YouVersion Logo
Search Icon

យេរេមា 9

9
1 ឱ​ប្រសិន‌បើ​ក្បាល​ខ្ញុំ​ពេញ​ដោយ​ទឹក
ហើយ​ភ្នែក​ខ្ញុំ​ជា​រន្ធ​ចេញ​ទឹក​ជា‌និច្ច
ដើម្បី​ឲ្យ​ខ្ញុំ​បាន​យំ​ទាំង​យប់​ទាំង​ថ្ងៃ
ពី​ដំណើរ​ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់
ក្នុង​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ
2 ឱ​បើ​ខ្ញុំ​មាន​ទី​ស្នាក់​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន
ជា​ទី​សំណាក់​របស់​អ្នក​ដំណើរ
ដើម្បី​ឲ្យ​ខ្ញុំ​បាន​លះ‌បង់​សាសន៍​របស់​ខ្ញុំ
ហើយ​ឃ្លាត​ចេញ​ពី​គេ​ទៅ
ដ្បិត​គេ​សុទ្ធ​តែ​ជា​ពួក​កំផិត គឺ​ជា​ជំនុំ​មនុស្ស​ក្បត់។
3ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
គេ​ដំឡើង​អណ្ដាត​ដូច​ជា​ធ្នូ សម្រាប់​ពាក្យ​ភូត‌ភរ
ហើយ​គេ​បាន​ចម្រើន​កម្លាំង​នៅ​ក្នុង​ស្រុក​ផង
តែ​មិន​មែន​សម្រាប់​សេចក្ដី​ពិត​ត្រង់​ទេ
ដ្បិត​គេ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​មួយ​ហើយ​មួយ​ទៀត
ហើយ​គេ​មិន​ស្គាល់​យើង​ទេ។
4ចូរ​ឲ្យ​គ្រប់​គ្នា​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​ជិត​ខាង​ខ្លួន
កុំ​ទុក​ចិត្ត​នឹង​បង‌ប្អូន​ណា​មួយ​ឡើយ
ដ្បិត​គ្រប់​ទាំង​បង‌ប្អូន​នឹង​ដណ្ដើម​យក
ប្រយោជន៍​អស់​រលីង ហើយ​គ្រប់​ទាំង​អ្នក​ជិត​ខាង
នឹង​ដើរ​ទៅ​មក​និយាយ​មួល​បង្កាច់‌គេ។
5គ្រប់​គ្នា​នឹង​បព្ឆោាត​អ្នក​ជិត​ខាង​ខ្លួន
ហើយ​មិន​ព្រម​ពោល​សេចក្ដី​ពិត​ទេ
គេ​បាន​បង្វឹក​អណ្ដាត​ឲ្យ​កុហក
គេ​ខំ​អស់​ពី​ចិត្ត​នឹង​ប្រព្រឹត្ត​អាក្រក់។
6គេ​សង្កត់​សង្កិន និង​បោក​បព្ឆោាត​ម្ដង​ហើយ​ម្ដង​ទៀត
គេ​មិន​ព្រម​ស្គាល់​យើង​ឡើយ
នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។
7ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
មើល៍! យើង​នឹង​រំលាយ ហើយ​សាកល្បង​គេ
ដ្បិត​តើ​ឲ្យ​យើង​ធ្វើ​យ៉ាង​ណា​ទៀត
ដល់​កូន​ស្រី​របស់​ប្រជា‌រាស្ត្រ​របស់​យើង​នេះ?
8អណ្ដាត​គេ​ជា​ព្រួញ​ដែល​សម្លាប់
ក៏​ពោល​សុទ្ធ​តែពាក្យ​បោក​បព្ឆោាត
គេ​និយាយ​សេចក្ដី​មេត្រី​នឹង​អ្នក​ជិត​ខាង
ដោយ​បបូរ​មាត់ តែ​ក្នុង​ចិត្ត​គេ​លប​ចាំ​ចាប់​វិញ។
9ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖
តើ​មិន​ត្រូវ​ឲ្យ​យើង​ធ្វើ​ទោស​គេ
ដោយ​ព្រោះ​អំពើ​យ៉ាង​នោះ​ទេ​ឬ?
តើ​ព្រលឹង​យើង​មិន​ត្រូវ​សង‌សឹក
ចំពោះ​សាសន៍​ណា​យ៉ាង​នេះ​ទេ​ឬ?
10ខ្ញុំ​នឹង​ឡើង​សំឡេង​យំ
ហើយ​ស្រែក​ទ្រហោ​នឹង​ភ្នំ​ទាំង​ប៉ុន្មាន
ទួញ​ចំពោះ​វាល​ឃ្វាល​សត្វ​នៅ​ទី​រហោ‌ស្ថាន
ព្រោះ​បាន​ឆេះ​អស់​ហើយ
បាន​ជា​គ្មាន​អ្នក​ណា​ដើរ​តាម​នោះ​ទៀត
ក៏​គ្មាន​អ្នក​ណា​ឮ​សំឡេង​របស់​ហ្វូង​សត្វ​ដែរ
ឯ​សត្វ​ហើរ​លើ​អាកាស
និង​សត្វ​ជើង​បួន​បាន​បាត់​អស់​ទៅ​ហើយ។
11យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ត្រឡប់​ជា​កង​គំនរ
គឺ​ជា​ទី​លំនៅ​នៃ​ពួក​ចចក
ហើយ​ធ្វើ​ឲ្យ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា
ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ។
12តើ​អ្នក​ណា​មាន​ប្រាជ្ញា ដែល​អាច​យល់​សេចក្ដី​នេះ​បាន? តើ​ព្រះ‌ឧស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ចំពោះ​អ្នក​ណា ដើម្បី​ឲ្យ​គេ​បាន​ថ្លែង​ប្រាប់​តទៅ? ហេតុ​អ្វី​បាន​ជា​ស្រុក​ត្រូវ​វិនាស ហើយ​ឆេះ​សុស​ដូច​ជា​ទី​រហោ‌ស្ថាន ដែល​គ្មាន​អ្នក​ណា​ដើរ​កាត់​ទៀត​ដូច្នេះ? 13ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ គឺ​ដោយ​ព្រោះ​តែ​គេ​បាន​បោះ‌បង់​ក្រឹត្យ‌វិន័យ​របស់​យើង ដែល​យើង​បាន​ដាក់​នៅ​មុខ​គេ ហើយ​មិន​បាន​ស្តាប់ ឬ​ដើរ​តាម​ពាក្យ​របស់​យើង​ប៉ុណ្ណោះ។ 14គឺ​គេ​បាន​ដើរ​តាម​តែ​ចិត្ត​រឹង​របស់​គេ​វិញ ព្រម​ទាំង​តាម​ព្រះ‌បាល​ទាំង​ប៉ុន្មាន ដែល​បុព្វ‌បុរស​គេ​បាន​បង្រៀន​ដល់​គេ។ 15ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ យើង​នឹង​ចិញ្ចឹម​ជន​ជាតិ​នេះ​ដោយ​ស្លែង ហើយ​នឹង​ឲ្យ​ទឹក​ពុល​ទៅ​គេ​ផឹក។ 16យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​ទៅ​គ្រប់​ទាំង​សាសន៍ ជា​សាសន៍​ដែល​ខ្លួន​គេ ឬ​បុព្វ‌បុរស​គេ ក៏​មិន​បាន​ស្គាល់​ផង ហើយ​យើង​នឹង​ចាត់​ប្រើ​ដាវ​ឲ្យ​ទៅ​តាម​គេ ដរាប​ដល់​បាន​បំផ្លាញ​គេ​អស់​រលីង។
17ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖
ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ចុះ
ហើយ​ហៅ​ពួក​ស្រីស៊ី​ឈ្នួល​យំ​ឲ្យ​មក
ចូរ​ចាត់គេឲ្យ​ទៅ​ហៅ​ពួក​ស្រី​វាង‌វៃ​ឲ្យ​មក​ដែរ។
18ត្រូវ​ឲ្យ​គេ​ប្រញាប់​លើក​បទ​ទំនួញ​ឲ្យ​យើង
ដើម្បី​ឲ្យ​ភ្នែក​យើង​បាន​ស្រក់​ទឹក​ចុះ
ហើយ​ឲ្យ​ត្របក​ភ្នែក​យើង​បាន​ចេញ​ទឹក​ល្ហល្ហាច។
19ដ្បិត​មាន​ឮ​សំឡេង​ទ្រហោ​យំ ពី​ក្រុង​ស៊ីយ៉ូន​មក​ថា៖
ឱ​ម៉្លេះ​សម​យើង​វេទនា​យ៉ាង​ណា​ហ្ន៎
យើង​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ
ដោយ​ព្រោះ​យើង​ត្រូវ​ចោល​ស្រុក
ហើយ​ដោយ​ព្រោះ​គេ​បាន​រំលំ​ទី​លំនៅ
របស់​យើងចោល។
20ប៉ុន្តែ ឱ​ពួក​ស្រីៗ​អើយ
ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ
ហើយ​ឲ្យ​ត្រចៀក​ទទួល​ព្រះ‌បន្ទូល
ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​ផង
ត្រូវ​បង្រៀន​កូន​ស្រី​របស់​អ្នក​រាល់​គ្នា
ឲ្យ​ចេះ​ទ្រហោ​យំ ហើយ​ឲ្យ​អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន
ចេះ​ទួញ​ទំនួញ
21ព្រោះ​សេចក្ដី​ស្លាប់​បាន​ឡើង​ចូល​មក​តាម​បង្អួច​យើង
ក៏​បាន​ចូល​មក​ក្នុង​ដំណាក់​របស់​យើង​ដែរ
ដើម្បី​ដក​យក​ជីវិត​កូន​ក្មេង​នៅ​តា​មទីធ្លា
និង​ពួក​កំលោះៗ​នៅ​តាម​ដង​ផ្លូវ។
22ចូរ​ប្រាប់​ចុះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
សាក‌សព​របស់​មនុស្ស​នឹង​ធ្លាក់​ចុះ
ដូច​ជា​ជី​នៅ​វាល​ស្រែ ហើយ​ដូច​ជា​កណ្ដាប់​ស្រូវ
តាម​ក្រោយ​អ្នក​ច្រូត
ឥត​មាន​អ្នក​ណា​ប្រមូល​វិញ​ឡើយ។
23ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ កុំ​បី​ឲ្យ​អ្នក​ប្រាជ្ញ​អួត​ពី​ប្រាជ្ញា​របស់​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​មនុស្ស​ខ្លាំង​ពូកែ​អួត​ពី​កម្លាំង​ខ្លួន ឬ​អ្នក​មាន​អួត​ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដែរ។ 24ឯ​អ្នក​ដែល​អួត នោះ​ត្រូវ​ឲ្យ​អួត​តែ​ពី​សេចក្ដី​នេះ​វិញ គឺ​ថា​ខ្លួន​មាន​យោបល់ ហើយ​ក៏​ស្គាល់​ដល់​យើង​ថា យើង​ជា​ព្រះ‌យេហូវ៉ា​ដែល​ប្រោស​ផ្សាយ​សេចក្ដី​សប្បុរស សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ផែនដី ដ្បិត​យើង​រីក‌រាយ​ចិត្ត​ចំពោះ​សេចក្ដី​ទាំង​នោះ​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
25ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​វាយ​ផ្ចាល​ពួក​កាត់​ស្បែក ដែល​កាត់​មិន​ស្មោះ​ត្រង់ 26គឺ​សាសន៍​អេស៊ីព្ទ សាសន៍​យូដា សាសន៍​អេដុម និង​ពួក​កូន​ចៅ​អាំម៉ូន និង​ម៉ូអាប់ ព្រម​ទាំង​អស់​អ្នក​នៅ​ទី​រហោ‌ស្ថាន ដែល​កាត់​ជ្រុង​ពុក‌ចង្កា​ផង ដ្បិត​បណ្ដា​សាសន៍​ទាំង​ប៉ុន្មាន មិន​កាត់​ស្បែក​ទេ ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​មិន​បាន​កាត់​ស្បែក​ចិត្ត​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in