YouVersion Logo
Search Icon

ទំនុកតម្កើង 32

32
អំណរ​របស់​អ្នក​ដែល​ព្រះ​អត់​ទោស​ឲ្យ
ទំនុក​របស់​ស្ដេច​ដាវីឌ ជា​សេចក្ដី​បង្រៀន។
1មាន​ពរ​ហើយ អ្នក​ដែល​ព្រះ​អត់​ទោស
ឲ្យ​អំពើ​រំលង​របស់​ខ្លួន
គឺ​ដែល​ព្រះ​បាន​គ្រប​បាំង​អំពើ​បាប​របស់​ខ្លួន។
2មាន​ពរ​ហើយ អ្នក​ដែល​ព្រះ‌យេហូវ៉ា
មិន​រាប់​ថា​មាន​ទោស
ជា​អ្នក​ដែល​គ្មាន​កល‌ឧបាយ​ក្នុង​ចិត្ត។
3ពេល​ទូល‌បង្គំ​ចេះ​តែ​នៅ​ស្ងៀម
ឆ្អឹង​ទូល‌បង្គំ​បាន​ខ្សោះទៅ
ដោយ‌សារ​ទូល‌បង្គំ​ស្រែក​ថ្ងូរ​ជា​រៀង​រាល់​ថ្ងៃ។
4ដ្បិត​ព្រះ‌ហស្ត​ព្រះ‌អង្គ​បាន​សង្កត់
លើ​ទូល‌បង្គំ​យ៉ាង​ធ្ងន់ ទាំង​យប់​ទាំង​ថ្ងៃ
កម្លាំង​ទូល‌បង្គំ​ខ្សោះ​ល្វើយ ដូចទឹក​រីង​ស្ងួត
ដោយ​កម្ដៅ​នៅ​រដូវ​ប្រាំង។ –បង្អង់
5៙ ទូល‌បង្គំ​បាន​សារភាព​អំពើ​បាប
របស់​ទូល‌បង្គំ នៅ​ចំពោះ​ព្រះ‌អង្គ
ឥត​លាក់​លៀម​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ​ឡើយ
ទូល‌បង្គំ​ពោល​ថា
«ទូល‌បង្គំ​នឹង​លន់‌តួ​អំពើ​រំលង
របស់​ទូល‌បង្គំ​ចំពោះ​ព្រះ‌យេហូវ៉ា»
ហើយ​ព្រះ‌អង្គ​ក៏​បាន​អត់​ទោស​អំពើ​បាប
ឲ្យ​ទូល‌បង្គំ។ –បង្អង់
6៙ ដូច្នេះ ត្រូវ​ឲ្យ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ
បាន​អធិស្ឋាន​ដល់​ព្រះ‌អង្គ
នៅ​ពេល​ដែល​អាច​រក​ព្រះ‌អង្គ​ឃើញ
យ៉ាង​នោះ កាល​ណា​មាន​ទឹក​ជំនន់​ធំ​ជន់​ឡើង
ប្រាកដ​ជា​នឹង​មិន​លិច​លង់​ដល់​អ្នក​នោះ​ឡើយ។
7ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក​សម្រាប់​ទូល‌បង្គំ
ព្រះ‌អង្គ​ការពារ​ទូល‌បង្គំ ឲ្យ​រួច​ពី​ទុក្ខ​លំបាក
ព្រះ‌អង្គ​ហ៊ុមព័ទ្ធ​ទូល‌បង្គំ
ដោយ​ចម្រៀង​ជ័យ​ជម្នះ។ –បង្អង់
8៙ យើង​នឹង​បង្ហាត់​បង្រៀន​អ្នកឲ្យ​ស្គាល់​ផ្លូវ
ដែល​អ្នក​ត្រូវ​ដើរ
យើង​នឹង​ទូន្មាន​អ្នក
ទាំង​ភ្នែក​យើង​មើល​អ្នក​ជាប់។
9កុំ​ធ្វើ​ដូច​ជា​សេះ ឬ​លា​កាត់​ដែល​គ្មាន​ប្រាជ្ញា
ដែល​ត្រូវ​គេ​ដាក់​បង្ខាំ
ហើយ​ចង​បង្ហៀរ ដើម្បី​ទប់
ក្រែង​វា​មិន​ស្ដាប់​អ្នក​នោះ​ឡើយ។
10មនុស្ស​អាក្រក់​ត្រូវ​រង​ទុក្ខ​វេទនា​ជា​ច្រើន
តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា
នោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស
របស់​ព្រះ‌អង្គ​ព័ទ្ធ​ជុំ‌វិញ។
11ឱ​មនុស្ស​សុចរិត​អើយ
ចូរ​នាំ​គ្នា​សប្បាយ​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា
អស់​អ្នក​ដែល​មាន​ចិត្ត​ទៀត​ត្រង់​អើយ
ចូរ​ស្រែក​ហ៊ោរ​ដោយ​អំណរ​ចុះ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in