YouVersion Logo
Search Icon

ម៉ាថាយ 14

14
ការ​ស្លាប់​របស់​លោក​យ៉ូហាន-បាទីស្ទ
(ម៉ាកុស ៦.១៤-២៩ លូកា ៩.៧-៩)
1នៅ​គ្រា​នោះ ព្រះ‌បាទ​ហេរ៉ូឌ ជា​ស្តេច​អនុរាជ បាន​ឮ​ដំណឹង​អំពី​ព្រះ‌យេស៊ូវ 2ទ្រង់​ក៏​មាន​រាជ‌ឱង្ការ​ទៅ​ពួក​មន្ត្រី​ថា៖ «នេះ​ច្បាស់​ជា​យ៉ូហាន-បាទីស្ទ ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បាន​ជា​គាត់​មាន​អំណាច​ធ្វើ​ការ​អស្ចារ្យ​ដូច្នេះ»។ 3ដ្បិត​ព្រះ‌បាទ​ហេរ៉ូឌ​បាន​ចាប់​ចង​លោក​យ៉ូហាន ហើយ​យក​លោក​ទៅ​ដាក់​គុក ដោយ​ព្រោះ​ព្រះ‌នាង​ហេរ៉ូឌាស មហេសី​របស់​ភីលីព ជា​អនុជ 4ព្រោះ​លោក​យ៉ូហាន​បាន​ទូល​ប្រាប់​ស្តេច​ថា៖ «ទ្រង់​គ្មាន​ច្បាប់​នឹង​យក​ព្រះ‌នាង​មក​ធ្វើ​ជា​មហេសី​ឡើយ»។ 5ព្រះ‌បាទ​ហេរ៉ូឌ​ចង់​សម្លាប់​លោក តែ​ទ្រង់​ខ្លាច​បណ្ដា‌ជន ព្រោះ​គេ​ចាត់​ទុក​លោក​ជា​ហោរា។ 6លុះ​ថ្ងៃ​បុណ្យ​ខួប​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូឌ​មក​ដល់ បុត្រី​របស់​ព្រះ‌នាង​ហេរ៉ូឌាស​ចូល​មក​រាំ​នៅ​មុខ​ភ្ញៀវ ធ្វើ​ឲ្យ​ស្ដេច​ពេញ​ចិត្ត​ជា​ខ្លាំង 7រហូត​ដល់​ស្តេច​បាន​សន្យា​ស្បថ‌ស្បែ​ថា នឹង​ប្រទាន​អ្វី​ក៏​ដោយ​ឲ្យ​តែ​នាង​សូម។ 8នាង​បាន​ទូល​ទៅ​ស្ដេច តាម​ពាក្យ​បញ្ចេះ​ពី​មាតា​របស់​នាង​ថា៖ «សូម​ទ្រង់​ប្រទាន​ក្បាល​យ៉ូហាន-បាទីស្ទ ដាក់​លើ​ថាស​មក​ឲ្យ​ខ្ញុំ​ម្ចាស់​នៅ​ទី​នេះ»។ 9ស្តេច​ព្រួយ​ព្រះ‌ហឫ‌ទ័យ តែ​ដោយ​ព្រោះ​សម្បថ និង​ពួក​ភ្ញៀវ ទ្រង់​ក៏​បញ្ជា​ឲ្យ​គេ​ធ្វើ​តាម​សំណូម​របស់​នាង 10ដោយ​ចាត់​គេ​ឲ្យ​ទៅ​កាត់​ក្បាល​លោក​យ៉ូហាន​នៅ​ក្នុង​គុក 11ហើយ​យក​ក្បាល​របស់​លោក​ដាក់​លើ​ថាស​មក​ឲ្យ​នាង រួច​នាង​យក​ទៅ​ថ្វាយ​ដល់​មាតា។ 12ពួក​សិស្ស​របស់​លោក​យ៉ូហាន​បាន​នាំ​គ្នា​មក​យក​សព​ទៅ​បញ្ចុះ ហើយ​ក៏​យក​ដំណឹង​នេះ​ទៅ​ទូល​ថ្វាយ​ព្រះ‌យេស៊ូវ។
ព្រះ‌យេស៊ូវ​ប្រទាន​នំបុ័ង​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់​បរិ‌ភោគ
(ម៉ាកុស ៦.៣០-៤៤ លូកា ៩.១០-១៧ យ៉ូហាន ៦.១-១៤)
13កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នេះ ទ្រង់​ក៏​យាង​ចុះ​ទូក​ចេញ​ពី​ទី​នោះ ទៅ​កន្លែង​មួយ​ស្ងាត់​ដោយ​ឡែក​តែ​មួយ​អង្គ​ឯង ពេល​មហា‌ជន​បាន​ដឹង គេ​ក៏​នាំ​គ្នា​ចេញ​ពី​ក្រុង​នានា ដើរ​ទៅ​តាម​ព្រះ‌អង្គ។ 14ពេល​ព្រះ‌អង្គ​យាង​ឡើង​ពី​ទូក ឃើញ​មហា‌ជន​ច្រើន​កុះករ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត​ដល់​គេ ហើយ​ទ្រង់​ក៏​ប្រោស​អ្នក​ជំងឺ​ក្នុង​ចំណោម​ពួក​គេ​ឲ្យ​បាន​ជា។ 15លុះ​ដល់​ពេល​ល្ងាច ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ហើយ​ម៉ោង​ក៏​ជ្រុល​ហើយ សូម​ឲ្យ​បណ្តា‌ជន​ត្រឡប់​ទៅ​វិញ​ទៅ ដើម្បី​ឲ្យ​គេ​ចូល​ទៅ​តាម​ភូមិ ហើយ​ទិញ​អាហារ​សម្រាប់​ខ្លួន​គេ»។ 16ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មិន​ចាំ​បាច់​ឲ្យ​គេ​ទៅ​ណា​ទេ ចូរ​អ្នក​រាល់​គ្នា​ឲ្យ​អាហារ​គេ​បរិ‌ភោគ​ផង»។ 17ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «នៅ​ទី​នេះ​យើង​ខ្ញុំ​គ្មាន​អ្វី​ទេ មាន​តែ​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​ប៉ុណ្ណោះ»។ 18ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​នំបុ័ង និង​ត្រី​នោះ​មក​ឲ្យ​ខ្ញុំ»។ 19បន្ទាប់​មក ព្រះ‌អង្គ​បង្គាប់​ឲ្យ​បណ្តា‌ជន​អង្គុយ​នៅ​លើ​ស្មៅ។ ព្រះ‌អង្គ​យក​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​នោះ​មក ហើយ​ងើប​ព្រះ‌ភក្ត្រ​ទៅ​ស្ថាន‌សួគ៌​អរ​ព្រះ‌គុណ រួច​កាច់​នំប៉័ង​ឲ្យ​ទៅ​ពួក​សិស្ស ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដា‌ជន។ 20គេ​ទាំង​អស់​គ្នា​បាន​បរិ‌ភោគ​ឆ្អែត​ស្កប់‌ស្កល់ ហើយ​គេ​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដាក់​ពេញ​បាន​ដប់​ពីរ​កន្ត្រក។ 21អស់​អ្នក​ដែល​បាន​បរិ‌ភោគ មាន​ចំនួន​បុរស​ប្រមាណ​ប្រាំ​ពាន់​នាក់ មិន​រាប់​ស្ត្រី និង​កូន​ក្មេង​ទេ។
ព្រះ‌យេស៊ូវ​យាង​លើ​ទឹក​សមុទ្រ
(ម៉ាកុស ៦.៤៥-៥២ យ៉ូហាន ៦.១៥-២១)
22ភ្លាម​នោះ ព្រះ‌អង្គ​បញ្ជា​ពួក​សិស្ស​ឲ្យ​ចុះ​ទូក ឆ្លង​ទៅ​ត្រើយ​ម្ខាង​មុន តែ​ព្រះ‌អង្គ​នៅ​ប្រាប់​បណ្តា‌ជន​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ។ 23កាល​ព្រះ‌អង្គ​ប្រាប់​ឲ្យ​បណ្តា‌ជន​ចេញ​ផុត​អស់​ហើយ ទ្រង់​ក៏​យាង​ឡើង​លើ​ភ្នំ​តែ​មួយ​អង្គ​ឯង ដើម្បី​អធិស្ឋាន។ លុះ​ដល់​ពេល​ព្រលប់ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ​តែ​មួយ​ព្រះ‌អង្គ​ឯង 24ហើយ​នៅ​វេលា​នោះ ទូក​ដែល​បាន​ចេញ​ឆ្ងាយ​ពី​ច្រាំង ត្រូវ​រលក​បោក​ជា​ខ្លាំង ព្រោះ​បញ្រ្ចាស​ខ្យល់។ 25នៅ​យាម​ទី​បួន យប់​នោះ ព្រះ‌អង្គ​បាន​យាង​លើ​ទឹក​សមុទ្រ សំដៅ​ទៅ​រក​ពួក​សិស្ស។ 26កាល​ពួក​សិស្ស​ឃើញ​ព្រះ‌អង្គ​យាង​លើ​ទឹក​ដូច្នោះ ពួក​គេ​មាន​ការ​ភ័យ​រន្ធត់ ហើយ​ពោល​ថា៖ «ខ្មោច​លង!» រួច​គេ​ស្រែក​ឡើង​ទាំង​ភ័យ​ខ្លាច។ 27តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ភ្លាម​ថា៖ «ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី!» 28ពេត្រុស​ទូល​តប​ទៅ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់ បើ​ពិត​ជា​ព្រះ‌អង្គ​មែន សូម​បញ្ជា​ឲ្យ​ទូល‌បង្គំ​ដើរ​លើ​ទឹក​ទៅ​រក​ព្រះ‌អង្គ​ផង»។
29ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មក​ចុះ!» ដូច្នេះ ពេត្រុស​ក៏​ចេញ​ពី​ទូក ហើយ​ចាប់​ផ្ដើម​ដើរ​លើ​ទឹក សំដៅ​ទៅ​រក​ព្រះ‌យេស៊ូវ។ 30ប៉ុន្តែ កាល​លោក​ឃើញ​ខ្យល់​បក់​ខ្លាំង លោក​ភ័យ​ណាស់ ហើយ​ដោយ​ព្រោះ​ចាប់​ផ្ដើម​លិច លោក​ក៏​ស្រែក​ឡើង​ថា៖ «ព្រះ‌អម្ចាស់ ជួយ​ទូល‌បង្គំ​ផង!»។ 31រំពេច​នោះ ព្រះ‌យេស៊ូវ​លូក​ព្រះ‌ហស្ត​ទៅ​ចាប់​គាត់​ភ្លាម ទាំង​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ​ដូច្នេះ?» 32ពេល​ព្រះ‌អង្គ និង​ពេត្រុស​ចូល​ដល់​ក្នុង​ទូក ខ្យល់​ក៏​ស្ងប់​ឈឹង 33ហើយ​អស់​អ្នក​ដែល​នៅ​ក្នុង​ទូក ក៏​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទាំង​ពោល​ថា៖ «ព្រះ‌អង្គ​ពិត​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន!»។
ព្រះ‌យេស៊ូវ​ប្រោស​អ្នក​ជំងឺ​នៅ​ស្រុក​គេនេ‌សារ៉ែត
34ពេល​ឆ្លង​ដល់​ត្រើយ​ម្ខាង​ហើយ គេ​ក៏​ចូល​ទៅ​ស្រុក​គេ‌នេសារ៉ែត។ 35ក្រោយ​ពី​ប្រជា‌ជន​នៅ​ទី​នោះ​បាន​ស្គាល់​ព្រះ‌អង្គ គេ​ក៏​យក​ដំណឹង​ទៅ​ផ្សព្វ‌ផ្សាយ​ពាស‌ពេញ​តំបន់​នោះ​ទាំង​មូល ហើយ​នាំ​យក​អស់​អ្នក​ដែល​មាន​ជំងឺ​មក​រក​ព្រះ‌អង្គ 36រួច​អង្វរ​ព្រះ‌អង្គ សូម​ឲ្យ​គ្រាន់​តែ​អ្នក​ទាំង​នោះ​បាន​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​បាន​ពាល់​ទាំង​ប៉ុន្មាន បាន​ជា​សះ​ស្បើយ គ្រប់​គ្នា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in