YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 39

39
លោក​យ៉ូសែប និង​ប្រពន្ធ​របស់​លោក​ប៉ូទីផារ
1រី​ឯ​យ៉ូសែប គេ​បាន​នាំ​គាត់​ទៅ​ដល់​ស្រុក​អេស៊ីព្ទ ហើយ​មាន​មន្ត្រី​សាសន៍​អេស៊ីព្ទ​ម្នាក់ ឈ្មោះ​ប៉ូទី‌ផារ ជា​មេ​កង​រក្សា​ស្តេច​របស់​ផា​រ៉ោន បាន​ទិញ​គាត់​ពី​ពួក​អ៊ីស‌ម៉ា‌អែល ដែល​នាំ​ចុះ​មក​ស្រុក​នោះ។ 2ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​លោក​យ៉ូសែប ហើយ​លោក​ចេះ​តែ​ចម្រើន​ឡើង គឺ​លោក​នៅ​ក្នុង​ផ្ទះ​របស់​ចៅ‌ហ្វាយ​ខ្លួន ដែល​ជា​សាសន៍​អេស៊ីព្ទ។ 3ចៅ‌ហ្វាយ​របស់​លោក​ឃើញ​ថា ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​លោក ហើយ​ថា ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​គ្រប់​ការ​ទាំង​អស់​បាន​ចម្រើន​ឡើង ដោយ‌សារ​ដៃ​របស់​លោក។ 4ដូច្នេះ លោក​ប៉ូទីផារ​ពេញ​ចិត្ត​នឹង​លោក​យ៉ូសែប​ណាស់ ដែល​ខំ​ប្រឹង​បម្រើគាត់ ហើយ​គាត់​តែង​តាំង​លោក​យ៉ូសែប​ឲ្យ​មើល​ខុស​ត្រូវលើ​ផ្ទះ​សំបែង ក៏​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​គាត់​ឲ្យ​លោក​គ្រប់​គ្រង។ 5ចាប់​ពី​ពេល​លោក​ប៉ូទីផារ​តែង​តាំង​លោក​ឲ្យ​មើល​ខុស​ត្រូវ​លើ​ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​គាត់​មក ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​ផ្ទះ​របស់​សាសន៍​អេស៊ីព្ទ​នោះ ដោយ​ព្រោះ​លោក​យ៉ូសែប ហើយ​ព្រះ‌យេហូវ៉ា​ក៏​ប្រទាន​ពរអ្វីៗ​ទាំង​អស់​ដែល​ជា​របស់​គាត់ ទាំង​ផ្ទះ​សំបែង ទាំង​ស្រែ​ចម្ការ។ 6គាត់​ទុកអ្វីៗ​ទាំង​អស់​ឲ្យ​លោក​យ៉ូសែប​គ្រប់​គ្រង ហើយ​គាត់​មិន​ខ្វល់​ខ្វាយ​អ្វី​ឡើយ លើក​លែង​តែ​អាហារ​ដែល​គាត់​បរិភោគ​ប៉ុណ្ណោះ។
រី​ឯ​លោក​យ៉ូសែប​មាន​រូប​រាង​សង្ហា​ណាស់។ 7ក្រោយ​មក ប្រពន្ធ​របស់​ចៅ‌ហ្វាយ​លោក​ចេះ​តែ​ដៀង​ភ្នែក​មើល​លោក​យ៉ូសែប ហើយ​និយាយ​ថា៖ «មក​ដេក​ជា‌មួយ​ខ្ញុំ!»។ 8ប៉ុន្ដែ លោក​បាន​បដិសេធ ហើយ​ពោល​ទៅ​ប្រពន្ធ​ចៅ‌ហ្វាយ​ខ្លួន​ថា៖ «មើល៍! ចៅ‌ហ្វាយ​ខ្ញុំ​ឥត​ដឹង​ថា​មាន​អ្វី​ៗ​នៅ​នឹង​ខ្ញុំ នៅ​ក្នុង​ផ្ទះ​នេះ​ផង លោក​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​របស់​លោក​មក​ក្នុង​ដៃ​របស់​ខ្ញុំ។ 9គ្មាន​អ្នក​ណា​ធំ​ជាង​ខ្ញុំ​ទេ​ក្នុង​ផ្ទះ​នេះ ហើយ​លោក​ក៏​មិន​បាន​ហួង​ហែង​របស់​ណា​នឹង​ខ្ញុំ​ដែរ លើក​លែង​តែ​លោក​ស្រី​ប៉ុណ្ណោះ ព្រោះ​លោក​ស្រី​ជា​ប្រពន្ធ​របស់​លោក។ ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​យ៉ាង​ធំ​នេះ ដោយ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ​ម្ដេច​បាន?» 10រីឯ​នាង​ចេះ​តែ​និយាយ​ទៅ​លោក​យ៉ូសែប​រាល់​ថ្ងៃ តែ​លោក​មិន​ព្រម​ស្ដាប់​តាម ហើយ​ទៅ​ដេក​ជា‌មួយ​នាង ឬ​ទៅ​ជិត​នាង​ឡើយ។ 11ថ្ងៃ​មួយ កាល​លោក​ចូល​ទៅ​ធ្វើ​ការ​ក្នុង​ផ្ទះ ហើយ​គ្មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ផ្ទះ​សោះ 12នាង​ក៏​ចាប់​អាវ​របស់​លោក ទាំង​និយាយ​ថា៖ «មក​ដេក​ជា‌មួយ​ខ្ញុំ!»។ ប៉ុន្ដែ លោក​យ៉ូសែប​រលាស់​អាវ​ចោល​ក្នុង​ដៃ​នាង ហើយ​រត់​ចេញ​មក​ក្រៅ។ 13កាល​នាង​ឃើញ​ថា លោក​ចោល​អាវ​ក្នុង​ដៃ​នាង ហើយ​រត់​ចេញ​មក​ក្រៅ​ដូច្នេះ 14នាង​ក៏​ស្រែក​ហៅ​មនុស្សដែល​នៅ​ក្នុង​ផ្ទះមក​ប្រាប់​ថា៖ «មើល​ចុះ ប្ដី​ខ្ញុំ​បាន​នាំ​សាសន៍​ហេព្រើរ​ម្នាក់​នេះ​មក​ឲ្យ​មើល‌ងាយ​យើង! វា​ចូល​មក​បម្រុង​នឹង​ដេក​ជា‌មួយ​ខ្ញុំ តែ​ខ្ញុំ​បាន​ស្រែក​យ៉ាង​ខ្លាំង 15ហើយ​កាល​វា​ឮ​សំឡេង​ដែល​ខ្ញុំ​ស្រែក​ឡើង វា​ក៏​ទុក​អាវ​ចោល​នៅ​ក្បែរ​ខ្ញុំ ហើយ​រត់​ចេញ​ទៅ​ក្រៅ​បាត់»។ 16នាង​បាន​ទុក​អាវ​របស់​លោក​យ៉ូសែប​នៅ​ក្បែរ​ខ្លួន ចាំ​ទម្រាំចៅ​ហ្វាយ​របស់​លោក​វិល​ត្រឡប់​មក​ផ្ទះ​វិញ 17នាង​ជម្រាប​ប្ដី​តាម​ពាក្យ​ដដែល​នោះ​ថា៖ «អា​បាវ​សាសន៍​ហេព្រើរ​ដែល​បង​បាន​នាំ​មក​នោះ វា​ចូល​មក​ចង់​មើល‌ងាយ​ខ្ញុំ 18តែដោយ​ខ្ញុំ​ស្រែក​ហៅ​គេ​យ៉ាង​ខ្លាំង វា​ក៏​ទុក​អាវ​ចោល​នៅ​ក្បែរ​ខ្ញុំ ហើយ​រត់​ចេញ​ទៅ​ក្រៅ​បាត់»។
19កាល​ចៅ‌ហ្វាយ​របស់​លោក បាន​ឮ​ពាក្យ​ដែល​ប្រពន្ធ​ប្រាប់​ថា បាវ​របស់​លោក​បាន​ប្រព្រឹត្ត​នឹង​នាង​ដូច្នេះ លោក​ក្តៅ​ក្រហាយ​ជា​ខ្លាំង។ 20ចៅ​ហ្វាយ​របស់​លោក​យ៉ូសែប​ក៏​យក​លោក​ទៅ​ដាក់​គុក នៅ​កន្លែង​ដែល​សម្រាប់​ឃុំ​ឃាំង​ពួក​អ្នក​ទោស​របស់​ស្តេច ហើយ​លោក​ក៏​ជាប់​នៅ​ក្នុង​គុក​នោះ។ 21ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​លោក​យ៉ូសែប ហើយ​ព្រះ‌អង្គ​សម្ដែង​ព្រះ​ហឫទ័យ​សប្បុរស​ចំពោះ​លោក ព្រម​ទាំង​ធ្វើ​ឲ្យ​មេ​គុក​មាន​ចិត្ត​សន្ដោស​ដល់​លោក។ 22មេ​គុក​ប្រគល់​ពួក​អ្នក​ទោស​ដែល​នៅ​ក្នុង​គុក ឲ្យ​លោក​យ៉ូសែប​មើល​ខុស​ត្រូវ​ទាំង​អស់ ហើយ​កិច្ច​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​គុក គឺ​លោក​ជា​អ្នក​ចាត់​ចែង​ការ​នោះ។ 23មេ​គុក​លែង​ខ្វល់​ខ្វាយ​នឹង​អ្វី​ដែល​គាត់​បាន​ប្រគល់​ឲ្យ​លោក​យ៉ូសែប​ធ្វើ​នោះ​ហើយ ព្រោះ​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​លោក ហើយ​កិច្ច​ការ​អ្វី​ដែល​លោក​ធ្វើ ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ចម្រើន​ឡើង​ទាំង​អស់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for លោកុ‌ប្បត្តិ 39