YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 48

48
លោក​យ៉ាកុប​ឲ្យ​ពរ​កូន​របស់​លោក​យ៉ូសែប
1ក្រោយ​ហេតុ‌ការណ៍​នេះ​មក មាន​គេ​ជម្រាប​លោក​យ៉ូសែប​ថា៖ «ឪពុក​លោក​មាន​ជំងឺ»។ ដូច្នេះ លោក​យ៉ូសែប​ក៏​នាំ​កូន​ទាំង​ពីរ​នាក់ គឺ​ម៉ាណា‌សេ និង​អេប្រាអិម​ទៅ​ជា‌មួយ។ 2មាន​គេ​ជម្រាប​លោក​យ៉ាកុប​ថា៖ «លោក​យ៉ូសែប​កូន​របស់​លោក​មក​ដល់​ហើយ»។ នោះ​លោក ក៏​ខំ​ប្រឹង​ក្រោក​អង្គុយ​នៅ​លើ​គ្រែ។ 3លោក​យ៉ាកុបមាន​ប្រសាសន៍​ទៅ​លោក​យ៉ូសែប​ថា៖ «ព្រះដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ដែល​បាន​លេច​មក​ឲ្យ​ពុក​ឃើញ​នៅ​លូស ក្នុង​ស្រុក​កាណាន ហើយ​បាន​ប្រទាន​ពរ​ពុក 4ព្រះ‌អង្គ​មាន​ព្រះ​‌បន្ទូល​មក​ពុក​ថា "មើល៍ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន ហើយ​កើន​ចំនួន​ឡើង​ឲ្យ​អ្នក​បាន​ទៅ​ជា​ជាតិ​សាសន៍​ច្រើន​រួម​គ្នា​តែ​មួយ យើង​នឹងប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ទុក​ជា​កេរ‌អាករ​រហូត​តទៅ"។ 5រី​ឯ​កូន​ប្រុស​ទាំង​ពីររបស់​កូន​ដែល​កើត​នៅ​ស្រុក​អេស៊ីព្ទ មុន​ដែល​ពុក​មក​នៅ​ស្រុក​នេះ គឺ​អេប្រាអិម និង​ម៉ាណា‌សេ ជា​របស់​ពុក គឺ​ដូច​ជា​រូបេន និង​ស៊ីម្មាន ជា​របស់​ពុក​ដែរ។ 6ចំណែក​កូន​ឯទៀត​ៗ​ដែល​កូន​បានបង្កើតមក​តាម​ក្រោយ គេ​នឹង​បាន​ជា​របស់​កូន។ កូនៗ​ដែល​កើត​មក​តាម​ក្រោយ​នោះ នឹង​បាន​ចំណែក​មត៌ក តាម​រយៈ​អេប្រាអិម និង​ម៉ាណា‌សេ។ 7ដ្បិត កាល​ពុក​មក​ពី​ស្រុក​ប៉ាដាន់ រ៉ាជែល​ម្តាយ​កូន​បាន​ស្លាប់​ចោល​ពុក តាម​ផ្លូវ​ក្នុង​ស្រុក​កាណាន ជិត​អេប្រា‌តា ហើយ​ពុក​ក៏​បាន​បញ្ចុះ​សព​ម្ដាយ​កូន​នៅ​ទី​នោះ តាម​ផ្លូវ​ទៅ​អេប្រា‌តា (គឺ​ភូមិ​បេថ្លេ‌ហិម)»។
8កាល​លោក​អ៊ីស្រា‌អែល​បាន​ឃើញ​កូន​រប​ស់​លោក​យ៉ូសែប លោក​សួរ​ថា៖ «តើ​អ្នក​ណា​នេះ?» 9លោក​យ៉ូសែប​ជម្រាប​ឪពុក​ថា៖ «នេះ​ជា​កូន​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ខ្ញុំ នៅ​ស្រុក​នេះ»។ លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​វា​មក​ជិត​ពុក​មក៍ ពុក​នឹង​ឲ្យ​ពរ​វា»។ 10ពេល​នោះ ភ្នែក​របស់​លោក​អ៊ីស្រា‌អែល​ងងឹត​ហើយ ដោយ‌សារ​លោក​វ័យ​ចាស់ លោក​មើល​មិន​ឃើញ​ច្បាស់​ទេ។ លោក​យ៉ូសែប​ក៏​នាំ​កូន​ចូល​ទៅ​ជិត ហើយ​លោក​ក៏​ឱប​ថើប​វា។ 11លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូសែប​ថា៖ «ពុក​មិន​នឹក​ស្មាន​ថា​បាន​ឃើញ​មុខ​កូនទេ តែ​មើល៍ ព្រះ​បាន​ឲ្យ​ពុក​ឃើញ​ទាំង​ពូជ‌ពង្ស​របស់​កូន​ទៀត​ផង»។ 12បន្ទាប់​មក លោក​យ៉ូសែប​នាំ​កូន​ទាំង​ពីរ​ចេញ​ពីលើ​ភ្លៅ​ឪពុក រួច​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី។ 13លោក​យ៉ូសែប​ក៏​នាំ​កូន​ទាំង​ពីរ​ចូល​ទៅ​ជិត​ឪពុក​វិញ គឺ​អេប្រាអិម​ដែល​នៅ​ដៃ​ស្តាំ ទៅ​ខាង​ឆ្វេង​លោក​អ៊ីស្រា‌អែល និង​ម៉ាណា‌សេ​ដែល​នៅ​ដៃ​ឆ្វេង​ទៅ​ខាង​ស្តាំ​លោក​អ៊ីស្រា‌អែល។ 14ប៉ុន្ដែ លោក​អ៊ីស្រា‌អែល​បាន​ខ្វែង​ដៃ គឺ​លោក​លូក​ដៃ​ស្ដាំ ទៅ​ដាក់​លើ​ក្បាល​អេប្រាអិម​ដែល​ជា​ប្អូន ហើយ​ដាក់​ដៃ​ឆ្វេង​លើ​ក្បាល​ម៉ាណា‌សេ ដ្បិត​ម៉ាណា‌សេ​ជា​កូន​ច្បង។ 15លោក​ឲ្យ​ពរ​លោក​យ៉ូសែប​ថា៖
«សូម​ព្រះ​ដែល​លោក​អ័ប្រា‌ហាំ
និង​លោក​អ៊ីសាក​បាន​ដើរ​តាម
ជា​ព្រះ​ដែល​បាន​ថែរក្សា​ពុក​ពេញ​មួយ​ជីវិត
រហូត​មក​ដល់​ថ្ងៃ​នេះ
16ជា​ទេវតា​ដែល​បានរំដោះ
ឲ្យ​ពុក​រួច​ពី​គ្រប់​សេចក្ដី​អាក្រក់
សូម​ព្រះ‌អង្គ​ប្រទាន​ពរ​ក្មេង​ទាំង​ពីរ​នេះ
ហើយ​ឲ្យ​គេ​បាន​រក្សា​ឈ្មោះ​ពុក
ឈ្មោះ​រប​ស់​លោក​អ័ប្រា‌ហាំ
និង​លោក​អ៊ីសាក​ជា​ជីតា​របស់​គេ
សូម​ឲ្យ​អ្នក​ទាំង​ពីរ​បាន​ចម្រើន​ឡើង
មាន​គ្នា​សន្ធឹក​នៅ​លើ​ផែន‌ដី»។
17កាល​លោក​យ៉ូសែប​ឃើញ​ឪពុក​ដាក់​ដៃ​ស្តាំ​លើ​ក្បាល​អេប្រាអិម នោះ​លោក​មិន​ពេញ​ចិត្ត​ឡើយ លោក​ក៏លើក​ដៃ​ឪពុក​ចេញ​ពី​ក្បាល​អេប្រាអិម ទៅ​ដាក់​លើ​ក្បាល​ម៉ាណា‌សេ។ 18លោក​យ៉ូសែប​ជម្រាប​ឪពុក​ថា៖ «មិន​មែន​ដូច្នេះ​ទេ​ពុក ដ្បិត​នេះ​ជា​កូន​ច្បង សូម​ដាក់​ដៃ​ស្តាំ​របស់​ពុក​លើ​ក្បាល​វា​ឯ​ណេះ​វិញ»។ 19ប៉ុន្ដែ ឪពុក​ប្រកែក​ថា៖ «ពុក​ដឹង​ហើយ កូន​អើយ ពុក​ដឹង​ហើយ វា​ក៏​នឹង​បានទៅ​ជា​ជាតិ​សាសន៍​មួយ​ដែរ ហើយ​វា​បាន​ជា​ធំ​ផង។ ប៉ុន្ដែ ប្អូន​របស់​វា​នឹង​បាន​ទៅ​ជា​‌ជាតិ​សាសន៍​មួយ​ធំ​ជាង​វា​ទៅ​ទៀត ពូជ‌ពង្ស​របស់​វា​នឹង​បាន​ទៅ​ជា​ជាតិ​សាសន៍​ដែល​មាន​គ្នា​ច្រើន»។ 20នៅ​ថ្ងៃ​នោះ លោក​ឲ្យ​ពរ​ដល់​ក្មេង​ទាំង​ពីរ​ថា៖
«ដោយ‌សារ​ឯង អ៊ីស្រា‌អែល​នឹង​ឲ្យ​ពរ​គ្នា​ថា
"សូម​ព្រះ‌ទ្រង់​ប្រោស​ប្រទាន​ឲ្យ​អ្នក
បាន​ដូច​ជា​អេប្រាអិម និង​ម៉ាណា‌សេ"»
គឺ​យ៉ាង​នេះ​ឯង ដែល​លោក​បាន​ដាក់​អេប្រាអិម មុន​ម៉ាណា‌សេ។ 21បន្ទាប់​មក លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូសែប​ថា៖ «មើល៍! ពុក​នឹង​ត្រូវ​ស្លាប់ តែ​ព្រះ‌ទ្រង់​នឹង​គង់​នៅ​ជា‌មួយ​កូន​រាល់​គ្នា ហើយ​នឹង​នាំ​កូនៗ​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ដូន​តា​កូន​វិញ។ 22មួយ​ទៀត ពុក​បាន​ចែក​មួយ​ចំណែក ឲ្យ​កូន លើស​ជាង​បង‌ប្អូន​របស់​កូន ជា​ចំណែក​ដែល​ពុក​បាន​យក​ពី​ដៃ​របស់​ពួក​សាសន៍​អាម៉ូរី ដោយ​ដាវ និង​ធ្នូ​របស់​ពុក»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for លោកុ‌ប្បត្តិ 48