YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 18

18
កូន​តាម​សេចក្តី‌សន្យា​សម្រាប់​លោក​អ័ប្រា‌ហាំ និង​លោក​ស្រី​សារ៉ា
1ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​អ័ប្រា‌ហាំ​ឃើញ ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ពេល​លោក​កំពុង​អង្គុយ​នៅ​មាត់​ទ្វារ​ជំរំ នៅ​វេលា​ថ្ងៃ​ពេញ​កម្ដៅ។ 2លោក​ងើប​មុខ​ឡើង ហើយ​មើលទៅ​ឃើញ​បុរស​បី​នាក់​ឈរ​នៅ​ពី​មុខ។ កាល​លោក​ឃើញ​បុរស​ទាំង​នោះ លោក​ក៏​រត់​ចេញ​ពី​មាត់​ទ្វារ​ជំរំ​ទៅ​ជួប ហើយ​ក្រាប​រាប​នឹង​ដី។ 3លោក​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់​អើយ ប្រសិន‌បើ​ខ្ញុំ​ប្របាទ​បាន​ប្រកប​ដោយ​‌គុណ​នៅ​ចំពោះ​លោក សូម​មេត្តា​កុំ​អញ្ជើញ​ទៅ​ហួស​អ្នក​បម្រើ​របស់​លោក​ឡើយ។ 4សូម​រង់‌ចាំ​ឲ្យ​គេ​យក​ទឹក​បន្តិច​មក​លាង​ជើង​ជូន ហើយ​សូម​លោក​សម្រាក​ក្រោម​ដើម​ឈើ​នេះ​សិន​ហើយ 5ខ្ញុំ​ប្របាទ​នឹង​ទៅ​យក​នំបុ័ង​បន្តិច‌បន្តួច​មក​ជូនលោក​ពិសា ដើម្បី​ឲ្យមាន​កម្លាំង រួច​សឹម​បន្ត​ដំណើរ ដ្បិត​លោក​ម្ចាស់​បាន​អញ្ជើញ​មក​ជួប​អ្នក​បម្រើ​របស់​លោក​ហើយ»។ បុរស​ទាំង​បី​តប​ថា៖ «ចូរ​ធ្វើ​តាម​ពាក្យ​លោក​ចុះ»។ 6លោក​អ័ប្រា‌ហាំ​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ជួប​លោក​ស្រី​សារ៉ា​នៅ​ក្នុង​ជំរំ ប្រាប់​ថា៖ «ចូរ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​បី​រង្វាល់ មក ហើយ​លាយ​ធ្វើ​នំ​ឲ្យ​ឆាប់​ឡើង»។ 7លោក​អ័ប្រា‌ហាំ​រត់​ទៅ​ឯ​ហ្វូង​សត្វ ហើយ​ចាប់​យក​កូន​គោ​មួយ​ដែល​មាន​សាច់​ទន់​ល្អ ប្រគល់​ឲ្យ​អ្នក​បម្រើ​ម្នាក់ ហើយ​អ្នក​បម្រើ​នោះ​ក៏​បាន​ចាត់​ចែង​យ៉ាង​ប្រញាប់‌ប្រញាល់។ 8លោក​យក​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ដោះ​រាវ ព្រម​ទាំង​កូន​គោ​ដែល​បាន​រៀបចំ មក​ដាក់​នៅ​មុខ​បុរស​ទាំង​បី រួចខ្លួន​លោក​ផ្ទាល់​ក៏​ឈរ​នៅ​ជិត ក្រោម​ដើម​ឈើ​នោះ ហើយ​បុរស​ទាំងបី​ក៏​បរិភោគ។
9បុរស​ទាំង​បី​សួរ​លោក​ថា៖ «នាង​សារ៉ា​ប្រពន្ធ​របស់​អ្នក​នៅ​ឯ​ណា?» លោក​តប​ថា៖ «នៅ​ក្នុង​ជំរំ​ឯ​ណោះ»។ 10ពេល​នោះ ម្នាក់​ពោល​ឡើង​ថា៖ «ដល់​វេលា​កំណត់ យើង​នឹង​វិល​មក​រក​អ្នក​វិញ​ជា​មិន​ខាន ហើយ​សារ៉ា​ប្រពន្ធ​របស់​អ្នក​នឹង​មាន​កូន​ប្រុស​មួយ»។ លោក​ស្រី​សារ៉ា​ឈរ​ស្ដាប់​ខាង​ក្រោយ​លោក នៅ​មាត់​ទ្វារ​ជំរំ។ 11លោក​អ័ប្រា‌ហាំ និង​លោក​ស្រី​សារ៉ា មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ ហើយ​លោក​ស្រី​សារ៉ា​ក៏​ហួស​អាយុ​នឹង​មាន​កូន​ដែរ។ 12លោក​ស្រី​សារ៉ា​នឹក​អស់​សំណើច​ក្នុង​ចិត្ត​ថា៖ «ខ្ញុំ​ចាស់​ប៉ុណ្ណេះ​ទៅ​ហើយ តើ​នឹង​នៅ​មាន​តម្រេក​ទៀត​ឬ? ណា​មួយ​លោក​ម្ចាស់​របស់​ខ្ញុំ​ក៏​ចាស់​ណាស់​ដែរ»។ 13ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អ័ប្រា‌ហាំ​ថា៖ «ហេតុ​អ្វី​បាន​ជា​សារ៉ា​សើច​ដូច្នេះ ហើយ​ថា "ដែល​ចាស់​ប៉ុណ្ណេះ​ទៅ​ហើយ តើ​នឹង​មាន​កូន​ដែរ​ឬ?" 14តើ​មាន​ការ​អ្វី​ពិបាក​ពេក​ដែល​ព្រះ‌យេហូវ៉ា​ធ្វើ​មិន​កើត​ឬ? នៅ​វេលា​កំណត់ យើង​នឹង​ត្រឡប់​មក​រក​អ្នក​វិញ គឺ​ឆ្នាំ​ក្រោយ​ក្នុង​វេលា​ដដែល​នេះ សារ៉ា​នឹង​បង្កើត​បាន​កូន​ប្រុស​មួយ»។ 15លោក​ស្រី​សារ៉ា​ប្រកែក​ថា៖ «ខ្ញុំ​ម្ចាស់​មិន​បាន​សើច​ទេ» ដ្បិត​គាត់​ភ័យ​ខ្លាច។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទេ នាង​ពិត​ជា​បាន​សើច​មែន!»។
ការ​ជំនុំ​ជម្រះ​មក​លើ​ក្រុង​សូដុម
16បន្ទាប់​មក បុរស​ទាំង​បី​បាន​ក្រោក​ចេញ​ពី​ទី​នោះ ហើយ​មើល​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម។ លោក​អ័ប្រា‌ហាំ​ក៏​ទៅ​ជា‌មួយ​ដែរ ដើម្បី​ជូន​ដំណើរ​ពួក​លោក។ 17ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​យើង​ត្រូវ​លាក់​នឹង​អ័ប្រា‌ហាំ​ពី​កិច្ច​ការ​ដែល​យើង​បម្រុង​នឹង​ធ្វើ​ឬ? 18ដ្បិត​អ័ប្រា‌ហាំ​នឹង​ក្លាយ​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ ហើយ​ខ្លាំង​ពូកែ ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី​នឹង​បាន​ពរ​ដោយ‌សារ​គាត់។ 19យើង​បាន​ជ្រើស​រើស គាត់ ដើម្បី​ឲ្យ​គាត់​បង្គាប់​កូន​ចៅ និង​ពួក​ផ្ទះ​របស់​គាត់​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​កាន់​ខ្ជាប់​តាម​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិ​ធម៌ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សម្រេច​ដល់​អ័ប្រា‌ហាំ តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​នឹង​គាត់»។ 20ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ព្រោះ​សម្រែក​ទាស់​នឹង​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា​លាន់​ឮ​ជា​ខ្លាំង ហើយ​អំពើ​បាប​របស់​គេ​ធ្ងន់​ធ្ងរ​ណាស់ 21យើង​ត្រូវ​តែ​ចុះ​ទៅ​មើល ដើម្បី​ឲ្យ​ដឹងថា អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​នោះ ដូច​សម្រែក​ដែល​យើង​បាន​ឮ ឬយ៉ាង​ណា ប្រសិន‌បើ​មិន​មែន​ទេ យើង​នឹង​បាន​ដឹង»។
22ដូច្នេះ បុរស​ទាំង​នោះ​ក៏​បែរ​ចេញ​ពីទី​នោះ ហើយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ក្រុង​សូដុម តែ​លោក​អ័ប្រា‌ហាំ​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដដែល។ 23ពេល​នោះ លោក​អ័ប្រា‌ហាំ​ចូល​ទៅ​ជិត ហើយ​ទូល​ថា៖ «តើ​ព្រះ‌អង្គ​នឹង​បំផ្លាញ​មនុស្ស​សុចរិត​រួម​ជា‌មួយ​មនុស្ស​អាក្រក់​ឬ? 24ប្រសិន‌បើ​មាន​មនុស្ស​សុចរិត​ហាសិប​នាក់​នៅ​ក្នុង​ក្រុង​នោះ តើ​ព្រះ‌អង្គ​នឹង​បំផ្លាញកន្លែង​នោះ ហើយ​មិន​ប្រណី​ដល់​ទី​ក្រុង ដោយ​យល់​ដល់​មនុស្ស​សុចរិត​ហាសិប​នាក់ ដែលរស់​នៅ​ក្នុង​ក្រុង​នោះ​ទេ​ឬ? 25ព្រះ‌អង្គ​មិន​គួរ​ប្រព្រឹត្ត​ដូច្នោះ​ទេ សូម​កុំ​ប្រហារ​មនុស្ស​សុចរិត​រួម​ជា‌មួយ​មនុស្ស​អាក្រក់​ឡើយ យ៉ាង​នោះ​ឈ្មោះ​ថា មនុស្ស​សុចរិត​ក៏​ដូច​ជា​មនុស្ស​អាក្រក់​ដែរ សូម​ព្រះ‌អង្គ​កុំ​ធ្វើ​ដូច្នោះ​ឡើយ! ព្រះ​ដ៏​ជា​ចៅ‌ក្រម​នៃ​ផែន‌ដី​ទាំង​មូល តើ​ព្រះ‌អង្គ​នឹង​មិន​ប្រព្រឹត្ត​ដោយ​យុត្តិ‌ធម៌​ទេ​ឬ?» 26ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន‌បើ​យើង​រក​ឃើញ​មាន​មនុស្ស​សុចរិត​ហាសិប​នាក់​នៅ​ទី​ក្រុង​សូដុម យើង​នឹង​ប្រណី​ដល់​ទី​នោះ​ទាំង​មូល ដោយ​យល់​ដល់​ពួក‌គេ»។ 27លោក​អ័ប្រា‌ហាំ​ទូល​ថា៖ «សូម​អភ័យ​ទោស​ដល់​ទូល‌បង្គំ​ដែល​ហ៊ាន​តវ៉ា​ជាមួយ​ព្រះ‌អម្ចាស់ ដែល​ទូល‌បង្គំ​ជា​ធូលី​ដី ហើយ​ជា​ផេះ​ប៉ុណ្ណោះ។ 28ក្នុង​ចំណោម​មនុស្ស​សុចរិត​ទាំង​ហាសិប​នាក់ ប្រហែល​ជា​នៅ​ខ្វះ​ប្រាំ​នាក់ តើ​ព្រះ‌អង្គ​នឹង​បំផ្លាញ​ទី​ក្រុង​ទាំង​មូល ដោយ​ព្រោះ​ខ្វះ​ប្រាំ​នាក់​នោះ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន‌បើ​យើងរក​ឃើញ​មាន​សែសិប​ប្រាំ​នាក់ យើង​នឹង​មិន​បំផ្លាញ​ទី​ក្រុង​នោះ​ឡើយ»។ 29លោក​ទូល​ព្រះ‌អង្គ​ទៀត​ថា៖ «ប្រហែល​ជា​រក​បាន​តែ​សែសិប​នាក់​ទេ» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ ដោយ​យល់​ដល់​សែ​សិប​នាក់​នោះ»។ 30បន្ទាប់​មក លោក​ទូល​ថា៖ «សូម​ព្រះ‌អម្ចាស់​កុំ​ខ្ញាល់ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ទូល​ព្រះ‌អង្គ​ទៀត។ នៅ​ទី​នោះ​ប្រហែល​ជា​រក​បាន​តែ​សាម​សិប​នាក់​ទេ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន‌បើ​យើង​រក​ឃើញ​មាន​សាម​សិប​នាក់ យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ»។ 31លោក​ទូល​ថា៖ «សូម​អភ័យ​ទោស​ដល់​ទូល‌បង្គំ​ដែល​ហ៊ាន​តវ៉ា​ជាមួយ​ព្រះ‌អម្ចាស់។ នៅ​ទី​នោះ​ប្រហែល​ជា​រក​បាន​តែ​ម្ភៃ​នាក់​ទេ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មិន​បំផ្លាញ​ទី​ក្រុង​នោះ​ឡើយ ដោយ​យល់​ដល់​ម្ភៃ​នាក់​នោះ»។ 32ពេល​នោះ លោក​ទូល​ថា៖ «សូម​ព្រះ‌អម្ចាស់​កុំ​ខ្ញាល់ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ទូល​តែ​ម្តង​នេះ​ទៀត​ទេ។ នៅ​ទី​នោះ​ប្រហែល​ជា​រក​បាន​តែ​ដប់​នាក់​ទេ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មិន​បំផ្លាញ​ទីក្រុង​នោះ​ឡើយ ដោយ​យល់​ដល់​ដប់​នាក់​នោះ»។ 33កាល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ជាមួយ​លោក​អ័ប្រា‌ហាំ​ចប់​ហើយ ព្រះ‌អង្គ​ក៏​យាង​ចេញ​ទៅ រីឯ​លោក​អ័ប្រា‌ហាំ​ក៏​វិល​ទៅ​ទី​លំនៅ​របស់​លោក​វិញ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for លោកុ‌ប្បត្តិ 18