YouVersion Logo
Search Icon

អេសាយ 10

10
1វេទនា​ដល់​ពួក​អ្នក ដែល​ចេញ​បញ្ញត្តិ​ទុច្ចរិត
និង​ពួក​អ្នក​ដែល​តែង​ច្បាប់​វៀច‌វេរ
2ដើម្បី​នឹង​បង្វែរ​ពួក​កម្សត់​ទុគ៌ត​ចេញ​ពី​សេចក្ដី​យុត្តិ‌ធម៌
ហើយ​ដក​យក​អំណាច​ច្បាប់​ចេញ​ពី​មនុស្ស​ទាល់​ក្រ
ក្នុង​ពួក​ប្រជា‌រាស្ត្រ​របស់​យើង
ឲ្យ​តែ​បាន​ពួក​ស្ត្រី​មេម៉ាយ​ទុក​ជា​របឹប
ហើយ​ធ្វើ​ឲ្យ​ពួក​កំព្រា​បាន​ជា​រំពា​ដល់​ខ្លួន
3តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្តេច​ក្នុង​ថ្ងៃ​ពិនិត្យ‌ពិច័យ
ហើយ​ក្នុង​ការ​បំផ្លាញ​ដែល​នឹង​មក​ពី​ទី​ឆ្ងាយ
តើ​អ្នក​រាល់​គ្នា​នឹង​រត់​ទៅ​ពឹង​ដល់​អ្នក​ណា
តើ​នឹង​ផ្ញើ​សក្តិ‌យស​របស់​អ្នក​ទុក​នៅ​ឯ​ណា
4នៅ​គ្រា​នោះ អ្នក​នឹង​បាន​កន្លែង​ឱន​ចុះ
នៅ​កណ្ដាល​ពួក​ឈ្លើយ​ប៉ុណ្ណោះ
ហើយ​ត្រូវ​ដួល នៅ​ក្រោម​ខ្មោច​នៃ​ពួក​អ្នក
ដែល​ត្រូវ​គេ​សម្លាប់
ទោះ​បើ​ធ្វើ​ទោស​យ៉ាង​ណា​ក៏​ដោយ
គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ
គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​នៅ​តែ​លូក​មក​ទៀត។
ព្រះ​ប្រើ​កង‌ទ័ព​អាសសើុរ​ជា​ឧបករណ៍ ដាក់​ទោស​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ
5វេទនា​ដល់​ពួក​សាសន៍​អាស‌ស៊ើរ
ដែល​ជា​ដំបង​នៃ​សេចក្ដី​ក្រោធ​របស់​យើង
ហើយ​រំពាត់​នៅ​ដៃ​គេ
គឺ​ជា​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​យើង
6យើង​នឹង​ចាត់​គេ​ឲ្យ​ទៅ​ទាស់​នឹង​នគរ​មួយ
ដែល​ទមិឡ​ល្មើស
ហើយ​នឹង​បង្គាប់​ការ​ដល់​គេ ឲ្យ​ទាស់​នឹង​សាសន៍១
ដែល​ត្រូវ​សេចក្ដី​ក្រោធ​របស់​យើង
ឲ្យ​បាន​ចាប់​យក​របឹប ចាប់​រំពា
ហើយ​ជាន់​ឈ្លី​សាសន៍​នោះ​ដូច​ជា​ភក់​នៅ​ផ្លូវ​ផង។
7ប៉ុន្តែ គេ​មិន​យល់​ដូច្នោះ​ទេ
ហើយ​ចិត្ត​គេ​ក៏​មិន​គិត​ឃើញ​ដល់​ម៉្លោះ​ដែរ
គឺ​មាន​ចិត្ត​ចង់​បំផ្លាញ​វិញ ក៏​ចង់​កាត់​នគរ​ជា​ច្រើន
ឲ្យ​សូន្យ​ចេញ មិន​តិច​ឡើយ។
8ដ្បិត​គេ​ថា ចៅ‌ហ្វាយ​របស់​យើង​ទាំង​ប៉ុន្មាន
តើ​មិន​មែន​ជា​ស្តេច​គ្រប់​គ្នា​ទេ​ឬ?
9ឯ​ក្រុង​កាលនរ
តើ​មិន​មែន​ដូច​ជា​ក្រុង​កើ‌កេមីស​ទេ​ឬ?
ក្រុង​ហាម៉ាត តើ​មិន​មែន​ដូច​ជា​ក្រុង​អើផាឌ?
ហើយ​ក្រុង​សាម៉ារី
តើ​មិន​មែន​ដូច​ជា​ក្រុង​ដាម៉ាស​ទេ​ឬ?
10ដៃ​យើង​បាន​លូក​ទៅ​ចាប់​យក​អស់​ទាំង​នគរ
ដែល​គោរព​ដល់​រូប​ព្រះ
ជា​ស្រុក​ដែល​មាន​រូប​ឆ្លាក់​វិសេស​ជាង​រូប​ឆ្លាក់
នៅ​ក្រុង​យេរូ‌សាឡិម និង​ក្រុង​សាម៉ារី​ទៅ​ហើយ
11ចុះ​តើ​យើង​នឹង​មិន​ធ្វើ​ដល់​ក្រុង​យេរូ‌សាឡិម
និង​រូប​ព្រះ​របស់​គេ
ដូច​ជា​បាន​ធ្វើ​ដល់​ក្រុង​សាម៉ារី
និង​រូប​ព្រះ​របស់​គេ​ដែរ​ទេ​ឬ?
12ពេល​ព្រះ​យេហូវ៉ា​បាន​សម្រេច​កិច្ច​ការទាំង​ប៉ុន្មាន របស់​ព្រះ‌អង្គ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​ក្រុង​យេរូ‌សាឡិម​រួច​ហើយ ព្រះ‌អង្គ​នឹង​ដាក់​ទោស​ស្តេច​អាស‌ស៊ើរ ដែល​មាន​ចិត្ត​អំនួត ហើយ​វាយ​ឫក​ខ្ពស់។ 13ដ្បិត​គេ​ពោល​ថា៖
«យើង​បាន​ធ្វើ​ការ​នេះ​ដោយ​កម្លាំង​ដៃ​យើង
ហើយ​ដោយ​ប្រាជ្ញា​របស់​យើង​ដែរ
ដោយ​យើង​មាន​យោបល់​ពិត
យើង​បាន​ដក​ព្រំ‌ដែន​នៃ​សាសន៍​ទាំង​ប៉ុន្មាន​ចោល
ក៏​បាន​រឹប​យក​ទ្រព្យ‌សម្បត្តិ​គេ
ហើយ​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន
គឺ​បាន​ទម្លាក់​ស្តេច​ដែល​អង្គុយ​លើ​បល្ល័ង្ក​បង់
14ដៃ​យើង​យក​បាន​ទ្រព្យ‌សម្បត្តិ​នៃ​អស់​ទាំង​សាសន៍
ដូច​ជា​យក​បាន​សម្បុក​សត្វ ក៏​ដូច​ជា​ប្រមូល​ពង​សត្វ
ដែល​មេ​ចោល​ហើយ ជា​យ៉ាង​ណា
យើង​ក៏​បាន​ប្រមូល​រួប​រួម​លោក​ទាំង​មូល​យ៉ាង​នោះ​ដែរ
ឥត​មាន​ណា​មួយ​កម្រើក​ស្លាប ឬ​ហា​មាត់
ឬ​ស្រែក​ចេក‌ចាច​ឡើយ»។
15ឯ​ពូថៅ តើ​នឹង​អួត​ខ្លួន ចំពោះ​អ្នក​ដែល​ប្រើ​វា​ឬ?
តើ​រណារ​នឹង​តម្កើង​ខ្លួន​ចំពោះ​អ្នក​ដែល​អារ​ដែរ​ឬ?
នេះ​ឧបមា​ដូច​ជា​រំពាត់​ដែល​នឹង​យារ
អ្នក​ដែល​លើក​វា​ឡើង
ឬ​ដូច​ជា​ដំបង​នឹង​លើក​មនុស្ស​ឡើង
ជា​មនុស្ស​ដែល​មិន​មែន​ធ្វើ​ជា​ឈើ​ផង
16ហេតុ​នោះ ព្រះ‌អម្ចាស់​ជា​ព្រះ‌យេហូវ៉ា
នៃ​ពួក​ពល‌បរិវារ
ព្រះ‌អង្គ​នឹង​ចាត់​សេចក្ដី​ស្គម‌រីង​រៃ​ទៅ​ក្នុង​ចំណោម
ពួក​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ពូកែ​របស់​គេ
ហើយ​នៅ​ក្រោម​សិរី‌ល្អ​របស់​គេ
នោះ​នឹង​ឆួល​ឡើង​ដូច​ជា​ភ្លើង​ឆេះ។
17ឯ​ពន្លឺ​នៃ​សាសន៍​អ៊ីស្រា‌អែល
នោះ​នឹង​បាន​សម្រាប់​ជា​ភ្លើង
ហើយ​ព្រះ​ដ៏​បរិសុទ្ធ​របស់​គេ​ជា​អណ្ដាត​ភ្លើង
ភ្លើង​នោះ​នឹង​ឆេះ​ឡើង បន្សុស​បន្លា
និង​អញ្ចាញ​របស់​គេ​នៅ​ថ្ងៃ​តែ​មួយ។
18ព្រម​ទាំង​ធ្វើ​ឲ្យ​លម្អ​នៃ​ព្រៃ
និង​ចម្ការ​ដុះ‌ដាល​របស់​គេ​សាប‌សូន្យ​ទៅ
ទាំង​ព្រលឹង និង​រូប​កាយ​របស់​គេ​ផង
នឹង​បាន​ដូច​ជា​មនុស្ស​កើត​ជំងឺ
ដែល​នាំ​ឲ្យ​ខ្លួន​រីង‌រៃ​ស្លាប់​ទៅ។
19ឯ​សំណល់​ដើម​ឈើដែល​សល់​នៅ​ក្នុង​ព្រៃ​របស់​គេ
នឹង​បាន​តិច​ណាស់ បាន​ជា​កូន​ក្មេង​នឹង​អាច​កត់​ទុក​បាន។
ប្រជាជន​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់
20នៅ​ថ្ងៃ​នោះ សំណល់​ពួក​សាសន៍​អ៊ីស្រា‌អែល និង​អស់​អ្នក​ក្នុង​ពូជ‌ពង្ស​យ៉ាកុប​ដែល​បាន​រួច​ខ្លួន​មក គេ​នឹង​លែង​ពឹង​ផ្អែក​មនុស្ស​ដែល​បាន​វាយ​គេ​ត​ទៅ ហើយ​នឹង​ផ្អែក​លើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសាន៍​អ៊ីស្រា‌អែល​ដោយ​ពិត​ត្រង់​វិញ 21ឯ​ពួក​ដែល​សល់ គឺ​ជា​សំណល់​នៃ​ពួក​យ៉ាកុប គេ​នឹង​ត្រឡប់​មក​ឯ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​វិញ 22ឱ​អ៊ីស្រា‌អែល​អើយ ទោះ​បើ​ជន​ជាតិ​អ្នក​បាន​ដូច​ជា​ខ្សាច់​នៅ​សមុទ្រ​ក៏​ដោយ គង់​តែ​នឹង​មាន​តែ​សំណល់​ប៉ុណ្ណោះ​ដែល​មក​វិញ ដ្បិត​បាន​សម្រេច​ឲ្យ​មាន​ការ​បំផ្លាញ ដោយ​សេចក្ដី​សុចរិត​ដ៏​លើស‌លន់ 23ពី​ព្រោះ​ព្រះ‌អម្ចាស់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​បង្ហើយ​ការ​បំផ្លាញ​សព្វ​គ្រប់​នៅ​កណ្ដាល​ស្រុក​ទាំង​មូល ដូច​ជា​បាន​សម្រេច​ហើយ។
24ដូច្នេះ ព្រះ‌អម្ចាស់ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ប្រជា‌រាស្ត្រយើង ដែល​អាស្រ័យ​នៅ​ក្រុង​ស៊ីយ៉ូន​អើយ កុំ​ខ្លាច​ចំពោះ​សាសន៍​អាស‌ស៊ើរ​នោះ​ឡើយ ទោះ‌បី​គេ​វាយ​អ្នក​ដោយ​រំពាត់ ហើយ​លើក​ដំបង​ទាស់​នឹង​អ្នក ដូច​យ៉ាង​សាសន៍​អេស៊ីព្ទ​ក៏​ដោយ 25ដ្បិត​នៅ​តែ​បន្តិច​ទៀត សេចក្ដី​គ្នាន់‌ក្នាញ់​នឹង​បាន​សម្រេច ហើយ​សេចក្ដី​ក្រោធ​របស់​យើង នឹង​បែរ​ទៅ​ជា​បំផ្លាញ​ដល់​គេ​វិញ»។ 26ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​នឹងបញ្ជូន​រំពាត់​មួយ​មក​ទាស់​នឹង​គេ បែប​ដូច​ជា​កាល​ប្រហារ​ជីវិត​សាសន៍​ម៉ាឌាន​នៅ​ត្រង់​ថ្ម​អូរិប ព្រះ‌អង្គ​នឹង​យារ​ដំបង​ពី​លើ​ទឹក​សមុទ្រ ដូច​យ៉ាង​របៀប​នៅ​ស្រុក​អេស៊ីព្ទ​ដែរ។ 27នៅ​ថ្ងៃ​នោះ បន្ទុក​ដែល​គេ​ដាក់​លើ​អ្នក នឹង​បាត់​ចេញ​ពី​ស្មា​អ្នក ហើយ​នឹម​ដែល​គេ​ដាក់​លើ​អ្នក នឹង​ត្រូវ​បំផ្លាញ​ចេញ​ពី​ក​អ្នក​ដែរ។
28គេ​បាន​ឡើង​មក​ដល់​អៃយ៉ាត
គេ​បាន​ដើរ​កាត់​ស្រុក​មីករ៉ូន
មក​ដាក់​អីវ៉ាន់​របស់​គេ​នៅ​ត្រង់​មីកម៉ាស​ហើយ
29គេ​បាន​ឆ្លង​មក​ហួស​ផ្លូវ​កាត់​ភ្នំ
ហើយ​បាន​ឈប់​ស្នាក់​នៅ​ត្រង់​កេបា
ក្រុង​រ៉ាម៉ា​ក៏​ភ័យ‌ញ័រ ហើយ​ពួក​គី‌បៀរ
ជា​ស្រុក​របស់​សូល បាន​រត់​អស់​ហើយ។
30ឱ​កូន​ស្រី​នៃ​ក្រុង​កាលីម​អើយ
ចូរ​បន្លឺ​សំឡេង​ឡើង ឱ​ពួក​ក្រុង​ឡាអ៊ីស​អើយ
ចូរ​ស្តាប់​ចុះ ឱ​ពួក​ក្រុង​អាណា‌ថោត​អើយ
គួរ​អាណិត​អ្នក​ណាស់​ហ្ន៎
31ពួក​ម៉ាតមេ‌ណា​បាន​រត់​រួច​ទៅ​ហើយ
ឯ​ពួក​កេប៊ីម​ក៏​កំពុង​តែ​រត់​ដែរ។
32នៅ​ថ្ងៃ​នេះ​ឯង
ពួក​ខ្មាំង​នឹង​ឈប់​ស្នាក់​នៅ​ត្រង់​ក្រុង​ណូប
គេ​ជន្ល​ដៃ​កំហែង​ភ្នំ​នៃ​កូន​ស្រី​ក្រុង​ស៊ីយ៉ូន
គឺ​ភ្នំ​នៃ​ក្រុង​យេរូ‌សាឡិម។
33ព្រះ‌អម្ចាស់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ព្រះ‌អង្គ​នឹង​ផ្តាច់​មែក​ឈើ ដោយ​សេចក្ដី​ស្ញែង‌ខ្លាច
នោះ​ពួក​ដែល​មាន​កម្ពស់​នឹង​ត្រូវ​កាប់​រំលំ​ចុះ
ហើយ​ពួក​នៅ​ទី​ខ្ពស់​នឹង​ត្រូវ​បន្ទាប​វិញ។
34ព្រះ‌អង្គ​នឹង​ត្រាយ​ព្រៃ​ស្តុក​ដោយ​គ្រឿង​ដែក
ហើយ​ព្រៃ​ល្បាណូន​នឹង​ត្រូវ​ដួល​ទៅ
ដោយ​អំណាច​នៃ​អ្នក​មាន​អានុ‌ភាព។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in