YouVersion Logo
Search Icon

អេសាយ 45

45
ព្រះបាទ​ស៊ីរូស​ជាឧបករណ៍​របស់​ព្រះ
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ព្រះបាទ​ស៊ីរូស
ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង​ឡើង​ហើយ
ជា​អ្នក​ដែល​ព្រះ‌អង្គ​កាន់​ដៃ​ស្តាំ
ដើម្បី​ឲ្យ​បាន​បង្ក្រាប​អស់​ទាំង​សាសន៍​នៅ​មុខ​ខ្លួន
ហើយ​បន្ធូរ​ចង្កេះ​ពួក​ស្តេច
ព្រម​ទាំង​បើក​ទ្វារ​នៅ​មុខ​ខ្លួន
រួច​ទ្វារ​ទាំង​នោះ​នឹង​មិន​ត្រូវ​បិទ​វិញ​ឡើយ។
2គឺ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​នឹង​ដើរ​ទៅ​ខាង​មុខ​អ្នក
ហើយ​ពង្រាប​ទី​ខ្ពស់ៗ​ឲ្យ​ស្មើ
យើង​នឹង​បំបាក់​ទ្វារ​លង្ហិន​ឲ្យ​ខ្ទេច‌ខ្ទី
ហើយ​នឹង​ផ្ដាច់​រនុក​ដែក​ផង
3យើង​នឹង​ឲ្យ​ឃ្លាំង​លាក់​កំបាំង
និង​ទ្រព្យ‌សម្បត្តិ​ដែល​កប់​ទុក​ដល់​អ្នក
ដើម្បី​ឲ្យ​អ្នក​បាន​ដឹង​ថា យើង​នេះ គឺ​យេហូវ៉ា
ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ហៅ​អ្នក​តាម​ឈ្មោះ។
4យើង​បាន​ហៅ​អ្នក​តាម​ឈ្មោះ​អ្នក​នេះ
ដោយ​យល់​ដល់​ពួក​យ៉ាកុប​ជា​អ្នក​បម្រើយើង
និង​អ៊ីស្រា‌អែល ជា​អ្នក​ដែល​យើង​បាន​ជ្រើស‌រើស
យើង​បាន​កំណត់​នាម​ត្រកូល​ដល់​អ្នក​ហើយ
ទោះ​បើ​អ្នក​មិន​បាន​ស្គាល់​យើង​ក៏​ដោយ។
5យើង​នេះ​ជា​យេហូវ៉ា គ្មាន​ព្រះ​ណា​ដទៃ​ឡើយ
ក្រៅ​ពី​យើង​ឥត​មាន​ព្រះ​ណា​ទៀត​សោះ
យើង​នឹង​ក្រវាត់​ឲ្យ​អ្នក ទោះ​បើ​អ្នក​មិន​ស្គាល់​យើង​ក៏​ដោយ។
6ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ
ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ​រហូត​ដល់​ទិស​ខាង​ថ្លៃ​លិច​បាន​ដឹង​ថា
ក្រៅ​ពី​យើង​គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ
គឺ​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ឥត​មាន​ព្រះ​ណា​ទៀត​សោះ។
7គឺ​យើង​ដែល​បង្កើត​ពន្លឺ ហើយ​ក៏​ធ្វើ​ឲ្យ​មាន​ងងឹត​ផង
យើង​ធ្វើ​ឲ្យ​មាន​សន្តិ‌សុខ ហើយ​ឲ្យ​មាន​សេចក្ដី​វេទនា​ដែរ
គឺ​យើង​នេះ​ហើយ ជា​យេហូវ៉ា ដែល​ធ្វើ​គ្រប់​ការ​ទាំង​នេះ។
8ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ស្រក់​ទឹក​ពី​លើ​មក
ហើយ​ឲ្យ​ពពក​ចាក់​សេចក្ដី​សុចរិត​ចុះ​មក
ចូរ​ឲ្យ​ផែនដី​ហា​ឡើង ឲ្យ​បាន​បង្កើត​ផល​ជា​សេចក្ដី​សង្គ្រោះ
ហើយ​ឲ្យ​សេចក្ដី​សុចរិត​ពន្លក​ឡើង​ជា‌មួយ​គ្នា
យើង​នេះហើយ​ជា​យេហូវ៉ា
ដែល​បាន​បង្កើត​សេចក្ដី​នោះ​ឡើង។
9វេទនា​ដល់​អ្នក​ណា​ដែល​ត​តាំង​នឹង​ព្រះ
ដែល​បាន​បង្កើត​ខ្លួន​មក
គេ​ជា​ភាជនៈ​មួយ​ក្នុង​ចំណោម​ភាជនៈ​ដែល​ធ្វើ​ពី​ដី។
តើ​ដី​ឥដ្ឋ​ពោល​ទៅ​កាន់​ជាង​ស្មូន​ថា
តើ​អ្នក​កំពុង​ធ្វើ​អ្វី​ហ្នឹង?
ឬ​ថា ថ្វី​ដៃ​របស់​អ្នកគ្មាន​បាន​ការ​អ្វី​ទេ ដែរ​ឬ?
10វេទនា​ដល់​អ្នក​ណា​ដែល​សួរ​ដល់​ឪពុក​ថា
តើ​បាន​បង្កើត​អ្វី​ដូច្នេះ?
ឬ​ដល់​ម្តាយ​ខ្លួន​ថា តើ​បាន​សម្រាល​អ្វី​មក​យ៉ាង​នេះ?»។
11ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល
គឺ​ជា​ព្រះ​ដែល​បង្កើត​គេ​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
«ចូរ​សួរ​យើង​ពី​អស់​ទាំង​ការ​ដែល​ត្រូវ​មក​នៅ​ពេល​ខាង​មុខចុះ
តើ​អ្នក​នឹង​បង្គាប់​យើង​ពី​ដំណើរ​ពួក​កូន​របស់​យើង
និង​ពី​កិច្ច‌ការ​ដែល​ដៃ​របស់​យើង​ធ្វើ​ឬ?
12យើង​បាន​រៀបចំ​ផែនដី
ហើយ​បង្កើត​មនុស្ស​ឲ្យ​អាស្រ័យ​នៅ
គឺ​ដៃ​យើង​ដែល​បាន​លាត​ផ្ទៃ​មេឃ
ហើយ​យើង​បាន​បង្គាប់​ដល់​អស់​ទាំង​ពល‌បរិវារ
ដែល​នៅ​លើ​ស្ថាន​នោះ​ដែរ។
13យើង​បាន​លើក​ស៊ីរូស​នេះ​ឡើង​ដោយ​សេចក្ដី​សុចរិត
យើង​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ផ្លូវ​របស់​គេ​បាន​ត្រង់
គេ​នឹង​សង់​ទី​ក្រុង​របស់​យើង​ឡើង
ហើយ​នឹង​លែង​ពួក​បំបរ‌បង់​របស់​យើង​ឲ្យ​វិល​មក​វិញ
មិន​មែន​ដោយ​ថ្លៃ​លោះ ឬ​រង្វាន់​ណា​ទេ
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ»។
14ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
«កម្រៃ​នៃ​ស្រុក​អេស៊ីព្ទ ហើយ​ផល​ចម្រើន​នៃ​ស្រុក​អេធី‌យ៉ូពី
និង​ពួក​សេបា ជា​មនុស្ស​មាន​មាឌ​ធំ
នឹង​មក​ឯ​អ្នក ហើយ​ខ្លួន​គេ​នឹង​បាន​ជា​របស់​អ្នក​ដែរ
គេ​នឹង​ដើរ​តាម​ក្រោយ​អ្នក គេ​នឹង​ឆ្លង​មក​ទាំង​ជាប់​ច្រវាក់
ហើយ​ទម្លាក់​ខ្លួន​ក្រាប​ចុះ​អង្វរ​ចំពោះ​អ្នក ដោយ​ពាក្យ​ថា
ព្រះ​គង់​ជា‌មួយ​លោក​ពិត
គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ»។
15ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​អើយ
ប្រាកដ​ជា​ព្រះ‌អង្គ​ជា​ព្រះ​ដែល​ពួន​អង្គ។
16ពួក​អ្នក​ដែល​ធ្វើ​រូប​ព្រះ គេ​នឹង​ត្រូវ​ខ្មាស
ហើយ​ជ្រប់​មុខ​ទាំង​អស់​គ្នា
គេ​នឹង​ត្រូវ​បាក់មុខ ដោយ​សេចក្ដី​អៀន​ខ្មាស​ទាំង​អស់​គ្នា។
17តែ​ព្រះ‌យេហូវ៉ា​នឹង​ជួយ​សង្គ្រោះ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​រួច
ដោយ​សេចក្ដី​សង្គ្រោះ​ដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប​ជា‌និច្ច
អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​ខ្មាស
ឬ​ជ្រប់​មុខ​ដរាប​ដល់​អស់​កល្ប​ត​រៀង​ទៅ។
18ដ្បិត​ព្រះ‌យេហូវ៉ា​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ
ជា​ព្រះ​ដែល​ព្រះ‌អង្គ​សូន​ធ្វើ
ហើយ​ប្រតិ‌ស្ឋាន​ផែនដី​ឲ្យមាន​ឡើង
មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ
គឺ​បាន​ជប‌សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
«គឺ​យើង​នេះ​ជា​យេហូវ៉ា ឥត​មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។
19យើង​មិន​បាន​ពោល​ដោយ​សម្ងាត់
ក្នុង​ទី​ងងឹត​នៅ​ផែនដី​ទេ
យើង​មិន​បាន​បង្គាប់​ដល់​ពួក​ពូជ‌ពង្ស​នៃ​យ៉ាកុប​ថា
ចូរ​ខំ​ស្វែង​រក​យើង​ដោយ​ពោល​ជា​ឥត​ប្រយោជន៍​នោះ​ទេ
គឺ​យើង ព្រះ‌យេហូវ៉ា​នេះ យើង​និយាយ​តាម​សុចរិត
យើង​ថ្លែង​ប្រាប់​សេចក្ដី​ដែល​ត្រឹម‌ត្រូវ»។
រូប​ព្រះមិន​អាច​សង្គ្រោះ​បាប៊ីឡូន​បានទេ
20ពួក​អ្នក​ដែល​រួច​ពី​សាសន៍​ដទៃ​អើយ ចូរ​ប្រមូល​គ្នាមក
ហើយ​ចូល​ឲ្យ​ជិត
ពួក​អ្នក​ដែល​លើក​យក​ដុំ​ឈើ​ធ្វើ​ជា​រូប​ព្រះ​ឆ្លា​ក់​របស់​គេ
ហើយ​អធិ‌ស្ឋាន​ដល់​ព្រះ​ដែល​ជួយ​សង្គ្រោះ​ខ្លួន​មិន​បាន
នោះ​ជា​អ្នក​អាប់​ឥត​ប្រាជ្ញា​ទេ។
21ចូរ​ថ្លែង​ប្រាប់ ហើយ​សម្ដែង​ហេតុ​ចេញ​ចុះ
ត្រូវ​ប្រឹក្សា​គ្នា តើ​អ្នក​ណា​បាន​ប្រាប់​ពី​ការ​នេះ
តាំង​ពី​ចាស់​បុរាណ​មក?
តើ​អ្នក​ណា​បាន​ថ្លែងទំនាយ​ទុក តាំង​ពី​យូរ​មក​ហើយ?
តើ​មិន​មែន​យើង​ជា​យេហូវ៉ា​ទេ​ឬ?
ក្រៅ​ពីយើង គ្មាន​ព្រះ​ឯ​ណា​ទៀត ដែល​ជា​ព្រះ​សុចរិត
ហើយ​ជា​ព្រះ‌អង្គ​សង្គ្រោះ​ទេ
គ្មាន​ណា​មួយ​ក្រៅ​ពី​យើង​ឡើយ។
22មនុស្ស​ទាំង​អស់​នៅ​ចុង​ផែនដី​អើយ ចូរ​មើល​មក​យើង
ហើយ​ទទួល​សេចក្ដី​សង្គ្រោះ​ចុះ
ដ្បិត​យើង​នេះ​ជា​ព្រះ ឥត​មាន​ព្រះ​ណា​ទៀត​ឡើយ។
23យើង​បាន​ស្បថ​ដោយ​ខ្លួន​យើង
ពាក្យ​នោះ​បាន​ចេញ​ពី​មាត់​យើង
ដោយ​សេចក្ដី​សុចរិត​ហើយ ក៏​មិន​ដែល​ប្រែ‌ប្រួល​ដែរ
គឺ​ថា​គ្រប់​ទាំង​ជង្គង់​នឹង​លុត​ចុះ​នៅ​មុខយើង
ហើយ​គ្រប់​ទាំង​អណ្ដាត​នឹង​ស្បថ​ពី​ដំណើរ​យើង។
24សេចក្ដី​សុចរិត និង​អានុ‌ភាព
មាន​នៅ​ក្នុង​ព្រះ‌យេហូវ៉ា​តែ​មួយ​ទេ
មនុស្ស​ទាំង‌ឡាយ​នឹង​មក​រក​ព្រះ‌អង្គ
ហើយ​អស់​អ្នក​ដែល​បាន​ក្តៅ​ក្រហាយ​នឹង​ព្រះ‌អង្គ
គេ​នឹង​ត្រូវ​ខ្មាស​វិញ។
25ឯ​អស់​ទាំង​ពូជ‌ពង្ស​នៃ​អ៊ីស្រា‌អែល
នឹង​បាន​សុចរិត​ក្នុង​ព្រះ‌យេហូវ៉ា
ហើយ​មាន​គេ​សរសើរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in