អេសាយ 65
65
ការជំនុំជម្រះដ៏សុចរិតរបស់ព្រះអម្ចាស់
1យើងបានតបឆ្លើយនឹងពួកអ្នកដែលមិនបានសួររកយើង
ហើយពួកអ្នកដែលមិនបានស្វែងរកយើង
នោះយើងបានបង្ហាញឲ្យគេឃើញ
យើងបាននិយាយទៅសាសន៍មួយ
ដែលមិនបានហៅតាមឈ្មោះយើងថា
"មើល៍ យើងនៅនេះហើយ"។
2រាល់ថ្ងៃយើងបានហុចដៃទៅចង់ទទួលពួកអ្នកបះបោរ
ជាពួកអ្នកប្រព្រឹត្តតាមផ្លូវដែលមិនល្អ
តាមតែគំនិតរបស់ខ្លួនគេ
3ជនជាតិដែលបណ្ដាលឲ្យយើងខឹងនៅចំពោះមុខជានិច្ច
ដោយគេថ្វាយយញ្ញបូជានៅក្នុងសួនច្បារ
ហើយដុតកំញាននៅលើអាសនាធ្វើពីឥដ្ឋ
4គេអង្គុយនៅក្នុងផ្នូរខ្មោច
ហើយស្នាក់នៅកន្លែងលាក់កំបាំង
គេស៊ីសាច់ជ្រូក
ហើយមានសម្លគួរខ្ពើមនៅក្នុងឆ្នាំងរបស់គេ
5ក៏ពោលថា "ចូរឈរនៅទីនោះដោយខ្លួនទៅ
កុំមកជិតយើងឡើយ ដ្បិតយើងបរិសុទ្ធជាងអ្នក"
ពួកយ៉ាងនោះជាផ្សែងនៅក្នុងរន្ធច្រមុះយើង
គឺជាភ្លើងដែលឆេះជានិច្ច។
6មើល៍! អំពើទាំងនោះបានកត់ទុកនៅចំពោះយើងហើយ
យើងមិនព្រមនៅស្ងៀមឡើយ យើងនឹងសងដល់គេ
យើងនឹងដាក់សំណងនោះនៅលើដើមទ្រូងរបស់គេ
7ជាអំពើទុច្ចរិតរបស់អ្នករាល់គ្នា
និងអំពើទុច្ចរិតរបស់បុព្វបុរសអ្នកដែរ
ជាការដែលអ្នករាល់គ្នាបានដុតកំញាននៅលើអស់ទាំងភ្នំធំ
ហើយបានប្រមាថយើងនៅលើភ្នំតូចទាំងប៉ុន្មាន
ដូច្នេះ យើងនឹងវាល់អំពើដែលគេបានប្រព្រឹត្ត
ពីដើមទាំងនោះ ដាក់នៅដើមទ្រូងគេជាពិត
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
8ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
កាលណារកបានផ្លែទំពាំងបាយជូរ
មួយចង្កោមមានទឹកពេញ
ហើយមានគេហាមថា កុំបំផ្លាញវា
ដ្បិតជាផ្លែមានពរ
គឺយ៉ាងនោះដែលយើងប្រព្រឹត្តចំពោះ
ពួកអ្នកបម្រើរបស់យើងទាំងប៉ុន្មាន
ដើម្បីមិនឲ្យគេត្រូវបំផ្លាញអស់រលីងឡើយ។
9យើងនឹងបង្កើតជំនួរវង្សមួយចេញពីយ៉ាកុប
ហើយឲ្យមានពួកមួយចេញពីយូដា
ដែលនឹងគ្រងបានស្រុកភ្នំរបស់យើងទុកជាមត៌ក
ពួកអ្នករើសតាំងរបស់យើងនឹងទទួលបានស្រុកនោះ
ហើយពួកអ្នកបម្រើរបស់យើងនឹងអាស្រ័យនៅទីនោះ។
10វាលសារ៉ុននឹងក្លាយជាទីឃ្វាលហ្វូងចៀម
ហើយច្រកភ្នំអាកោរជាកន្លែងហ្វូងគោដេក
សម្រាប់ពួកប្រជារាស្ត្ររបស់យើងដែលបានស្វែងរកយើង។
11ប៉ុន្តែ អ្នករាល់គ្នាដែលបោះបង់ព្រះយេហូវ៉ា
គឺជាពួកអ្នកដែលភ្លេចភ្នំបរិសុទ្ធរបស់យើង
ហើយក៏រៀបអាសនាមួយថ្វាយដល់ព្រះមានលាភ
ព្រមទាំងចាក់ស្រាពេញពែងថ្វាយដល់ព្រះវាសនា
12យើងនឹងឲ្យអ្នករាល់គ្នាមានវាសនាជាដាវវិញ
ហើយអ្នកទាំងអស់គ្នានឹងត្រូវឱនចុះ ឲ្យគេកាប់សម្លាប់
ព្រោះពេលយើងហៅ អ្នករាល់គ្នាមិនបានឆ្លើយសោះ
ហើយពេលយើងនិយាយ អ្នករាល់គ្នាមិនបានឮឡើយ
គឺអ្នករាល់គ្នាបានប្រព្រឹត្តអំពើដែលអាក្រក់នៅភ្នែកយើង
ហើយបានរើសយករបស់ដែលយើងមិនចូលចិត្តវិញ។
13ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
ពួកអ្នកបម្រើយើងនឹងបានស៊ី
តែអ្នករាល់គ្នានឹងត្រូវឃ្លាន
ពួកអ្នកបម្រើយើងនឹងបានផឹក
តែអ្នករាល់គ្នានឹងត្រូវស្រេក
ពួកអ្នកបម្រើយើងនឹងអរសប្បាយ
តែអ្នករាល់គ្នានឹងត្រូវខ្មាស
14ពួកអ្នកបម្រើយើងនឹងច្រៀងដោយមានចិត្តអំណរ
តែអ្នករាល់គ្នានឹងស្រែកឡើង ដោយមានចិត្តព្រួយ
ហើយនឹងទ្រហោយំដោយមានវិញ្ញាណគ្រាំគ្រាវិញ។
15អ្នករាល់គ្នានឹងបន្តឈ្មោះរបស់អ្នក
ទុកជាទីផ្ដាសាដល់ពួករើសតាំងរបស់យើង
ហើយព្រះអម្ចាស់យេហូវ៉ានឹងសម្លាប់អ្នក
ព្រះអង្គនឹងដាក់ឈ្មោះផ្សេងទៀត
ឲ្យដល់ពួកអ្នកបម្រើរបស់ព្រះអង្គ។
16ពេលនោះ អ្នកណានៅផែនដី ដែលចង់បានពរ
នឹងរកពរដោយព្រះនៃសេចក្ដីពិត
ហើយអ្នកណានៅផែនដីដែលស្បថ
នោះនឹងស្បថដោយព្រះនៃសេចក្ដីពិតដែរ
ពីព្រោះសេចក្ដីវេទនាពីមុនបានភ្លេចទៅហើយ
ក៏បានបាំងពីភ្នែកយើងដែរ។
ផ្ទៃមេឃថ្មី និងផែនដីថ្មី
17ដ្បិតមើល៍ យើងនឹងបង្កើតផ្ទៃមេឃថ្មី ផែនដីថ្មី
ឯរបស់ពីមុន នោះគ្មានអ្នកណានឹងចាំទៀត
ក៏មិនដែលចូលក្នុងគំនិតឡើយ។
18ប៉ុន្តែ អ្នករាល់គ្នាត្រូវមានអំណរ
ហើយរីករាយជាដរាបចំពោះការដែលយើងបង្កើតនោះ
ដ្បិតមើល៍ យើងនឹងធ្វើឲ្យក្រុងយេរូសាឡិមបានជាទីរីករាយ
ហើយប្រជាជនទាំងឡាយជាអំណរ។
19យើងនឹងមានសេចក្ដីរីករាយចំពោះក្រុងយេរូសាឡិម
និងអំណរចំពោះប្រជារាស្ត្ររបស់យើង
រួចនៅក្នុងទីក្រុងនោះ នឹងលែងឮសំឡេងយំ
និងសម្រែកទៀត។
20ក៏នឹងលែងមានកូនតូចដែលរស់នៅតែប៉ុន្មានថ្ងៃ
ឬមនុស្សចាស់ដែលមិនបានរស់នៅ
ឲ្យពេញកំណត់អាយុទៀតដែរ
ដ្បិតអ្នកណាដែលស្លាប់ក្នុងអាយុមួយរយឆ្នាំ
នោះគេនឹងរាប់ថា ជាក្មេងទេ
ហើយមនុស្សបាបណាដែលរស់ដល់ត្រឹមមួយរយឆ្នាំ
នោះនឹងត្រូវបណ្ដាសាវិញ។
21គ្រានោះ មនុស្សនឹងសង់ផ្ទះ ហើយអាស្រ័យនៅ
ក៏នឹងដាំចម្ការទំពាំងបាយជូរ ហើយបរិភោគផលដែរ។
22គេមិនសង់ដើម្បីម្នាក់ទៀតអាស្រ័យនៅទេ
ឬដាំសម្រាប់ម្នាក់ទៀតបរិភោគផលនោះឡើយ
ដ្បិតអាយុរបស់ប្រជារាស្ត្ររបស់យើង
នឹងបានវែងដូចជាអាយុនៃដើមឈើ
ហើយពួករើសតាំងរបស់យើង
នឹងប្រើប្រាស់ការដែលដៃគេធ្វើជាយឺនយូរ។
23គេខំធ្វើការមិនមែនឥតប្រយោជន៍
ឬបង្កើតមកឲ្យតែបានត្រូវវិនាសទៅនោះឡើយ
ដ្បិតគេជាពូជនៃពួកដ៏មានពររបស់ព្រះយេហូវ៉ា
ព្រមទាំងកូនដែលគេបង្កើតមកនោះដែរ។
24មុនដែលគេអំពាវនាវ នោះយើងតបឆ្លើយហើយ
កាលគេកំពុងតែចេញសម្ដីនៅឡើយ
នោះយើងក៏ស្តាប់ដែរ។
25ឆ្កែព្រៃ និងកូនចៀមរកស៊ីជាមួយគ្នា
សិង្ហនឹងស៊ីចំបើងដូចជាគោ
ចំណែកពស់ នឹងមានធូលីដីជាអាហារ
សត្វទាំងឡាយនឹងមិនបៀតបៀន
ឬបំផ្លាញអ្វីនៅគ្រប់ក្នុងស្រុកភ្នំបរិសុទ្ធរបស់យើងទៀតឡើយ
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
Currently Selected:
អេសាយ 65: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies