អេសាយ 46
46
1ព្រះបាលឱនចុះហើយ ព្រះនេបូរក៏កោងចុះដែរ
គេផ្ទុករូបព្រះនោះលើសត្វពាហនៈ និងលើគោ
របស់ទាំងនោះដែលអ្នកដឹកទៅមក
ជាបន្ទុកសង្កត់យ៉ាងធ្ងន់លើសត្វនឿយហត់។
2វាឱនចុះ ក៏កោងចុះហើយ
វាមិនអាចដោះបន្ទុករបស់វាបានផង
គឺទាំងខ្លួនវាក៏ត្រូវចាប់នាំទៅជាឈ្លើយដែរ។
3ឱពួកវង្សយ៉ាកុបអើយ ចូរស្តាប់យើងចុះ
គឺសំណល់នៃវង្សអ៊ីស្រាអែលទាំងប៉ុន្មាន
ដែលយើងបានថែរក្សាអ្នករាល់គ្នាតាំងពីកំណើត
ហើយបានបីបាច់តាំងពីផ្ទៃម្តាយមក
4ទោះបីជាអ្នកចាស់ជរា
យើងនឹងបីអ្នកដរាបដល់អ្នកមានសក់ស
គឺយើងបានបង្កើត ហើយយើងនឹងថែរក្សាអ្នក
អើ យើងនឹងបី ហើយនឹងជួយអ្នកឲ្យរួច។
5តើអ្នករាល់គ្នានឹងធៀបយើងដូចជាអ្នកណា
ហើយផ្ទឹមយើងឲ្យស្មើនឹងអ្នកណា
ឬប្រៀបយើងឲ្យបានដូចជាអ្នកណា?
6ឯពួកអ្នកដែលចាយមាសពីថង់ដោយឥតស្តាយ
ហើយថ្លឹងប្រាក់ដោយជញ្ជីង គេជួលជាងមាស
ជាងនោះក៏ធ្វើជាព្រះឲ្យគេ
រួចគេក្រាបចុះ ថ្វាយបង្គំចំពោះរូបនោះ។
7គេលីយករូបនោះទៅតម្កល់ទុកនៅទីកន្លែង
ហើយរូបនោះក៏ឈរនៅ ឥតឃ្លាតចេញទៅឯណាឡើយ
ទោះបើអ្នកណាអំពាវនាវដល់រូបនោះ ក៏មិនចេះតប
ឬជួយសង្គ្រោះឲ្យរួចពីសេចក្ដីទុក្ខវេទនាបានឡើយ។
8ចូរនឹកចាំពីសេចក្ដីនេះ ហើយពិចារណាចុះ
ពួកអ្នកប្រព្រឹត្តអំពើរំលងអើយ
ចូរនឹកចាំពីសេចក្ដីនេះនៅក្នុងចិត្តអ្នកចុះ។
9ចូរនឹកចាំពីការដែលកន្លងទៅ តាំងពីបុរាណ
ដ្បិតយើងនេះហើយជាព្រះ ឥតមានព្រះណាទៀតឡើយ
យើងជាព្រះ ហើយគ្មានអ្នកណាដូចជាយើងសោះ
10តាំងតែពីដើមដំបូង យើងរមែងសម្ដែងប្រាប់
ពីការដែលត្រូវមក ខាងចុងបំផុត
ហើយតាំងពីបុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ
ដោយពាក្យថា គំនិតសម្រេចរបស់យើងនឹងស្ថិតស្ថេរនៅ
យើងនឹងធ្វើតាមបំណងចិត្តយើងគ្រប់ប្រការ។
11យើងបានហៅឥន្ទ្រីមួយមកពីទិសខាងកើត
ជាមនុស្សដែលនឹងសម្រេចតាមគំនិតរបស់យើង
ឲ្យមកពីស្រុកឆ្ងាយ
យើងបានចេញវាចាហើយ
យើងនឹងធ្វើឲ្យការនោះកើតឡើង
យើងបានគិតស្រេចហើយ យើងនឹងធ្វើការនោះ។
12ឱពួកអ្នកមានចិត្តរឹង ដែលឃ្លាតឆ្ងាយ
ពីសេចក្ដីសុចរិតអើយ ចូរស្តាប់យើងចុះ
13យើងនាំសេចក្ដីសុចរិតរបស់យើងមកជិត
សេចក្ដីនោះនឹងមិននៅឆ្ងាយឡើយ
ឯសេចក្ដីសង្គ្រោះរបស់យើងក៏មិនបង្អង់ដែរ
យើងនឹងតាំងសេចក្ដីសង្គ្រោះរបស់យើងនៅក្រុងស៊ីយ៉ូន
សម្រាប់ពួកអ៊ីស្រាអែល ដែលជាសិរីល្អរបស់យើង។
Currently Selected:
អេសាយ 46: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies