ទំនុកតម្កើង 52
52
ការជំនុំជម្រះមកលើមនុស្សទុច្ចរិត
ទំនុករបស់ស្តេចដាវីឌ សម្រាប់មេភ្លេង នៅគ្រាដែលដូអេក ជាសាសន៍អេដុម មកទូលស្តេចសូលថា ដាវីឌបានចូលទៅក្នុងផ្ទះអ័ហ៊ីម៉ាឡេក។
1ឱមនុស្សខ្លាំងពូកែអើយ
ហេតុអ្វីបានជាអួតខ្លួនពីអំពើអាក្រក់ដូច្នេះ?
ព្រះហឫទ័យសប្បុរសរបស់ព្រះ
ស្ថិតស្ថេរអស់កល្បជានិច្ច។
2អណ្ដាតអ្នកបង្កើតជាសេចក្ដីវិនាស
អ្នកប្រសប់ខាងបោកបញ្ឆោត
ប្រៀបដូចជាកាំបិតកោរយ៉ាងមុត។
3អ្នកស្រឡាញ់ការអាក្រក់ ជាងការល្អ
ហើយចូលចិត្តភូតភរ
ជាងនិយាយការពិត។ –បង្អង់
4៙ ឱអណ្ដាតបោកបញ្ឆោតអើយ
អ្នកស្រឡាញ់អស់ទាំងពាក្យដែលនាំឲ្យវិនាស។
5ប៉ុន្តែ ព្រះនឹងបំផ្លាញអ្នករហូតតទៅ
ព្រះអង្គនឹងចាប់យកអ្នកទៅ
ហើយកន្ត្រាក់អ្នកចេញពីជំរំ
ព្រះអង្គនឹងដកអ្នកចេញពីទឹកដី
របស់មនុស្សរស់នេះ។
–បង្អង់
6៙ មនុស្សសុចរិតនឹងឃើញ ហើយកោតខ្លាច
គេនឹងសើចចំអកអ្នកប្រព្រឹត្តអំពើអាក្រក់នោះ
ដោយពាក្យថា
7«មើល៍ នេះនែ៎អ្នកដែលមិនបានយកព្រះជាទីពឹង
គឺបានទុកចិត្តនឹងទ្រព្យសម្បត្តិ
ដ៏ស្ដុកស្ដមរបស់ខ្លួន
ហើយស្មានថាខ្លួនខ្លាំងពូកែ
ដោយអំពើអាក្រក់!»។
8ឯខ្ញុំវិញ ខ្ញុំដូចជាដើមអូលីវខៀវខ្ចី
នៅក្នុងដំណាក់របស់ព្រះ
ខ្ញុំទុកចិត្តនឹងព្រះហឫទ័យសប្បុរស
របស់ព្រះជារៀងរហូតតទៅ។
9ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គជានិច្ច
ដោយព្រោះកិច្ចការដែលព្រះអង្គបានធ្វើ
ទូលបង្គំនឹងសង្ឃឹមដល់ព្រះនាមព្រះអង្គ
ដ្បិតព្រះនាមព្រះអង្គល្អវិសេស
នៅចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ។
Currently Selected:
ទំនុកតម្កើង 52: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies