YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 22

22
ព្រះ​បង្គាប់​ឲ្យ​ថ្វាយ​អ៊ីសាក​ជា​យញ្ញ​បូជា
1ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌ទ្រង់​ល្បងល​លោក​អ័ប្រា‌ហាំ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ថា៖ «អ័ប្រា‌ហាំ!»។ លោក​ឆ្លើយ​ថា៖ «ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់»។ 2ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​អ៊ីសាក ជា​កូន​សម្លាញ់​តែ​មួយ​របស់​អ្នក ហើយ​ទៅ​ស្រុក​ម៉ូរីយ៉ា​ទៅ រួច​ថ្វាយ​វា​ជា​តង្វាយ​ដុត​នៅ​ទី​នោះ នៅ​លើ​ភ្នំ​មួយ​ដែល​យើង​នឹង​បង្ហាញ​អ្នក»។ 3លោក​អ័ប្រា‌ហាំ​ក្រោក​ឡើង​ពី​ព្រលឹម ចង​កែប​លា ហើយ​ពុះ​ឧស​សម្រាប់​តង្វាយ​ដុត រួច​យក​ក្មេង​បម្រើ​ពីរ​នាក់ និង​អ៊ីសាក​ជា​កូន​ទៅ​ជា‌មួយ ចេញ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក។ 4លុះ​ដល់​ថ្ងៃ​ទី​បី លោក​អ័ប្រា‌ហាំ​ងើប​មុខ​ឡើង ឃើញ​កន្លែង​នោះ​ពី​ចម្ងាយ។ 5ពេល​នោះ លោក​មាន​ប្រសាសន៍​ទៅ​ក្មេង​បម្រើ​របស់​លោក​ថា៖ «ចូរ​នៅ​ទី​នេះ​ជាមួយ​លា​សិន ខ្ញុំនឹង​ទៅ​ថ្វាយ​បង្គំ​ជា‌មួយ​កូន​ខ្ញុំនៅ​ទី​នោះ រួច​យើង​នឹង​ត្រឡប់​មក​រក​ឯង​វិញ»។ 6លោក​អ័ប្រា‌ហាំ​ចាប់​យក​ឧស​សម្រាប់​តង្វាយ​ដុត ដាក់​ឲ្យ​អ៊ីសាក​ជា​កូន​លី ហើយ​លោក​យក​ភ្លើង និង​កាំបិត​កាន់​នៅ​ដៃ រួច​អ្នក​ទាំង​ពីរ​បណ្តើរ​គ្នា​ទៅ។ 7អ៊ីសាក​ហៅ​លោក​អ័ប្រា‌ហាំ​ជា​ឪពុក​ថា៖ «ពុក!» លោក​ឆ្លើយ​ថា៖ «មាន​ការ​អី​កូន»។ អ៊ីសាក​ពោល​ថា៖ «មើល៍ យើង​មាន​ភ្លើង មាន​ឧស​ហើយ ចុះ​តើ​កូន​ចៀម​សម្រាប់​តង្វាយ​ដុត​នៅ​ឯ​ណា?» 8លោក​អ័ប្រា‌ហាំ​ឆ្លើយ​ថា៖ «កូន​អើយ កូន​ចៀម​សម្រាប់​ជា​តង្វាយ​ដុត​នោះ ព្រះ​នឹង​ផ្គត់‌ផ្គង់​ឲ្យ»។ ដូច្នេះ អ្នក​ទាំង​ពីរ​ក៏បណ្ដើរ​គ្នា​ដើរ​ទៅមុខ​ទៀត។
9កាល​បាន​មក​ដល់​កន្លែង​ដែល​ព្រះ​បាន​បង្ហាញ​ប្រាប់​លោក​ហើយ លោក​អ័ប្រា‌ហាំ​ក៏​សង់​អាស‌នា​មួយ​នៅ​ទី​នោះ រួច​តម្រៀប​ឧស ហើយ​ចង​អ៊ីសាក​ជា​កូន ដាក់​លើ​គំនរ​ឧស​នៅ​លើ​អាស‌នា​នោះ។ 10បន្ទាប់​មក លោក​អ័ប្រា‌ហាំ​លូក​ដៃ​ទៅ​ចាប់​យក​កាំបិត បម្រុង​នឹង​សម្លាប់​កូន។ 11ប៉ុន្តែ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ហៅ​លោក​ពី​លើ​មេឃ​មក​ថា៖ «អ័ប្រា‌ហាំ អ័ប្រា‌ហាំ​អើយ!»។ លោក​តប​ថា៖ «ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់»។ 12ទេវតា​ពោល​ថា៖ «កុំ​លូក​ដៃ​ទៅ​លើ​កូន​ក្មេង​នោះ​ឡើយ កុំ​ធ្វើ​អ្វី​ដល់​វា​ឲ្យ​សោះ ដ្បិត​ឥឡូវ​នេះ យើង​ដឹង​ហើយ​ថា អ្នក​កោត​ខ្លាច​ព្រះ​មែន ដោយ​មិន​បាន​សំចៃ​ទុក​កូន​តែ​មួយ​របស់​អ្នក​ចំពោះ​យើង​សោះ»។ 13លោក​អ័ប្រា‌ហាំ​ងើប​មុខ​ឡើង ឃើញ​ចៀម​ឈ្មោល​មួយ​ជាប់​ស្នែង​នៅ​គុម្ពោត​ព្រៃ​ខាង​ក្រោយ​លោក។ លោក​អ័ប្រាហាំ​ក៏​ទៅ​យក​ចៀម​ឈ្មោល​នោះ មក​ថ្វាយ​ជា​តង្វាយ​ដុត ជំនួស​កូន​របស់​លោក។ 14លោក​អ័ប្រា‌ហាំ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្រះ‌យេហូវ៉ា​នឹង​ផ្គត់ផ្គង់ » ដូច​មាន​គេ​និយាយ​រហូត​មក​ដល់​ថ្ងៃ​នេះ​ថា «នៅ​លើ​ភ្នំ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​នឹង​ផ្គត់‌ផ្គង់​ឲ្យ »។
15ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ហៅ​លោក​អ័ប្រា‌ហាំ​ពី​លើ​មេឃ​ម្តង​ទៀត​ថា៖ 16«ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​ថា យើង​ស្បថ​ដោយ​នាម​របស់​យើង ដោយ​អ្នកបាន​ធ្វើ​ដូច្នេះ គឺ​មិន​បាន​សំចៃ​ទុក​កូន​តែ​មួយ​របស់​អ្នក​ចំពោះ​យើង 17នោះ​យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​យើង​នឹង​ចម្រើន​ពូជ‌ពង្ស​របស់​អ្នក​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ‌ពង្ស​របស់​អ្នក​នឹង​បាន​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​របស់​ពួក​ខ្មាំង​សត្រូវ 18គ្រប់​ទាំង​សាសន៍​នៅលើ​ផែន‌ដី នឹង​បាន​ពរ​ដោយសារ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ្នក​បាន​ស្តាប់​បង្គាប់​តាម​ពាក្យ​របស់​យើង»។ 19បន្ទាប់​មក លោក​អ័ប្រា‌ហាំ​ក៏​វិល​ទៅ​រក​ក្មេង​បម្រើ​របស់​លោក​វិញ ហើយ​គេ​ក្រោក​ឡើង ដើរ​ជា‌មួយ​គ្នា​ទៅ​ក្រុង​បៀរ-សេបា រួច​លោក​អ័ប្រា‌ហាំ​ស្នាក់​អាស្រ័យ​នៅ​ក្រុង​បៀរ-សេបា​នោះ​ទៅ។
កូន​ចៅ​របស់​លោក​ណាឃរ
20ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក មាន​គេ​មក​ប្រាប់​លោក​អ័ប្រា‌ហាំ​ថា៖ «នាង​មីលកា​ក៏​បាន​បង្កើត​កូន​ឲ្យ​លោក​ណាឃរ ជា​ប្អូន​របស់​លោក​ដែរ គឺ 21អ៊ូស​ជា​កូន​ច្បង​របស់​លោក ប៊ូស​ជា​ប្អូន កេមូ‌អែល​ជា​ឪពុក​របស់​អើរ៉ាម 22កេសែឌ ហាសួរ ពីលដាស យីដឡាប និង​បេធូ‌អែល»។ 23ឯ​បេធូ‌អែល​បាន​បង្កើត​នាង​រេបិកា។ អ្នក​ទាំង​ប្រាំបី​នាក់​នេះ ជា​កូន​ដែល​នាង​មីលកា​បាន​បង្កើត​ឲ្យលោក​ណាឃរ ជា​ប្អូន​របស់​លោក​អ័ប្រា‌ហាំ។ 24រីឯ​ប្រពន្ធ​ចុង​របស់​លោក​ណាឃរ ឈ្មោះ​នាង​រេយូ‌ម៉ា ក៏​មាន​កូន​ដែរ គឺ​ធេបា កាហាំ ថាហាស និង​ម្អាកា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in