YouVersion Logo
Search Icon

អេសាយ 59

59
អំពើអយុត្តិធម៌ និង​ការសង្កត់​សង្កិន ត្រូវ​ទទួល​ទណ្ឌកម្ម
1មើល៍ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​មិន​មែន​រួញ​ខ្លី
ដែល​ជួយ​សង្គ្រោះ​មិន​បាន​នោះ​ទេ
ហើយ​ព្រះ‌អង្គ​ក៏​មិន​ធ្ងន់​ព្រះ‌កាណ៌ ដែល​ស្តាប់​មិន​ឮ​នោះ​ដែរ
2គឺ​ជា​អំពើ​ទុច្ចរិត​របស់​អ្នក​រាល់​គ្នា​ទេ​តើ
ដែល​បាន​ខណ្ឌ​កណ្ដាល​អ្នក និង​ព្រះ
ហើយ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា
បាន​បាំង​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​មិន​ឲ្យ​អ្នក​ឃើញ
ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មិន​ព្រម​ស្តាប់។
3ដ្បិត​ដៃ​របស់​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម
ហើយ​ម្រាម​ដៃ​ដោយ​អំពើ​ទុច្ចរិត​ដែរ
បបូរ​មាត់​អ្នក​បាន​ពោល​ពាក្យ​កំភូត
ហើយ​អណ្ដាត​អ្នក​ពោល​ងាំៗ​ចេញ​ជា​អំពើ​ទុច្ចរិត
4គ្មាន​អ្នក​ណា​មួយ​ហៅ​រក​សេចក្ដី​សុចរិត
ឬ​អ្នក​ណា​ដែល​ប្តឹង​ដោយ​សេចក្ដី​ពិត​ឡើយ
គេ​ទុក​ចិត្ត​នឹង​សេចក្ដី​សោះ‌សូន្យ
ហើយ​ពោល​តែ​សេចក្ដី​ភូត‌ភរ
គេ​មាន​ទម្ងន់​ជា​គំនិត​បៀត‌បៀន
ហើយ​សម្រាល​ចេញ​ជា​អំពើ​ទុច្ចរិត។
5គេ​ភ្ញាស់​ពង​របស់​ពស់​វែក
ហើយ​ក៏​ព័ទ្ធ​ជា​មង​ពីងពាង
អ្នក​ណា​ដែល​ស៊ី​ពង​នោះ រមែង​ស្លាប់​ទៅ
ហើយ​ពង​ណា​ដែល​ត្រូវ​ជាន់​បែក
ក៏​ញាស់​ចេញ​ជា​ពស់​វែក
6មង​របស់​គេ​ប្រើ​ធ្វើ​ជា​សម្លៀក‌បំពាក់​មិន​បាន
ហើយ​គេ​នឹង​បិទ​បាំង​ខ្លួន
ដោយ​ការ​ដែល​គេ​ធ្វើ​ក៏​មិន​បាន​ដែរ
កិច្ច‌ការ​របស់​គេ​សុទ្ធ​តែ​អំពើ​ទុច្ចរិត​ទាំង​អស់
ហើយ​មាន​អំពើ​ច្រឡោត​នៅ​ដៃ​គេ។
7ជើង​គេ​រត់​ទៅ​តាម​សេចក្ដី​អាក្រក់
គេ​ក៏​រហ័ស​នឹង​កម្ចាយ​ឈាម​ដែល​ឥត​ទោស
គំនិត​របស់​គេ​គិត​តែ​ពី​អំពើ​ទុច្ចរិត
មាន​សេចក្ដី​វិនាស
និង​សេចក្ដី​បំផ្លាញ​នៅ​អស់​ទាំង​ផ្លូវ​របស់​គេ​ដែរ។
8គេ​មិន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុខ​ទេ
ហើយ​គ្មាន​សេចក្ដី​យុត្តិ‌ធម៌​នៅ​ក្នុង​ដំណើរ​របស់​គេ
គេ​បាន​ធ្វើ​ផ្លូវ​ច្រក​ក្ងិច‌ក្ងក់​សម្រាប់​ខ្លួន
អ្នក​ណា​ដែល​ចូល​តាម​ផ្លូវ​នោះ
មិន​ស្គាល់​សេចក្ដី​សុខ​ឡើយ។
9ហេតុ​នោះ​បាន​ជា​សេចក្ដី​យុត្តិ‌ធម៌​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ
ឯ​សេចក្ដី​សុចរិត​ក៏​មក​តាម​យើង​ខ្ញុំ​មិន​ទាន់
យើង​ខ្ញុំ​រង់‌ចាំ​ពន្លឺ តែ​យើងមាន​សុទ្ធ​តែ​ងងឹត​ទទេ
ក៏​ចាំ​ឲ្យ​ស្វាង​ឡើង តែ​យើង​ខ្ញុំ​ដើរ​ក្នុង​សេចក្ដី​សូន្យ‌សុង។
10យើង​ខ្ញុំ​ស្រវា​រាវ​រក​កំផែង​ដូច​ជា​មនុស្ស​ខ្វាក់
ស្រវា​រាវ​រក​ដូច​ជា​មនុស្ស​ដែល​គ្មាន​ភ្នែក​សោះ
យើង​ខ្ញុំ​ចំពប់​នៅ​ពេល​ថ្ងៃ​ត្រង់
ដូច​ជា​នៅ​ពេល​ព្រលប់​ដែរ
ក៏​ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់​នៅ​កណ្ដាល​ទី​សាប‌សូន្យ។
11យើង​ខ្ញុំ​គ្រហឹម​ទាំង​អស់​គ្នា ដូច​ជា​ខ្លា​ឃ្មុំ
ហើយ​ថ្ងូរ​ជា​ខ្លាំង ដូច​ជា​ព្រាប
យើង​ខ្ញុំ​រង់‌ចាំ​សេចក្ដី​យុត្តិ‌ធម៌ តែ​គ្មាន​សោះ
ក៏​រង់‌ចាំ​សេចក្ដី​សង្គ្រោះ
តែ​សេចក្ដី​នោះ​នៅ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ណាស់។
12ដ្បិត​អំពើ​រំលង​របស់​យើង​ខ្ញុំ
បាន​ចម្រើន​ជា​ច្រើន​ឡើង​នៅ​ចំពោះ​ព្រះ‌អង្គ
ចំណែក​អំពើ​បាប​របស់​យើង​ខ្ញុំ
ក៏​ធ្វើ​បន្ទាល់​ទាស់​នឹង​យើង​ខ្ញុំ​ដែរ
អំពើ​រំលង​របស់​យើង​ខ្ញុំ​នៅ​ជាប់​នឹង​យើង​ខ្ញុំ
យើង​ខ្ញុំ​ក៏​ស្គាល់​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ហើយ
13គឺ​យើង​ខ្ញុំ​តែង‌តែ​ប្រព្រឹត្ត​រំលង
ហើយ​មិន​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌យេហូវ៉ា
ក៏​បែរ​ចេញ​លែង​តាម​ព្រះ​នៃ​យើង​ខ្ញុំ
ហើយ​ពោល​តែ​ពី​ការ​សង្កត់‌សង្កិន និង​ការ​បះ‌បោរ
ព្រម​ទាំង​គិត​បង្កើត
ហើយ​ពោល​ពាក្យ​ភូត‌ភរ​ចេញ​ពី​ចិត្ត​មក។
14ឯ​សេចក្ដី​យុត្តិ‌ធម៌ បាន​ត្រឡប់​ថយ​ចេញ​ទៅ
ហើយ​សេចក្ដី​សុចរិត​ក៏​ឈរ​នៅ​ទី​ឆ្ងាយ
ដ្បិត​សេចក្ដី​ពិត​បាន​ដួល​នៅ​កណ្ដាល​ផ្លូវ
ហើយ​សេចក្ដី​ទៀង​ត្រង់​ចូល​មក​មិន​បាន។
15សេចក្ដី​ពិត​ក៏​គ្មាន​ដែរ
ហើយ​អ្នក​ណា​ដែល​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់
នោះ​សុខ​ចិត្ត​ធ្វើ​ជា​រំពា​ដល់​គេ​ហើយ។
ព្រះ‌យេហូវ៉ា​ក៏​ទត​ឃើញ ហើយ​យល់​ឃើញ​ថា
នោះ​ជា​ការ​អាក្រក់ ដែល​គ្មាន​យុត្តិ‌ធម៌សោះ។
16ព្រះ‌អង្គ​ឃើញ​ថា ឥត​មាន​អ្នក​ណា​មួយ​ឡើយ
ហើយ​ក៏​នឹក​ប្លែក​ពី​ការ​ដែល​ឥត​មាន​អ្នក​ណា
សម្រាប់​ជួយ​អង្វរ​ជំនួស​គេ
ដូច្នេះ ព្រះ‌ពាហុ​របស់​ព្រះ‌អង្គ
បាន​នាំ​យក​សេចក្ដី​សង្គ្រោះ​មក​ឯ​ទ្រង់
ហើយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ​ក៏​គាំទ្រ​ព្រះ‌អង្គ។
17ព្រះ‌អង្គ​បាន​ប្រដាប់​អង្គ​ដោយ​សេចក្ដី​សុចរិត ទុក​ជា​អាវ​ក្រោះ
ហើយ​សេចក្ដី​សង្គ្រោះ​នៅ​លើ​ព្រះ‌សិរ​ទុក​ជា​មួក​សឹក
ព្រះ‌ពស្ត្រ​ដោយ​សេចក្ដី​សង‌សឹក
និង​សេចក្ដី​ខ្មី‌ឃ្មាត ទុក​ជា​ព្រះ‌ភូសា​ឃ្លុំ​អង្គ
18ព្រះ‌អង្គ​នឹង​សង​ដល់​គេ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត
គឺ​ជា​សេចក្ដី​ក្រោធ​ដល់​ពួក​ទាស់​ទទឹង​នឹង​ព្រះ‌អង្គ
ហើយ​ជា​សំណង​តប​ដល់​ពួក​ខ្មាំង​សត្រូវ
ព្រះ‌អង្គ​នឹង​សង​ដល់​អស់​ទាំង​ស្រុក​ក្បែរ​សមុទ្រយ៉ាង​នោះ​ដែរ។
19យ៉ាង​នោះ​គេ​នឹង​កោត​ខ្លាច
ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា​ចាប់​តាំង​ពី​ទិស​ខាង​លិច
ហើយ​ដល់​សិរី‌ល្អ​នៃ​ព្រះ‌អង្គ ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ
កាល​ណា​ខ្មាំង​ចូល​មក​ដូច​ជា​ទឹក​ជន់
នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា
នឹង​លើក​ទង់‌ជ័យ​ឡើង​ទាស់​នឹង​វា។
20ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា
នឹង​មាន​អ្នក​ជួយ​ប្រោស​លោះ​មក​ក្រុង​ស៊ីយ៉ូន
ហើយ​ដល់​ពូជ‌ពង្ស​យ៉ាកុប ដែល​លះ‌លែង​ពី​អំពើ​រំលង។
21ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​នេះ​ជា​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​គេ គឺ​ថា​វិញ្ញាណ​របស់​យើង​ដែល​សណ្ឋិត​នៅ​លើ​អ្នក ហើយ​ពាក្យ​ដែល​យើង​បាន​ដាក់​នៅ​ក្នុង​មាត់​អ្នក នោះ​នឹង​មិន​ដែល​ឃ្លាត​ចេញ​ពី​មាត់​អ្នក ពី​មាត់​ពូជ‌ពង្ស​របស់​អ្នក ឬ​ពី​មាត់​នៃ​កូន​ចៅ​គេ ចាប់​តាំង​ពី​ឥឡូវ​នេះ​ដរាប​ដល់​អស់​កល្ប​រៀង​ទៅ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for អេសាយ 59