YouVersion Logo
Search Icon

អេសាយ 16

16
1ចូរ​យក​កូន​ចៀម​ទាំង​ប៉ុន្មាន
ដែល​សម្រាប់​អ្នក​គ្រប់‌គ្រង​លើ​ស្រុក
ចាប់​តាំង​ពី​ក្រុង​សេឡា រហូត​ដល់​ទី​រហោ‌ស្ថាន
ផ្ញើ​ទៅ​ឯ​ភ្នំ​នៃ​ពួក​កូន​ស្រី​ស៊ីយ៉ូន។
2ដ្បិត​ពួក​កូន​ស្រី​សាសន៍​ម៉ូអាប់
នឹង​នៅ​ត្រង់​ផ្លូវ​ឆ្លង​ស្ទឹង​អើណូន
ប្រៀប​ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ​ទៅ​មក
ហើយ​ដូច​ជា​កូន​សត្វ​ដែល​ពង្រាត់​ពី​សម្បុក។
3ចូរ​ជួយ​ប្រឹក្សា ហើយ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ចុះ
ចូរ​ធ្វើ​ឲ្យ​ស្រមោល​អ្នក​បាន​ដូច​ជា​ពេល​យប់
នៅ​វេលា​ថ្ងៃ​ត្រង់
ចូរ​បំពួន​ពួក​អ្នក​ដែល​ត្រូវ​ពង្រាត់​ចេញ​ពី​ស្រុក
ហើយ​កុំ​ឲ្យ​ក្បត់​ពួក​អ្នក​ដែល​រត់​យោង​ខ្លួន​ឡើយ។
4ចូរ​ឲ្យជន​ភាស​ខ្លួននៃ​សាសន៍​ម៉ូអាប់
អាស្រ័យ​នៅ​ជា‌មួយ​អ្នក​ចុះ
ចូរ​គ្រប​បាំង​គេឲ្យ​រួច​ពី​អ្នក​បំផ្លាញ
ទាល់​តែ​ពួក​រឹប‌ជាន់​បាន​សូន្យ​បាត់
ហើយ​ពួក​ញាំ‌ញី​បាន​អន្តរធាន​ចេញ​ពី​ស្រុក​អស់​ទៅ
5ពេល​នោះ មាន​បល្ល័ង្ក​មួយ​តាំង​ឡើង
ដោយ​សេចក្ដី​សប្បុរស
ហើយ​ស្តេច​មួយ​អង្គ​ក្នុង​ពូជ‌ពង្ស​របស់​ដាវីឌ
នឹង​គង់​លើ​បល្ល័ង្ក​នោះដោយ​សេចក្ដី​ពិត
ទាំង​ជំនុំ‌ជម្រះ ហើយ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌
ជា​អ្នក​ដែល​រហ័ស​នឹង​ធ្វើ​តាម​សេចក្ដី​សុចរិត។
6យើង​បាន​ឮ​ពី​អំនួត​របស់​សាសន៍​ម៉ូអាប់
គេ​ជា​អ្នក​អួត‌អាង​ណាស់
គេ​ឆ្មើង‌ឆ្មៃ អំនួត និង​ក្រេវ‌ក្រោធ​ផង
តែ​ការ​អួត‌អាង​របស់​គេ​ជា​ការ​ឥត​ប្រយោជន៍​ទេ។
7ហេតុ​នោះ​បាន​ជា​សាសន៍​ម៉ូអាប់​នឹង​យំ​ពិលាប
ចំពោះ​សាសន៍​របស់​ខ្លួន គ្រប់​គ្នា​នឹង​ទ្រហោ‌យំ
អ្នក​រាល់​គ្នា​នឹង​យំ​ស្តាយ​ចំពោះ​ផែន​ទំពាំង‌បាយ‌ជូរ
នៃ​ក្រុង​គារ-ហារ៉ា​សែត ដោយ​ចិត្ត​ក្តួល។
8ដ្បិត​ចម្ការ​នៃ​ក្រុង​ហែស‌បូន សុទ្ធ​តែ​ស្រពោន​ទៅ
ព្រម​ទាំង​ដើម​ទំពាំង‌បាយ‌ជូរ​នៃ​ក្រុង​ស៊ីបម៉ា​ដែរ
ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន
គេ​បាន​កាច់​បំបាក់​ខ្នែង​ល្អ​បំផុត
ដែល​បាន​លូត​រហូត​ដល់​ក្រុង​យ៉ាស៊ើរ
ហើយ​វារ​ប្រទាក់​ទៅ​ក្នុង​ទី​រហោ‌ស្ថាន
លំពង់​ក៏​លូត​ទៅ​តែ​ពាស កាត់​ទាំង​សមុទ្រ​ផង។
9ដូច្នេះ យើង​នឹង​យំ​ចំពោះ​ដើម​ទំពាំង‌បាយ‌ជូរ
នៃ​ក្រុង​ស៊ីបម៉ា ដូច​ជា​ការ​យំ​របស់​ពួក​យ៉ាស៊ើរ​ដែរ
ឱ​ក្រុង​ហែស‌បូន និង​ក្រុង​អេលាលេ​អើយ
យើង​នឹង​ស្រោច​អ្នក​ដោយ​ទឹក​ភ្នែក
ដ្បិត​សូរ​សម្រែក​របស់​សឹក​សង្គ្រាម
បាន​ធ្លាក់​មក​ចំ​នឹង​ការ​ប្រមូល​ផល
និង​ការ​ច្រូត​កាត់​របស់​អ្នក​ហើយ។
10ដូច្នេះ អំណរ និង​សេចក្ដី​រីក‌រាយ​បាន​ដក​ចេញ
ពី​ស្រែ​ចម្ការ​ដ៏​ដុះ‌ដាល​របស់​អ្នក
នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឥត​មាន​ឮ​សូរ​ច្រៀង
ឬ​សំឡេង​អំណរ​ឡើយ
ក៏​នឹង​គ្មាន​អ្នក​ណា​ជាន់​បញ្ចេញ​ទឹក​ទំពាំង‌បាយ‌ជូរ
នៅ​ក្នុង​ធុង​ដែរ យើង​បាន​បញ្ឈប់​សូរ​សម្រែក
នៃ​ការ​ធ្វើ​ទំពាំង‌បាយ‌ជូរ​ហើយ។
11ហេតុ​នោះ យើង​នឹង​បញ្ចេញ​សូរ​ទំនួញ
ដូច​សូរ​នៃ​ស៊ុង ដោយ​ព្រោះ​ម៉ូអាប់
ហើយ​ចិត្ត​យើង​ដែរ ដោយ​ព្រោះ​គារ-ហារ៉ាសែត។
12កាល​ណា​ម៉ូអាប់​ឡើង​ទៅ​ឯ​ទី​ខ្ពស់ ហើយ​នឿយ​ហត់​ដោយ​ការ​ថ្វាយ​បង្គំ ព្រម​ទាំង​ចូល​ទៅ​អធិ‌ស្ឋាន​ក្នុង​ទី​បរិសុទ្ធ​ផង នោះ​ក៏​មិន​បាន​អ្វី​ឡើយ។
13នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពី​សាសន៍​ម៉ូអាប់។ 14តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ក្នុង​រវាង​បី​ឆ្នាំ រាប់​តាម​ឆ្នាំ​របស់​កូន​ឈ្នួល នោះ​សេចក្ដី​រុងរឿង​ឧត្តម​របស់​សាសន៍​ម៉ូអាប់​នឹង​ត្រូវ​គេ​មើល‌ងាយ​វិញ ព្រម​ទាំង​ប្រជាជន​កុះ‌ករ​របស់​គេ​ផង។ ឯ​អ្នក​ដែល​នៅ​សល់ មាន​តិច​តួច​ណាស់ ហើយ​ខ្សោយ​ផង។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for អេសាយ 16