YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 50

50
1ពេល​នោះ លោក​យ៉ូសែប​ក្រាប​ផ្ទប់​នៅ​លើ​មុខ​ឪពុក ទាំង​យំ ហើយ​ថើប​លោក។ 2លោក​យ៉ូសែប​បាន​បញ្ជា​ឲ្យ​ពួក​គ្រូ​ពេទ្យ​របស់​លោក​ដែល​នៅ​ចាំ​បម្រើ អប់​សព​ឪពុក​របស់​លោក។ ពួក​គ្រូ‌ពេទ្យ​ក៏​អប់​សព​លោក​អ៊ីស្រា‌អែល។ 3គេ​ត្រូវ​ចំណាយ​ពេល​អស់​សែសិប​ថ្ងៃ​សម្រាប់​កិច្ច​ការ​នេះ ដ្បិត​នោះ​ជា​រយៈ​ពេល​ដែល​តម្រូវ​ដើម្បី​ធ្វើ​ពិធី​អប់​សព ហើយ​សាសន៍​អេស៊ីព្ទ​នាំ​គ្នា​កាន់​ទុក្ខ​លោក​អស់​រយៈ​ពេល​ចិត​សិប​ថ្ងៃ។
4កាល​ផុត​កំណត់​ពេល​កាន់​ទុក្ខ​ហើយ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ដំណាក់​ផារ៉ោន​ថា៖ «ឥឡូវ​នេះ ប្រសិន‌បើ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​អស់​លោក សូម​អស់​លោក​ទូល​ថ្វាយ​ផារ៉ោន​ថា 5ឪពុក​របស់​ទូល‌បង្គំ​បាន​ឲ្យ​ទូល‌បង្គំ​ស្បថ​ថា "ពុក​ជិត​ស្លាប់​ហើយ កូន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ក្នុង​ផ្នូរ ដែល​ពុក​បាន​ជីក​សម្រាប់​ពុក​នៅ​ស្រុក​កាណាន"។ ដូច្នេះ ឥឡូវ​នេះ សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​បាន​ឡើង​ទៅ​បញ្ចុះ​សព​ឪពុក​ទូល‌បង្គំ​ផង រួច​ទូល‌បង្គំ​នឹង​វិល​ត្រឡប់​មក​វិញ»។ 6ផារ៉ោន​មាន​រាជ‌ឱង្ការ​តប​មក​វិញ​ថា៖ «ចូរ​ឡើង​ទៅ​បញ្ចុះ​សព​ឪពុក​របស់​លោក ដូច​ដែល​គាត់​បាន​ឲ្យ​លោក​ស្បថ​ចុះ»។
7ដូច្នេះ លោក​យ៉ូសែប​ក៏​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក ដោយ​មាន​ពួក​រាជ​បម្រើ​ផារ៉ោន​ទាំង​អស់ ពួក​ចាស់​ទុំ​នៃ​រាជ​ដំណាក់ ព្រម​ទាំង​ពួក​ចាស់​ទុំ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​ប៉ុន្មាន ឡើង​ទៅ​ជា‌មួយ 8ហើយ​ពួក​ផ្ទះ​របស់​លោក​យ៉ូសែប​ទាំង​អស់ បង‌ប្អូន​របស់​លោក និង​ពួក​ផ្ទះ​ឪពុក​របស់​លោក​ទាំង​អស់ ក៏​បាន​ឡើង​ទៅ​ជាមួយ​ដែរ ទុក​តែ​កូន​ក្មេង ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​គេ​ឲ្យ​នៅ​ក្នុង​ស្រុក​កូសែន។ 9មាន​រទេះ មាន​ពួក​ជិះ​សេះ​ដង្ហែ​លោក​ទៅ​ជា‌មួយ គឺ​មាន​ហ្វូង​មនុស្ស​យ៉ាង​ច្រើន​កុះ​ករ។ 10កាល​គេ​បាន​មក​ដល់​លាន​ស្រូវ​របស់​អ័ថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ គេ​ទួញ​សោក​ជា​ខ្លាំង​នៅ​ទី​នោះ ហើយ​លោក​យ៉ូសែប​ប្រារព្ធ​ពិធី​កាន់​ទុក្ខ​ឪពុក​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ 11កាល​ពួក​សាសន៍​កាណាន​ដែល​រស់​នៅ​ស្រុក​នោះ ឃើញ​ពិធី​កាន់​ទុក្ខ​នៅ​លាន​ស្រូវ​អ័ថាត់​ដូច្នេះ គេ​ពោល​ថា៖ «នេះ​ជា​ការ​កាន់​ទុក្ខ​យ៉ាង​ខ្លាំង​របស់​ពួក​សាសន៍​អេស៊ីព្ទ»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា "អេបិល-មីសរ៉ែម" ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់។ 12គឺ​យ៉ាង​នេះ​ដែល​កូន​ចៅ​របស់​លោក​យ៉ាកុប​បាន​ធ្វើ​សម្រេច​ជូន​លោក ដូច​ជា​លោក​បាន​ផ្តាំ​ទុក 13គឺ​កូន​ចៅ​របស់​លោក​បាន​ដឹក​សព​របស់​លោក​ទៅ​ស្រុក​កាណាន ហើយ​បញ្ចុះ​ក្នុង​ល្អាង​នៃ​ចម្ការ​ម៉ាក់‌ពេឡា នៅ​ជិត​ម៉ាមរេ ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ​ចម្ការ​នោះ​ពី​អេប្រុន ជា​សាសន៍​ហេត ទុក​ជា​ទី​បញ្ចុះ​សព។ 14ក្រោយ​ពី​បាន​បញ្ចុះ​សព​ឪពុក​រួច​ហើយ លោក​យ៉ូសែប​ក៏​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ រួម​ជាមួយ​ពួក​បង‌ប្អូន​របស់​លោក ព្រម​ទាំង​អស់​អ្នក​ដែល​បាន​ឡើង​ទៅ​ជា‌មួយ ដើម្បី​បញ្ចុះ​សព​ឪពុក​របស់​លោក។
លោក​យ៉ូសែប​អត់​ទោស​ឲ្យ​បងៗ​របស់​លោក
15កាល​បងៗ​របស់​លោក​យ៉ូសែប​ឃើញ​ថា ឪពុក​របស់​គេ​បាន​ស្លាប់​ហើយ គេ​និយាយ​គ្នា​ថា៖ «ប្រហែល​ជា​យ៉ូសែប​នឹង​ស្អប់​យើង ហើយ​សង‌សឹក​យើង ព្រោះ​តែ​អំពើ​អាក្រក់​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​គេ​ជា​មិន​ខាន»។ 16ដូច្នេះ គេ​ក៏​ចាត់​ម្នាក់​ឲ្យ​ទៅ​ជម្រាប លោក​យ៉ូសែប​ថា៖ «មុន​នឹង​ឪពុក​របស់​យើង​ស្លាប់ លោក​បាន​ផ្តាំ​ថា 17"ចូរប្រាប់​យ៉ូសែប​ថា សូម​អត់​ទោស​អំពើ​រំលង និង​អំពើ​បាបឲ្យ​បងៗ​របស់​កូន​ផង ដ្បិត​គេ​បាន​ប្រព្រឹត្ត​អាក្រក់​ចំពោះ​ប្អូន​មែន" ដូច្នេះ សូម​អត់​ទោស​ឲ្យ​ពួក​អ្នក​បម្រើ​ព្រះ​របស់​ឪពុក​ប្អូន​ផង​ទៅ»។ កាល​លោក​យ៉ូសែប​ឮ​គេ​និយាយ លោក​ក៏​យំ។ 18ពេល​នោះ បងៗ​របស់​លោក​ក៏​ចូល​មក ហើយ​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​លោក ហើយពោល​ថា៖ «មើល៍! យើងខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក​ប្អូន​ហើយ»។ 19លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​តើ​ខ្ញុំ​ជា​ព្រះ​ឬ? 20បងៗ​មាន​បំណង​ធ្វើ​បាប​ខ្ញុំ តែ​ព្រះ‌ទ្រង់​ធ្វើ​ឲ្យ​ការ​នោះ​ប្រែ​ទៅ​ជា​ល្អ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន ដូចជា​បាន​កើត​មាន​សព្វ‌ថ្ងៃ​នេះ។ 21ដូច្នេះ កុំ​ខ្លាច​អ្វី​ឡើយ ខ្ញុំ​នឹងផ្គត់​ផ្គង់​បងៗ និង​កូន​ចៅ​របស់​បងៗ»។ គឺ​យ៉ាង​នេះ​ដែល​លោក​កម្សាន្ត​ចិត្ត​គេ ហើយ​និយាយ​ជាមួយ​គេ​យ៉ាង​ស្រទន់។
អាយុ​កាល​ចុង​ក្រោយ និង​មរណភាព​របស់​លោក​យ៉ូសែប
22លោក​យ៉ូសែប និង​ក្រុម​គ្រួសារ​ឪពុក​របស់​លោក​ក៏​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ត​ទៅ ហើយ​លោក​យ៉ូសែប​រស់​នៅ​បាន​មួយ​រយ​ដប់​ឆ្នាំ។ 23លោក​បាន​ឃើញ​កូន​ចៅ​របស់​អេប្រាអិមរហូត​ដល់​ទៅ​បី​តំណ ហើយ​កូន​ចៅរបស់​ម៉ាគារ ជា​កូន​របស់​ម៉ាណា‌សេ ក៏​រាប់​ដូច​ជា​កូន​របស់​លោក​យ៉ូសែប​ដែរ។
24លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បង‌ប្អូន​របស់​លោក​ថា៖ «ខ្ញុំ​ជិត​ស្លាប់​ហើយ តែ​ព្រះ‌ទ្រង់​នឹង​យាង​មក​រក​អ្នក​រាល់​គ្នាជា​មិន​ខាន ហើយ​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នេះ ទៅ​កាន់​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប»។ 25ដូច្នេះ លោក​យ៉ូសែប​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​ស្បថ​ថា៖ «នៅ​ពេល​ព្រះ​យាង​មក​រក​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​យក​ឆ្អឹង​របស់​ខ្ញុំ​ចេញ​ពី​នេះ​ទៅ​ជា‌មួយ​កុំ​ខាន»។ 26រួច​លោក​យ៉ូសែប​ក៏​ស្លាប់​ទៅ ក្នុង​ជន្មាយុ​មួយ​រយ​ដប់​ឆ្នាំ ហើយ​គេ​អប់​‌សព​លោក រួច​ដាក់​ក្នុង​មឈូស​នៅ​ស្រុក​អេស៊ីព្ទ។:៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in