ហេព្រើរ 6
6
គ្រោះថ្នាក់នៃការធ្លាក់ចេញពីជំនឿ
1ដូច្នេះ ចូរឲ្យយើងចេញពីសេចក្តីបង្រៀនខាងឯបឋមសិក្សាអំពីព្រះគ្រីស្ទទៅ ហើយឈានទៅរកភាពពេញវ័យវិញ មិនត្រូវចាក់គ្រឹះសាជាថ្មីអំពីការប្រែចិត្តពីកិច្ចការដែលស្លាប់ អំពីជំនឿដល់ព្រះ 2អំពីសេចក្តីបង្រៀនខាងការជ្រមុជទឹក ការដាក់ដៃលើ ការរស់ពីស្លាប់ឡើងវិញ និងការជំនុំជម្រះទោសអស់កល្បជានិច្ចនោះទៀតឡើយ។ 3ប្រសិនបើព្រះអនុញ្ញាត នោះយើងនឹងនិយាយពីរឿងនេះ។ 4ដ្បិតអស់អ្នកដែលបានភ្លឺម្តងមកហើយ ហើយបានភ្លក់អំណោយទានពីស្ថានសួគ៌ ក៏មានចំណែកជាមួយព្រះវិញ្ញាណបរិសុទ្ធ 5ព្រមទាំងបានភ្លក់ព្រះបន្ទូលដ៏ល្អរបស់ព្រះ និងព្រះចេស្ដាទាំងឡាយនៃបរលោក 6ហើយបន្ទាប់មក ប្រសិនបើគេធ្លាក់ចេញពីជំនឿ នោះគ្មានផ្លូវណានឹងនាំឲ្យគេប្រែចិត្តម្តងទៀតបានឡើយ ព្រោះគេបានឆ្កាងព្រះរាជបុត្រារបស់ព្រះសាជាថ្មី ព្រមទាំងធ្វើឲ្យព្រះអង្គអាម៉ាស់មុខជាសាធារណៈទៀតផង។ 7ដ្បិតដីដែលបានទទួលទឹកភ្លៀងធ្លាក់មកជាញឹកញាប់ ហើយបង្កើតភោគផលមានប្រយោជន៍ដល់អ្នកដែលភ្ជួររាស់ នោះបានទទួលព្រះពរពីព្រះហើយ។ 8ផ្ទុយទៅវិញ ប្រសិនបើដីណាដែលដុះសុទ្ធតែបន្លា និងអញ្ចាញ ដីនោះឥតប្រយោជន៍អ្វីឡើយ ក៏ជិតនឹងត្រូវបណ្តាសាដែរ ហើយចុងបំផុតនឹងត្រូវដុតចោលមិនខាន។
9បងប្អូនស្ងួនភ្លាអើយ ទោះបើយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់ថា មានការប្រសើរជាច្រើនឆ្ពោះទៅរកការសង្គ្រោះ។ 10ដ្បិតព្រះទ្រង់មិនមែនអយុត្តិធម៌ ហើយភ្លេចកិច្ចការ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមព្រះអង្គ ដោយបានបម្រើពួកបរិសុទ្ធ ហើយនៅតែបម្រើទៀតនោះទេ។ 11យើងចង់ឲ្យអ្នករាល់គ្នាម្នាក់ៗបានសម្ដែងចេញជាចិត្តឧស្សាហ៍ដូចគ្នាទាំងអស់ ប្រយោជន៍ឲ្យមានជំនឿពេញលេញដោយសង្ឃឹម រហូតដល់ចុងបំផុត 12ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើព្រងើយកន្ដើយឡើយ គឺឲ្យត្រាប់តាមអស់អ្នកដែលទទួលបានព្រះបន្ទូលសន្យាទុកជាមត៌ក ដោយមានជំនឿ និងសេចក្ដីអត់ធ្មត់វិញ។
ព្រះបន្ទូលសន្យាដែលមិនចេះប្រែប្រួល
13កាលព្រះទ្រង់មានព្រះបន្ទូលសន្យានឹងលោកអ័ប្រាហាំ ព្រះអង្គបានយកព្រះអង្គទ្រង់ផ្ទាល់មកស្បថ ព្រោះគ្មានអ្នកណាធំជាង ដើម្បីឲ្យព្រះអង្គយកអ្នកនោះមកស្បថបានឡើយ។ 14ព្រះអង្គមានព្រះបន្ទូលថា «យើងប្រាកដជានឹងឲ្យពរដល់អ្នក ហើយចម្រើនពូជពង្សអ្នកឲ្យច្រើនឡើង» ។ 15ដូច្នេះ ក្រោយពីលោកអ័ប្រាហាំបានរង់ចាំយ៉ាងអត់ធ្មត់ លោកក៏បានទទួលតាមសេចក្ដីសន្យានោះមែន។ 16ដ្បិតមនុស្សតែងស្បថដោយអាងអ្វីមួយដែលធំជាងខ្លួន ហើយពាក្យសម្បថនោះជាការបញ្ជាក់ ដើម្បីបញ្ចប់ទំនាស់គ្រប់បែបយ៉ាង។ 17ដូច្នេះ នៅពេលព្រះសព្វព្រះហឫទ័យចង់បង្ហាញឲ្យបានរឹតតែច្បាស់ ដល់អស់អ្នកដែលត្រូវទទួលសេចក្ដីសន្យាទុកជាមត៌ក អំពីបំណងដែលមិនចេះប្រែប្រួលរបស់ព្រះអង្គ ព្រះអង្គក៏ធានាសេចក្ដីសន្យានោះ ដោយពាក្យសម្បថ 18ដើម្បីឲ្យយើងដែលបានរត់មកជ្រកកោន បានទទួលការលើកចិត្តយ៉ាងខ្លាំង ប្រយោជន៍នឹងចាប់យកសេចក្តីសង្ឃឹម ដែលដាក់នៅមុខយើង តាមរយៈសេចក្ដីពីរយ៉ាងដែលមិនចេះប្រែប្រួល ហើយព្រះទ្រង់មិនចេះកុហកឡើយ។ 19យើងមានសេចក្ដីសង្ឃឹមនេះ ដូចជាយុថ្កានៃព្រលឹងដ៏ជាប់មាំមួន ថានឹងបានចូលទៅខាងក្នុងវាំងនន 20ជាកន្លែងដែលព្រះយេស៊ូវបានយាងចូលទៅជំនួសយើង ដូចជាអ្នកនាំមុខ ហើយព្រះអង្គក៏បានត្រឡប់ជាសម្តេចសង្ឃអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក។
Currently Selected:
ហេព្រើរ 6: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies