និក្ខមនំ 5
5
ធ្វើឥដ្ឋដោយគ្មានចំបើង
1ក្រោយនោះមក លោកម៉ូសេ និងលោកអើរ៉ុននាំគ្នាចូលទៅគាល់ផារ៉ោន ទូលថា៖ «ព្រះយេហូវ៉ាជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "ចូរឲ្យប្រជារាស្ត្ររបស់យើងចេញទៅថ្វាយយញ្ញបូជាដល់យើងនៅទីរហោស្ថាន"»។ 2ប៉ុន្ដែ ផារ៉ោនតបថា៖ «តើព្រះយេហូវ៉ាជាអ្នកណាដែលយើងត្រូវស្តាប់តាម ហើយឲ្យសាសន៍អ៊ីស្រាអែលចេញទៅនោះ? យើងមិនស្គាល់ព្រះយេហូវ៉ាទេ ហើយមិនឲ្យសាសន៍អ៊ីស្រាអែលចេញទៅឡើយ»។ 3ពេលនោះ ពួកលោកទូលថា៖ «ព្រះរបស់សាសន៍ហេព្រើរបានលេចមកឲ្យយើងខ្ញុំឃើញ ដូច្នេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅទីរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់យើងខ្ញុំ ក្រែងព្រះអង្គស្ទុះមកប្រហារយើងខ្ញុំ ដោយអាសន្នរោគ ឬដោយដាវ»។ 4ប៉ុន្ដែ ស្តេចស្រុកអេស៊ីព្ទមានរាជឱង្ការមកពួកលោកថា៖ «ម៉ូសេ និងអើរ៉ុន ហេតុអ្វីបានជាអ្នកទាំងពីរនាំអាទិ៍មនុស្សមិនឲ្យធ្វើការដូច្នេះ? ចូរនាំគ្នាត្រឡប់ទៅធ្វើការវិញទៅ!»។ 5ផារ៉ោនមានរាជឱង្ការថា៖ «មើល៍ ឥឡូវនេះ គេមានគ្នាច្រើនជាងប្រជាជនក្នុងស្រុកហើយ តែអ្នកទាំងពីរចង់ឲ្យគេឈប់ធ្វើការទៅវិញ!»។ 6នៅថ្ងៃនោះឯង ផារ៉ោនបញ្ជាពួកមេតម្រួតលើប្រជាជន និងពួកមេក្រុមថា៖ 7«មិនត្រូវផ្ដល់ចំបើងឲ្យពួកអ៊ីស្រាអែលសម្រាប់ធ្វើឥដ្ឋដូចមុនទៀតឡើយ ត្រូវឲ្យពួកគេទៅរកចំបើងដោយខ្លួនឯងទៅ។ 8ប៉ុន្តែ ត្រូវបង្ខំឲ្យគេធ្វើឥដ្ឋគ្រប់ចំនួន ដូចដែលគេធ្លាប់ធ្វើពីមុន កុំបន្ថយឲ្យសោះ ដ្បិតគេខ្ជិល ហេតុនេះហើយបានជាគេស្រែកថា "សូមឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះនៃយើងខ្ញុំ"។ 9ត្រូវដាក់ការងារឲ្យគេធ្វើរឹតតែធ្ងន់ថែមទៀត ដើម្បីឲ្យគេខំប្រឹងធ្វើ កុំឲ្យគេយកចិត្តទុកដាក់នឹងពាក្យភូតភរឡើយ»។
10ពួកមេតម្រួតលើពួកប្រជាជន និងពួកនាយ ក៏ចេញទៅប្រាប់ពួកគេថា៖ «ផារ៉ោនមានរាជឱង្ការដូច្នេះថា "យើងលែងផ្ដល់ចំបើងឲ្យអ្នករាល់គ្នាហើយ 11ចូរទៅរកចំបើងដោយខ្លួនឯង នៅកន្លែងណាដែលរកបានចុះ ប៉ុន្តែ ការងាររបស់អ្នករាល់គ្នាមិនត្រូវបន្ថយឡើយ សូម្បីតែបន្តិច"»។ 12ដូច្នេះ បណ្ដាជនត្រូវខ្ចាត់ខ្ចាយទៅពេញក្នុងស្រុកអេស៊ីព្ទ ដើម្បីរកជញ្ជ្រាំងមកជំនួសចំបើង។ 13ពួកមេតម្រួតដាក់កំហិតថា៖ «ត្រូវបង្ហើយការងាររបស់អ្នករាល់គ្នា ដូចជាបានដាក់ឲ្យធ្វើមករាល់តែថ្ងៃ ឲ្យដូចជាពេលមានចំបើងនោះដែរ»។ 14ពួកមេតម្រួតរបស់ផារ៉ោនបានវាយពួកមេក្រុមរបស់កូនចៅអ៊ីស្រាអែល ដែលខ្លួនបានតែងតាំង ហើយសួរថា៖ «ហេតុអ្វីបានជាពីម្សិលមិញ និងថ្ងៃនេះ អ្នករាល់គ្នាមិនបានធ្វើឥដ្ឋឲ្យគ្រប់ចំនួនដូចពីមុន?»។
15បន្ទាប់មក ពួកមេក្រុមរបស់កូនចៅអ៊ីស្រាអែល ក៏នាំគ្នាទៅឯផារ៉ោន ហើយស្រែកថា៖ «ហេតុអ្វីបានជាព្រះករុណាប្រព្រឹត្តនឹងយើងខ្ញុំជាអ្នកបម្រើរបស់ព្រះករុណាដូច្នេះ? 16គេមិនផ្ដល់ចំបើងឲ្យយើងខ្ញុំជាអ្នកបម្រើរបស់ព្រះករុណាទៀតទេ ហើយគេប្រាប់យើងខ្ញុំថា "ចូរធ្វើឥដ្ឋទៅ!" មើល៍ គេវាយយើងខ្ញុំជាអ្នកបម្រើរបស់ព្រះករុណា តែប្រជារាស្ត្ររបស់ព្រះករុណាទេដែលធ្វើខុស»។ 17ផារ៉ោនឆ្លើយថា៖ «អ្នករាល់គ្នាជាមនុស្សកម្ជិល ជាមនុស្សខ្ជិលច្រអូល ហេតុនេះហើយបានជានិយាយថា "សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា"។ 18ឥឡូវនេះ ចូរទៅធ្វើការវិញទៅ យើងគ្មានចំបើងឲ្យអ្នករាល់គ្នាទេ តែត្រូវធ្វើឥដ្ឋឲ្យបានគ្រប់ចំនួន»។ 19កាលពួកមេក្រុមរបស់កូនចៅអ៊ីស្រាអែលឮថា មិនត្រូវបន្ថយចំនួនឥដ្ឋដែលត្រូវធ្វើរាល់ថ្ងៃដូច្នោះ នោះក៏ឃើញថា ពួកគេធ្លាក់ក្នុងស្ថានភាពវេទនាហើយ។ 20ពេលគេចេញពីផារ៉ោនវិញ គេក៏ជួបលោកម៉ូសេ និងអើរ៉ុនដែលកំពុងតែឈរចាំ។ 21ពួកគេពោលទៅកាន់លោកទាំងពីរថា៖ «សូមព្រះយេហូវ៉ាទតមើល ហើយដាក់ទោសអ្នកចុះ ដ្បិតអ្នកបានធ្វើឲ្យពួកយើងស្អុយឈ្មោះនៅចំពោះផារ៉ោន និងពួកមហាតលិករបស់ស្ដេច ហើយបានហុចដាវឲ្យពួកគេសម្លាប់យើង»។
22លោកម៉ូសេត្រឡប់ទៅរកព្រះយេហូវ៉ា ហើយទូលថា៖ «ឱព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គធ្វើបាបប្រជាជននេះ? ហេតុអ្វីបានជាព្រះអង្គចាត់ទូលបង្គំឲ្យមក? 23ដ្បិតតាំងពីទូលបង្គំចូលទៅជួបផារ៉ោន ក្នុងព្រះនាមព្រះអង្គ ស្ដេចបានធ្វើបាបប្រជាជននេះ ហើយព្រះអង្គក៏មិនបានរំដោះប្រជារាស្ត្ររបស់ព្រះអង្គសោះ»។
Currently Selected:
និក្ខមនំ 5: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies