YouVersion Logo
Search Icon

អេសាយ 49

49
បេសកកម្ម​របស់​អ្នក​បម្រើ
1ឱ​កោះ​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​យើង​ចុះ
ឱ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​ឆ្ងាយ​អើយ ចូរ​ប្រុង​ស្តាប់​ចុះ
ព្រះ‌យេហូវ៉ា​បាន​ហៅ​ខ្ញុំ តាំង​ពី​ផ្ទៃ​ម្តាយ
ព្រះ‌អង្គ​បាន​ដំណាល​ពី​ឈ្មោះ​ខ្ញុំ
តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ​មក
2ព្រះ‌អង្គបាន​ធ្វើ​ឲ្យ​មាត់​ខ្ញុំ​បាន​ដូច​ជា​ដាវ​ដ៏​មុត
ព្រះ‌អង្គបាន​លាក់​ខ្ញុំ​នៅ​ក្រោម​ម្លប់
នៃ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ
ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​តួ​ព្រួញ​ដែល​ខាត់​រំលីង
ព្រម​ទាំង​ដាក់​ខ្ញុំ​ទុក​នៅ​ក្នុង​បំពង់​ព្រួញ​របស់​ព្រះ‌អង្គ
3ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា
អ្នក​ជា​អ្នក​បម្រើ​របស់​យើង
គឺ​អ៊ីស្រា‌អែល ដែល​យើង​នឹង​បាន​សិរី‌ល្អ​ដោយ‌សារ​អ្នក។
4តែ​ខ្ញុំ​បាន​ពោល​ថា ខ្ញុំ​បាន​ខំ​ប្រឹង​ធ្វើ​ជា​ឥត​ប្រយោជន៍
ខ្ញុំ​បាន​បង់​កម្លាំង​ខ្ញុំ​ទៅ​ទទេៗ​ជា​អសារ​ឥត​ការ
ប៉ុន្តែ សេចក្ដី​យុត្តិ‌ធម៌​ដែល​គួរ​ដល់​ខ្ញុំ
នោះ​នៅ​នឹង​ព្រះ‌យេហូវ៉ា
ហើយ​រង្វាន់​របស់​ខ្ញុំ​ក៏​នៅ​នឹង​ព្រះ​នៃ​ខ្ញុំ​ដែរ។
5ឥឡូវ​នេះ ព្រះ​យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ
ជា​ព្រះ​ដែល​ជប​បង្កើត​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ
ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​អ្នក​បម្រើ​ព្រះ‌អង្គ
សម្រាប់​នឹង​នាំ​ពួក​យ៉ាកុប​មក​ឯ​ព្រះ‌អង្គ​វិញ
ហើយ​ឲ្យ​ពួក​អ៊ីស្រា‌អែល​បាន​មូល​មក​ឯ​ព្រះ‌អង្គ
ដ្បិត​ខ្ញុំ​ជា​ទី​រាប់‌អាន​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា
ហើយ​ព្រះ​នៃ​ខ្ញុំ​ព្រះ‌អង្គ​ជា​កម្លាំង​ខ្ញុំ។
6ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា
ការ​ដែល​អ្នក​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង
ដើម្បី​លើក​អស់​ទាំង​កុល‌សម្ព័ន្ធ​យ៉ាកុប​ឡើង
ហើយ​នឹង​នាំ​ពួក​បម្រុង​ទុក
ក្នុង​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​មក​វិញ
នោះ​ជា​ការ​តិច​តួច​ពេក​ដល់​អ្នក
យើង​នឹង​បន្ថែម​ការ​នេះ​ឲ្យ​អ្នក​បាន​ធ្វើ​ជា​ពន្លឺ
ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ទៀត
ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​យើង
រហូត​ដល់​ចុង​ផែនដី​បំផុត។
7ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​សាសន៍​អ៊ីស្រា‌អែល
ហើយ​ជា​ព្រះ​ដ៏​បរិសុទ្ធ​របស់​គេ
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​ទាំង‌ឡាយ​ដែល​មិន​អើ​ពើ
ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​សាសន៍​នេះ
គឺ​ជា​អ្នក​បម្រើ​របស់​ពួក​អ្នក​ដែល​គ្រប់‌គ្រង​ថា
បណ្ដា​ក្សត្រ​នឹង​ឃើញ ហើយ​ក្រោក​ឈរ​ឡើង
ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ​ដែរ គេ​នឹង​ក្រាប​ថ្វាយ​បង្គំ
ព្រោះ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ស្មោះ‌ត្រង់
គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល
ដែល​ព្រះ‌អង្គ​បាន​រើស​អ្នក។
ពួក​កូន​ចៅក្រុង​ស៊ីយ៉ូនត្រូវ​ត្រឡប់​មកលំនៅដ្ឋាន​វិញ
8ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
ដល់​វេលា​ដែល​គាប់​ចិត្តយើង
នោះ​យើង​បាន​ឆ្លើយ​ដល់​អ្នក
ហើយ​នៅ​ថ្ងៃ​សម្រាប់​សង្គ្រោះ យើង​បាន​ជួយ​អ្នក
យើង​រក្សា​អ្នក ហើយ​ប្រទាន​និមិត្ត​រូប​មួយ​ដល់​អ្នក
ទុក​ជា​សេចក្ដី​សញ្ញា​សម្រាប់​ប្រជា​‌ជន
ដើម្បី​តាំង​ស្រុក​ទេស​ឡើង
ប្រយោជន៍​នឹង​ចែក​ដី​ដែល​ចោល​ស្ងាត់​ដល់​គេ
ទុក​ជា​មត៌ក។
9ព្រម​ទាំង​ប្រាប់​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង​ថា
ចូរ​ចេញ​ទៅ
ហើយ​ដល់​ពួក​អ្នក​ដែល​នៅ​ក្នុង​សេចក្ដី​ងងឹត​ថា
ចូរ​បង្ហាញខ្លួន​មក
គេ​នឹង​មាន​អាហារ​ស៊ី​តាម​ផ្លូវ
ហើយ​គេ​នឹង​រក​ស៊ី​នៅ​លើ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន
10គេ​មិន​ដែល​ស្រេក​ឃ្លាន​ទៀត
ឯ​ចំហាយ​ក្តៅ ឬ​ព្រះ‌អាទិត្យ នឹង​មិន​ធ្វើ​ទុក្ខ​គេ
ដ្បិត​ព្រះ​ដែល​ផ្តល់​សេចក្ដី​មេត្តា​ដល់​គេ ព្រះ‌អង្គ​នឹង​នាំ​គេ​ទៅ
ព្រះ‌អង្គ​នឹង​ដឹក​ដៃ​គេ​នាំ​ទៅ​តាម​ទី​មាន​ក្បាល​ទឹក។
11យើង​នឹង​ធ្វើ​អស់​ទាំង​ភ្នំ​របស់​យើង​ឲ្យ​ជា​ផ្លូវ
ឯ​អស់​ទាំង​ថ្នល់​របស់​យើង នឹង​បាន​លើក​ឡើង។
12មើល៍! ពួក​នេះ​នឹង​មក​ពី​ទី​ឆ្ងាយ
ហើយ​មើល៍! ពួក​នោះ​នឹង​មក​ពី​ទិស​ខាង​ជើង
និង​ពី​ទិស​ខាង​លិច
ហើយ​មួយ​នេះ​មក​ពី​ស្រុក​ស៊ីយេន ។
13ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង
ឱ​ផែនដី​អើយ ចូរ​ឲ្យ​អរ​សប្បាយ​ចុះ
ឱ​ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចម្រៀង
ព្រោះ​ព្រះ‌យេហូវ៉ា​បាន​កម្សាន្ត​ចិត្ត​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ហើយ
ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​ដល់​ប្រជារាស្ត្រ
របស់​ព្រះ‌អង្គ​ដែល​ត្រូវ​រង​ទុក្ខ​វេទនា។
14តែ​ក្រុង​ស៊ីយ៉ូន​បាន​ថា
ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ខ្ញុំ​ទេ
គឺ​ព្រះ‌អម្ចាស់​បាន​ភ្លេច​ខ្ញុំ​ហើយ។
15តើ​ស្ត្រី​អាច​នឹង​ភ្លេច​កូន​ដែល​កំពុង​បៅ​ដោះ
ឥត​មាន​អាណិត​ដល់​កូន​ដែល​ចេញ​ពី​ផ្ទៃ​ខ្លួន​មក​បាន​ដែរ​ឬ?
គេ​នឹង​ភ្លេច​បាន ប៉ុន្តែ យើង​មិន​ដែល​ភ្លេច​អ្នក​ឡើយ។
16មើល៍ យើង​បាន​ចារឹក​អ្នក​ទុក​នៅ
ផ្ទៃ​បាត​ដៃ​របស់​យើង​ហើយ
អស់​ទាំង​កំផែង​អ្នក​នៅ​ចំពោះ​ភ្នែក​យើង​ជា‌និច្ច
17ពួក​អ្នក​សង់​អ្នក​ឡើង​នឹង​ប្រញាប់​ប្រញាល់​ធ្វើ
ពួក​បំផ្លាញ និង​ពួក​បង្ហិន​បង្ហោច​អ្នក
គេ​នឹង​ចាក​ចេញ​ទៅ។
18ចូរ​ងើប​ភ្នែក​ឡើង​មើល​ជុំ‌វិញ​ចុះ
ពួក​ទាំង​នេះ​មូល​គ្នា​ចូល​មក​រក​អ្នក
ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ
យើង​ស្បថ​នឹង​ជីវិត​យើង​ថា
ប្រាកដ​ជា​អ្នក​នឹង​បាន​ប្រដាប់​កាយ​ដោយ​អ្នក​ទាំង​នោះ
ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី​ដែល​តែង​ខ្លួន​ដែរ។
19ដ្បិត​ទី​កន្លែង​ដែល​រំលាង ហើយ​ចោល​ស្ងាត់
និង​ស្រុក​អ្នក​ដែល​ត្រូវ​បំផ្លាញ​នោះ
ឥឡូវ​នេះ នឹង​បាន​ជា​ទី​ចង្អៀត​ណែន
ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​វិញ
ហើយ​ពួក​អ្នក​ដែល​បាន​លេប​អ្នក
គេ​នឹង​នៅ​ឆ្ងាយ​ពី​អ្នក​ហើយ។
20ពួក​កូន​ចៅ​អ្នក​ដែល​កើត​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​របស់​អ្នក
គេ​នឹង​និយាយ​ដាក់​ត្រចៀក​អ្នក​ថា
ទី​នេះ​ចង្អៀត​ណាស់
សូម​ទុក​ឲ្យ​ខ្ញុំ​មាន​កន្លែង​អាស្រ័យ​នៅ​ផង។
21ពេល​នោះ អ្នក​នឹង​នឹក​ក្នុង​ចិត្ត​ថា
តើ​អ្នក​ណា​បាន​បង្កើត​កូន​ទាំង​នេះ​ឲ្យខ្ញុំ?
ដ្បិត​ខ្ញុំ​បាន​បាត់​កូន​ចៅ​អស់​ហើយ
ខ្ញុំ​នៅម្នាក់​ឯង ជា​អ្នក​ដែល​ត្រូវ​បំបរ‌បង់
ហើយ​ដើរ​សាត់‌ព្រាត់
តើ​អ្នក​ណា​បាន​ចិញ្ចឹម​កូន​ទាំង​នេះ?
ខ្ញុំ​ត្រូវ​ចោល​នៅ​តែ​ឯង
ដូច្នេះ តើ​កូន​ទាំង​នេះ​មក​ពី​ណា?
22ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា
យើង​នឹង​បោយ​ដៃ​ហៅ​អស់​ទាំង​សាសន៍
ហើយ​នឹង​លើក​ទង់‌ជ័យ​យើង​ឡើង
សម្រាប់​ប្រជា‌ជាតិ​ទាំង‌ឡាយ
គេ​នឹង​បី​យក​កូន​ប្រុសៗ​របស់​អ្នក​មក
ហើយ​ដាក់​កូន​ស្រីៗ​របស់​អ្នក​នៅ​លើ​ស្មា​គេ។
23ពួក​មហា‌ក្សត្រ​នឹង​ធ្វើ​ជា​ឪពុក​ចិញ្ចឹម​អ្នក
ហើយ​ពួក​អគ្គម‌ហេសី​នឹង​ធ្វើ​ជា​ម្តាយ​បំបៅ​អ្នក
គេ​នឹង​ក្រាប​ផ្កាប់​មុខ​ដល់​ដី​នៅ​មុខ​អ្នក
ហើយ​លិឍ​ធូលី​ដី​ដែល​ជាប់​ជើង​អ្នក
នោះ​អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា
ហើយ​អស់​អ្នក​ដែល​សង្ឃឹម​ដល់​យើង
នឹង​មិន​ត្រូវ​ខ្មាស​ឡើយ។
24តើ​អាច​នឹង​រឹប​យក​រំពា​ពី​អ្នក​ខ្លាំង​ពូកែ
ឬ​រំ​ដោះ​ពួក​ឈ្លើយ​ពី​ជន​កំណាច​បាន​ឬ?
25តែ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា
ទោះ​ទាំង​ពួក​ឈ្លើយ​របស់​មនុស្ស​ខ្លាំង​ពូកែ
ក៏​នឹង​ត្រូវ​ឆក់​យក​ទៅ
ហើយ​អ្វីៗដែល​ពួកខ្លាំង​បាន​រឹប​អូស​ទៅ
យើង​នឹង​ត​តាំង​ចំពោះ​អ្នក​ដែល​ត​តាំង​នឹង​អ្នក
ហើយ​យើង​នឹង​ជួយ​សង្គ្រោះ​កូន​ចៅ​អ្នក​ដែរ។
26យើង​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​អ្នក
ត្រូវ​ស៊ី​សាច់​របស់​ខ្លួន​គេ​វិញ
ហើយ​គេ​នឹង​ត្រូវ​ស្រវឹង​ដោយ​ឈាម​របស់​ខ្លួន
ដូច​ជា​ស្រវឹង​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី
នោះ​គ្រប់​ទាំង​មនុស្ស​នឹង​ដឹង​ថា
យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​អ្នក
ហើយ​ជា​ព្រះ​ដ៏​ប្រោស​លោះ​អ្នក
គឺ​ជា​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​របស់​យ៉ាកុប។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for អេសាយ 49