អេសាយ 41
41
ព្រះអម្ចាស់ជាទីពឹងផ្អែករបស់ជនជាតិអ៊ីស្រាអែល
1ឱកោះទាំងប៉ុន្មានអើយ ចូរនៅស្ងៀមនៅមុខយើងចុះ
ហើយឲ្យប្រជាជាតិទាំងឡាយបានចម្រើនកម្លាំងឡើង
ត្រូវឲ្យគេចូលមកជិត រួចឲ្យគេនិយាយចុះ
ចូរយើងមូលគ្នាមកវិនិច្ឆ័យសម្រេចក្តីយើង។
2តើអ្នកណាបានលើកម្នាក់ឡើងពីទិសខាងកើត
ទាំងហៅមកដល់ជើងខ្លួនក្នុងសេចក្ដីសុចរិត
ព្រមទាំងប្រគល់អស់ទាំងសាសន៍ដល់អ្នកនោះ
ហើយលើកឲ្យគ្រប់គ្រងលើអស់ទាំងស្តេចផង
ក៏យកគេដូចជាធូលី ប្រគល់ដល់ដាវរបស់អ្នកនោះ
ហើយដូចជាចំបើង ដែលត្រូវផាត់តាមខ្យល់
ដោយធ្នូដែរ។
3អ្នកនោះដេញតាមគេ ក៏ដើរដោយសុខសាន្ត
ទៅតាមផ្លូវដែលជើងខ្លួនមិនដែលជាន់ឡើយ
4តើអ្នកណាបានធ្វើ ហើយសម្រេចការនេះ
ដោយហៅអស់ទាំងតំណមនុស្សតាំងពីដើមមក
គឺយើង យេហូវ៉ានេះ ដែលជាដើម
ហើយជាអ្នកនៅជាមួយមនុស្សជាន់ក្រោយបង្អស់ដែរ
គឺយើងនេះហើយ
5កោះទាំងប៉ុន្មានបានឃើញ ហើយក៏ភ័យខ្លាច
អស់ទាំងចុងផែនដីក៏ញាប់ញ័រ គេនាំគ្នាចូលមកជិត។
6គេជួយគ្នាទៅវិញទៅមក
ហើយគ្រប់គ្នានិយាយដល់បងប្អូនខ្លួនថា
"ចូរមានចិត្តក្លាហានឡើង"
7ដូច្នេះ ជាងឈើគេកម្លាចិត្តជាងទង
ហើយអ្នកដែលផែដោយញញួរ
ក៏កម្លាចិត្តដល់អ្នកដែលដំដែក
ដោយនិយាយពីការផ្សាថា
នេះល្អហើយ រួចក៏វាយភ្ជាប់ដោយដែកគោល
ដើម្បីមិនឲ្យរើទៅឯណាឡើយ។
8តែអ្នក ឱអ៊ីស្រាអែល ជាអ្នកបម្រើយើងអើយ
ព្រមទាំងយ៉ាកុប ដែលយើងបានរើស
ជាពូជអ័ប្រាហាំ ដ៏ជាសម្លាញ់របស់យើងផង
9គឺអ្នកដែលយើងបានចាប់នាំមកពីចុងផែនដី
ហើយបានហៅមកពីទីឆ្ងាយបំផុត
ដោយនិយាយនឹងអ្នកថា
អ្នកជាអ្នកបម្រើរបស់យើង
យើងបានរើសអ្នក មិនមែនបោះបង់ចោលអ្នកទេ
10កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក
កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក
យើងនឹងចម្រើនកម្លាំងដល់អ្នក
យើងនឹងជួយអ្នក
យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
11មើល៍ អស់អ្នកដែលខឹងក្តៅក្រហាយនឹងអ្នក
គេនឹងត្រូវខ្មាស ហើយជ្រប់មុខនៅ
ពួកអ្នកដែលតតាំងនឹងអ្នក
គេនឹងបានដូចជាទទេសោះ
ហើយនឹងត្រូវវិនាសសូន្យទៅ។
12អ្នកនឹងរកគេ គឺពួកអ្នកដែលតតាំងនឹងអ្នកនោះ
តែមិនប្រទះឃើញឡើយ
ឯពួកអ្នកដែលច្បាំងនឹងអ្នក គេនឹងបានដូចជាទទេសោះ
ហើយដូចជារបស់ដែលគ្មានផង។
13ដ្បិតយើងនេះ គឺយេហូវ៉ាជាព្រះនៃអ្នក
យើងនឹងកាន់ដៃស្តាំអ្នក ដោយពោលនឹងអ្នកថា
កុំឲ្យភ័យខ្លាចឡើយ យើងនឹងជួយអ្នក
14ឱយ៉ាកុបជាដង្កូវអើយ កុំឲ្យខ្លាចឡើយ
ហើយអ្នករាល់គ្នា ជាពូជពង្សអ៊ីស្រាអែលដែរ
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
«យើងនឹងជួយអ្នក ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
ព្រះអង្គជាអ្នកប្រោសលោះអ្នក។
15មើល៍! យើងបានយកអ្នកធ្វើជាគ្រឿងបញ្ជាន់យ៉ាងថ្មី
ហើយមុត ដែលមានធ្មេញ
អ្នកនឹងបញ្ជាន់អស់ទាំងភ្នំធំ ព្រមទាំងវាយកម្ទេច
ហើយអ្នកនឹងធ្វើឲ្យភ្នំតូចទាំងប៉ុន្មានដូចជាអង្កាម។
16អ្នកនឹងរោយគេ ហើយខ្យល់នឹងផាត់បាត់ទៅ
ឯខ្យល់កួច នឹងកម្ចាត់កម្ចាយគេអស់ទៅដែរ
អ្នកនឹងមានសេចក្ដីរីករាយក្នុងព្រះយេហូវ៉ា
អ្នកនឹងយកព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
ជាទីអួតរបស់អ្នក។
17ពួកក្រីក្រ និងពួកកម្សត់ទុគ៌ត គេរកទឹក
តែគ្មានសោះ
គេខះកដោយស្រេកទឹក
ឯយើង គឺព្រះយេហូវ៉ា យើងនឹងតបឆ្លើយនឹងគេ
យើងនេះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល
យើងនឹងមិនបោះបង់ចោលគេឡើយ។
18យើងនឹងបើកផ្លូវទឹកឲ្យហូរនៅលើទីខ្ពស់ត្រងិល
ហើយនឹងទឹកផុសនៅកណ្ដាជ្រលងភ្នំ
យើងនឹងធ្វើឲ្យទីរហោស្ថានត្រឡប់ទៅជាត្រពាំងទឹក
ហើយឲ្យដីហួតហែងមានរន្ធទឹកហូរ
19យើងនឹងធ្វើឲ្យដើមតាត្រៅ ដើមនាងនួន
ដើមពពាលខែ និងដើមសំរោង ដុះនៅទីរហោស្ថាន
យើងនឹងដាំដើមកកោះ ដើមស្រល់ និងដើមស្រឡៅ
ជាមួយគ្នានៅទីសមុទ្រខ្សាច់។
20ដើម្បីឲ្យគេបានឃើញ ហើយដឹង
ព្រមទាំងពិចារណាយល់ជាមួយគ្នាថា
គឺព្រះហស្តនៃព្រះយេហូវ៉ាដែលបានសម្រេចការនោះ
គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលដែលបង្កើតឡើង»។
ព្រះអម្ចាស់ជំទាស់នឹងព្រះក្លែងក្លាយ
21ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
«ចូរសម្ដែងដើមហេតុនៃរឿងអ្នកមក»
មហាក្សត្រនៃពួកយ៉ាកុប
ព្រះអង្គមានព្រះបន្ទូលថា៖
«ចូររៀបរាប់តាមលំអានរបស់អ្នកទាំងប៉ុន្មានចុះ។
22ត្រូវឲ្យគេបញ្ចេញសេចក្ដីទាំងនោះមក
ហើយប្រាប់យើងរាល់គ្នាពីការដែលកើតឡើង
ឲ្យបានដឹង ចូរសប្រាប់ពីកាលដែលកើតមាន
កាលពីដើម ជាយ៉ាងណា
ដើម្បីឲ្យយើងរាល់គ្នាបានពិចារណា
ឲ្យដឹងចុងបំផុតនៃការទាំងនោះ
ឬបង្ហាញឲ្យយើងឃើញពីការនៅខាងមុខចុះ។
23ចូរសម្ដែងប្រាប់ពីការដែលត្រូវកើតមកនៅខាងមុខនោះ
ដើម្បីឲ្យយើងរាល់គ្នាបានដឹងថា អ្នករាល់គ្នាជាព្រះមែន
ចូរធ្វើការអ្វីមួយ ទោះល្អ ឬអាក្រក់ក្តី
ដើម្បីឲ្យយើងរាល់គ្នាបានស្ងើច ហើយឃើញជាមួយគ្នា។
24អ្នករាល់គ្នាមិនមែនជាអ្វីទេ
ហើយការរបស់អ្នករាល់គ្នាក៏ជាទទេសោះ
អ្នកណាដែលរើសយកអ្នករាល់គ្នា
នោះគួរខ្ពើមឆ្អើមហើយ។
25យើងបានតាំងម្នាក់ពីទិសខាងជើងឡើង
អ្នកនោះបានមកដល់ហើយ
អ្នកនោះនឹងអំពាវនាវរកឈ្មោះយើងពីទិសខាងកើត
ក៏នឹងញាំញីពួកគ្រប់គ្រង ដូចជាគេជាន់បាយអ
ហើយដូចជាជាងស្មូនជាន់ដីឥដ្ឋ។
26តើអ្នកណាបានសម្ដែងសេចក្ដីតាំងពីដើមមក
ដើម្បីឲ្យយើងរាល់គ្នាបានដឹង
ហើយមុនកំណត់ ដើម្បីឲ្យយើងបានពោលថា
អ្នកនោះនិយាយត្រូវមែន
គ្មានអ្នកណាសម្ដែងទេ
គ្មានអ្នកណាបង្ហាញសោះ
គ្មានអ្នកណាឮពាក្យសម្ដីរបស់អ្នករាល់គ្នាឡើយ។
27យើងទេតើដែលបានប្រកាសប្រាប់
ដល់ក្រុងស៊ីយ៉ូនពីដំបូងថា
"មើលន៍! គេមកហើយ"
យើងនឹងឲ្យម្នាក់ដល់ក្រុងយេរូសាឡិម
ជាអ្នកដែលនឹងនាំដំណឹងល្អមក។
28យើងបានសង្កេតមើល
តែមិនឃើញមនុស្សណាមួយសោះ
ទោះទាំងនៅក្នុងពួកទាំងនោះ
ក៏ឥតមានណាមួយ ជាអ្នកប្រឹក្សា
ដែលកាលណាយើងនឹងសួរ
នោះនឹងអាចឆ្លើយមួយម៉ាត់បានឡើយ។
29គេសុទ្ធតែឥតប្រយោជន៍ទទេ
ហើយការរបស់គេក៏អសារឥតការដែរ
រូបសិតរបស់គេសុទ្ធតែជាខ្យល់ ហើយសូន្យទទេ»។
Currently Selected:
អេសាយ 41: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies