YouVersion Logo
Search Icon

កិច្ចការ 27

27
គេ​បញ្ជូន​លោក​ប៉ុល​តាម​សំពៅ​ទៅ​ក្រុង​រ៉ូម
1កាល​គេ​សម្រេច​ឲ្យ​យើង​ខ្ញុំ​ចុះ​សំពៅ​ចេញ​ទៅ​ស្រុក​អ៊ីតា‌លី គេ​ប្រគល់​លោក​ប៉ុល និង​អ្នក​ទោស​ខ្លះ​ទៀតទៅ​មេទ័ព​រង​ម្នាក់ ក្នុង​កង​ទ័ព​អូ‌គូស្ទ ឈ្មោះ​យូលាស។ 2យើង​ចុះ​សំពៅ​មួយ​ពី​ក្រុង​អា‌ត្រាមីត ដែល​បម្រុង​នឹង​ចេញ​ទៅ​កំពង់​ផែ​នានាតាម​ឆ្នេរ​សមុទ្រ​ស្រុក​អាស៊ី។ យើង​ចេញ​ដំណើរ​ទៅ​ទាំង​មានលោក​អើរី‌ស្តាក ជាអ្នក​ស្រុក​ម៉ា‌សេ‌ដូន ដែល​នៅ​ក្រុង​ថែស្សា‌ឡូនីច រួម​ដំណើរ​ជា‌មួយ​ដែរ។ 3នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ចូល​ទៅ​ចត​នៅ​ក្រុង​ស៊ីដូន។ លោក​យូលាស​បាន​ព្រឹត្ត​ចំពោះ​លោក​ប៉ុល​ដោយ​សប្បុរស ហើយ​អនុញ្ញាត​ឲ្យ​លោក​ចេញ​ទៅ​ជួប​មិត្ត​សម្លាញ់ និង​ទទួល​អ្វី​ដែល​គេ​ជួយ​ឧបត្ថម្ភ​លោក។ 4បន្ទាប់​មក យើង​បាន​ចេញ​សំពៅ​ពី​ទី​នោះ សសៀរ​តាម​កោះ​គី‌ប្រុស ព្រោះ​បញ្ច្រាស​ខ្យល់។ 5កាល​យើង​បាន​ឆ្លង​កាត់​លំហ​សមុទ្រ តាម​បណ្ដោយ​ឆ្នេរ​ស្រុក​គីលី‌គា និង​ស្រុក​ប៉ាម‌ភីលា​ផុត​ហើយ យើង​បាន​មក​ដល់ក្រុង​មីរ៉ា ក្នុង​ស្រុក​លូគា។ 6នៅ​ទី​នោះ មេទ័ព​រង​បាន​ឃើញ​សំពៅ​មួយមក​ពី​ក្រុង​អ័លេ‌ក្សានទ្រា ដែល​ត្រូវ​ចេញ​ទៅ​ស្រុក​អ៊ីតា‌លី លោក​ក៏​ឲ្យ​យើង​ចុះ​សំពៅ​នោះ។ 7យើង​ធ្វើ​ដំណើរ​សន្សឹម​ៗអស់​ជា​ច្រើន​ថ្ងៃ ហើយ​បាន​មក​ដល់​ទន្ទឹម​នឹង​ក្រុង​គ្នីដុសទាំង​ពិបាក។ ដោយ​ខ្យល់​ខ្លាំង​មិនអាច​ទៅ​មុខ​បាន យើង​ក៏​បើក​សសៀរ​ចូល​ទៅ​តាម​កោះ​ក្រេត ទល់​មុខ​នឹង​ជ្រោយ​សាល‌ម៉ូន។ 8ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​កោះ​នោះ​ដោយ​ពិបាក យើង​បានមក​ដល់​កន្លែង​មួយ​ហៅ​ថា ទ្វារ​សមុទ្រ​លម្អ ដែល​នៅ​ជិត​ក្រុង​ឡា‌សេ។
9លុះ​បានកន្លងមក​ជា​យូរ​ថ្ងៃ ហើយដំណើរ​សំពៅ​ស្ថិត​ក្នុង​សភាព​គ្រោះ​ថ្នាក់ ព្រោះ​ពិធី​បុណ្យ​តម​បាន​កន្លង​ផុតទៅ​ហើយ លោក​ប៉ុល​ទូន្មាន​គេ​ថា៖ 10«បង‌ប្អូន​អើយ ខ្ញុំ​យល់​ឃើញ​ថា ដំណើរ​ទៅ​មុខ​នឹង​មាន​អន្តរាយ ហើយ​ខូច​ខាត​ជា​ច្រើន មិន​ត្រឹម​តែ​ទំនិញ និង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជីវិត​យើងទៀត​ផង»។ 11ប៉ុន្តែ មេ​ទ័ព​រង​ទុក​ចិត្ត​នឹង​អ្នក​កាន់​ចង្កូត និង​ម្ចាស់​សំពៅ ជាង​ពាក្យ​ដែល​លោក​ប៉ុល​មាន​ប្រសាសន៍។ 12ដោយ​ព្រោះ​កំពង់​ផែ​នោះ​ពិបាក​សំណាក់​ក្នុង​រដូវ​រងា អ្នក​សំពៅ​ភាគ​ច្រើន​ក៏​សម្រេច​ចិត្ត​ចេញ​សំពៅ​ពី​ទី​នោះ ដើម្បី​ខំ​ស្រូត​ឲ្យ​ដល់ក្រុង​ភេនីច ជា​កំពង់​ផែ​មួយ​នៅ​កោះ​ក្រេត ដែល​បែរ​ទៅ​ទិស​និរតី និង​ទិស​ពាយ័ព្យ ហើយ​ស្នាក់​នៅ​ទី​នោះ​ក្នុង​រដូវ​រងា។
ខ្យល់​ព្យុះ​នៅ​ក្នុង​សមុទ្រ
13កាល​មាន​ខ្យល់​បក់​រំភើយៗ​មក​ពី​ទិស​ខាង​ត្បូង នោះ​គេស្មាន​ថា គេ​បាន​សម្រេច​តាម​បំណង​របស់​គេ រួច​គេ​ក៏​ស្រាវ​យុថ្កា​ឡើង ហើយ​ចេញ​សំពៅ​តាម​បណ្ដោយ​កោះ​ក្រេត។ 14ប៉ុន្ដែ បន្តិច​ក្រោយ​មក មាន​ខ្យល់​ព្យុះ​កំណាចមួយ ឈ្មោះខ្យល់ព្យុះ​អ៊ើរ៉ា‌គ្លីដូន បក់​គំហុក​ចេញ​ពី​កោះ​មក។ 15ដោយ​សំពៅ​ទៅ​មុខ​មិន​រួច ហើយ​មិន​អាច​បើក​បញ្រ្ចាសខ្យល់​បាន យើង​ក៏​បណ្តោយ​ឲ្យ​សំពៅ​រសាត់​តាម​ខ្យល់។ 16កាល​បាន​សសៀរ​តាម​កោះ​តូច​មួយ ឈ្មោះកោះ​ក្លូដេ យើង​អាច​លើក​សំប៉ាន ឡើង​បាន​ទាំង​ពិបាក។ 17ក្រោយ​ពី​បាន​លើក​សំប៉ាន​រួច​ហើយ គេ​ក៏​យក​ខ្សែ​ពួរ​ចង​ព័ទ្ធ​ជុំ​វិញ​សំពៅ។ បន្ទាប់​មក ដោយ​ខ្លាច​ក្រែង​សំពៅ​កឿងនឹងផ្នូក​ខ្សាច់​នៅ​ឈូង​សមុទ្រសៀរ​ទីស គេ​ក៏​ទម្លាក់​យុថ្កា​ទប់ ឲ្យ​សំពៅ​រសាត់​តាម​ខ្យល់។ 18នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ទម្លាក់​ទំនិញ​ចោល ព្រោះ​ខ្យល់​ព្យុះ​សង្ឃរា​បក់​បោក​មក​លើ​យើង​ជា​ខ្លាំង។ 19នៅ​ថ្ងៃ​ទី​បី គេ​ក៏​គ្រវែង​គ្រឿង​ប្រដាប់​សំពៅ​ចោល​ទៀត ដោយ​ដៃ​របស់​គេ​ផ្ទាល់។ 20កាល​មើល​មិន​ឃើញ​ថ្ងៃ ឬ​ផ្កាយ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​ខ្យល់​ព្យុះ​នៅ​តែ​បក់​គំហុក​ខ្លាំង ទីបំផុត​យើង​ក៏​អស់​សង្ឃឹម​ថា​នឹង​បាន​រួច​ជីវិត។
21ដោយ​គេ​មិន​បាន​ទទួល​ទាន​អាហារ​ជា​យូរ​ថ្ងៃ លោក​ប៉ុល​ក៏​ឈរ​ឡើង​នៅ​កណ្តាល​ចំណោម​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ប​ង​ប្អូន​អើយ អ្នក​រាល់​គ្នា​គួរ​តែ​បាន​ស្តាប់​តាម​ខ្ញុំ ហើយកុំ​ចេញ​ពី​កោះ​ក្រេត​មក នោះ​មិន​ត្រូវ​អន្តរាយ ហើយ​ខូច​ខាត​ដូច្នេះ​ទេ។ 22តែ​ឥឡូវ​នេះ ខ្ញុំ​សុំ​ដាស់​តឿន​អ្នក​រាល់​គ្នា​ឲ្យមាន​ទឹក​ចិត្ត​ឡើង ដ្បិត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាត់​បង់​ជីវិត​ឡើយ គឺ​ខូច​ខាត​តែ​សំពៅ​ប៉ុណ្ណោះ។ 23ដ្បិត​យប់​មិញ​នេះ មាន​ទេវតា​របស់​ព្រះ ដែល​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ឈរ​ក្បែរ​ខ្ញុំ 24ហើយ​ប្រាប់​ថា៖ "ប៉ុល​អើយ កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​អ្នក​ត្រូវតែ​ឈរ​នៅ​មុខ​សេ‌សារ ហើយ​មើល៍ ព្រះ‌ទ្រង់​ប្រោស​ប្រទាន​អស់​អ្នកដែល​រួម​ដំណើរ​ជា‌មួយ​អ្នក ដល់​អ្នក​ហើយ"។ 25ដូច្នេះ បង‌ប្អូន​អើយ ចូរ​មាន​ទឹក​ចិត្ត​ឡើង ដ្បិត​ខ្ញុំ​មាន​ជំនឿ​ដល់​ព្រះថា ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ នោះ​នឹង​កើត​មក​ដូច្នោះ​មែន។ 26ប៉ុន្តែ យើង​ត្រូវ​កឿងសំពៅនៅ​លើកោះ​ណា​មួយ​មិន​ខាន»។
27កាល​ចូល​ដល់​យប់​ទី​ដប់បួន ពេល​យើង​រសាត់​លើ​ផ្ទៃ​សមុទ្រ​អាឌ្រា នោះប្រមាណ​ជា​ពាក់​កណ្តាល​អធ្រាត្រ អ្នក​សំពៅ​ស្មាន​ថា​ជិត​ដល់​ដី​គោក​ហើយ។ 28ដូច្នេះ គេ​ក៏​បោះ​សំណ​ស្ទង់​ចុះ​ទៅ​ក្នុង​ទឹក ឃើញ​មានជម្រៅ​ម្ភៃ​ព្យាម ។ លុះ​ទៅ​មុខ​បន្តិច​ទៀត គេ​ស្ទង់មើល​ម្ដង​ទៀត ឃើញ​មាន​ជម្រៅ​ដប់​ប្រាំ​ព្យាម។ 29ដោយ​ខ្លាច​ក្រែង​សំពៅ​រសាត់​ទៅ​ប៉ះ​នឹង​ថ្ម គេ​ក៏​ទម្លាក់​យុថ្កាបួន ចេញ​ពី​កន្សៃ ហើយ​អធិស្ឋាន​ឲ្យ​មាន​ពន្លឺ​ថ្ងៃ។ 30ប៉ុន្ដែ ពេល​ពួក​អ្នក​សំពៅ​ចង់​រត់​ចោល​សំពៅ ហើយ​សម្រូត​សំប៉ាន​ទម្លាក់​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​ធ្វើ​ដូច​ជា​ចង់​ទម្លាក់​យុថ្កា​ពី​ក្បាល​សំពៅ 31លោក​ប៉ុល​មាន​ប្រសាសន៍​ទៅ​មេទ័ពរង និង​ពួក​ទាហាន​ថា៖ «ប្រសិន‌បើ​អ្នក​ទាំង‌នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ នោះអ្នក​រាល់​គ្នា​មិន​អាច​រួច​ជីវិត​បាន​ឡើយ»។ 32ពេល​នោះ ពួក​ទាហាន​ក៏​កាត់​ផ្ដាច់ ឲ្យ​សំប៉ាន​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​បាត់​ទៅ។
33លុះ​ពេល​ទៀប​ភ្លឺ លោក​ប៉ុល​ប្រាប់​គេ​ទាំង​អស់​គ្នា​ឲ្យ​បរិ‌ភោគ ដោយមាន​ប្រសាសន៍​ថា៖ «ថ្ងៃ​នេះជា​ថ្ងៃ​ទី​ដប់បួន​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​ទ្រាំ​អត់​អាហារ មិន​បាន​បរិ‌ភោគ​អ្វី​សោះ។ 34ដូច្នេះ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នាឲ្យ​ពិសា​អាហារ​ទៅ ដើម្បី​ឲ្យ​មាន​កម្លាំង ដ្បិត​សូម្បី​តែ​សក់​មួយ​សរសៃ​នៅ​ក្បាល​អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​បាត់​ផង»។ 35កាល​លោក​មាន​ប្រសាន៍​ដូច្នេះ​រួច​ហើយ លោកក៏​យក​នំបុ័ង​មក ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះនៅ​មុខ​គេ​ទាំង​អស់​គ្នា រួចក៏​កាច់​បរិ‌ភោគ​ទៅ។ 36ពេល​នោះ គេទាំង​អស់​គ្នា​ក៏​មាន​កម្លាំង​ចិត្ត ហើយ​បរិ‌ភោគ​អាហារ។ 37(យើង​ទាំង​អស់​គ្នា​ដែល​នៅ​ក្នុង​សំពៅ មាន​គ្នា​ពីររយ​ចិតសិប​ប្រាំមួយ​នាក់)។ 38កាល​បរិ‌ភោគ​ឆ្អែត​ហើយ គេ​ក៏​សម្រាល​សំពៅ ដោយ​ទម្លាក់​ស្រូវ​ចុះ​ទៅ​ក្នុង​សមុទ្រ។
ការ​ខូចខាត​សំពៅ
39លុះ​ភ្លឺ​ឡើង គេ​មើល​ស្រុក​នោះ​មិន​ស្គាល់​ទេ តែ​គេ​ឃើញ​ឆក​សមុទ្រដែល​មាន​វាល​ខ្សាច់ ហើយ​គេ​ចង់​តម្រង់​សំពៅ​ឲ្យ​ទៅ​កឿង​នៅ​ទី​នោះ ប្រសិន‌បើ​អាច។ 40ដូច្នេះ គេ​ក៏​កាត់​ផ្ដាច់​ខ្សែ​យុថ្កា​ចោលទៅ​ក្នុង​សមុទ្រ ស្រាយ​ខ្សែ​ដែល​ចង​ចង្កូត​ចេញ ហើយ​លើក​ក្តោង​ខាង​មុខ​ឲ្យ​ត្រូវ​ខ្យល់ តម្រង់​សំពៅ​ទៅ​រក​ឆ្នេរ។ 41ប៉ុន្ដែ សំពៅ​បាន​ចូល​ទៅ​កឿង​នៅ​ចន្លោះ​ខ្សែ​ទឹក​ហូរ​ប្រសព្វ​គ្នា ហើយ​ក្បាល​ជ្រមុជ​ជាប់​នៅ​នឹង​ថ្កល់ តែ​កន្សៃ​ត្រូវ​បាក់​បែក​ដោយ​ទឹក​រលក​បោក​ផ្ទប់​ខ្លាំង។ 42ពួក​ទាហាន​មាន​បំណង​សម្លាប់​អ្នក​ទោស​ចោល ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ហែល​គេច​ខ្លួន​បាន។ 43ប៉ុន្ដែ ដោយ​ចង់​សង្គ្រោះ​ជីវិត​លោក​ប៉ុល មេទ័ពរងក៏​ឃាត់​គេមិន​ឲ្យ​ធ្វើ​តាម​គំនិត​នោះ​ឡើយ។ លោក​បញ្ជា​ឲ្យ​អស់​អ្នក​ដែល​ចេះ​ហែលលោត​ចុះ ហើយ​ហែល​ទៅ​រក​គោក​មុន 44ឯ​អ្នក​ដែល​នៅ​សល់ តោង​បន្ទះ​ក្តារ ឬ​បំណែក​សំពៅ​ទៅតាម​ក្រោយ។ ដូច្នេះ គេ​ទាំង​អស់​គ្នា​ក៏​បាន​ទៅ​ដល់​គោក​ដោយ​សុវត្ថិភាព។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in