យ៉ាកុប 4
4
ការធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍
1ការទាស់ទែង និងការឈ្លោះប្រកែកក្នុងចំណោមអ្នករាល់គ្នា នោះតើមកពីណា? តើមិនមែនមកពីចិត្តស្រើបស្រាល ដែលច្បាំងនៅខាងក្នុងអ្នករាល់គ្នាទេឬ? 2អ្នករាល់គ្នាប្រាថ្នាចង់បាន តែមិនបានទេ អ្នករាល់គ្នាសម្លាប់គេ អ្នករាល់គ្នាមានចិត្តច្រណែន តែពុំអាចទទួលបានអ្វីឡើយ ក៏ឈ្លោះប្រកែក ហើយតយុទ្ធគ្នា តែមិនបានអ្វីសោះ ព្រោះអ្នករាល់គ្នាមិនទូលសូម។ 3អ្នករាល់គ្នាទូលសូមដែរ តែមិនបានទទួល ព្រោះអ្នករាល់គ្នាទូលសូមដោយបំណងអាក្រក់ សម្រាប់តែនឹងបំពេញចិត្តស្រើបស្រាលរបស់ខ្លួន។ 4មនុស្សផិតក្បត់អើយ! តើអ្នករាល់គ្នាមិនដឹងទេឬថា ការធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ នោះធ្វើខ្លួនឲ្យទៅជាសត្រូវនឹងព្រះ? ដូច្នេះ អ្នកណាដែលចូលចិត្តធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះហើយ។ 5ឬតើអ្នករាល់គ្នាស្មានថា ព្រះគម្ពីរចែងមកជាឥតប្រយោជន៍ឬ ដែលថា៖ «ព្រះវិញ្ញាណដែលព្រះទ្រង់ប្រទានឲ្យមកគង់ក្នុងយើង ទ្រង់ស្រឡាញ់ដោយព្រះហឫទ័យប្រចណ្ឌ»? 6ប៉ុន្ដែ ព្រះអង្គផ្តល់ព្រះគុណខ្លាំងជាងនេះទៅទៀត។ ហេតុនេះហើយបានជាបទគម្ពីរចែងថា៖ «ព្រះទ្រង់ប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលបន្ទាបខ្លួនវិញ» ។ 7ដូច្នេះ សូមចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន។ 8សូមចូលទៅជិតព្រះអង្គ នោះព្រះអង្គនឹងយាងមកជិតអ្នករាល់គ្នាវិញដែរ។ មនុស្សបាបអើយ ចូរលាងដៃឲ្យស្អាតចុះ មនុស្សមានចិត្តពីរអើយ ចូរសម្អាតចិត្តឲ្យស្អាតឡើង។ 9ចូរមានទុក្ខ ហើយយំសោយសោកចុះ ចូរឲ្យសំណើចរបស់អ្នករាល់គ្នាត្រឡប់ជាទុក្ខសោក ហើយឲ្យអំណរបែ្រទៅជាទុក្ខព្រួយវិញ។ 10ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះព្រះអង្គនឹងតម្កើងអ្នករាល់គ្នាឡើង។
ពាក្យទូន្មានកុំឲ្យថ្កោលទោសអ្នកដទៃ
11បងប្អូនអើយ កុំនិយាយមួលបង្កាច់គ្នាទៅវិញទៅមកឡើយ អ្នកណានិយាយមួលបង្កាច់គ្នា ហើយថ្កោលទោសបងប្អូនរបស់ខ្លួន អ្នកនោះក៏និយាយមួលបង្កាច់ក្រឹត្យវិន័យ ហើយថ្កោលទោសក្រឹត្យវិន័យដែរ តែបើអ្នកថ្កោលទោសក្រឹត្យវិន័យ អ្នកមិនមែនកាន់តាមក្រឹត្យវិន័យទេ គឺឈ្មោះថាជាអ្នកថ្កោលទោសវិញ។ 12អ្នកដែលបង្កើតក្រឹត្យវិន័យ និងជាចៅក្រម មានតែមួយប៉ុណ្ណោះ គឺជាព្រះដែលអាចសង្គ្រោះ ហើយក៏អាចបំផ្លាញបានដែរ។ រីឯអ្នកវិញ តើអ្នកជាអ្នកណាដែលហ៊ានថ្កោលទោសអ្នកជិតខាងរបស់ខ្លួនដូច្នេះ?
កុំអួតអំពីថ្ងៃស្អែក
13ឥឡូវនេះ អ្នកដែលពោលថា៖ «ថ្ងៃនេះ ឬថ្ងៃស្អែក យើងនឹងធ្វើដំណើរទៅក្រុងណាមួយ ហើយស្នាក់នៅក្រុងនោះមួយឆ្នាំ ដើម្បីរកស៊ីឲ្យបានចំណេញ» 14តែអ្នករាល់គ្នាមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកទេ។ តើជីវិតរបស់អ្នករាល់គ្នាជាអ្វី? ដ្បិតអ្នករាល់គ្នាជាចំហាយទឹក ដែលឃើញតែមួយភ្លែត រួចក៏រសាត់បាត់ទៅ។ 15ផ្ទុយទៅវិញ អ្នករាល់គ្នាគួរតែពោលដូច្នេះវិញថា៖ «បើព្រះអម្ចាស់សព្វព្រះហឫទ័យ នោះយើងនឹងមានជីវិតរស់ ហើយយើងនឹងធ្វើការនេះ ឬធ្វើការនោះ» 16តែឥឡូវនេះ អ្នករាល់គ្នាបែរជាអួតអាងពីអំនួតរបស់ខ្លួនទៅវិញ។ គ្រប់ទាំងការអួតអាងបែបនេះសុទ្ធតែអាក្រក់ទាំងអស់។ 17ដូច្នេះ អ្នកណាស្គាល់អំពើល្អដែលត្រូវធ្វើ តែមិនព្រមធ្វើ នោះរាប់ជាមានបាបដល់អ្នកនោះហើយ។
Currently Selected:
យ៉ាកុប 4: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies