កិច្ចការ 28
28
លោកប៉ុលនៅលើកោះមេលីត
1កាលបានរួចជីវិតហើយ នោះទើបយើងដឹងថា កោះនោះឈ្មោះកោះមេលីត។ 2អ្នកស្រុកនោះបានទទួលយើងដោយចិត្តសប្បុរសលើសជាងធម្មតា ដ្បិតគេបង្កាត់ភ្លើងទទួលយើងទាំងអស់គ្នា ព្រោះមានភ្លៀងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់។ 3លោកប៉ុលបានប្រមូលរំកាច់មែកឈើមួយកង យកមកដាក់លើភ្លើង ហើយដោយត្រូវនឹងកម្ដៅភ្លើង ពស់វែកមួយបានចេញមកចឹកដៃលោកជាប់។ 4កាលពួកអ្នកស្រុកនោះឃើញពស់សំយុងចុះពីដៃលោកដូច្នេះ គេក៏និយាយគ្នាថា៖ «អ្នកនេះប្រាកដជាបានសម្លាប់គេហើយ ទោះបើបានរួចពីសមុទ្រក៏ដោយ គង់តែព្រះយុត្តិធម៌ មិនព្រមឲ្យនៅរស់ដែរ»។ 5ក៏ប៉ុន្ដែ លោកប៉ុលរលាស់ពស់នោះទម្លាក់ទៅក្នុងភ្លើងវិញ ឥតមានឈឺចាប់អ្វីឡើយ។ 6គេរង់ចាំមើលលោកប៉ុលហើម ឬក៏ត្រូវដួលស្លាប់ តែកាលគេបានរង់ចាំមើលអស់រយៈពេលយ៉ាងយូរ ហើយមិនឃើញមានហេតុអាក្រក់កើតឡើងដល់លោកសោះ គេក៏ដូរគំនិត ហើយគិតថាលោកជាព្រះវិញ។
7នៅជិតកន្លែងនោះ មានដីដែលជាកម្មសិទ្ធិរបស់មេកោះ ឈ្មោះពូញ្លស គាត់ទទួលយើងឲ្យស្នាក់នៅយ៉ាងរាក់ទាក់អស់រយៈពេលបីថ្ងៃ។ 8គាប់ជួនជាឪពុករបស់ពូញ្លសដេកគ្រុន ហើយមួលផង នោះលោកប៉ុលក៏ចូលទៅផ្ទះគាត់ ហើយអធិស្ឋានដាក់ដៃលើ ដើម្បីឲ្យគាត់បានជា។ 9បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ប្រជាជនឯទៀតនៅលើកោះនោះដែលមានជំងឺ ក៏បាននាំគ្នាមកដែរ ហើយបានជាទាំងអស់គ្នា។ 10គេគោរពរាប់អានយើងយ៉ាងខ្លាំង ហើយពេលយើងបម្រុងនឹងចេញដំណើរ គេបានជួយឧបត្ថម្ភគ្រប់ទាំងរបស់ដែលយើងត្រូវការ។
លោកប៉ុលមកដល់ក្រុងរ៉ូម
11បីខែក្រោយមក យើងចេញដំណើរតាមសំពៅមួយមកពីក្រុងអ័លេក្សានទ្រា ដែលមានរូបចម្លាក់ព្រះកូនភ្លោះ ចតនៅកោះនោះក្នុងរដូវរងា។ 12កាលបានចូលចតនៅក្រុងស៊ីរ៉ាគូស យើងស្នាក់នៅទីនោះបីថ្ងៃ។ 13បន្ទាប់មក យើងចេញពីទីនោះ វាងទៅដល់ក្រុងរេគាម។ មួយថ្ងៃក្រោយមក មានខ្យល់បក់ពីទិសខាងត្បូង ហើយនៅថ្ងៃទីពីរ យើងមកដល់ក្រុងពូទីយ៉ូលី។ 14នៅទីនោះ យើងបានជួបពួកបងប្អូន ហើយគេអញ្ជើញយើងឲ្យស្នាក់នៅជាមួយគេ អស់រយៈពេលប្រាំពីរថ្ងៃ។ យើងបានមកដល់ក្រុងរ៉ូម គឺដូច្នេះឯង។ 15ពួកបងប្អូនដែលនៅទីនោះ កាលគេបានឮដំណឹងអំពីយើង គេក៏ចេញមកជួបយើងត្រឹមផ្សារអាប់ភាស និងផ្ទះសំណាក់បី។ កាលលោកប៉ុលឃើញគេ លោកក៏អរព្រះគុណព្រះ ហើយមានចិត្តក្លាហានឡើងវិញ។
16ពេលយើងមកដល់ក្រុងរ៉ូម គេអនុញ្ញាតឲ្យលោកប៉ុលស្នាក់នៅម្នាក់ឯង ជាមួយទាហានម្នាក់ដែលនៅយាមលោក។
លោកប៉ុល និងអ្នកដឹកនាំសាសន៍យូដានៅក្រុងរ៉ូម
17បីថ្ងៃក្រោយមក លោកប៉ុលអញ្ជើញពួកមេដឹកនាំសាសន៍យូដា មកជួបជុំគ្នា។ កាលគេបានជួបជុំគ្នាហើយ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនអើយ ខ្ញុំមិនបានធ្វើខុសអ្វីនឹងសាសន៍របស់យើង ឬទាស់នឹងទំនៀមទម្លាប់របស់បុព្វបុរសយើងទេ តែគេចាប់ខ្ញុំនៅក្រុងយេរូសាឡិម ហើយបញ្ជូនមកក្នុងកណ្តាប់ដៃរបស់សាសន៍រ៉ូម។ 18ពេលគេបានសួរចម្លើយខ្ញុំរួចហើយ គេចង់ដោះលែងខ្ញុំ ព្រោះខ្ញុំគ្មានទោសអ្វីសមនឹងស្លាប់ទេ។ 19ប៉ុន្តែ ដោយព្រោះសាសន៍យូដាប្រកែកមិនព្រម ខ្ញុំក៏សូមរើក្តីឡើងមកសេសារ មិនមែនដោយខ្ញុំមានបំណងនឹងចោទប្រកាន់សាសន៍របស់ខ្ញុំទេ។ 20ហេតុនេះហើយបានជាខ្ញុំអញ្ជើញបងប្អូនមក ដើម្បីឲ្យបានឃើញមុខ ហើយនិយាយជាមួយបងប្អូន ដ្បិតខ្ញុំជាប់ច្រវាក់នេះ គឺដោយសារតែសេចក្តីសង្ឃឹមរបស់សាសន៍អ៊ីស្រាអែល»។ 21អ្នកទាំងនោះតបថា៖ «យើងមិនបានទទួលសំបុត្រណាពីស្រុកយូដា ស្ដីអំពីរឿងលោកឡើយ ក៏គ្មានបងប្អូនណាមកប្រាប់យើង ឬនិយាយអ្វីអាក្រក់ពីលោកដែរ។ 22ប៉ុន្ដែ យើងចង់ស្ដាប់គំនិតរបស់លោក ដ្បិតយើងដឹងថា មានគេនិយាយជំទាស់នឹងគណៈរបស់លោកនៅគ្រប់ទីកន្លែង»។
លោកប៉ុលប្រកាសដំណឹងល្អនៅក្រុងរ៉ូម
23កាលគេបានណាត់ថ្ងៃមួយដើម្បីជួបជាមួយលោករួចហើយ គេក៏នាំគ្នាច្រើនជាងមុន ចូលមកជួបនៅផ្ទះរបស់លោក។ លោកវែកញែកពន្យល់ប្រាប់គេ តាំងពីព្រឹករហូតដល់ល្ងាច ទាំងធ្វើបន្ទាល់អំពីព្រះរាជ្យរបស់ព្រះ ហើយព្យាយាមពន្យល់គេអំពីព្រះយេស៊ូវឲ្យគេបានជឿ ចេញពីគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេ និងគម្ពីរហោរា។ 24អ្នកខ្លះក៏ជឿសេចក្ដីដែលលោកមានប្រសាសន៍ តែអ្នកខ្លះទៀតមិនព្រមជឿទេ។ 25ដូច្នេះ គេក៏ចាកចេញទៅទាំងទាស់ទែងគ្នា ក្រោយពីលោកប៉ុលមានប្រាសន៍មួយឃ្លាថា៖ «ព្រះវិញ្ញាណបរិសុទ្ធ មានព្រះបន្ទូលមកកាន់បុព្វបុរសរបស់យើង តាមរយៈហោរាអេសាយត្រូវណាស់ថា 26"ចូរទៅរកសាសន៍នេះប្រាប់គេថា ដែលអ្នករាល់គ្នាឮ នោះនឹងឮមែន តែស្តាប់មិនបាន ហើយដែលអ្នករាល់គ្នាឃើញ នោះឃើញមែន តែមិនយល់សោះ។ 27ដ្បិតចិត្តរបស់ប្រជាជននេះរឹងណាស់ គេបានឮដោយត្រចៀកធ្ងន់ ហើយបានធ្មេចភ្នែក ក្រែងមើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក យល់បាននៅក្នុងចិត្ត រួចវិលមកវិញ ហើយយើងប្រោសឲ្យគេជា" ។ 28ដូច្នេះ សូមបងប្អូនដឹងថា ព្រះប្រទានការសង្គ្រោះនេះ ទៅដល់សាសន៍ដទៃវិញ ព្រោះគេនឹងស្តាប់»។ 29[ពេលលោកប៉ុលមានប្រសាសន៍សេចក្ដីទាំងនេះរួចហើយ ពួកសាសន៍យូដាក៏ចេញទៅ ទាំងជជែកគ្នាជាខ្លាំង]។
30លោកប៉ុលរស់នៅក្នុងផ្ទះដែលលោកជួលពេញពីរឆ្នាំ ហើយលោកបានទទួលអស់អ្នកដែលមកជួបលោក 31ទាំងប្រកាសអំពីព្រះរាជ្យរបស់ព្រះ និងបង្រៀនអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទដោយក្លាហាន ហើយគ្មានអ្វីរាំងរាឡើយ។:៚
Currently Selected:
កិច្ចការ 28: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies