YouVersion Logo
Search Icon

អេសាយ 23

23
ទំនាយ​ពី​ការ​ដាក់​ទោស​ក្រុង​ទីរ៉ុស
1នេះ​ជា​ទំនាយ​អំពី​ដំណើរ​ក្រុង​ទីរ៉ុស។
ឱ​នាវា​ពី​ស្រុក​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ
ដ្បិត​ក្រុង​ទីរ៉ុស​ត្រូវ​បំផ្លាញ​ហើយ ឥត​មាន​ផ្ទះ
ឬ​កន្លែង​ចូល​សំចត​ណា​នៅ​សល់​ឡើយ!
គេ​បាន​ឮ​ដំណឹង​នោះ​ចាប់​តាំង​ពី​ស្រុក​គីប្រុស។
2ចូរនៅ​ស្ងៀម​ចុះ
ឱ​ពួក​អ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ
ឱ​ពួក​ឈ្មួញ​ពី​ក្រុង​ស៊ីដូន​អើយ
ពួក​អ្នក​នាំ​សារ​របស់​អ្នក​រាល់​គ្នា
បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ
3និង​នៅ​លើមហា​សាគរ
ហើយ​កម្រៃ​របស់​អ្នក គឺ​ជា​ស្រូវ​ពី​ស្រុក​ស៊ីហោរ
ជា​ចម្រូត​តាម​ដង​ទន្លេ​នីល
អ្នក​រាល់​គ្នា​ជា​ឈ្មួញ​នៃ​សាសន៍​ទាំង​នោះ។
4ឱ​ក្រុង​ស៊ីដូន​អើយ ចូរ​មាន​សេចក្ដី​ខ្មាស​ចុះ
ដ្បិត​សមុទ្រ​បាន​ពោល​ហើយ
គឺ​ទី​មាំ‌មួន​នៃ​សមុទ្រ​បាន​ថា
យើង​មិន​បាន​ឈឺ​ចាប់ ឬ​សម្រាល​កូន​ឡើយ
ក៏​មិន​បាន​ចិញ្ចឹម​មនុស្ស​កំលោះ ឬ​ស្រី​ក្រមុំ​ដែរ
5កាល​ណា​ដំណឹង​នេះ​បាន​ឮ​ទៅ​ដល់​ស្រុក​អេស៊ីព្ទ
នោះ​គេ​នឹង​សោក‌សៅ​ជា​ពន្លឹក
ដោយ‌សារ​ដំណឹង​ពី​ក្រុង​ទីរ៉ុស​នោះ
6ឱ​ពួក​អ្នក​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ
ចូរ​ទ្រហោ‌យំ​ចុះ ហើយ​ឆ្លង​ទៅ​ឯ​ស្រុក​តើស៊ីស​ទៅ
7នេះ​ឬ ដែល​ជា​ទី​ក្រុង​អរ​សប្បាយ​របស់​អ្នក​រាល់​គ្នា
ដែល​មាន​កំណើត​តាំង​ពី​ចាស់​បុរាណ​មក
ហើយ​ដែល​ជើង​បាន​នាំ​ទៅ​អាស្រ័យ
នៅ​ឯ​ស្រុក​ឆ្ងាយ​នោះ?
8តើ​អ្នក​ណា​បាន​សម្រេច​នឹង​ធ្វើ​ការ​នេះ​ដល់​ក្រុង​ទីរ៉ុស
គឺ​ជា​ក្រុង​ដែល​ធ្លាប់​បំពាក់​មកុដ​ដល់​គេ
ហើយ​ដែល​ពួក​ជំនួញ​សុទ្ធ​តែ​ជា​ចៅ‌ហ្វាយ
ហើយ​អ្នក​ជួញ​ប្រែ​ជា​មនុស្ស​អ្នក​ធំ​នៅ​ផែនដី​នោះ?
9គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ដែល​បាន​សម្រេច​នឹង​ធ្វើ​ការ​នេះ​ទេ
ដើម្បី​នឹង​បង្អាប់​សេចក្ដី​អំនួត
របស់​គ្រប់​ទាំង​ការ​រុងរឿង​ឧត្តម
ហើយ​នឹង​បន្ទាប​បណ្ដា​សក្តិ​ទាំង​ប៉ុន្មាន
ដែល​នៅ​ផែនដី​ផង។
10ឱ​នាវា​មក​ពី ស្រុក​តើ​ស៊ីស​អើយ
ចូរ​ធ្វើ​ដំណើរ​ឆ្លងទៅ​ស្រុក​របស់​អ្នក​វិញ​ចុះ
នេះ​មិន​មែន​ជា​កន្លែង​សំចត ទៀត​ឡើយ។
11ព្រះ‌អង្គ​បាន​លូក​ព្រះ‌ហស្ត​ទៅ​លើ​សមុទ្រ
ព្រះ‌អង្គ​បាន​អង្រួន​គ្រប់​ទាំង​នគរ
ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ពី​ដំណើរ​ស្រុក​កាណាន
ឲ្យ​បំផ្លាញ​ក្រុង​មាំ‌មួន​របស់​គេ
12ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖
ឱ​កូន​ក្រមុំ​នៃ​ក្រុង​ស៊ីដូន​ដែល​ត្រូវ​សង្កត់‌សង្កិន​អើយ
អ្នក​នឹង​មិន​រីក‌រាយ​សប្បាយ​ទៀត​ទេ
ចូរ​ក្រោក​ឡើង ឆ្លង​ទៅ​ឯ​ស្រុក​គីទីម​ចុះ
តែ​នៅ​ទី​នោះ គង់​តែ​មិន​បាន​ស្រាក‌ស្រាន្ត​ដែរ។
13ចូរ​មើល​ទៅ​ស្រុក​ខាល់ដេ! នេះ​ជា​ប្រជា​ជន ដែល​មិន​មែន​ជា​សាសន៍​អាស‌ស៊ើរ។ គេ​បាន​តម្រូវ​ឲ្យ​ក្រុង​ទីរ៉ុស​ក្លាយ​ជា​ជម្រក​របស់​សត្វ​ព្រៃ។ គេ​បាន​ដំឡើង​ប៉ម​ចាំ​យាម​របស់​គេ គេ​បាន​រំលំ​ដំណាក់ទាំង​ប៉ុន្មាន​នៃ​ក្រុង​ទីរ៉ុស គេ​បំផ្លាញ​ក្រុង​នោះ​អស់​រលីង។
14ឱ​ពួក​នាវា​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ
ដ្បិត​ទី​មាំ‌មួន​របស់​អ្នក​បាន​ត្រូវ​បំផ្លាញ​ហើយ។
15នៅ​គ្រា​នោះ មនុស្ស​នឹង​ភ្លេច​ក្រុង​ទីរ៉ុស​គ្រប់​ចិត​សិប​ឆ្នាំ តាម​ព្រះ‌ជន្ម​នៃ​ស្តេច​មួយ​អង្គ លុះ​ផុត​ពី​ចិត​សិប​ឆ្នាំ​ហើយ នោះ​នឹង​កើត​ដល់​ក្រុង​ទីរ៉ុស ដូច​ជា​សេចក្ដី​ដែល​ថ្លែង​ប្រាប់​ក្នុង​បទ​ចម្រៀង​របស់​ស្រី​ពេស្យា៖
16«ឱ​ស្រី​ពេស្យា​ដែល​គេ​ភ្លេច​អើយ
ចូរ​កាន់​ស៊ុង​ដើរ​ចុះ​ឡើង​ក្នុង​ទី​ក្រុង
ហើយ​លេង​ភ្លេង​យ៉ាង​ពីរោះ​ចុះ
ព្រម​ទាំង​ច្រៀង​ឡើង​ជា​ច្រើន​បទ​ផង
ដើម្បី​ឲ្យ​គេ​នឹក​ចាំ​ពី​អ្នក​ឡើង​វិញ»។
17លុះ​ដល់​ផុត​ចិត​សិប​ឆ្នាំ នោះ​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ក្រុង​ទីរ៉ុស ហើយ​ក្រុង​នោះ​នឹង​ត្រឡប់​ទៅ​ឯ​ការ​ស៊ី​ឈ្នួល​ដូច​ដើម​វិញ ព្រម​ទាំង​ធ្វើ​ពេស្យា​គ្រប់​ទាំង​នគរ​របស់​លោកីយ ដែល​នៅ​លើ​ផែនដី​ផង។ 18ឯ​ការ​ជំនួញ និង​ឈ្នួល​របស់​គេ នឹង​បាន​ជា​សេចក្ដី​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា គេ​នឹង​មិន​ប្រមូល​ទុក​ទៀត​ទេ គឺ​ទំនិញ​របស់​គេ​នឹង​បាន​សម្រាប់​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​គេ​បាន​ឆ្អែត ហើយ​សម្រាប់​ជា​សម្លៀក‌បំពាក់​យ៉ាង​ជាប់‌លាប់​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for អេសាយ 23