YouVersion Logo
Search Icon

យេរេមា 8

8
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​គ្រា​នោះ គេ​នឹង​យក​ឆ្អឹង​ស្តេច​សាសន៍​យូដា ឆ្អឹង​ពួក​ចៅ‌ហ្វាយ ឆ្អឹង​ពួក​សង្ឃ ឆ្អឹង​ពួក​ហោរា និង​ឆ្អឹង​របស់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ចេញ​ពី​ផ្នូរ​មក។ 2គេ​នឹង​រាយ​ឆ្អឹង​ទាំង​នោះ​នៅ​ចំពោះ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ និង​អស់​ពួក​បរិវារ​នៅ​លើ​មេឃ ជា​របស់​ដែល​គេ​បាន​ស្រឡាញ់ គោរព​ប្រតិ‌បត្តិ ប្រព្រឹត្ត​តាម ស្វែង​រក ហើយ​ថ្វាយ‌បង្គំ​ផង និង​គ្មាន​អ្នក​ណា​ប្រមូល ឬ​កប់​ឆ្អឹង​ទាំង​នោះ​ឡើយ គឺ​នឹង​បាន​សម្រាប់​ជា​ជី​នៅ​ដី​វិញ។ 3ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ មាន​ព្រះ‌បន្ទូល​ថា៖ អស់​អ្នក​ណា​ដែល​សល់​អំពី​គ្រួសារ​អាក្រក់​នេះ គឺ​ដែល​នៅ​គ្រប់​ទី​កន្លែង​ដែល​យើង​បណ្តេញ​គេ នោះ​នឹង​ស៊ូ​ស្លាប់​ជា​ជាង​រស់​នៅ។
ប្រជា‌ជាតិ​នេះ​ឥត​យល់​អ្វី​ទាំង​អស់
4មួយ​ទៀត អ្នក​ត្រូវ​ប្រាប់​គេ​ថា៖
ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ
បើ​មនុស្ស​ដួល តើ​មិន​ក្រោក​ឡើង​វិញ​ទេ​ឬ?
បើ​អ្នក​ណា​បែរ​ចេញ តើ​មិន​វិល​មក​វិញ​ឬ?
5ចុះ​ហេតុ​អ្វី​បាន​ជា​ប្រជាជន​នៅ​ក្រុង​យេរូ‌សាឡិម
ទាំង​នេះ​បានវង្វេង​ចេញ
ហើយ​ជាប់​នៅ​ក្នុង​ការ​នោះ​ជា‌និច្ច​ដូច្នេះ?
គេ​កាន់​ខ្ជាប់​តាម​ពាក្យ​បញ្ឆោត
ហើយ​មិន​ព្រម​វិល​មក​វិញ​ទេ។
6យើង​បាន​ផ្ទៀង​ត្រចៀក ហើយ​ប្រុង​ស្តាប់
តែ​គេ​មិន​បាន​និយាយ​ដោយ​ទៀង​ត្រង់​សោះ
គ្មាន​អ្នក​ណា​មួយ​បាន​ប្រែ​ចិត្ត​ចេញ
ពី​អំពើ​អាក្រក់​របស់​ខ្លួន ដោយ​ថា
តើ​យើង​បាន​ធ្វើ​អ្វី​នេះ
គ្រប់​គ្នា​បាន​បែរ​ទៅ​តាម​ផ្លូវ​របស់​ខ្លួន​វិញ
ដូច​ជា​សេះ​ស្ទុះ​ចូល​ទៅ​ក្នុង​សង្គ្រាម។
7ឯ​សត្វ​កុក​ដែល​ហើរ​លើ​អាកាស​ក៏​ស្គាល់​រដូវ​វា​ដែរ
ឯ​លលក និង​ត្រចៀក‌កាំ ហើយ​ក្រៀល
ក៏​កាន់​ពេល​វេលា​ដែល​ត្រូវ​មក​ដែរ
តែ​ប្រជា‌រាស្ត្រ​របស់​យើង
គេ​មិន​ស្គាល់​ច្បាប់​របស់​ព្រះ‌យេហូវ៉ា​ទេ។
8ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ថា៖ យើង​មាន​ប្រាជ្ញា
ក៏​មាន​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា
នៅ​ជា‌មួយ​យើង​ដែរ​ដូច្នេះ
តែ​មើល៍ ស្លាប​ប៉ាកកា​ក្លែង‌ក្លាយ​របស់​ពួក​អាចារ្យ
នោះ​បាន​បំផ្លាស់​ទៅ​ជា​សេចក្ដី​ភូត‌ភរ។
9ពួក​អ្នក​ប្រាជ្ញ​ត្រូវ​ខ្មាស ត្រូវ​ស្រយុត​ចិត្ត ហើយ​ចាប់​បាន
គេ​បាន​បោះ‌បង់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា
ដូច្នេះ តើ​គេ​មាន​ប្រាជ្ញា​អ្វី​នៅ​ក្នុង​ខ្លួន?
10ហេតុ​នោះ យើង​នឹង​លើក​ប្រពន្ធ​គេ​ឲ្យ​ដល់​អ្នក​ដទៃ
ហើយ​ស្រែ​ចម្ការ​របស់​គេ​ដល់​ពួក​អ្នក
ដែល​នឹង​គ្រប់‌គ្រង​តទៅ
ដ្បិត​តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​ជាង​គេ
សុទ្ធ​តែ​លោភលន់ ចាប់​តាំង​ពី​ហោរា
រហូត​ដល់​សង្ឃ គ្រប់​គ្នា​ប្រព្រឹត្ត​សេចក្ដី​ភូត‌ភរ។
11គេ​បាន​មើល​របួស​នៃ​កូន​ស្រី​របស់​ប្រជា‌រាស្ត្រ​យើង
ឲ្យ​សះ​តែ​បន្តិច‌បន្តួច​ទេ ដោយ​ពោល​តែ​ពាក្យ​ថា
សុខៗ​ប៉ុណ្ណោះ​ក្នុង​កាល​ដែល​ឥត​មាន​សេចក្ដី​សុខ​សោះ។
12កាល​គេ​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម
តើ​គេ​មាន​សេចក្ដី​ខ្មាស​ឬ​ទេ?
ទេ គេ​ឥត​មាន​សេចក្ដី​ខ្មាសឡើយ
ក៏​មិន​ឡើង​មុខ​ក្រហម​ផង
ហេតុ​នោះ​បាន​ជា​គេ​នឹង​ដួល​ជា‌មួយ​ពួក​អ្នក​ដែល​ត្រូវ​ដួល
ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
នៅ​វេលា​ដែល​យើង​ធ្វើ​ទោស​ដល់​គេ
នោះ​គេ​នឹង​ត្រូវ​ចំពប់​ដួល​ជា​ពិត។
13ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
យើង​នឹង​បំផ្លាញ​គេ​អស់​រលីង
នៅ​គ្រា​នោះ​នឹង​គ្មាន​ចង្កោម​ផ្លែ​នៅ​ដើម​ទំពាំង‌បាយ‌ជូរ
ឬ​ផ្លែ​ល្វា​នៅ​ដើម​ល្វា​សោះ
ស្លឹក​ទាំង​ប៉ុន្មាន​នឹង​ស្វិត​ក្រៀម
ហើយ​របស់​ទាំង​អស់​ដែល​យើង
បាន​ឲ្យ​ដល់​គេ​នឹង​សូន្យ​បាត់​ទៅ។
14ហេតុ​អ្វី​បាន​ជា​យើង​រាល់​គ្នា​អង្គុយ​តែ​ស្ងៀម​ដូច្នេះ?
ចូរ​មូល​មក យើង​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទី​ក្រុង
ទាំង​ប៉ុន្មាន​ដែល​មាន​កំផែង ហើយ​ភាំង​នៅ​ទី​នោះ​វិញ
ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ភាំង​ហើយ
ក៏​បាន​ឲ្យ​យើង​ផឹក​ទឹក​ពុល​ដែរ
ពី​ព្រោះ​យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌អង្គ។
15យើង​បាន​ទន្ទឹង​ចាំ​សេចក្ដី​សុខ
ប៉ុន្តែ ឥត​មាន​អ្វី​ល្អ​មក​សោះ
ក៏​សង្ឃឹម​នឹង​មាន​ពេល​ប្រោស​ឲ្យ​ជា
តែ​មើល៍ បាន​តែ​សេចក្ដី​វេទនា។
16មាន​ឮ​សូរ​ឃីស​នៃ​សេះ​របស់​គេ​ចេញ​ពី​ដាន់​មក
កាល​ណា​ឮ​សូរ​សេះ​ខ្លាំង​ពូកែ​របស់​គេ​ស្រែក​កញ្ជ្រៀវ
នោះ​ផែនដី​ទាំង​អស់​ក៏​ញ័រ ដ្បិត​គេ​បាន​មក​ហើយ
គេ​បាន​ស៊ី​លេប​ស្រុក
និង​របស់​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ស្រុក
ព្រម​ទាំង​ទី​ក្រុង និង​ពួក​អ្នក​នៅ​ក្នុង​នោះ​ដែរ។
17ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
មើល៍! យើង​នឹង​ចាត់​ពស់ គឺ​ជា​ពស់​វែក
ឲ្យ​មក​កណ្ដាល​អ្នក​រាល់​គ្នា
ដែល​មិន​ព្រម​តាម​សែក​មន្ត​ទេ
ពស់​ទាំង​នោះ​នឹង​ចឹក​អ្នក​រាល់​គ្នា។
ទំនួញ​របស់​លោក​យេរេមា
18ឱ​បើ​ខ្ញុំ​អាច​កម្សាន្ត​ទុក្ខ​របស់​ខ្ញុំ​បាន
ចិត្ត​របស់​ខ្ញុំ​ល្វើយ​នៅ​ក្នុង​ខ្លួន
19ន៎ ឮ​សំឡេង​កូន​ស្រី​របស់​សាសន៍​ខ្ញុំ
ដែល​ស្រែក​នៅ​ស្រុក​ឆ្ងាយ​ណាស់​ថា
តើ​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ក្រុង​ស៊ីយ៉ូន​ទេ​ឬ?
តើ​មហា‌ក្សត្រ​នៃ​ក្រុង​នោះ​មិន​នៅ​ទេ​ឬ?
ហេតុ​អ្វី​បាន​ជា​គេ​បណ្ដាល​ឲ្យ​យើង​ខឹង
ដោយ‌សារ​រូប​ឆ្លាក់​របស់​គេ
ហើយ​ដោយ​របស់​ឥត​ប្រយោជន៍​ពី​ប្រទេស​ដទៃ​ដូច្នេះ?
20រដូវ​ច្រូត​កាត់​បាន​កន្លង​ហើយ រដូវ​ក្តៅ​ក៏​ផុត​ទៅ
តែ​យើង​រាល់​គ្នា​មិន​ទាន់​បាន​សង្គ្រោះ​នៅ​ឡើយ។
21ខ្ញុំ​ត្រូវ​របួស​ដោយ​ឈឺ​ឆ្អាល​ចំពោះ​របួស
របស់​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ
ខ្ញុំ​កាន់​ទុក្ខ ហើយ​សេចក្ដី​ស្រឡាំង‌កាំង​បាន​ចាប់​ខ្ញុំ​ផង
22តើ​គ្មាន​ប្រទាល​មុខ​សះ​នៅ​ស្រុក​កាឡាត​ទេ​ឬ?
តើ​គ្មាន​គ្រូ​ពេទ្យ​នៅ​ទី​នោះ​ទេ​ឬ?
ចុះ​តើ​ហេតុ​អ្វី​បាន​ជា​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ​មិន​ជា​ដូច្នេះ?

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in