YouVersion Logo
Search Icon

លូកា 24

24
ព្រះ‌យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ
(ម៉ាថាយ ២៨.១-១០ ម៉ាកុស ១៦.១-៨ យ៉ូហាន ២០.១-២០)
1នៅ​ថ្ងៃ​ទី​មួយ​ក្នុង​អាទិត្យ ពេល​ភ្លឺ​ស្រាងៗ គេ​បាន​យក​គ្រឿង​ក្រអូប ដែល​បាន​រៀបចំ​ជា​ស្រេច​នោះ នាំ​គ្នា​ទៅ​ផ្នូរ មាន​អ្នក​ខ្លះ​ទៀត​ទៅ​ជា​មួយ​ដែរ។ 2គេ​ក៏​ឃើញ​ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរ 3តែ​ពេល​ចូល​ទៅ​ដល់ គេ​មិន​ឃើញ​ព្រះ‌សព​ព្រះ‌អម្ចាស់​យេស៊ូវ​សោះ។ 4កំពុង​ដែល​មាន​ការ​ងឿង​ឆ្ងល់​អំពី​ការ​នោះ ស្រាប់​តែ​ឃើញ​មាន​ពីរ​នាក់​ស្លៀក​ពាក់​ភ្លឺ​ចែង​ចាំង ឈរ​នៅ​ជិត​គេ។ 5គេ​ក៏​ភ័យ​ស្លុត ហើយ​ក្រាប​ផ្កាប់​មុខ​ដល់​ដី តែ​បុរស​ទាំង​ពីរ​នាក់​នោះ​និយាយ​មក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​មក​រក​ព្រះ‌អង្គ ដែល​មាន​ព្រះ‌ជន្ម​រស់ នៅ​ក្នុង​ទី​ខ្មោច​ស្លាប់​ដូច្នេះ? 6ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ព្រះ‌អង្គ​មិន​គង់​នៅ​ទី​នេះ​ទេ ចូរ​នឹក​ចាំ​ពី​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​ទ្រង់​គង់​នៅ​ស្រុក​កាលីឡេ​នៅ​ឡើយ​ថា 7"កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​មនុស្ស​បាប ត្រូវ​គេ​ឆ្កាង ហើយ​នៅ​ថ្ងៃ​ទីបី​នឹង​រស់​ឡើង​វិញ"» ។ 8ពេល​នោះ គេ​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ 9ហើយ​វិល​មក​ពី​ផ្នូរ​វិញ រៀប​រាប់​ប្រាប់​ពី​ហេតុ‌ការណ៍​ទាំង​នោះ​ដល់​អ្នក​ទាំង​ដប់​មួយ និង​អ្នក​ផ្សេង​ៗ​ទៀត​ដែរ។ 10រីឯ​ពួក​ស្ត្រី​ដែល​ប្រាប់​ពី​ហេតុ‌ការណ៍​ទាំង​នោះ​ដល់​ពួក​សាវក គឺម៉ារា អ្នក​ស្រុក​ម៉ាក់ដាឡា យ៉ូអាន់ ម៉ារា ជា​ម្តាយ​យ៉ាកុប​មួយ និង​ស្ត្រី​ឯ​ទៀត ដែល​នៅ​ជា​មួយ​គ្នា​ផង។ 11ពួក​សាវក​មិន​បាន​ជឿ​ទេ ដ្បិត​ពាក្យ​សម្ដី​របស់​ស្រ្តី មើល​ទៅ​ដូច​មិន​បាន​ការ។ 12ពេត្រុស​ក្រោក​ឡើង រត់​ទៅ​ឯ​ផ្នូរ ហើយ​ឱន​មើល​ទៅ​ឃើញ​តែ​សំពត់​ស្នប​ទទេ រួច​វិល​ទៅ​ផ្ទះ​វិញ ដោយ​អស្ចារ្យ​ក្នុង​ចិត្ត ពី​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ។
សិស្ស​ពីរ​នាក់​ធ្វើ​ដំណើរ​ទៅ​ភូមិ​អេម៉ោស
(ម៉ាកុស ១៦.១២-១៣)
13នៅ​ថ្ងៃ​នោះ មាន​ពួក​សិស្ស​ពីរ​នាក់​កំពុង​តែ​ដើរ​ទៅ​ភូមិ​អេម៉ោស ចម្ងាយ​ដប់​មួយ​គីឡូ‌ម៉ែត្រ ពី​ក្រុង​យេរូ‌សាឡិម។ 14គេ​កំពុង​តែ​និយាយ​គ្នា ពី​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើងនោះ។ 15ពេល​គេ​កំពុង​តែ​និយាយ​គ្នា និង​រិះ​គិត​ដូច្នេះ នោះ​ព្រះ‌យេស៊ូវ​ក៏​ចូល​មក យាង​ជា​មួយ​គេ​ដែរ។ 16តែ​ភ្នែក​គេ​មិន​អាច​មើល​ស្គាល់​ព្រះ‌អង្គ​ទេ។ 17ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​និយាយ​គ្នា​ពី​រឿង​អ្វី ទាំង​ដើរ​បណ្តើរ និយាយ​គ្នា​បណ្ដើរ​ដូច្នេះ?» គេ​ក៏​ឈរ​ស្ងៀម មាន​ទឹក​មុខ​ស្រងូត។ 18ម្នាក់​ដែល​ឈ្មោះ​ក្លេវប៉ាស​ឆ្លើយ​ថា៖ «តើ​អ្នក​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​តែ​ម្នាក់​ឯង​ទេ​ឬ បាន​ជា​មិន​ដឹងហេតុ‌ការណ៍​ដែល​កើត​ឡើង ក្នុង​រវាង​ប៉ុន្មាន​ថ្ងៃ​នេះ?» 19ព្រះ‌អង្គ​សួរ​គេ​ថា៖ «តើ​មាន​រឿង​អ្វី?» គេ​ឆ្លើយ​ថា៖ «គឺ​ពី​រឿង​លោក​យេស៊ូវ ជា​អ្នក​ស្រុក​ណាសា‌រ៉ែត ជា​ហោរា ដែល​ការ​លោក​ធ្វើ និង​ពាក្យ​សម្ដី​របស់​លោក សុទ្ធ​តែ​មាន​ឫទ្ធិ នៅ​ចំពោះ​ព្រះ និង​ប្រជា‌ជន​ទាំង‌ឡាយ 20ហើយ​ពី​របៀប​ដែល​ពួក​សង្គ្រាជ និង​ពួក​នាម៉ឺន​របស់​យើង​ខ្ញុំ បាន​បញ្ជូន​លោក​ទៅ ឲ្យ​ជាប់​ទោស​ដល់​ជីវិត ហើយ​ឆ្កាង​លោក​ទៀត​ផង។ 21តែ​យើង​ខ្ញុំ​បាន​សង្ឃឹម​ថា គឺ​លោក​នោះ​ហើយ ជា​អ្នក​រំដោះ​សាសន៍​អ៊ីស្រា‌អែល ហើយ​ឥឡូវ​ក៏​មាន​ការ​នេះ​ថែម​ទៀត ដ្បិត​នេះ​គម្រប់​បី​ថ្ងៃ​ហើយ តាំង​ពី​ការ​ទាំង​នោះ​កើត​មក។ 22ហើយ​មាន​ស្ត្រី​ខ្លះ ក្នុង​ពួក​យើង​ខ្ញុំ​បាន​នាំ​ឲ្យ​ឆ្ងល់​ដែរ ដោយ​បាន​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម 23តែ​រក​សព​លោក​មិន​ឃើញ​សោះ ហើយ​គេ​មក​ប្រាប់​យើង​ថា ឃើញ​ទេវតា​លេច​មក​ប្រាប់​ថា លោក​រស់​ឡើង​វិញ​ហើយ។ 24មាន​ពួក​យើង​ខ្ញុំ​ខ្លះ​បាន​ទៅ​ឯ​ផ្នូរ​ដែរ ក៏​ឃើញ​ដូច​ជា​ពួក​ស្រ្តីទាំង​នោះ​ថា​មែន តែ​មិន​បាន​ឃើញ​រូប​លោក​ទេ»។ 25ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឱ​មនុស្ស​ឥត​ពិចារណា ហើយ​ក្រ​នឹង​ជឿ​អស់​ទាំង​សេចក្តី​ដែល​ពួក​ហោរា​បាន​ទាយ​ទុក​មក​អើយ 26តើ​មិន​គួរ​ឲ្យ​ព្រះ‌គ្រីស្ទ​រង​ទុក្ខ​នឹង​ការ​ទាំង​នេះ ហើយ​ចូល​ទៅ​ក្នុង​សិរី​ល្អ​របស់​ព្រះ‌អង្គ​ទេ​ឬ?» 27បន្ទាប់​មក ព្រះ‌អង្គ​ក៏​ស្រាយ​ន័យ​សេចក្តី​ដែល​ចែង​អំពី​ព្រះ‌អង្គ​នៅ​ក្នុង​គម្ពីរ​ទាំង‌មូល ឲ្យ​គេ​ស្តាប់ ចាប់​ពី​គម្ពីរ​លោក​ម៉ូសេ និង​គម្ពីរ​ហោរា​រៀង​មក។ 28លុះ​គេ​ដើរ​ជិត​ដល់​ភូមិ​ដែល​គេ​បម្រុង​នឹង​ទៅ ហើយ​ទ្រង់​ធ្វើ​ដូច​ជា​ចង់​យាង​បង្ហួស 29តែ​គេ​ឃាត់​ព្រះ‌អង្គ​ថា៖ «សូម​នៅ​ជា​មួយ​យើង​ខ្ញុំ​សិន ព្រោះ​ល្ងាច ថ្ងៃ​ទាប​ណាស់​ហើយ»។ ដូច្នេះ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​គង់​ជា​មួយ​គេ។ 30ពេល​គង់​នៅ​តុ​ជា​មួយ​គ្នា ព្រះ‌អង្គ​យក​នំបុ័ង​មក​ប្រទាន​ពរ រួច​កាច់​ប្រទាន​ទៅ​ឲ្យ​គេ។ 31ពេលនោះ ភ្នែក​គេ​ក៏​បើក​ភ្លឺ​ឡើង ហើយ​គេ​បាន​ស្គាល់​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​ក៏​បាត់​ពី​មុខ​គេ​ទៅ​ភ្លាម។ 32គេ​និយាយ​គ្នា​ថា៖ «តើ​យើង​មិន​មាន​សេចក្តី​ខ្មួល‌ខ្មាញ់​នៅ​ក្នុង​ចិត្ត ក្នុង​ពេល​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​យើង ហើយ​សម្តែងពីបទ​គម្ពីរប្រាប់​យើង នៅ​តាម​ផ្លូវ​នោះ​ទេ​ឬ?» 33នៅ​វេលា​នោះ​ឯង គេ​ក៏​ក្រោក​ឡើង​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ឃើញ​សាវក​ទាំង​ដប់​មួយ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​បាន​ប្រជុំ​គ្នា។ 34គេ​និយាយ​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន ក៏​បាន​លេច​មក​ឲ្យ​ស៊ីម៉ូន​ឃើញ»។ 35ពេល​នោះ គេ​ក៏​និយាយ​ប្រាប់​ពី​ការ​ដែល​កើត​មាន​មក​តាម​ផ្លូវ និង​ហេតុ‌ការណ៍​ដែល​គេ​បាន​ស្គាល់​ព្រះ‌អង្គ​ច្បាស់ ក្នុង​ពេល​ព្រះ‌អង្គ​កាច់​នំបុ័ង​ឲ្យ។
ព្រះ‌យេស៊ូវ​លេច​ឲ្យ​ពួក​សិស្ស​ឃើញ
(ម៉ាថាយ ២៨.១៦-២០ ម៉ាកុស ១៦.១៤-១៨ យ៉ូហាន ២០.១៩-២៣ កិច្ច‌ការ ១.៦-៨)
36កាល​ពួក​គេ​កំពុង​និយាយ​ពី​ការ​នេះ ព្រះ‌យេស៊ូវ​ក៏​ឈរ​នៅ​កណ្តាល​ពួក​គេ មាន​ព្រះ‌បន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត!»។ 37ប៉ុន្ដែ គេ​ភ័យ​ញ័រ ទាំង​មាន​សេចក្តី​ស្ញែង​ខ្លាច​ជា​ខ្លាំង ដោយ​ស្មាន​ថា​ជា​ខ្មោច​លង។ 38ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​វិល‌វល់ ហើយ​សង្ស័យ​ក្នុង​ចិត្ត​ដូច្នេះ? 39ចូរ​មើល​មក​ដៃ និង​ជើង​ខ្ញុំ ឲ្យ​បាន​ដឹង​ថា នេះ​គឺ​ខ្ញុំ​ពិត​មែន។ ចូរ​ពាល់​ខ្ញុំ​មើល ដ្បិត​ខ្មោច​គ្មាន​សាច់​ឬ​ឆ្អឹង ដូច​ជា​ឃើញ​ខ្ញុំ​នេះ​ទេ»។ 40ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ នោះ​ក៏​បង្ហាញ​ព្រះ‌ហស្ត និង​ព្រះ‌បាទ​ព្រះ‌អង្គ​ឲ្យ​គេ​ឃើញ។ 41កាល​ពួក​គេ​មិន​ទាន់​ជឿ​នៅ​ឡើយ ដោយ​ព្រោះ​មាន​អំណរ និង​សេចក្តី​អស្ចារ្យ នោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ទី​នេះ តើ​អ្នក​រាល់​គ្នា​មាន​អ្វី​បរិ‌ភោគ​ឬ​ទេ?» 42គេ​ក៏​យក​ត្រី​អាំង​មួយ​ដុំ និង​សំណុំ​ឃ្មុំ​មក​ថ្វាយ​ព្រះ‌អង្គ 43ហើយ​ព្រះ‌អង្គ​ទទួល​យកមក​សោយ​នៅ​មុខ​ពួកគេ។ 44បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ហើយ​ជា​សេចក្តី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ គឺ​ថា ត្រូវ​តែ​សម្រេច​គ្រប់​ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​ពី​ខ្ញុំ ទោះ​ក្នុង​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ ក្នុង​ទំនាយ​ពួក​ហោរា ឬ​ក្នុង​បទ​ទំនុក‌តម្កើង​ក្តី»។ 45ពេលនោះ ព្រះ‌អង្គ​ក៏​បើក​បំភ្លឺ​សតិ​ស្មារតី​គេ ឲ្យ​បាន​យល់​ក្នុង​គម្ពីរ 46ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​សេចក្តី​នេះ​ហើយ ដែល​បាន​ចែង​ទុក​មក គឺ​ថា ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​នៅ​ថ្ងៃ​ទី​បី ព្រះ‌អង្គ​នឹង​រស់​ពី​ស្លាប់​ឡើង​វិញ 47ហើយ​ត្រូវ​ឲ្យ​ការ​ប្រែ​ចិត្ត និង​ការ​ប្រោស​ឲ្យ​រួច បាន​ប្រកាស​ប្រាប់​ដល់​អស់​ទាំង​សាសន៍ ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡិម​ទៅ។ 48អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​ពី​ការ​ទាំង​នេះ 49ហើយ​មើល៍! ខ្ញុំ​នឹង​ឲ្យ​សេចក្តី​សន្យា​របស់​ព្រះ‌វរបិតា មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ ចូរ​អ្នក​រាល់​គ្នា​នៅ​តែ​ក្នុង​ក្រុង​យេរូ‌សាឡិម រហូត​ដល់​ព្រះ‌ចេស្តា​ពី​ស្ថាន​លើ បាន​មក​គ្រប​ដណ្តប់​លើ​អ្នក​រាល់​គ្នា»។
ព្រះ‌យេស៊ូវ​យាង​ឡើង​ទៅ​ស្ថាន‌សួគ៌
(ម៉ាកុស ១៦.១៩-២០ កិច្ច‌ការ ១.៩-១១)
50ពេល​នោះ ព្រះ‌អង្គ​នាំ​គេ​ចេញ​ទៅ​ត្រឹមភូមិ​បេតថានី ហើយ​ទ្រង់​លើក​ព្រះ‌ហស្ត​ឡើង ប្រទាន​ពរ​ពួក​គេ។ 51កំពុង​ដែល​ព្រះ‌អង្គ​ប្រទាន​ពរ នោះ​ព្រះ‌វរបិតា​បាន​ញែក​ព្រះ‌អង្គ​ចេញ​ពី​គេ លើក​ឡើង​ទៅ​ស្ថាន‌សួគ៌​ទៅ។ 52គេ​ក៏​ថ្វាយ‌បង្គំ​ព្រះ‌អង្គ រួច​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ដោយ​អំណរ​ជា​ខ្លាំង 53ហើយ​ពួក​គេ​នៅ​ក្នុង​ព្រះ‌វិហារ​ជានិច្ច ទាំង​សរសើរ និង​លើក​តម្កើង​ព្រះ។ អាម៉ែន។:៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in