YouVersion Logo
Search Icon

កិច្ចការ 20

20
លោក​ប៉ុល​ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ា‌សេដូន និង​ស្រុក​ក្រិក
1ក្រោយ​ពី​ចលាចល​នោះ​បាន​ស្ងប់​ទៅ លោក​ប៉ុល​ហៅ​ពួក​សិស្ស​មក​លើក​ទឹក​ចិត្ត រួចលោក​ក៏​ជម្រាប​លា​ពួក​គេ ចេញ​ទៅ​ស្រុក​ម៉ា‌សេ‌ដូន។ 2កាល​លោក​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​ទាំង​នោះ ហើយ​បាន​លើក​ទឹក​ចិត្ត​ពួក​សិស្ស​ជា​ច្រើន​មក លោកក៏​បាន​មក​ដល់​ស្រុក​ក្រិក។ 3លោក​ស្នាក់​នៅ​ស្រុក​នោះ​អស់​រយៈ​ពេល​បី​ខែ តែ​កាល​លោក​រៀប​នឹង​ចុះ​សំពៅ​ទៅ​ស្រុក​ស៊ីរី ពួក​សាសន៍​យូដា​មាន​គំនិត​អាក្រក់​ទាស់​នឹង​លោក ដូច្នេះ លោក​ក៏​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​វិញ កាត់​តាម​ស្រុក​ម៉ា‌សេ‌ដូន។ 4អ្នក​ដែល​រួម​ដំណើរ​ជាមួយ​លោក មាន​លោក​សូប៉ា‌ត្រុស ជា​កូន​លោក​ពីរុស ពី​ក្រុង​បេរា លោក​អើរី‌ស្តាក និងលោក​សេ‌គុន‌ដុស ពី​ក្រុង​ថែស្សា‌ឡូនីច លោក​កៃយុស និងលោក​ធីម៉ូថេ ពី​ក្រុង​ឌើបេ ព្រម​ទាំង​លោក​ទីឃី‌កុស និងលោក​ទ្រភីម ពី​ស្រុក​អាស៊ី។ 5អ្នក​ទាំង​នោះ​បាន​ចេញ​ដំណើរ​ទៅ​មុន ហើយ​រង់​ចាំ​យើង​នៅ​ក្រុង​ទ្រអាស 6ប៉ុន្តែ ចំណែក​យើង​វិញ យើង​ចុះ​សំពៅ​ចេញ​ពី​ក្រុង​ភីលីព ក្រោយ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​ដំបែ ហើយ​រយៈ​ពេល​ប្រាំ​ថ្ងៃ យើង​បាន​មក​ជួប​ពួកគេ​នៅ​ក្រុង​ទ្រអាស រួច​យើង​ស្នាក់​នៅ​ទី​នោះ​ប្រាំពីរ​ថ្ងៃ។
លោក​ប៉ុល​ប្រោស​អើទី‌កុស​ឲ្យ​រស់​ឡើង​វិញ​នៅ​ក្រុង​ទ្រអាស
7នៅ​ថ្ងៃ​ទី​មួយ​ក្នុង​សប្ដាហ៍​នោះ ពេល​យើង​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​កាច់​នំបុ័ង លោក​ប៉ុល​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ ដោយ​បម្រុង​នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃ​ស្អែក ហើយ​លោក​អធិប្បាយ​រហូត​ដល់​ពាក់​កណ្តាល​អធ្រាត្រ។ 8នៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ជួប​ជុំ​គ្នា មាន​ចង្កៀង​ជា​ច្រើន។ 9ពេល​នោះ មាន​យុវជន​ម្នាក់​ឈ្មោះ​អើទី‌កុស អង្គុយ​នៅ​មាត់​បង្អួច ហើយ​ពេល​លោក​ប៉ុល​អធិប្បាយ​យ៉ាង​យូរ គាត់​ក៏​បាន​លង់​លក់ រួច​ងោក​ធ្លាក់​ចុះ​ពី​ជាន់​ទី​បី។ ពេល​គេ​លើកគាត់​ឡើង គាត់​បាន​ស្លាប់ផុត​ទៅ​ហើយ។ 10ប៉ុន្ដែ លោក​ប៉ុល​ចុះ​ទៅ​ក្រោម ហើយ​ឱន​ពី​លើ​គាត់ លើក​ត្រកងគាត់​ឡើង រួច​និយាយ​ថា៖ «កុំ​យំ​ស្រែក​អី ដ្បិត​គាត់​នៅ​មាន​ជីវិត​ទេ!»។ 11កាល​លោក​ប៉ុល​បាន​ឡើង​ទៅ​លើ​វិញ ហើយ​បាន​ធ្វើ​ពិធី​កាច់​នំបុ័ង និង​បរិ‌ភោគ​រួច​ហើយ លោក​បន្ត​មាន​ប្រសាសន៍​ជាមួយ​ពួកគេ​យ៉ាង​យូរ រហូត​ដល់​ភ្លឺ ទើប​ចេញ​ដំណើរ​ទៅ។ 12គេ​ក៏​នាំ​យុវជន​នោះ​ទៅ​វិញ​ទាំង​នៅ​មាន​ជីវិត ហើយ​គេ​បាន​ក្សាន្ត​ចិត្ត​ជា​ខ្លាំង។
លោក​ប៉ុល​ចេញ​សំពៅ​ពី​ក្រុង​ទ្រអាស​ទៅ​ក្រុង​មីលេត
13ឯ​យើង​វិញ យើង​បាន​ចុះ​សំពៅ​ទៅ​មុន ទៅ​ដល់​ក្រុង​អាសុស ចាំ​ទទួល​លោក​ប៉ុល​នៅ​ទី​នោះ ដ្បិត​លោក​បាន​ផ្តាំ​ដូច្នោះ ព្រោះ​លោក​ចង់​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក។ 14ពេល​លោក​បាន​ជួប​យើង​នៅ​ក្រុង​អាសុស​ហើយ យើង​ក៏​ទទួល​លោក​មក​ក្នុង​សំពៅ រួច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​មីទូ‌លេន។ 15ក្រោយ​ពីបាន​ចុះ​សំពៅ​ចេញ​ពី​ទី​នោះ យើង​បាន​មក​ដល់​ទន្ទឹម​នឹង​កោះ​ឃីយ៉ូស​នៅ​ថ្ងៃ​បន្ទាប់។ ថ្ងៃ​បន្ទាប់​មក​ទៀត យើង​មក​ដល់​កោះ​សាម៉ូស ហើយ​មួយ​ថ្ងៃ​បន្ទាប់​មក​ទៀត យើង​មក​ដល់​ក្រុង​មីលេត។ 16ដ្បិត​លោក​ប៉ុល​បាន​សម្រេច​ចិត្ត​បង្ហួស​ទៅ​ក្រុង​អេភេ‌សូរ ដើម្បី​កុំ​ឲ្យ​ខាត​ពេល​នៅ​ស្រុក​អាស៊ី ព្រោះ​លោក​ប្រញាប់​ទៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​ទាន់​ពេល​បុណ្យ​ថ្ងៃ​ទី​ហាសិប ប្រសិន‌បើ​អាច​ធ្វើ​ទៅ​បាន។
លោក​ប៉ុល​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ចាស់​ទុំ​ដែល​មក​ពី​ក្រុង​អេភេ‌សូរ
17លោក​ប៉ុល​បាន​ចាត់​គេពី​ក្រុង​មី‌លេត ឲ្យ​ទៅ​ក្រុង​អេភេ‌សូរ ដើម្បី​ហៅ​ពួក​ចាស់​ទុំ​នៃ​ក្រុម​ជំនុំ​នោះ​មក​ជួប​លោក។ 18ពេល​ពួកគេ​បាន​មក​ដល់​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖
«អ្នក​រាល់​គ្នាជ្រាប​ស្រាប់​ហើយ​ពី​កិរិយា​របស់​ខ្ញុំ គ្រប់​ពេល​វេលា​ដែល​ខ្ញុំ​បាន​រស់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​ឈាន​ជើង​ចូល​ដល់​ស្រុក​អាស៊ី​ម៉្លេះ 19ខ្ញុំ​បាន​បម្រើ​ព្រះ‌អម្ចាស់ ទាំង​បន្ទាប​ខ្លួន ទាំង​ស្រក់​ទឹក​ភ្នែក ទាំង​លំបាក​គ្រប់​បែប​យ៉ាង​ដែល​កើត​ឡើង​ដល់​ខ្ញុំ ដោយ​សារ​បំណង​អាក្រក់​របស់​ពួក​សាសន៍​យូដា 20ក៏​ដឹង​ថា ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​សេចក្ដី​ណា​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ឡើយ គឺ​បាន​បង្រៀន​អ្នក​រាល់​គ្នា​នៅ​កណ្តាល​ជំនុំ និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ 21ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ប្រាប់​ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក អំពី​ការ​ប្រែ​ចិត្ត​ទៅ​រក​ព្រះ និង​អំ‌ពី​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជាព្រះ‌អម្ចាស់​នៃ​យើង។ 22ឥឡូវនេះ មើល៍ ព្រះ‌វិញ្ញាណ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​យេរូ‌សាឡិម ដោយ​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ដល់​ខ្ញុំ​នៅ​ទី​នោះ​ទេ 23គ្រាន់​តែ​ដឹង​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ធ្វើ​បន្ទាល់​ប្រាប់​ខ្ញុំ​នៅ​គ្រប់​ទី​ក្រុង​ថា មាន​ចំណង និង​ទុក្ខ​វេទនា​នៅ​រង់​ចាំ​ខ្ញុំ។ 24ប៉ុន្តែ ខ្ញុំ​មិន​រាប់​ជីវិត​ខ្ញុំ​ទុក​ជា​មាន​តម្លៃ​វិសេស​ដល់​ខ្ញុំ​ឡើយ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ ព្រម​ទាំង​ការ‌ងារ ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ អំពី​ដំណឹង​ល្អ​នៃ​ព្រះ‌គុណ​របស់​ព្រះ។
25ឥឡូវ​នេះ មើល៍ ខ្ញុំ​ដឹង​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ខ្ញុំ​បាន​ដើរ​ទៅ​មក ទាំង​ប្រកាស​អំពី​ព្រះរាជ្យ​របស់​ព្រះ គ្មាន​អ្នក​ណា​ម្នាក់​នឹង​ឃើញ​មុខ​ខ្ញុំ​ទៀត​ឡើយ។ 26ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ធ្វើ​បន្ទាល់​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា ខ្ញុំ​គ្មាន​ទោស​ចំពោះ​ឈាម​អ្នក​ទាំង​អស់គ្នា​ឡើយ 27ដ្បិត​ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា ពី​បំណង​ទាំង​មូល​របស់​ព្រះ​ឡើយ។ 28ចូរ​អ្នក​រាល់​គ្នា​រក្សា​ខ្លួន ហើយ​រក្សា​ហ្វូង​ចៀម ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​មើល​ខុស​ត្រូវ ដើម្បី​ថែរក្សា​ក្រុម​ជំនុំ​របស់​ព្រះ ដែល​ព្រះ‌អង្គ​បាន​ទិញ​ដោយ​ព្រះ‌លោហិត​នៃ​ព្រះ​រាជបុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់។ 29ខ្ញុំ​ដឹង​ថា ក្រោយ​ពី​ខ្ញុំ​ចេញ​ទៅ នោះ​នឹង​មាន​ឆ្កែ​ព្រៃ​ដ៏​សាហាវ​ចូល​មក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​មិន​ប្រណី​ដល់​ហ្វូង​ចៀម​ឡើយ 30ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នឹង​មាន​អ្នក​និយាយ​បង្ខូច ដើម្បី​ទាក់​ទាញ​ពួក​សិស្ស​ឲ្យ​ទៅ​តាម​ពួកគេ។ 31ដូច្នេះ ចូរ​ចាំ​យាម ដោយ​នឹក​ចាំ​ថា អស់​រយៈ​ពេល​បី​ឆ្នាំ ខ្ញុំ​តែង​ទូន្មាន​អ្នក​រាល់​គ្នា​ទាំង​ទឹក​ភ្នែក ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ។ 32ឥឡូវនេះ ខ្ញុំ​សូម​ផ្ញើ​អ្នក​រាល់​គ្នា​ទុក​នឹង​ព្រះ និង​ព្រះ‌បន្ទូល​នៃ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ដែល​អាច​នឹង​ស្អាង​ចិត្ត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​មាន​មត៌ក​ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ។ 33ខ្ញុំ​មិន​ដែល​លោភ​ចង់​បាន​ប្រាក់ មាស ឬ​សម្លៀក​បំពាក់​របស់​អ្នក​ណា​ឡើយ។ 34អ្នក​រាល់​គ្នា​ផ្ទាល់​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​ធ្វើ​ការ​ដោយ​ដៃ​របស់​ខ្ញុំ​ផ្ទាល់ ដើម្បី​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ និង​សេចក្ដី​ត្រូវ​ការ​របស់​អស់​អ្នក​ដែល​នៅ​ជា‌មួយ​ខ្ញុំ។ 35ក្នុង​គ្រប់​កិច្ច‌ការ​ទាំង​អស់ ខ្ញុំ​តែង​តែ​បង្ហាញ​អ្នក​រាល់​គ្នា​ថា ត្រូវ​តែ​ធ្វើ​ការ​នឿយ​ហត់​បែប​នេះ​ឯង ដើម្បី​ជួយ​អ្នក​ទន់​ខ្សោយ ហើយ​ត្រូវ​នឹក​ចាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ "ដែល​ឲ្យ នោះ​បាន​ពរ​ជាង​ទទួល"»។
36កាល​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ លោក​ប៉ុល​ក៏​លុត​ជង្គង់​អធិស្ឋាន​ជា‌មួយ​គេ​ទាំង​អស់​គ្នា។ 37គេ​គ្រប់​គ្នា​យំ​ជាខ្លាំង ហើយ​នាំ​គ្នា​ឱប​ថើប​លោក 38ទាំង​មាន​ចិត្ត​ព្រួយ​នឹង​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍​ថា គេ​នឹង​លែង​ឃើញ​មុខ​លោក​ទៀត​ហើយ។ បន្ទាប់​មក គេ​ក៏​ជូន​ដំណើរ​លោក​ទៅ​ដល់​សំពៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in