អេភេសូរ 5
5
1ដូច្នេះ ចូរត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា 2ហើយរស់នៅក្នុងសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។
បោះបង់ផ្លូវអាក្រក់ចោល
3រីឯអំពើសហាយស្មន់ សេចក្ដីស្មោកគ្រោកគ្រប់យ៉ាង និងសេចក្តីលោភលន់ នោះមិនត្រូវឲ្យឮឈ្មោះក្នុងចំណោមអ្នករាល់គ្នាផង ព្រោះមិនគួរគប្បីក្នុងពួកបរិសុទ្ធឡើយ។ 4ឯរឿងគួរខ្មាស ពាក្យសម្ដីចម្កួត និងពាក្យសម្ដីអាសគ្រាម ក៏មិនត្រូវឲ្យមានដែរ គឺត្រូវពោលពាក្យអរព្រះគុណវិញ។ 5ចូរអ្នករាល់គ្នាដឹងសេចក្ដីនេះឲ្យច្បាស់ថា អ្នកប្រព្រឹត្តអំពើសហាយស្មន់ មនុស្សស្មោកគ្រោក ឬមនុស្សដែលមានចិត្តលោភលន់ (គឺមនុស្សថ្វាយបង្គំរូបព្រះ) មិនអាចគ្រងមត៌កក្នុងព្រះរាជ្យរបស់ព្រះគ្រីស្ទ និងរបស់ព្រះបានឡើយ។ 6កុំឲ្យអ្នកណាម្នាក់បញ្ឆាតអ្នករាល់គ្នា ដោយពាក្យសម្ដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្តីទាំងនេះហើយ ដែលសេចក្តីក្រោធរបស់ព្រះធ្លាក់មកលើអស់អ្នកដែលមិនស្ដាប់បង្គាប់។ 7ដូច្នេះ កុំសេពគប់ជាមួយពួកគេឲ្យសោះ។ 8ដ្បិតកាលពីដើម អ្នករាល់គ្នាងងឹតមែន តែឥឡូវនេះ អ្នករាល់គ្នាជាពន្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូររស់នៅដូចជាកូននៃពន្លឺចុះ 9(ដ្បិតផលផ្លែនៃពន្លឺ មាននៅក្នុងគ្រប់សេចក្ដីល្អ សេចក្តីសុចរិត និងសេចក្តីពិត)។ 10ត្រូវលមើលឲ្យដឹងពីសេចក្តីអ្វីដែលព្រះអម្ចាស់សព្វព្រះហឫទ័យចុះ។ 11កុំចូលរួមក្នុងកិច្ចការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ប៉ុន្តែ ត្រូវលាតត្រដាងការទាំងនោះវិញ។ 12ដ្បិតការទាំងប៉ុន្មានដែលគេប្រព្រឹត្តដោយសម្ងាត់ នោះសូម្បីតែនិយាយ ក៏គួរឲ្យខ្មាសទៅហើយ 13តែការទាំងអស់បានលាតត្រដាងឲ្យឃើញច្បាស់ ដោយសារពន្លឺ 14ដ្បិតគឺពន្លឺហើយដែលគេមើលឃើញអ្វីៗទាំងអស់។ ហេតុនេះហើយបានជាមានសេចក្ដីថ្លែងទុកមកថា «អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងចាំងពន្លឺមកលើអ្នក»។ 15ដូច្នេះ ចូរប្រយ័ត្នពីរបៀបដែលអ្នករាល់គ្នារស់នៅឲ្យមែនទែន កុំឲ្យដូចមនុស្សឥតប្រាជ្ញាឡើយ តែដូចជាមនុស្សមានប្រាជ្ញាវិញ 16ទាំងចេះប្រើប្រាស់ពេលវេលាផង ព្រោះសម័យនេះអាក្រក់ណាស់។ 17ដូច្នេះ កុំល្ងង់ខ្លៅឡើយ តែត្រូវយល់ពីអ្វីដែលជាព្រះហឫទ័យរបស់ព្រះអម្ចាស់។ 18កុំស្រវឹងស្រា ដ្បិតស្រានាំឲ្យព្រើលចិត្ត តែចូរឲ្យបានពេញដោយព្រះវិញ្ញាណវិញ 19ហើយនិយាយគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណ ទាំងច្រៀង ហើយបង្កើតជាទំនុកសរសើរថ្វាយព្រះអម្ចាស់ឲ្យអស់ពីចិត្ត 20ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតាជានិច្ច ក្នុងគ្រប់ការទាំងអស់ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
គ្រួសារគ្រីស្ទបរិស័ទ
21ត្រូវចុះចូលគ្នាទៅវិញទៅមក ដោយកោតខ្លាចដល់ព្រះគ្រីស្ទ។
22ប្រពន្ធរាល់គ្នាអើយ ត្រូវចុះចូលនឹងប្តីរបស់ខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ចុះ។ 23ដ្បិតប្តីជាក្បាលរបស់ប្រពន្ធ ដូចព្រះគ្រីស្ទជាសិរសារបស់ក្រុមជំនុំ ហើយព្រះអង្គផ្ទាល់ ជាព្រះសង្គ្រោះរបស់រូបកាយ។ 24ដូចជាក្រុមជំនុំចុះចូលនឹងព្រះគ្រីស្ទយ៉ាងណា ប្រពន្ធក៏ត្រូវចុះចូលនឹងប្តីរបស់ខ្លួន ក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ។
25ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចព្រះគ្រីស្ទបានស្រឡាញ់ក្រុមជំនុំ ហើយបានប្រគល់អង្គទ្រង់សម្រាប់ក្រុមជំនុំដែរ 26ដើម្បីញែកក្រុមជំនុំជាបរិសុទ្ធ ដោយបានលាងសម្អាតនឹងទឹក គឺដោយព្រះបន្ទូល 27ដើម្បីថ្វាយក្រុមជំនុំនេះដល់ព្រះអង្គ ទុកជាក្រុមជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីមួយដូចនោះឡើយ គឺឲ្យបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបានវិញ។ 28ដូច្នេះ ប្តីត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួន ឲ្យដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាដែលស្រឡាញ់ប្រពន្ធរបស់ខ្លួន អ្នកនោះស្រឡាញ់ខ្លួនឯងហើយ។ 29ដ្បិតមិនដែលមានអ្នកណាម្នាក់ស្អប់រូបសាច់ខ្លួនឯងឡើយ គឺគេតែងចិញ្ចឹម ហើយថ្នាក់ថ្នម ដូចព្រះគ្រីស្ទចិញ្ចឹម ហើយថ្នាក់ថ្នមដល់ក្រុមជំនុំ 30ព្រោះយើងជាអវយវៈនៃព្រះកាយរបស់ព្រះអង្គ។ 31«ដោយហេតុនេះបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅនៅជាប់ជាមួយប្រពន្ធរបស់ខ្លួន ហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ »។ 32សេចក្តីអាថ៌កំបាំងនេះជ្រៅណាស់ តែខ្ញុំនិយាយដូច្នោះ សំដៅលើព្រះគ្រីស្ទ និងក្រុមជំនុំវិញ។ 33ប៉ុន្តែ អ្នករាល់គ្នាម្នាក់ៗត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយប្រពន្ធក៏ត្រូវគោរពប្តីរបស់ខ្លួនដែរ។
Currently Selected:
អេភេសូរ 5: គកស១៦
Highlight
Share
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies