YouVersion Logo
Search Icon

អេសាយ 5

5
ចម្រៀង​អំពីចម្ការ​ទំពាំង‌បាយ‌ជូរមិនបង្កើតផល
1ខ្ញុំ​សូម​ច្រៀង​បទ​ថ្វាយ​ស្ងួន​សម្លាញ់​របស់​ខ្ញុំ
គឺ​ជា​បទ​ចម្រៀង ច្រៀង​ពី​ស្ងួន​សម្លាញ់​ខ្ញុំ
អំពី​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ទ្រង់​ថា
ស្ងួន​សម្លាញ់​ខ្ញុំ​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ
នៅ​លើ​ភ្នំ ដែល​មាន​ជី​ជាតិ។
2ទ្រង់​ក៏​កាប់​គាស់​ដី ហើយ​រើស​យក​ដុំ​ថ្ម​ចេញ
រួច​ទ្រង់​ដាំ​ទំពាំង‌បាយ‌ជូរ​យ៉ាង​ល្អ​បំផុត
ក៏​សង់​ប៉ម​មួយ​នៅចំ​កណ្ដាល
ហើយ​ធ្វើ​ធុង​ឃ្នាប​គាប​ផ្លែ​ផង
ក្រោយ​នោះ ទ្រង់​ប្រាថ្នា​ចង់​ឲ្យ​ទំពាំង‌បាយ‌ជូរ
កើត​ផល តែ​បាន​កើត​ផល​ក្លាយ​ជា
ទំពាំង‌បាយ‌ជូរ​ព្រៃ​ទៅ​វិញ។
3ឥឡូវ​នេះ ឱ​ពួក​ក្រុង​យេរូ‌សាឡិម
និង​ជន​ជាតិ​យូដា​អើយ
សូម​វិនិច្ឆ័យ​រឿង​របស់​ខ្ញុំ
និង​ចម្ការ​ទំពាំង‌បាយ‌ជូរ​នេះ។
4តើ​គួរ​ឲ្យ​យើង​ធ្វើ​អ្វី​ទៀត​ដល់​ចម្ការ
ទំពាំង‌បាយ‌ជូរ​របស់​យើង
ដែល​យើង​លះ‌បង់​មិន​បាន​ធ្វើ​នោះ
ដូច្នេះ កាល​យើង​ប្រាថ្នា​ឲ្យ​កើត​មាន​ផល​ល្អ
ម្តេច​ក៏​ក្លាយ​ទៅ​ជា​មាន​ផ្លែ​ទំពាំង‌បាយ‌ជូរ​ព្រៃ​វិញ?
5ឥឡូវ​នេះ យើង​នឹង​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ថា
យើង​នឹង​ធ្វើ​អ្វី​ដល់​ចម្ការ​ទំពាំង‌បាយ‌ជូរ
របស់​យើង​នោះ គឺ​យើង​នឹង​រើ​របង​ចេញ
នោះ​សត្វ​នឹង​ចូល​ស៊ី​បំផ្លាញ
យើង​នឹង​រំលំ​កំផែង​ចេញ
នោះ​ចម្ការ​នឹង​ត្រូវ​ជាន់​ឈ្លី​ទៅ។
6យើង​នឹង​បំផ្លាញ​អស់​រលីង
នឹង​គ្មាន​អ្នក​ណា​កាត់​លួស
ឬ​ជ្រួយ​ដី​ទៀត​ឡើយ
គឺ​នឹង​កើត​មាន​អញ្ចាញ
ហើយ​នឹង​បន្លា​ដុះ​ឡើង​វិញ
ហើយ​យើង​នឹង​បង្គាប់​ដល់​មេឃ
ហាម​មិន​ឲ្យ​ធ្លាក់​ភ្លៀង​មក​លើ​ចម្ការ​នោះ​ត​ទៅ
7ពី​ព្រោះ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ព្រះ‌យេហូវ៉ា
នៃ​ពួក​ពល‌បរិវារ
នោះ​គឺ​ជា​ពូជ‌ពង្ស​របស់​អ៊ីស្រា‌អែល
និង​ពួក​យូដា ជា​ដំណាំ​ដែល​គាប់​ដល់
ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ
ហើយ​ព្រះ‌អង្គ​ប្រាថ្នា​ចង់​បាន​សេចក្ដី​យុត្តិ‌ធម៌
តែ​មើល៍! បាន​តែ​ការ​កម្ចាយ​ឈាម
ក៏​ប្រាថ្នា​ចង់​បាន​សេចក្ដី​សុចរិត​ដែរ
តែ​បាន​សម្រែក​គ្រលួច​វិញ។
ប្រកាស​ពី​អំពើ​អយុត្តិធម៌​របស់​សង្គម
8វេទនា​ហើយ ពួក​អ្នក​ដែល​យក​ផ្ទះ​គេ
មក​ភ្ជាប់​ធ្វើ​ជា​ផ្ទះ​របស់​ខ្លួន
ហើយ​ប្រមូល​ស្រែ​ចម្ការ​តៗ​គ្នា
ឥត​មាន​ចន្លោះ​ណា​សោះ
នោះ​បណ្ដាល​ឲ្យ​អ្នក​រាល់​គ្នា
រស់​នៅ​តែ​ឯង​ក្នុង​ស្រុក​នោះ។
9ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
មាន​ព្រះ‌បន្ទូល​ដាក់​ត្រចៀក​ខ្ញុំ​ថា៖
ពិត​ប្រាកដ​ជា​ផ្ទះ​ជា​ច្រើន​នោះ​នឹង​ត្រូវ​ចោល​ទទេ
គឺ​ជា​ផ្ទះ​ធំ​ល្អ ឥត​មាន​អ្នក​ណា​នៅ​ឡើយ។
10ដ្បិត​ចម្ការ​បីហិចតា​នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ
តែ​មួយបាថ ហើយ​ពូជ​មួយ​ហូមើរ
នឹងបាន​ផល​តែ​មួយ​អេផា ប៉ុណ្ណោះ។
11វេទនា​ដល់​ពួក​អ្នក​ដែល​ក្រោក​ឡើង
ពី​ព្រលឹម​ស្រាង ដើម្បី​តែ​នឹង​រក​គ្រឿង​ស្រវឹង
ហើយ​អត់​ងងុយ​ដរាប​ដល់​យប់​ជ្រៅ
ទាល់​តែ​ឆេះ​រោល‌រាល
ដោយ‌សារ​ស្រា​ទំពាំង‌បាយ‌ជូរ។
12ជា​ពួក​អ្នក​ដែល​មាន​ស៊ុង ពិណ ក្រាប់ ខ្លុយ
និង​ស្រា​ទំពាំង‌បាយ‌ជូរ​ក្នុង​ការ​ស៊ី‌លៀង​របស់​គេ
តែ​គេ​មិន​យក​ចិត្ត​ទុក​ដាក់
ចំពោះ​ស្នាដៃ​របស់​ព្រះ‌យេហូវ៉ា​ទេ
ក៏​មិន​ពិចារ‌ណា​ពី​ការ​ដែល​ព្រះ‌ហស្ត
របស់​ព្រះ‌អង្គ​ធ្វើ​ដែរ។
13ហេតុ​នោះ​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង
បាន​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ
គឺ​ដោយ​ព្រោះ​គេ​ខ្វះ​ប្រាជ្ញា
ពួក​អ្នក​រុងរឿង​ត្រូវ​អត់​ឃ្លាន​រហិត‌រហៃ​ទៅ
ហើយ​ពួក​បណ្ដា‌ជន​ណែន‌ណាន់
ក៏​ខះ​ក​ដោយ​ស្រេក​ទឹក។
14ដូច្នេះ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
បាន​រីក​ធំ​ឡើង
ព្រម​ទាំង​ហា​មាត់​យ៉ាង​ធំ​ហួស​ប្រមាណ
ឯ​ពួក​អភិជន និង​បណ្ដា​ជន​ច្រើន​កុះ​ករ
ពួក​អ៊ឹក‌ធឹក និង​ពួក​អ្នក​ដែល​រីក‌រាយ​សប្បាយ
ក្នុង​ក្រុង​យេរូសាឡិម នឹង​ចុះ​ទៅ​ស្ថាន​នោះ។
15មនុស្ស​ជាន់​ទាប​ត្រូវ​ឱន​ចុះ
ហើយ​មនុស្ស​ជាន់​ខ្ពស់​ក៏​ត្រូវ​បន្ទាប​ដែរ
ឯ​ភ្នែក​របស់​អ្នក​មាន​ឫក​ខ្ពស់​នឹង​ត្រូវ​សំយុង​ជ្រប់។
16តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ព្រះ‌អង្គ​បាន​តម្កើង​ឡើង​ដោយ​សេចក្ដី​យុត្តិ‌ធម៌
គឺ​ព្រះ​ដ៏​បរិសុទ្ធបាន​រាប់​ជា​បរិសុទ្ធ
ដោយ​សេចក្ដី​សុចរិត​វិញ។
17នៅ​គ្រា​នោះ កូន​ចៀម​នឹង​រក​ស៊ី​នៅ​គ្រប់​កន្លែង
ដូច​ជា​នៅ​វាល​ស្មៅ​របស់​វា
ឯ​មនុស្ស​ដទៃ​គេ​នឹង​ត្របាក់​លេប​ទ្រព្យ‌សម្បត្តិ
បាក់​បែក​របស់​ពួក​អ្នក​ស្តុក‌ស្តម្ភ។
18វេទនា​ដល់​ពួក​អ្នក​ដែល​អូស​ទាញ​អំពើ​ទុច្ចរិត
ដោយ​ខ្សែ​ជា​សេចក្ដី​ភូត‌ភរ
ហើយ​អំពើ​បាប ដោយ​ខ្សែ​លាម​រទេះ
19ជា​ពួក​អ្នក​ដែល​ថា ចូរ​ឲ្យ​ព្រះ‌អង្គ​ប្រញាប់​ឡើង
ឲ្យ​ព្រះ‌អង្គ​បង្ហើយ​ការ​ឲ្យ​ឆាប់​ចុះ
ដើម្បី​ឲ្យ​យើង​បាន​ឃើញ​នឹង​ភ្នែក
ចូរ​ឲ្យ​គំនិត​របស់​ព្រះ​ដ៏​បរិសុទ្ធ
នៃ​សាសន៍​អ៊ីស្រា‌អែល​ចូល​មក​ជិត
ហើយ​មក​ដល់​ចុះ ឲ្យ​យើង​បាន​ស្គាល់​ផង។
20វេទនា​ដល់​ពួក​អ្នក
ដែល​រាប់​សេចក្ដី​អាក្រក់​ថា​ជា​ល្អ
ហើយ​សេចក្ដី​ល្អ​ថា​ជា​អាក្រក់​វិញ
ជា​ពួក​អ្នក​ដែល​យក​សេចក្ដី​ងងឹត​ជា​ពន្លឺ
ហើយ​យក​ពន្លឺ​ជា​ងងឹត
ក៏​យក​សេចក្ដី​ជូរ​ចត់​ជា​ផ្អែម
ហើយ​យក​ផ្អែម​ជា​ជូរ​ចត់​វិញ
21វេទនា​ដល់​ពួក​អ្នក​ដែល​រាប់​ខ្លួន ជា​មាន​ប្រាជ្ញា
ហើយ​ស្មាន​ថា​ខ្លួន​គេ​មាន​គំនិត​ស្រួច
22វេទនា​ដល់​ពួក​អ្នក​ដែល​ប៉ិន​ប្រសប់
នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ
និង​អ្នក​ដែល​ខ្លាំង​ពូកែ​ក្នុង​ការ​លាយ​គ្រឿង​ស្រវឹង
23ជា​ពួក​អ្នក​ដែល​ស៊ី​សំណូក
ដើម្បី​រាប់​មនុស្ស​អាក្រក់​ថា​ជា​សុចរិត​វិញ
ហើយ​ដក​សេចក្ដី​សុចរិត
របស់​មនុស្ស​សុចរិត​ចេញ។
ទំនាយ​អំពី​ពួក​ប្រទេស​ក្រៅមកលុក​លុយ
24ហេតុ​ដូច្នោះ បែប​ដូច​ជា​អណ្ដាត​ភ្លើង
ឆេះ​បន្សុស​ជញ្ជ្រាំង
ហើយ​ស្មៅ​ក្រៀម​ស្រុត​ចុះ​ក្នុង​ភ្លើង​យ៉ាង​ណា
នោះ​ឫស​របស់​ពួក​អ្នក​ទាំង​នោះ
នឹង​បាន​ដូច​ជា​អ្វីៗ​ដែល​ពុក​រលួយ
ហើយ​ផ្កា​របស់​គេ​នឹង​ហុយ​ឡើង
ដូច​ជា​ធូលី​យ៉ាង​នោះ​ដែរ
ដ្បិត​គេ​បាន​លះ​ចោល​បញ្ញត្តិ​ច្បាប់
របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ព្រម​ទាំង​មើល‌ងាយ​ចំពោះ​ព្រះ‌បន្ទូល
របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទៀត។
25ហេតុ​នោះ សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា
បាន​ឆេះ​ឡើង​ទាស់​នឹង​ប្រជា‌រាស្ត្រ​នៃ​ព្រះ‌អង្គ
ហើយ​ព្រះ‌អង្គ​បាន​លូក​ព្រះ‌ហស្ត​មក​វាយ​គេ
ឯ​ភ្នំ​ទាំង​ប៉ុន្មាន​ក៏​ញ័រ
ហើយ​ខ្មោច​គេ​បាន​ត្រឡប់​ដូច​ជា​សំរាម
នៅ​កណ្ដាល​ផ្លូវ​ទាំង​ប៉ុន្មាន
ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ
គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
មិន​ទាន់​បែរ​ចេញ​ទាំង​អស់​ទៅ​ដែរ
គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ចេះ​តែ​លូក​មក​ទៀត។
26ព្រះ‌អង្គ​នឹង​លើក​ទង់‌ជ័យ​សម្រាប់​ពួក​សាសន៍
ដែល​នៅ​ទី​ឆ្ងាយ
ហើយ​ហួច​ហៅ​ឲ្យ​មក​ពី​ចុង​ផែនដី
នោះ​ពួក​ខ្មាំង​នឹង​ខំ​សង្វាត​មក​ដោយ​ប្រញាប់។
27ឥត​មាន​អ្នក​ណា​មួយ​អស់​កម្លាំង
ឬ​ចំពប់​ជើង​ឡើយ
ឥត​មាន​អ្នក​ណា​មួយ​ងុយ‌ងោក ឬ​ដេក​លក់
ក៏​ឥត​មាន​អ្នក​ណា​មួយ​បន្ធូរ​ខ្សែ​ក្រវាត់
ឬ​ស្រាយ​ខ្សែ​ស្បែក​ជើង​ដែរ។
28ជា​ពួក​អ្នក​ដែល​មាន​ព្រួញ​មុត​ណាស់
ហើយ​ធ្នូ​ទាំង​អស់​ក៏​ដំឡើង​ជា​ស្រេច
ឯ​ក្រចក​សេះ​នឹង​បាន​រាប់​ជា​ថ្ម​ភ្លើង
ហើយ​កង់​រទេះ​របស់​គេ​ក៏​ដូច​ជា​ខ្យល់​កួច។
29សូរ​សន្ធឹក​របស់​ពួក​នោះ
នឹង​ដូច​ជា​សូរ​គ្រហឹម​របស់​មេ​សិង្ហ
គេ​នឹង​គ្រហឹម​ដូច​ជា​កូន​សិង្ហ
គេ​នឹង​គ្រហឹម ហើយ​ចាប់​រំពា​យក​ទៅ
ឥត​មាន​អ្នក​ណា​ជួយ​ឲ្យ​រួច​បាន​ឡើយ។
30នៅ​គ្រា​នោះ គេ​នឹង​គ្រហឹម​ដាក់​ពួក​អ្នក​ទាំង​នោះ​ឲ្យ​ឮ
ដូច​ជា​សូរ​គ្រាំ‌គ្រេង​នៃ​សមុទ្រ
ហើយ​បើ​អ្នក​ណា​មើល​ទៅ​ក្នុង​ស្រុក
នោះ​នឹង​ឃើញ​មាន​តែ​ងងឹត
និង​សេចក្ដី​វេទនា​ទទេ
ហើយ​ពន្លឺ​ដែល​នៅ​លើ​មេឃ
នឹងងងឹត​សូន្យ​ទៅ​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for អេសាយ 5