ឲ្យ​ធីម៉ូថេ​រួម​ដំណើរ​ជា‌មួយ​លោក ហើយ​លោក​បាន​នាំ​គាត់​ទៅ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ ដោយ​ព្រោះ​យោគ​យល់​ដល់​សាសន៍​យូដា​ដែល​នៅ​ស្រុក​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា ឪពុក​គាត់​ជា​សាសន៍​ក្រិក។ 4ពេលពួក​លោក​ធ្វើ​ដំណើរ​កាត់​ក្រុង​ទាំង​នោះ ពួក​លោក​ប្រគល់​សេចក្ដី​សម្រេច​របស់​ពួក​សាវក និង​ពួក​ចាស់​ទុំ នៅ​ក្រុង​យេរូ‌សាឡិមដល់​គេ ដើម្បី​ឲ្យ​គេ​អនុវត្ត​តាម។ 5ដូច្នេះ ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​មាន​ជំនឿ​កាន់​តែ​រឹងមាំ ហើយ​ចំនួន​ពួក​សិស្ស​ចេះ​តែ​ចម្រើន​ឡើង​រាល់​ថ្ងៃ។
លោក​ប៉ុល​និមិត្ត​ឃើញ​បុរស​ម្នាក់​នៅ​ស្រុក​ម៉ា‌សេ‌ដូន
6ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​ឃាត់​មិន​ឲ្យ​ប្រកាស​ព្រះ‌បន្ទូល​នៅ​ស្រុក​អាស៊ី ពួកលោក​ក៏​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគា និងស្រុក​កា‌ឡា‌ទី។ 7ពេល​ពួក​លោក​បាន​មក​ដល់​ស្រុក​មីស៊ា លោក​បម្រុង​ចូល​ទៅ​ក្នុង​ស្រុក​ប៊ី‌ធូនា ប៉ុន្តែ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូវ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទេ។ 8ដូច្នេះ ពួក​លោកក៏​ឆ្លង​កាត់​ស្រុក​មីស៊ា ចុះ​ទៅ​ក្រុង​ទ្រអាស។ 9នៅ​យប់​នោះ លោក​ប៉ុល​មាន​និមិត្ត​មួយ គឺ​ឃើញ​បុរស​ម្នាក់​ពី​ស្រុក​ម៉ា‌សេ‌ដូន ឈរ​អង្វរ​លោក​ថា៖ «សូម​អញ្ជើញ​ឆ្លង​មក​ជួយ​យើង​ខ្ញុំ ដែល​នៅ​ស្រុក​ម៉ា‌សេ‌ដូន​នេះ​ផង!»។ 10ក្រោយ​ពេល​លោក​បាន​ឃើញ​និមិត្ត​នោះ​ហើយ យើង ក៏​រក​ឱកាស​នឹង​ទៅ​ស្រុក​ម៉ា‌សេ‌ដូន​ភ្លាម ដោយ​យល់​ឃើញ​ថា ព្រះ​បាន​ហៅ​យើង​ឲ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​ពួកគេ។
នាង​លីឌា​ប្រែ​ចិត្ដ​ជឿ​ព្រះ‌អម្ចាស់
11ដូច្នេះ យើង​បាន​ចុះ​សំពៅ​ចេញ​ពី​ក្រុង​ទ្រអាស តម្រង់​ទៅ​កោះ​សាម៉ូ‌ត្រាស ហើយ​ស្អែក​ឡើង​បាន​មក​ដល់​ក្រុង​នាប៉ូល 12ហើយ​ចេញ​ពី​ក្រុង​នោះ មក​ដល់​ក្រុង​ភីលីព ជា​ទី​ក្រុង​លេខ​មួយ​ក្នុង​ស្រុក​ម៉ា‌សេ‌ដូន និង​ជា​ក្រុង​ចំណុះ​របស់​រ៉ូម។ យើង​បាន​ស្នាក់​នៅ​ទីនេះ​ជា​ច្រើន​ថ្ងៃ។
13នៅ​ថ្ងៃ​សប្ប័ទ យើង​ចេញ​ទៅខាង​ក្រៅ​ទ្វារ​ក្រុង ទៅ​ឯមាត់​ទន្លេ ដោយ​យើង​នឹក​គិត​ថា នឹង​មាន​កន្លែង​អធិស្ឋាន។ យើង​ក៏​អង្គុយ​ចុះ ហើយ​និយាយ​ទៅ​កាន់​ពួកស្ត្រី​ដែល​ជួប​ជុំ​គ្នា​នៅ​ទី​នោះ។ 14មាន​ស្ត្រី​ម្នាក់ ឈ្មោះ​លីឌា ពី​ស្រុក​ធា‌ទេ‌រ៉ា ជា​អ្នក​ជំនួញ​ក្រណាត់​ពណ៌​ស្វាយ នាង​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ។ ព្រះ‌អម្ចាស់​បាន​បើក​ចិត្ត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្តី​ដែល​លោក​ប៉ុល​មាន​ប្រសាសន៍។ 15កាល​នាង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ជាមួយ​ក្រុម​គ្រួ​សារ​របស់​នាង​រួច​ហើយ នាង​ក៏​អញ្ជើញ​យើង​ថា៖ «បើ​អស់​លោក​យល់​ឃើញ​ថា នាង​ខ្ញុំ​ស្មោះ​ត្រង់​ចំពោះ​ព្រះ‌អម្ចាស់​មែន សូម​អញ្ជើញ​ទៅ​ស្នាក់​នៅ​ផ្ទះ​នាង​ខ្ញុំ​ទៅ»។ នាង​ក៏​ទទូច​រហូត​ដល់​យើង​យល់​ព្រម។
លោក​ប៉ុល និង​លោក​ស៊ីឡាស​នៅ​ក្នុង​គុក
16មាន​ថ្ងៃ​មួយ ពេល​យើង​កំពុងធ្វើ​ដំណើរ​ទៅ​កន្លែង​អធិស្ឋាន យើង​បាន​ជួប​ស្រី​បម្រើ​ម្នាក់​ដែល​មាន​អារក្ស​ភីថង់​ចូល ហើយ​ធ្វើ​ឲ្យ​ពួក​ម្ចាស់​របស់​នាង​រក​កម្រៃ​បាន​យ៉ាង​ច្រើន ដោយ​ការ​ទាយ។ 17នាង​ដើរ​តាម​លោក​ប៉ុល និង​យើង ទាំង​ស្រែក​ថា៖ «អ្នក​ទាំង​នេះ​ជា​បាវ​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រកាស​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ»។ 18នាង​ចេះ​តែ​ធ្វើ​ដូច្នេះ​ជា​ច្រើន​ថ្ងៃ ទាល់​តែ​លោក​ប៉ុល​មាន​ការ​រំខាន​ចិត្ត ហើយ​បែរ​ទៅ​បង្គាប់​វិញ្ញាណ​នោះ​ថា៖ «យើង​បញ្ជា​ឯង​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ចូរ​ចេញ​ពី​នាង​នេះ​ទៅ!» ហើយ​វា​ក៏​ចេញ​នៅ​វេលា​នោះ​ឯង។
19ប៉ុន្តែ កាល​ពួក​ម្ចាស់​របស់​នាង​ឃើញ​ថា គេ​អស់​សង្ឃឹម​នឹង​រក​កម្រៃ​បាន គេ​ក៏​ចាប់​លោក​ប៉ុល និង​លោក​ស៊ីឡាស អូសចូល​ទៅក្នុង​ទៅ​ទី​ផ្សារ នៅ​ចំពោះ​មុខពួក​អាជ្ញា​ធរ។ 20កាល​គេ​បាន​នាំ​លោក​ទាំង​ពីរ​ទៅ​ជួប​ពួក​តម្រួត​ហើយ គេ​ជម្រាប​ថា៖ «បុរសទាំង​នេះ​ជា​សាន៍​យូដា ហើយ​គេ​បង្ក​ចលាចល​នៅ​ក្នុង​ទី​ក្រុង​របស់​យើង។ 21គេ​ប្រកាស​ប្រាប់​ពី​ទំនៀម​ទម្លាប់ ដែល​យើង​ខ្ញុំ​ជា​សាសន៍​រ៉ូម គ្មាន​ច្បាប់​នឹង​ទទួល ឬ​កាន់​តាម​ឡើយ»។ 22បណ្ដាជន​ក៏​រួម​គ្នា​ទាស់​នឹង​ពួក​លោក ហើយ​ពួក​តម្រួត​ក៏​កន្ត្រាក់​សម្លៀក​បំពាក់​របស់​ពួក​លោក​ចេញ ហើយ​បង្គាប់​ឲ្យ​គេ​វាយ​ពួក​លោក​នឹង​រំពាត់។ 23ក្រោយ​ពី​បាន​វាយឲ្យ​មាន​ស្នាម​ជា​ច្រើន​ហើយ គេ​ក៏​យក​ពួក​លោក​ទៅ​ដាក់​គុក ទាំង​បង្គាប់​ឆ្មាំ​គុក​ឲ្យ​ការ‌ពារ​ដោយ​ប្រយ័ត្ន​ប្រយែង។ 24ក្រោយពី​បាន​ទទួល​បញ្ជា​នេះ​ហើយ គេ​ក៏​នាំ​យក​ពួក​លោក​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ហើយ​ដាក់​ខ្នោះ​ភ្ជាប់​នៅ​ជើង។
25លុះ​ប្រមាណ​ជា​ពាក់​កណ្តាល​អធ្រាត្រ លោក​ប៉ុល និងលោក​ស៊ីឡាស បាន​អធិស្ឋាន ហើយ​ច្រៀងទំនុក​សរសើរ​តម្កើង​ព្រះ ពួក​អ្នក​ទោស​ក៏​ស្តាប់​ពួក​លោក។ 26រំពេច​នោះ ស្រាប់​តែ​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង ធ្វើ​ឲ្យ​គ្រឹះ​គុក​រញ្ជួយ​ឡើង ហើយ​ទ្វារ​ទាំង​ប៉ុន្មាន​ក៏​របើក​ឡើង​ភ្លាម ឯ​ច្រវ៉ាក់​ដែល​គេ​ដាក់​អ្នក​ទោស​ក៏​របូត​ចេញ​អស់​ដែរ។ 27ពេល​ឆ្មាំ​គុក​ភ្ញាក់​ឡើង ឃើញ​ទ្វារ​គុក​នៅ​ចំហ​ដូច្នេះ គាត់​ក៏​ហូត​ដាវ​បម្រុង​នឹង​សម្លាប់​ខ្លួន ដោយ​ស្មាន​ថា អ្នក​ទោស​រត់​បាត់​អស់​ហើយ។ 28ប៉ុន្តែ លោក​ប៉ុល​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ថា៖ «កុំ​ធ្វើ​បាប​ខ្លួន​អី ដ្បិត​យើង​ទាំង​អស់​គ្នា​នៅ​ទី​នេះ​ទេ!»។ 29ឆ្មាំ​គុក​ក៏សុំ​ឲ្យ​គេ​យក​ភ្លើង​មក រួច​ប្រញាប់​ប្រញាល់​ចូល​ទៅ​ក្នុង​គុក ហើយ​ក្រាប​ចុះនៅ​ទៀប​ជើង​លោក​ប៉ុល និង​លោក​ស៊ីឡាស ទាំង​ញាប់‌ញ័រ។ 30ពេល​នោះ គាត់​នាំ​លោក​ទាំង​ពីរ​ចេញ​មក​ក្រៅ សួរ​ថា៖ «លោក​ម្ចាស់! តើ​ខ្ញុំ​ប្របាទ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​បាន​សង្គ្រោះ?» 31លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ជឿ​ដល់​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ​ទៅ នោះលោក​នឹង​បាន​សង្គ្រោះ រួម​ទាំង​ក្រុម​គ្រួ​សារ​លោក​ផងដែរ»។ 32ពួក​លោក​ក៏​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ប្រាប់​គាត់ និង​ដល់​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅក្នុង​ផ្ទះ​របស់​គាត់។ 33នៅ​វេលា​យប់​នោះ​ឯង គាត់​បាន​យក​លោក​ទាំង​ពីរ​ទៅ​លាង​ស្នាម​របួស​ចេញ ហើយ​គាត់ និង​ក្រុម​គ្រួ​សារ​គាត់​ទាំង​អស់ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ភ្លាម។ 34គាត់​បាន​នាំ​លោក​ទាំង​ពីរ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​រៀប​ចំ​ម្ហូប​អាហារ​ជូន។ គាត់​មាន​ចិត្ត​អរ​សប្បាយ រួម​ជាមួយ​ក្រុម​គ្រួ​សារ​ទាំង​មូល​របស់​គាត់ ដោយ​ព្រោះ​គាត់​បាន​ជឿ​ដល់​ព្រះ។
35លុះ​ភ្លឺ​ឡើង ពួក​តម្រួត​បាន​ចាត់​នគរបាល​មក​ប្រាប់​ថា៖ «ចូរ​ដោះ​លែង​អ្នក​ទាំង​នោះ​ទៅ!» 36ឆ្មាំ​គុក​ក៏​នាំ​ពាក្យ​នេះមក​ប្រាប់​លោក​ប៉ុល​ថា៖ «ពួក​តម្រួត​បាន​ចាត់​គេ​មកប្រាប់​ឲ្យដោះ​លែង​លោក​ហើយ ដូច្នេះ សូម​អញ្ជើញ​ទៅ​ឥឡូវ​នេះ​ដោយ​សុខ‌សាន្ត​ចុះ»។ 37ប៉ុន្តែ លោក​ប៉ុល​ឆ្លើយ​ទៅ​គេ​ថា៖ «យើង​ជា​ជាតិ​រ៉ូម គេ​បាន​វាយ​យើង​នឹង​រំពាត់​នៅ​កណ្តាល​ជំនុំ ដោយ​មិន​បាន​កាត់​ទោស ទាំង​បាន​ដាក់​គុក​យើងទៀត ហើយ​ឥឡូវ​នេះ គេ​ចង់​បណ្ដេញ​យើង​ចេញ​ដោយ​សម្ងាត់​ដូច្នេះ​ឬ? ទេ មិន​បាន​ទេ សុំ​ឲ្យពួក​លោក​មក​នាំ​យើង​ចេញ​ដោយ​ផ្ទាល់​វិញ»។ 38នគរ​បាល​ក៏​យក​ពាក្យ​នោះ​ទៅ​ជម្រាប​ពួក​តម្រួត ហើយ​ពួក​តម្រួត​ក៏​មាន​ការ​ភ័យខ្លាច ដោយ​ឮ​ថា អ្នក​ទាំង​ពីរ​ជា​ជាតិ​រ៉ូម 39ដូច្នេះ គេ​ក៏​មក​សូម​ទោស​លោក​ទាំង​ពីរ ហើយ​នាំ​ពួក​លោក​ចេញ រួច​អង្វរ​ឲ្យ​ពួក​លោក​ចេញ​ពី​ទី​ក្រុង​នោះ។ 40ដូច្នេះ ពួក​លោក​ក៏​ចេញ​ពី​គុក ហើយ​ទៅសួរ​សុខ​ទុក្ខ​នាង​លីឌា។ កាល​បាន​ឃើញ​ពួក​បង‌ប្អូន​ហើយ ពួក​លោក​ក៏​លើក​ទឹក​ចិត្ត​គេ រួច​ចេញ​ដំណើរ​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for កិច្ចការ 16