YouVersion Logo
Search Icon

អេសាយ 13

13
ទោស​របស់​រាជា‌ណា‌ចក្រ​បាប៊ី‌ឡូន
1នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ដែល​ហោរា​អេសាយ ជា​កូន​អ័ម៉ូស បាន​ឃើញ​ពី​ស្រុក​បាប៊ី‌ឡូន។
2ចូរ​លើក​ទង់​មួយ​សម្រាប់​អ្នក​រាល់​គ្នា
នៅ​លើ​ភ្នំ​ត្រងិល​ចុះ
ចូរ​បន្លឺ​សំឡេង​ឡើង ហើយ​បោយ​ដៃ​ហៅ
ដើម្បី​ឲ្យ​គេ​បាន​ចូល​ទៅ
តាម​ទ្វារ​របស់​ពួក​មនុស្ស​ដ៏​មាន​ត្រកូល​ខ្ពស់។
3យើង​បាន​បង្គាប់​ដល់​ពួក​បរិសុទ្ធ​របស់​យើង
យើង​បាន​ហៅ​ពួក​ខ្លាំង​ពូកែ​របស់​យើង
សម្រាប់​នឹង​សម្រេច​សេចក្ដី​ក្រោធ​របស់​យើង
គឺ​ជា​ពួក​អ្នក​ដែល​មាន​អំណរ
ចំពោះ​សេចក្ដី​ខ្ពង់‌ខ្ពស់​របស់​យើង។
4មាន​ឮ​សូរ​គឹក‌កង​របស់​មនុស្ស​កក‌កុញ​នៅ​លើ​ភ្នំ
គឺ​ជា​សូរ​ដូច​ជា​ប្រជា‌ជាតិ​យ៉ាង​ធំ
ជា​សូរ​អ៊ឹក‌ធឹក​របស់​នគរ​នៃ​សាសន៍​ទាំង​ប៉ុន្មាន​ប្រជុំ​គ្នា
គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ
ព្រះ‌អង្គ​កំពុង​តែ​ត្រួត‌ត្រា​មើល​ពល‌ទ័ព​សម្រាប់​ចូល​ច្បាំង។
5គេ​មក​ពី​ស្រុក​ឆ្ងាយ
ជា​ប្រទេស​នៅ​ជើង​មេឃ​ទី​បំផុត
គឺ​ព្រះ‌យេហូវ៉ា និង​គ្រឿង​អាវុធ
នៃ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌អង្គ
ដើម្បី​នឹង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល។
6ចូរ​ទ្រហោ​សោក​ពិលាប​ចុះ
ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ
ថ្ងៃ​នេះ​នឹង​មក​ដល់​ទុក​ជា​ការ​បំផ្លាញ
ដែល​មក​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា
7ដោយ​ហេតុ​នោះ
បាន​ជា​ដៃ​មនុស្ស​ទាំង​អស់​នឹង​ត្រូវ​ខ្សោយ
ហើយ​ចិត្ត​នៃ​មនុស្ស​ទាំង​អស់​នឹង​រលត់​ទៅ
8គេ​នឹង​ស្រយុត​ចិត្ត​ទៅ
សេចក្ដី​ឈឺ​ចាប់​និង​សេចក្ដី​ទុក្ខ​លំបាក​នឹង​ចាប់​គេ​បាន
គេ​នឹង​ឈឺ​ចាប់ ដូច​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន
គេ​នឹង​ស្រឡាំង‌កាំង មើល​គ្នា​ទៅ​វិញ​ទៅ​មក
ហើយ​មាន​ទឹក​មុខ​ស្រមេះ។
9មើល៍ ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​មក​ដល់
ជា​ថ្ងៃ​ដ៏​សហ័ស​ដោយ​សេចក្ដី​ក្រោធ
និង​កំហឹង​យ៉ាង​ខ្លាំង
ដើម្បី​នឹង​បំផ្លាញ​ស្រុក​ឲ្យ​រលីង
ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​បាប​សូន្យ​ចេញ។
10ពី​ព្រោះ​អស់​ទាំង​ផ្កាយ​នៅ​លើ​មេឃ​និង​ផ្កាយ​ចក្រ‌រាសី
នឹង​លែង​បញ្ចេញ​ពន្លឺ
ព្រះ‌អាទិត្យ​នឹង​ងងឹត តាំង​តែ​ពី​រះ​ឡើង
ហើយ​ព្រះ‌ចន្ទ​ក៏​នឹង​អាប់​រស្មី​ទៅ​ដែរ។
11យើង​នឹង​ធ្វើ​ទោស​ដល់​លោកីយ
ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​គេ
ព្រម​ទាំង​មនុស្ស​ដែល​ប្រព្រឹត្ត​បទ​អាក្រក់
ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​ដែរ
យើង​នឹង​បំបាត់​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​ពួក​អំនួត
ហើយ​នឹង​បន្ទាប‌បន្ថោក​ឫក​ខ្ពស់
របស់​មនុស្ស​កាច​អាក្រក់។
12យើង​នឹង​ធ្វើ​ឲ្យ​កម្រ​មាន​មនុស្ស
ដូច​ជា​កម្រ​មាន​មាស​សុទ្ធ​ដែរ
គឺ​នឹង​ឲ្យ​មនុស្ស​មួយ​នាក់​កម្រ​មាន
ជា​ជាង​មាស​ពី​ស្រុក​អូភារ​ទៅ​ទៀត។
13ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ញាប់‌ញ័រ
ហើយ​ផែនដី​នឹង​ត្រូវ​កក្រើក​រំពើក​ចេញ​ពី​កន្លែង​ធម្មតា
គឺ​ក្នុង​គ្រា​នៃ​សេចក្ដី​ក្រោធ
របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ហើយ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ។
14នោះ​គេ​នឹង​បាន​ដូច​ជា​ប្រើស​ដែល​ត្រូវ​គេ​ប្រដេញ
ហើយ​ដូច​ជា​ហ្វូង​ចៀម​ដែល​ឥត​មាន​គង្វាល
គ្រប់​គ្នា​នឹង​វិល​ទៅ​ឯ​សាសន៍​របស់​ខ្លួន​វិញ
ហើយ​រត់​ទៅ​ឯ​ស្រុក​របស់​ខ្លួន​គ្រប់ៗ​គ្នា។
15ឯ​អស់​អ្នក​ដែល​ត្រូវ​ប្រទះ​ឃើញ
នោះ​នឹង​ត្រូវ​ចាក់​ទម្លុះ
ហើយ​អស់​អ្នក​ណា​ដែល​ត្រូវ​ចាប់​បាន
នោះ​នឹង​ត្រូវ​ដួល​ដោយ​ដាវ។
16កូន‌ង៉ែត​របស់​គេ​នឹង​ត្រូវ​បោក​ខ្ទេច‌ខ្ទី​នៅ​ចំពោះ​មុខ
ផ្ទះ​គេ​នឹង​ត្រូវ​រឹប‌អូស
ឯ​ប្រពន្ធរបស់​គេនឹង​ត្រូវ​គេ​ចាប់​រំលោភ។
17មើល៍ យើង​នឹង​ញុះ‌ញង់​សាសន៍​មេឌី​ឲ្យ​ទាស់​នឹង​គេ
ជា​សាសន៍​ដែល​មិន​រាប់‌អាន​ប្រាក់
សូម្បី​តែ​មាស​ក៏​មិន​មាន​ចិត្ត​រីក‌រាយ​ដែរ។
18ឯ​ធ្នូ​របស់​សាសន៍​នោះ​នឹង​ផ្តួល​ពួក​កំលោះៗ
អស់​រលីង​ទៅ
គេ​នឹង​ឥត​មាន​មេត្តា​ចំពោះ​ផល​កើត​ពី​ផ្ទៃ​ឡើយ
ភ្នែក​គេ​មិន​ចេះ​ប្រណី​ដល់​ពួក​ក្មេងៗ​ដែរ។
19នោះ​ក្រុង​បាប៊ី‌ឡូន​ដែល​ជា​សិរី‌ល្អ​នៃ​អស់​ទាំង​នគរ
ហើយ​ជា​ទី​លម្អ​នៃ​សេចក្ដី​អំនួត​របស់​សាសន៍​ខាល់ដេ
នឹង​ត្រូវ​ដូច​ជា​កាល​ព្រះ​បាន​រំលាង​ក្រុង​សូដុម
និង​ក្រុង​កូម៉ូរ៉ាដែរ។
20ក្រុង​នោះ​នឹង​គ្មាន​អ្នក​ណា​នៅ​តទៅ​ទៀត​ឡើយ
ក៏​មិន​ដែល​មាន​អ្នក​ណា​អាស្រ័យ​នៅ
ដរាប​ដល់​អស់​ទាំង​តំណ​មនុស្ស​ត​ទៅ
ទោះ​ទាំង​សាសន៍​អារ៉ាប់
គេ​ក៏​មិន​ដំឡើង​ត្រសាល​នៅ​ទី​នោះ
ហើយ​ពួក​គង្វាល​ក៏​មិន​នាំ​ហ្វូង​សត្វ
របស់​គេ​ទៅ​ដេក​នៅ​ទី​នោះ​ដែរ។
21គឺ​នឹង​មាន​តែ​សត្វ​ដែល​នៅ​ទី​រហោ‌ស្ថាន
បាន​ដេក​នៅ​ទី​នោះ​វិញ
ឯ​ផ្ទះ​គេ​នឹង​មាន​ពេញ​ដោយ​សំឡេង​សត្វ​យំ
សត្វ​អូទ្រុស​នឹង​អាស្រ័យ​នៅ
ហើយ​ពពែ​ព្រៃ​នឹង​លោត​កញ្ឆេង​នៅ​ទី​នោះ។
22ហ្វូង​ឆ្កែ​ព្រៃ​នឹង​លូន​នៅ​ក្នុង​ដំណាក់​របស់​គេ
ហើយ​ស្វាន​នឹង​នៅ​ក្នុង​មន្ទីរ​ជា​ទី​សប្បាយ​របស់​គេ​ដែរ
ឯ​ពេល​វេលា​របស់​ទី​ក្រុង​នោះ ក៏​ជិត​ដល់​ហើយ
ថ្ងៃ​កំណត់​នឹង​មិន​បន្ថយ​ប៉ុន្មាន​ទេ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in