សុភាសិត 20
20
1ស្រាទំពាំងបាយជូរ ជារបស់បញ្ឆោតមើលងាយ
ហើយគ្រឿងស្រវឹងបង្កើតការឡូឡា
អ្នកណាដែលវង្វេងដោយគ្រឿងទាំងពីរនោះ
ឈ្មោះថាគ្មានប្រាជ្ញា។
2សេចក្ដីស្ញែងខ្លាចរបស់ស្តេច
ប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហ
អ្នកណាដែលបណ្ដាលឲ្យព្រះអង្គខ្ញាល់ឡើង
ឈ្មោះថាធ្វើបាបដល់ជីវិតខ្លួនហើយ។
3អ្នកណាដែលមិនព្រមបៀតខ្លួន
ក្នុងការឈ្លោះប្រកែកគ្នា
នោះជាកិត្តិសព្ទដល់ខ្លួនហើយ
ប៉ុន្តែ គ្រប់ទាំងមនុស្សល្ងីល្ងើ
គេចេះតែរករឿងវិញ។
4មនុស្សខ្ជិលច្រអូសមិនព្រមភ្ជួររាស់
ដោយព្រោះនៅរងានៅឡើយ
ដូច្នេះ គេនឹងត្រូវសុំទានក្នុងរដូវចម្រូត
ហើយខ្វះខាតវិញ។
5ដំបូន្មាននៅក្នុងចិត្តមនុស្ស
ធៀបដូចជាអណ្តូងដ៏ជ្រៅ
តែមនុស្សដែលមានយោបល់
គេនឹងដងឡើងបាន។
6មនុស្សស្ទើរតែទាំងអស់
សុទ្ធតែជាអ្នកប្រកាសគុណរបស់ខ្លួន
តើអ្នកណានឹងរកមនុស្សទៀងត្រង់
សូម្បីតែម្នាក់បាន?
7មនុស្សសុចរិតដើរតាមផ្លូវទៀងត្រង់របស់ខ្លួន
កូនចៅរបស់អ្នកនោះមានពរតរៀងទៅ។
8កាលណាស្តេចឡើងគង់នៅទីវិនិច្ឆ័យ
ព្រះអង្គកម្ចាត់អស់ទាំងអំពើអាក្រក់
ដោយសារព្រះនេត្ររបស់ព្រះអង្គ។
9តើអ្នកណាអាចនិយាយបានថា
«ខ្ញុំបានជម្រះចិត្តខ្ញុំឲ្យស្អាត
ខ្ញុំបានបរិសុទ្ធរួចពីបាបរបស់ខ្ញុំហើយ?»
10កូនជញ្ជីងឆផ្សេងៗ និងរង្វាល់កោងផ្សេងៗ
ទាំងពីរយ៉ាងនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា។
11សូម្បីតែកូនក្មេងក៏សម្ដែងខ្លួន
ដោយសារកិរិយាប្រព្រឹត្តរបស់វាដែរ
ឲ្យដឹងជាកិរិយានោះបរិសុទ្ធ
ហើយត្រឹមត្រូវឬយ៉ាងណា។
12ការស្តាប់ឮដោយត្រចៀក
ហើយមើលឃើញដោយភ្នែក
គឺព្រះយេហូវ៉ាដែលបង្កើតទាំងពីរយ៉ាង។
13កុំល្មោភដេក ក្រែងលោត្រឡប់ជាទាល់ក្រ
ចូរបើកភ្នែកឡើង នោះនឹងបានអាហារឆ្អែត។
14អ្នកដែលទិញរមែងថា របស់នេះអាក្រក់
អាក្រក់ណាស់
តែកាលណាដើរហួសទៅ នោះក៏អួតខ្លួនវិញ។
15មាស និងត្បូងទទឹមមានជាបរិបូរ
តែបបូរមាត់ដែលប្រកបដោយចំណេះ
នោះជាត្បូងមានតម្លៃយ៉ាងប្រសើរវិញ។
16ចូរទទួលបញ្ចាំអាវរបស់អ្នក
ដែលធានាឲ្យអ្នកដទៃ
ហើយទាររបស់បញ្ចាំពីអ្នកសន្យា
ជំនួសអ្នកក្រៅចុះ។
17អាហារដែលមនុស្សណាបានដោយការកំភូត
រមែងឆ្ងាញ់ដល់ខ្លួន
តែក្រោយមក មាត់មានពេញទៅដោយក្រួសវិញ។
18អស់ទាំងគំនិតដែលចង់ធ្វើ
នោះបានសម្រេចមែនទែន
ដោយសារការប្រឹក្សាគ្នា
ហើយបើមានអ្នកជួយគំនិតដោយប្រាជ្ញា
នោះសឹមធ្វើសង្គ្រាមទៅចុះ។
19អ្នកណាដែលដើរចុះឡើងនិយាយដើមគេ
ជាអ្នកបើកសម្ដែងការលាក់កំបាំងហើយ
ដូច្នេះ កុំភប់ប្រសព្វនឹងអ្នកណា
ដែលមានមាត់ប៉ាចរហាចឡើយ។
20អ្នកណាដែលប្រទេចផ្ដាសាឪពុកម្តាយ
ចង្កៀងរបស់អ្នកនោះនឹងត្រូវពន្លត់
នៅក្នុងទីងងឹតសូន្យសុង។
21ឯមត៌កដែលដើមដំបូងបានយ៉ាងរួសរាន់
នោះដល់ចុងក្រោយមិនបានពរទេ។
22កុំឲ្យថា «យើងនឹងសងសឹក»
ចូររង់ចាំព្រះយេហូវ៉ាចុះ
ព្រះអង្គនឹងជួយសង្គ្រោះឯងវិញ។
23កូនជញ្ជីងឆផ្សេងៗ
ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា
ហើយការបំបាត់ភ្នែកជញ្ជីងក៏មិនល្អដែរ។
24ផ្លូវដើររបស់មនុស្ស ស្រេចលើព្រះយេហូវ៉ា
ដូច្នេះ ធ្វើដូចម្តេចឲ្យមនុស្ស
យល់ផ្លូវរបស់ខ្លួនបាន?
25ការដែលនិយាយឥតបើគិតថា
«នេះជាតង្វាយថ្វាយព្រះហើយ»
រួចកាលណាបានបន់ព្រះហើយ
ទើបស៊ើបសួរជាក្រោយ
នោះជាអន្ទាក់ដល់មនុស្សហើយ។
26ស្តេចដែលមានប្រាជ្ញា
ទ្រង់កម្ចាត់មនុស្សអាក្រក់ចេញ
ហើយឲ្យកង់បញ្ជាន់ស្រូវកិនលើគេ។
27វិញ្ញាណរបស់មនុស្សជាចង្កៀងនៃព្រះយេហូវ៉ា
ក៏ស្ទង់មើលទៅគ្រប់ក្នុងចំណែកនៃរាងកាយ។
28សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់
រមែងការពារស្តេច
ហើយបល្ល័ង្ករាជ្យរបស់ស្ដេចស្ថិតស្ថេរនៅ
ដោយសារសេចក្ដីសប្បុរសដែរ។
29កម្លាំងកាយជាសេចក្ដីអំនួតរបស់មនុស្សកំលោះ
ហើយសក់ស្កូវជាគ្រឿងលម្អដល់មនុស្សចាស់។
30ការវាយដោយរំពាត់ឲ្យត្រូវរបួស
នោះនឹងសម្អាតអំពើអាក្រក់ចេញ
ហើយការវាយដោយដំបង
ក៏នឹងចូលទៅដល់ខាងក្នុងខ្លួនដែរ។
Currently Selected:
សុភាសិត 20: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies