ទំនុកតម្កើង 31
31
ពាក្យអធិស្ឋាន និងការសរសើរតម្កើងដល់ព្រះ ដែលព្រះអង្គរំដោះឲ្យរួចពីខ្មាំងសត្រូវ
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង។
1ឱព្រះយេហូវ៉ាអើយ ទូលបង្គំពឹងជ្រកក្នុងព្រះអង្គ
សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ
សូមរំដោះទូលបង្គំ
ដោយសេចក្ដីសុចរិតរបស់ព្រះអង្គផង!
2សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំ
សូមជួយទូលបង្គំឲ្យរួចជាប្រញាប់
សូមធ្វើជាថ្មដាជ្រកកោនដល់ទូលបង្គំ
ជាបន្ទាយយ៉ាងមាំ
សម្រាប់សង្គ្រោះទូលបង្គំផង!
3ដ្បិតព្រះអង្គជាថ្មដា
ហើយជាបន្ទាយរបស់ទូលបង្គំ
សូមនាំ ហើយតម្រង់ផ្លូវទូលបង្គំ
ដោយយល់ដល់ព្រះនាមព្រះអង្គ
4សូមដោះទូលបង្គំចេញពីអន្ទាក់
ដែលគេបានដាក់
ដោយលួចលាក់ដើម្បីចាប់ទូលបង្គំ
ដ្បិតព្រះអង្គជាជម្រករបស់ទូលបង្គំ។
5ទូលបង្គំសូមប្រគល់វិញ្ញាណទូលបង្គំ
ទៅក្នុងព្រះហស្តព្រះអង្គ
ឱព្រះយេហូវ៉ា ជាព្រះដ៏ស្មោះត្រង់អើយ
ព្រះអង្គបានប្រោសលោះទូលបង្គំ។
6ទូលបង្គំស្អប់ អស់អ្នកដែលយកចិត្តទុកដាក់
នឹងរូបព្រះដែលឥតបានការ
តែទូលបង្គំទុកចិត្តដល់ព្រះយេហូវ៉ា។
7ទូលបង្គំនឹងត្រេកអរ ហើយរីករាយ
នឹងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ព្រោះព្រះអង្គបានឃើញទុក្ខវេទនារបស់ទូលបង្គំ
ក៏ជ្រាបពីសេចក្ដីថប់ព្រួយនៃព្រលឹងទូលបង្គំដែរ
8ព្រះអង្គមិនបានប្រគល់ទូលបង្គំ
នៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ
ព្រះអង្គបានដាក់ជើងទូលបង្គំ
នៅកន្លែងមួយធំទូលាយ។
9ឱព្រះយេហូវ៉ាអើយ សូមប្រណីសន្ដោសទូលបង្គំ
ដ្បិតទូលបង្គំមានទុក្ខព្រួយ
ភ្នែកទូលបង្គំចុះខ្សោយដោយសោយសោក
ព្រលឹង និងរូបកាយទូលបង្គំក៏ខ្សោយដែរ។
10ដ្បិតជីវិតទូលបង្គំនឹងផុតទៅដោយទុក្ខព្រួយ
ហើយឆ្នាំនៃអាយុទូលបង្គំ
ថយទៅដោយស្រែកថ្ងូរ
កម្លាំងទូលបង្គំចុះខ្សោយ
ព្រោះតែអំពើបាប របស់ទូលបង្គំ
ហើយឆ្អឹងទូលបង្គំក៏ខ្សោះទៅដែរ។
11ដោយព្រោះខ្មាំងសត្រូវទាំងប៉ុន្មានរបស់ទូលបង្គំ
ទូលបង្គំបានត្រឡប់ជាទីត្មះតិះដៀល
ជាពិសេស ចំពោះអ្នកជិតខាងរបស់ទូលបង្គំ
ហើយជាហេតុគួរខ្លាចដល់ពួកអ្នក
ដែលស្គាល់ទូលបង្គំ
អស់អ្នកដែលឃើញទូលបង្គំនៅតាមផ្លូវ
គេគេចមុខពីទូលបង្គំ។
12គេបានភ្លេចទូលបង្គំ ប្រៀបដូចជាមនុស្សស្លាប់
ទូលបង្គំបានត្រឡប់ដូចជាឆ្នាំងកំបែក។
13ដ្បិតទូលបង្គំបានឮពាក្យមួលបង្កាច់
របស់មនុស្សជាច្រើន
ការភ័យខ្លាចមកពីគ្រប់ជ្រុងទាំងអស់
គេឃុតឃិតគ្នាទាស់នឹងទូលបង្គំ
គេគ្រោងនឹងដកជីវិតទូលបង្គំ។
14តែ ឱព្រះយេហូវ៉ាអើយ
ទូលបង្គំទុកចិត្តដល់ព្រះអង្គ
ទូលបង្គំពោលថា
«ព្រះអង្គជាព្រះរបស់ទូលបង្គំ»។
15អាយុជីវិតរបស់ទូលបង្គំ
ស្ថិតនៅក្នុងព្រះហស្តព្រះអង្គ
សូមរំដោះទូលបង្គំ ចេញពីកណ្ដាប់ដៃ
ខ្មាំងសត្រូវរបស់ទូលបង្គំ
និងពីអស់អ្នកដែលបៀតបៀនទូលបង្គំផង!
16សូមឲ្យព្រះភក្ត្រព្រះអង្គ
ភ្លឺមកលើអ្នកបម្រើព្រះអង្គ
សូមសង្គ្រោះទូលបង្គំ
ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ!
17ឱព្រះយេហូវ៉ាអើយ
សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ
ដ្បិតទូលបង្គំអំពាវនាវរកព្រះអង្គ
សូមឲ្យពួកមនុស្សអាក្រក់ត្រូវខ្មាស
សូមឲ្យគេដេកស្ងៀមនៅស្ថាន
ឃុំព្រលឹងមនុស្សស្លាប់ទៅ!
18សូមឲ្យបបូរមាត់ភូតភរក្លាយទៅជាគ
ជាបបូរមាត់ដែលពោលទាស់នឹងមនុស្សសុចរិត
ដោយព្រហើន និងប្រមាថមើលងាយ។
19ឱព្រះហឫទ័យសប្បុរស
របស់ព្រះអង្គបរិបូរក្រៃលែង
ព្រះអង្គបានបម្រុងទុកសម្រាប់អស់អ្នកដែល
កោតខ្លាចព្រះអង្គ
សម្រាប់អស់អ្នកដែលពឹងជ្រកក្នុងព្រះអង្គ
នៅចំពោះមុខពួកកូនមនុស្ស។
20ព្រះអង្គលាក់គេក្នុងទីកំបាំង
នៃព្រះវត្តមានព្រះអង្គ
ឲ្យរួចពីឧបាយរបស់មនុស្ស
ព្រះអង្គថែរក្សាគេនៅក្នុងព្រះពន្លារបស់ព្រះអង្គ
ឲ្យរួចពីអណ្ដាតមួលបង្កាច់។
21សូមលើកតម្កើងព្រះយេហូវ៉ា
ដ្បិតព្រះអង្គបានសម្ដែងព្រះហឫទ័យសប្បុរស
ដ៏អស្ចារ្យរបស់ព្រះអង្គ
ដល់ទូលបង្គំ នៅក្នុងទីក្រុង
ដែលសត្រូវឡោមព័ទ្ធ។
22ទូលបង្គំបានពោលទាំងភ័យស្លន់ថា
«ទូលបង្គំត្រូវកាត់ចេញពីព្រះនេត្រ
របស់ព្រះអង្គហើយ»។
ប៉ុន្តែ ពេលទូលបង្គំស្រែករកព្រះអង្គជួយ
ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរ
របស់ទូលបង្គំ។
23ឱអស់អ្នកដែលជាពួកបរិសុទ្ធ
របស់ព្រះអង្គអើយ
ចូរស្រឡាញ់ព្រះយេហូវ៉ា
ព្រះយេហូវ៉ាការពារមនុស្សស្មោះត្រង់
តែព្រះអង្គសងដល់មនុស្សព្រហើនជាបរិបូរ។
24ឱអស់អ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ាអើយ
ចូរមានកម្លាំង ហើយឲ្យចិត្តអ្នករាល់គ្នា
ក្លាហានឡើង!
Currently Selected:
ទំនុកតម្កើង 31: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies