សាស្តា 4
4
1ខ្ញុំបានងាកមកពិចារណាមើលពីការសង្កត់សង្កិនគ្រប់យ៉ាង ដែលកើតមាននៅក្រោមថ្ងៃ ក៏ឃើញទឹកភ្នែករបស់ពួកអ្នកដែលត្រូវគេសង្កត់សង្កិន ហើយឃើញថា គេគ្មានអ្នកណាជួយដោះទុក្ខឡើយ ត្រូវពួកអ្នកមានអំណាចរឹបជាន់ ឥតអ្នកណាជួយដោះទុក្ខគេឡើយ។ 2ហេតុនោះ ខ្ញុំក៏សរសើរដល់មនុស្សដែលស្លាប់ជាយូរមកហើយ ជាជាងមនុស្សដែលនៅរស់នៅឡើយ។ 3ប៉ុន្តែ អ្នកដែលមិនទាន់កើតមកនៅឡើយ ជាអ្នកដែលមិនបានឃើញការអាក្រក់ដែលកើតនៅក្រោមថ្ងៃ វិសេសជាងពួកទាំងពីរនោះទៅទៀត។
4រួចខ្ញុំយល់ឃើញថា អស់ទាំងការនឿយហត់ និងភាពប៉ិនប្រសប់ក្នុងកិច្ចការ គឺមកពីមនុស្សមានចិត្តច្រណែននឹងគ្នាប៉ុណ្ណោះ។ នេះក៏ជាការឥតមានទំនង ហើយដូចជាដេញចាប់ខ្យល់ ។
5មនុស្សល្ងីល្ងើឱបដៃ
ហើយស៊ីសាច់របស់ខ្លួនគេ
6បើមានតែមួយក្តាប់ទាំងប្រកបដោយសេចក្ដីសុខ
នោះវិសេសជាងមានពីរក្តាប់
និងការខំប្រឹងដោយនឿយហត់
ដូចជាដេញចាប់ខ្យល់ ។
7រួចហើយខ្ញុំបែរមកមើលការដែលឥតប្រយោជន៍នៅក្រោមថ្ងៃ 8គឺមានម្នាក់ដែលនៅតែឯងឥតមានគូ គ្មានទាំងកូន គ្មានបងប្អូនទេ ប៉ុន្តែ ការនឿយហត់របស់អ្នកនោះមិនចេះអស់មិនចេះហើយសោះ ភ្នែកគេមិនស្កប់ដោយទ្រព្យសម្បត្តិឡើយ គេគិតថា «ខ្ញុំធ្វើការនឿយហត់ ហើយបង្អត់សេចក្ដីល្អដល់ព្រលឹងដូច្នេះ នោះតើសម្រាប់អ្នកណា?» នេះជាការឥតប្រយោជន៍ និងអាក្រក់ណាស់។
គុណតម្លៃនៃមិត្តសម្លាញ់ម្នាក់
9មានពីរនាក់ វិសេសជាងនៅតែឯង ព្រោះគេមានរង្វាន់យ៉ាងល្អកើតពីការនឿយហត់របស់ខ្លួន។ 10ដ្បិតបើដួល ម្នាក់ជ្រោងគ្នាឡើងវិញ តែវរហើយ អ្នកណាដែលដួលក្នុងកាលដែលនៅតែម្នាក់ឯង ឥតមានគ្នាជួយជ្រោងឡើង។ 11មួយទៀត បើដេកមានគ្នាពីរនាក់ ក៏បានកក់ក្តៅ តែបើដេកតែម្នាក់ឯង តើធ្វើដូចម្តេចឲ្យកក់ក្តៅបាន? 12ហើយបើមានខ្មាំងណាមក ដែលមានកម្លាំងជាង មានពីរនាក់នឹងអាចទប់ទល់បាន។ ពួរបីធ្លុងមិនងាយដាច់ទេ។
13មនុស្សកំលោះដែលទាល់ក្រ តែមានប្រាជ្ញា វិសេសជាងស្តេចដែលចាស់ជរា ហើយល្ងីល្ងើ ជាស្តេចដែលមិនព្រមទទួលសេចក្ដីដាស់តឿនទៀត 14ដ្បិតទោះបើអ្នកនោះចេញពីគុកមក ឬកើតមកជាអ្នកក្រក្នុងនគរក៏ដោយ គង់តែនឹងឡើងសោយរាជ្យបានដែរ។ 15ខ្ញុំបានឃើញគ្រប់មនុស្សមានជីវិតរស់ ដែលដើរនៅក្រោមថ្ងៃថា គេកាន់ខាងមនុស្សកំលោះនោះ គឺអ្នកទីពីរដែលបានតាំងឡើងជំនួសគេ។ 16ឯបណ្ដាជនទាំងឡាយ គឺជាពួកមនុស្សដែលអ្នកនោះគ្រប់គ្រងលើ នោះប្រមាណមិនបានឡើយ ប៉ុន្តែ ពួកមនុស្សដែលកើតមកក្រោយ គេមិនសុខចិត្តចំពោះអ្នកនោះទេ នេះពិតប្រាកដឥតមានប្រយោជន៍ ហើយដូចជាដេញចាប់ខ្យល់ ។
Currently Selected:
សាស្តា 4: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies