YouVersion Logo
Search Icon

លូកា 6

6
សំណួរ​អំពី​ថ្ងៃ​សប្ប័ទ
(ម៉ាថាយ ១២.១-៨ ម៉ាកុស ២.២៣-២៨)
1មាន​ថ្ងៃ​មួយ ជា​ថ្ងៃ​សប្ប័ទ ព្រះ‌យេស៊ូវ​យាង​កាត់​ស្រែ ហើយ​ពួក​សិស្ស​បាន​បូត​គួរ​ស្រូវ​បរិ‌ភោគ ដោយ​ញី​នឹង​ដៃ។ 2ប៉ុន្ដែ មាន​ពួក​ផារិស៊ី​ខ្លះ​និយាយ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការ​ដែល​ច្បាប់​ហាម​មិន​ឲ្យ​ធ្វើ នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?» 3ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​ពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ និង​ពួក​អ្នក​នៅ​ជា​មួយ​បាន​ធ្វើ នៅ​ពេល​ឃ្លាន​ទេ​ឬ? 4ស្ដេច​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ យក​នំបុ័ង​តាំង​ថ្វាយ​ព្រះ​ទៅ​សោយ ទាំង​ចែក​ឲ្យ​ពួក​អ្នក​នៅ​ជា​មួយ​ទៀត​ផង ដែល​ច្បាប់​ហាម​មិន​ឲ្យ​អ្នក​ណា​បរិភាគ​សោះ គឺ​សម្រាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ»។ 5ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «កូន​មនុស្ស​ជា​ម្ចាស់​នៃ​ថ្ងៃ​សប្ប័ទ»។
ព្រះ‌យេស៊ូវ​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា
(ម៉ាថាយ ១២.៩-១៤ ម៉ាកុស ៣.១-៦)
6នៅ​ថ្ងៃ​សប្ប័ទ​មួយ​ទៀត ព្រះ‌អង្គ​បាន​យាង​ចូល​ទៅ​បង្រៀន​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ដែល​ស្វិត​ដៃ​ខាង​ស្តាំ។ 7ពួក​អាចារ្យ និង​ពួក​ផារិស៊ី​តាម​មើល​ព្រះ‌អង្គ ក្រែង​ព្រះ‌អង្គ​ប្រោស​ឲ្យ​គាត់​ជា​នៅ​ថ្ងៃ​សប្ប័ទ គឺ​ដើម្បី​ឲ្យ​គេ​បាន​ហេតុ​នឹង​ចោទ​ប្រកាន់​ព្រះ‌អង្គ។ 8ប៉ុន្តែ ព្រះ‌អង្គ​ជ្រាប​គំនិត​របស់​គេ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​មក​ឈរ​ទី​នេះ!»។ គាត់​ក៏​ក្រោក​ឈរ​ឡើង។ 9ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សួរ​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​សប្ប័ទ តើ​មាន​ច្បាប់​នឹង​ធ្វើ​ការ​ល្អ ឬ​ធ្វើ​ការ​អាក្រក់? តើ​ឲ្យ​សង្គ្រោះ​ជីវិត ឬ​ឲ្យ​បំផ្លាញ?» 10ក្រោយ​ពី​ទត​មើល​មនុស្ស​ទាំង​អស់​ដែល​នៅ​ជុំវិញ​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​បុរស​នោះ​ថា៖ «ចូរ​លាត​ដៃ​របស់​អ្នក​ទៅ!»។ គាត់​ក៏​លាត​ដៃ ហើយ​ដៃ​របស់​គាត់​បាន​ជា​ឡើង​វិញ។ 11ប៉ុន្តែ គេ​មាន​ចិត្ត​ក្ដៅ​ក្រហាយ​ជា​ខ្លាំង ហើយ​ពិគ្រោះ​គ្នា​ពី​ការ​ដែល​គេ​អាច​ធ្វើ​យ៉ាង​ណា​ចំពោះ​ព្រះ‌យេស៊ូវ។
ព្រះ‌យេស៊ូវ​ជ្រើស​រើស​សាវក​ទាំង​ដប់​ពីរ
(ម៉ាថាយ ១០.១-៤ ម៉ាកុស ៣.១៣-១៩)
12នៅ​គ្រា​នោះ ព្រះ‌អង្គ​យាង​ចេញ​ទៅ​ភ្នំ ដើម្បី​អធិស្ឋាន។ ព្រះ‌អង្គ​អធិស្ឋាន​ដល់​ព្រះ​ពេញ​មួយ​យប់។ 13លុះ​ភ្លឺ​ឡើង ព្រះ‌អង្គ​ត្រាស់​ហៅ​ពួក​សិស្ស​មក ហើយ​ជ្រើស​យក​ដប់​ពីរ​នាក់ ពី​ចំណោម​ពួកគេ ព្រះ‌អង្គ​ហៅ​អ្នក​ទាំង​នោះ​ថា សាវក 14គឺ​មាន​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស អនទ្រេ​ជា​ប្អូន​របស់​គាត់ យ៉ាកុប យ៉ូហាន ភីលីព បារថូ‌ល៉ូមេ 15ម៉ាថាយ ថូម៉ាស យ៉ាកុប​ជា​កូន​របស់​អាល់‌ផាយ ស៊ីម៉ូន ដែល​ហៅ​ថា​អ្នក​ជាតិ​និយម 16យូដាស ជា​កូន​របស់​យ៉ាកុប និង​យូដាស-អ៊ីស្ការីយ៉ុត ដែល​ត្រឡប់​ជា​អ្នក​ក្បត់។
ព្រះយេស៊ូវ​បង្រៀន និង​ប្រោស​ជំងឺ
17ព្រះ‌អង្គ​បាន​យាង​ចុះ​មក​វិញ​ជា​មួយ​ពួក​គេ ហើយ​ឈរ​នៅ​កន្លែង​មួយ​រាប​ស្មើ។ នៅ​ទីនោះ មាន​សិស្ស​របស់​ព្រះ‌អង្គ​ជា​ច្រើន និង​មហា‌ជន​ជា​ច្រើន​មក​ពី​គ្រប់​កន្លែង​នៅ​ស្រុក​យូដា ពី​ក្រុង​យេរូ‌សាឡិម ពី​ស្រុក​ទីរ៉ុស និង​ស្រុក​ស៊ីដូន។ 18គេ​នាំ​គ្នា​ស្តាប់​ព្រះ‌អង្គ ហើយ​ដើម្បី​ឲ្យ​បាន​ជា​ពី​ជំងឺ​ផ្សេងៗ​របស់​គេ ឯ​អស់​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ធ្វើ​ទុក្ខ​ក៏​បាន​ជា​ដែរ។ 19មនុស្ស​ទាំង​អស់​ប្រជ្រៀត​គ្នា​ចង់​ពាល់​ព្រះ‌អង្គ ដ្បិត​មាន​ព្រះ‌ចេស្តា​ចេញ​ពី​ព្រះ‌អង្គ មក​ប្រោស​គេ​ឲ្យ​ជា​ទាំង​អស់​គ្នា។
ព្រះ‌ពរ និង​សេចក្តី​វេទនា
(ម៉ាថាយ ៥.១-១២)
20ព្រះ‌អង្គ​ងើប​ព្រះ‌នេត្រ​ឡើង ទត​ទៅ​ពួក​សិស្ស ហើយ​មាន​ព្រះ‌បន្ទូល​ថា៖
«មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ក្រ​ក្សត់
ដ្បិត​ព្រះរាជ្យ​របស់​ព្រះ​ជា​របស់​អ្នក​រាល់​គ្នា។
21មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ឃ្លាន​នៅ​ពេល​នេះ
ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត។
មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​យំ​នៅ​ពេល​នេះ
ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​សើច។
22អ្នក​រាល់​គ្នា​មាន​ពរ ពេល​មនុស្ស​ស្អប់​អ្នក​រាល់​គ្នា ពេល​គេ​កាត់‌កាល់ ត្មះ‌តិះ‌ដៀល ហើយ​មើល​ងាយ​អ្នក​រាល់​គ្នា ដោយ​ព្រោះ​កូន​មនុស្ស។ 23ចូរ​អរ​សប្បាយ​នៅ​ថ្ងៃ​នោះ ហើយ​លោត​ដោយ​អំណរ​ចុះ ដ្បិត​មើល៍ អ្នក​រាល់​គ្នា​មាន​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន‌សួគ៌ ព្រោះ​បុព្វ‌បុរស​របស់​គេ ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​ហោរា​ពី​ដើម​យ៉ាង​ដូច្នោះ​ដែរ។
24ប៉ុន្ដែ វេទនា​ដល់​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​មាន
ដ្បិត​អ្នក​រាល់​គ្នា​បាន​ទទួល
ការ​កម្សាន្ត​ចិត្ត​រួច​ស្រេច​ហើយ។
25វេទនា​ដល់​អ្នក​រាល់​គ្នា​ដែល​ឆ្អែត​នៅ​ពេល​នេះ
ដ្បិត​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ឃ្លាន​វិញ។
វេទនា​ដល់​អ្នក​រាល់​គ្នា​ដែល​កំពុង​សើច​នៅ​ពេល​នេះ
ដ្បិត​អ្នក​រាល់​គ្នា​នឹង​កាន់​ទុក្ខ ហើយ​យំ​សោក​វិញ។
26វេទនា​ដល់​អ្នក​រាល់​គ្នា
កាល​ណា​មនុស្ស​ទាំង​អស់​និយាយ​ល្អ​ពី​អ្នក​រាល់​គ្នា
ដ្បិត​ពី​ដើម បុព្វ‌បុរស​របស់​គេ​ក៏​បាន​ប្រព្រឹត្ត
ចំពោះ​ពួក​ហោរា​ក្លែង‌ក្លាយ​យ៉ាង​ដូច្នោះ​ដែរ»។
ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ
(ម៉ាថាយ ៥.៣៨-៤៨ និង ៧.១២)
27«ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ដែល​កំពុង​ស្តាប់​ថា ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន ចូរ​ធ្វើ​ល្អ​ចំពោះ​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា 28ចូរ​ឲ្យ​ពរ​អស់​អ្នក​ដែល​ប្រទេច​ផ្តាសា​អ្នក​រាល់​គ្នា ហើយ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា។ 29ប្រសិន‌បើ​មាន​អ្នក​ណា​ទះ​កំផ្លៀង​អ្នក​ម្ខាង ចូរ​បែរ​ម្ខាង​ឲ្យ​គេ​ទៀត​ចុះ ហើយ​ប្រសិន‌បើ​អ្នក​ណា​យក​អាវ​វែង​របស់​អ្នក ក៏​កុំ​ឃាត់​មិន​ឲ្យ​គេ​យក​អាវ​តូច​របស់​អ្នក​ឡើយ។ 30ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សុំ​ពី​អ្នក ហើយ​បើ​អ្នក​ណា​យក​របស់​អ្វី​ពី​អ្នក កុំ​ឲ្យ​ទារ​ពី​គេ​វិញ​ឡើយ។ 31អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​យ៉ាង​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​យ៉ាង​នោះ​ដែរ»។
32ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា នោះ​តើ​មាន​គុណ​បំណាច់​អ្វី​ចំពោះ​អ្នក? ដ្បិត​សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ស្រឡាញ់​អស់​អ្នក​ដែល​ស្រឡាញ់​គេ​ដែរ។ 33ប្រសិន‌បើ​អ្នក​រាល់​គ្នា​ធ្វើ​ល្អ​ចំពោះ​តែ​អស់​អ្នក​ដែល​ធ្វើ​ល្អ​ចំពោះ​អ្នក​រាល់​គ្នា នោះ​តើ​មាន​គុណ​បំណាច់​អ្វី​ចំពោះ​អ្នក? ដ្បិត​សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ធ្វើ​ដូច្នេះ​ដែរ។ 34ប្រសិន‌បើ​អ្នក​រាល់​គ្នា​ឲ្យ​គេ​ខ្ចី ដោយ​សង្ឃឹម​ថា​នឹង​បាន​វិញ នោះ​តើ​មាន​គុណ​បំណាច់​អ្វី​ចំពោះ​អ្នក? ដ្បិត​សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ឲ្យ​មនុស្ស​បាប​ខ្ចី​ដែរ ដើម្បី​ឲ្យ​បាន​ទទួល​ដូច​ដើម​វិញ។ 35ប៉ុន្ដែ ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ល្អ ហើយ​ឲ្យ​គេ​ខ្ចី ដោយ​កុំ​សង្ឃឹម​ចង់​បាន​អ្វី​មក​វិញ​ឡើយ។ អ្នក​រាល់​គ្នា​នឹង​បាន​រង្វាន់​យ៉ាង​ធំ ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​កូន​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​មនុស្ស​អកត្តញ្ញូ និង​មនុស្ស​អាក្រក់​ដែរ។ 36ចូរ​មាន​ចិត្ត​មេត្តា‌ករុណា ដូច​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដែរ។
កុំ​ថ្កោល​ទោស​អ្នក​ដទៃ
(ម៉ាថាយ ៧.១-៥)
37«កុំ​ថ្កោល​ទោស​គេ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​មាន​គេ​ថ្កោល​ទោស​អ្នក​វិញ កុំ​និន្ទា​គេ​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​គេ​និន្ទា​អ្នក​វិញ​ដែរ ចូរ​លើក​លែង​ឲ្យ​គេ នោះ​គេ​នឹង​លើក​លែង​ឲ្យ​អ្នក​វិញ។ 38ចូរ​ឲ្យ​ទៅ​គេ នោះ​គេ​នឹងឲ្យ​មក​អ្នក​ដែរ គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ និង​យក​មក​ដាក់​បំពេញ​ចិត្ត​អ្នក​ផង ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ»។
39ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​ទៅ​គេ​ទៀតថា៖ «តើ​មនុស្ស​ខ្វាក់​អាច​នាំ​ផ្លូវ​មនុស្ស​ខ្វាក់​បាន​ឬ? តើ​មិន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ទាំង​ពីរ​នាក់​ទេឬ? 40សិស្ស​មិន​លើស​ជាង​គ្រូ​ទេ តែ​គ្រប់​គ្នា​ដែល​បាន​ទទួល​ការ​ហ្វឹក​ហាត់​ពេញ​លេញ នោះ​នឹង​បាន​ដូច​គ្រូ​ដែរ។ 41ហេតុ​អ្វី​បាន​ជា​មើល​ឃើញ​កម្ទេច ដែល​នៅ​ក្នុង​ភ្នែក​បង‌ប្អូន​របស់​អ្នក តែ​មើល​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​ដូច្នេះ? 42ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក ដែល​មើល​ធ្នឹម​ក្នុង​ភ្នែក​របស់​ខ្លួន​មិន​ឃើញ អាច​និយាយ​ទៅ​បង‌ប្អូន​របស់​ខ្លួន​បាន​ថា "ប្អូន​អើយ ទុក​ឲ្យ​ខ្ញុំ​យក​កម្ទេច​ពី​ភ្នែក​អ្នក​ចេញ" បាន? មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ពី​ភ្នែក​អ្នក​ចេញ​ជា​មុន​សិន នោះ​ទើប​អ្នក​មើល​ឃើញ​ច្បាស់ អាច​នឹង​យក​កម្ទេច​ចេញ​ពី​ភ្នែក​បង‌ប្អូន​របស់​អ្នក​បាន»។
ដើម​ឈើ និង​ផល​ផ្លែ​របស់​វា
(ម៉ាថាយ ៧.១៦-២០ និង ១២.៣៣-៣៥)
43«ដើម​ឈើ​ល្អ​មិន​ដែល​មាន​ផ្លែ​អាក្រក់​ឡើយ ឯ​ដើម​ឈើ​អាក្រក់​ក៏​មិន​ដែល​មាន​ផ្លែ​ល្អ​ដែរ 44ដ្បិត​គេ​ស្គាល់​ដើម​ឈើ​នីមួយៗ ដោយ‌សារ​ផ្លែ​របស់​វា។ គេ​មិន​ដែល​បេះ​ផ្លែ​ល្វា​ពី​គុម្ព​បន្លា​ឡើយ ក៏​មិន​ដែល​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ​ពី​អញ្ចាញ​នោះ​ដែរ។ 45មនុស្ស​ល្អ បង្កើត​ជា​សេចក្តី​ល្អ ចេញ​ពី​កំណប់​ល្អ​ដែល​នៅ​ក្នុង​ចិត្ត​របស់​គេ រីឯ​មនុស្ស​អាក្រក់​វិញ បង្កើត​ជា​សេចក្តី​អាក្រក់ ចេញ​ពី​កំណប់​អាក្រក់​របស់​ខ្លួ​ន ដ្បិត​មាត់​របស់​គេ​ស្រដី​ចេញ​ពី​សេចក្តី​បរិបូរ ដែល​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន»។
គ្រឹះ​ពីរ​ផ្សេង​គ្នា
(ម៉ាថាយ ៧.២៤-២៧)
46«ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា "ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់!" តែ​មិន​ធ្វើ​តាម​ពាក្យ​ខ្ញុំ​ដូច្នេះ? 47គ្រប់​គ្នា​ដែល​ចូល​មក​រក​ខ្ញុំ ហើយ​ស្តាប់​ពាក្យ​ខ្ញុំ រួច​ប្រព្រឹត្ត​តាម នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​នោះ​ជា​មនុស្ស​បែប​ណា 48អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ គាត់​បាន​ជីក​យ៉ាង​ជ្រៅ ហើយ​ចាក់​គ្រឹះ​នៅ​លើ​ថ្ម​ដា ពេល​ទឹក​ជន់​ឡើង ហូរ​គំហុក​ប៉ះ​នឹង​ផ្ទះ​នោះ តែ​ផ្ទះ​នោះ​មិន​រង្គើរ​ឡើយ ព្រោះ​បាន​សង់​យ៉ាង​រឹង​មាំ។ 49ចំណែក​អ្នក​ដែល​ឮ ហើយ​មិន​ប្រព្រឹត្ត​តាម នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​សង់​ផ្ទះ​នៅ​លើ​ដី ដោយ​គ្មាន​គ្រឹះ។ លុះ​ទឹក​ហូរ​គំហុក​មក​ប៉ះនឹង​ផ្ទះនោះ ផ្ទះ​នោះ​ក៏​រលំ​ភ្លាម ហើយ​ត្រូវ​ខូច​ខាត​យ៉ាង​ធ្ងន់»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in