ទំនុកតម្កើង 72
72
ពាក្យអធិស្ឋានសុំការដឹកនាំ និងការទ្រទ្រង់ដល់ព្រះរាជា
ទំនុករបស់ស្តេចសាឡូម៉ូន។
1ឱព្រះអើយ សូមប្រទានឲ្យព្រះរាជា
ចេះវិនិច្ឆ័យដូចព្រះអង្គ
ហើយសូមឲ្យព្រះរាជបុត្រារបស់ព្រះរាជា
បានប្រកបដោយសេចក្ដីសុចរិតរបស់ព្រះអង្គ!
2សូមឲ្យព្រះរាជាបានគ្រប់គ្រង
លើប្រជារាស្ត្ររបស់ព្រះអង្គដោយសុចរិត
ហើយគ្រប់គ្រងលើប្រជារាស្ត្រក្រីក្រ
របស់ព្រះអង្គដោយយុត្តិធម៌។
3សូមឲ្យភ្នំធំៗផ្ដល់ភាពចម្រុងចម្រើន
ដល់ប្រជារាស្ត្រ
ហើយភ្នំតូចៗផ្ដល់ផលផ្លែជាសេចក្ដីសុចរិត!
4សូមឲ្យព្រះរាជាបានការពារក្ដីរបស់មនុស្សក្រីក្រ
ក្នុងចំណោមប្រជារាស្ត្រ
ជួយសង្គ្រោះពួកកូនរបស់មនុស្សកម្សត់ទុគ៌ត
ហើយកម្ទេចពួកអ្នកជិះជាន់គេ ឲ្យខ្ទេចខ្ទីទៅ។
5៙ សូមឲ្យគេបានកោតខ្លាចព្រះករុណា
ក្នុងកាលដែលនៅមានព្រះអាទិត្យ
ហើយដរាបណានៅមានព្រះច័ន្ទ
គឺជារៀងរហូតគ្រប់ជំនាន់តទៅ!
6សូមឲ្យព្រះរាជាបានដូចជាភ្លៀងបង្អុរ
មកលើវាលដែលច្រូតស្មៅហើយ
គឺដូចជាភ្លៀងដែលស្រោចស្រពផែនដី!
7នៅក្នុងគ្រារបស់ព្រះរាជា
សូមឲ្យសេចក្ដីសុចរិតរីកចម្រើនឡើង
ហើយសូមឲ្យសេចក្ដីសុខសាន្តមានជាបរិបូរ
ដរាបទាល់តែលែងមានព្រះចន្ទ!
8៙ សូមឲ្យព្រះរាជាមានអំណាច
ចាប់តាំងពីសមុទ្រម្ខាង រហូតដល់សមុទ្រម្ខាង
ហើយចាប់ពីទន្លេអឺប្រាត
រហូតដល់ចុងបំផុតផែនដី!
9សូមឲ្យមនុស្សដែលរស់នៅទីរហោស្ថាន
នាំគ្នាក្រាបចុះនៅចំពោះព្រះអង្គ
ហើយខ្មាំងសត្រូវរបស់ព្រះអង្គ ក្រាបលិឍធូលីដី
10សូមឲ្យស្ដេចទាំងឡាយនៅស្រុកតើស៊ីស
និងកោះនានានាំសួយអាករមកថ្វាយព្រះអង្គ
សូមឲ្យស្ដេចទាំងឡាយនៅស្រុកសេបា
និងស្រុកសាបា នាំបណ្ណាការមកថ្វាយដែរ!
11សូមឲ្យស្ដេចទាំងប៉ុន្មានក្រាបចុះ
នៅចំពោះព្រះអង្គ
ហើយជាតិសាសន៍ទាំងអស់នាំគ្នាបម្រើព្រះអង្គ!
12ដ្បិតព្រះរាជារំដោះមនុស្សកម្សត់ទុគ៌តឲ្យរួច
ពេលគេស្រែករកព្រះអង្គ
គឺទាំងមនុស្សក្រីក្រ និងអ្នកដែលគ្មានទីពឹង។
13ព្រះរាជាអាណិតអាសូរមនុស្សទន់ខ្សោយ
និងមនុស្សកម្សត់ទុគ៌ត
ហើយក៏សង្គ្រោះជីវិតមនុស្សកម្សត់ទុគ៌តនោះ។
14ព្រះរាជាលោះជីវិតពួកគេ
ឲ្យរួចពីការសង្កត់សង្កិន
និងអំពើឃោរឃៅ ឈាមរបស់គេ
មានតម្លៃណាស់នៅចំពោះព្រះអង្គ។
15៙ សូមឲ្យព្រះរាជាមានព្រះជន្មាយុយឺនយូរ
ហើយសូមឲ្យគេយកតង្វាយជាមាស
ពីស្រុកសេបា មកថ្វាយព្រះអង្គ
សូមឲ្យមានមនុស្សអធិស្ឋានឲ្យព្រះរាជាជានិច្ច
ហើយថ្វាយព្រះពរដល់ព្រះអង្គជាដរាបរាល់ថ្ងៃ។
16សូមឲ្យមានស្រូវជាបរិបូរនៅក្នុងស្រុក
ភោគផលទាំងនោះទ្រេតចុះឡើងនៅលើកំពូលភ្នំ
សូមឲ្យដើមឈើមានផលផ្លែ
ដូចដើមឈើនៅភ្នំល្បាណូន
ហើយសូមឲ្យមនុស្សចម្រើនឡើងនៅក្នុងទីក្រុង
ដូចស្មៅនៅតាមទីវាល!
17សូមឲ្យព្រះនាមព្រះរាជាស្ថិតស្ថេរ
អស់កល្បជានិច្ច
សូមឲ្យកិត្តិនាមព្រះរាជា
នៅគង់វង្សដូចព្រះអាទិត្យ
សូមឲ្យមនុស្សម្នាបានពរដោយសារព្រះរាជា
អស់ទាំងសាសន៍នឹងហៅព្រះរាជា
ថាជាអ្នកមានពរ។
18៙ សូមលើកតម្កើងព្រះយេហូវ៉ា
ជាព្រះនៃសាសន៍អ៊ីស្រាអែល
ជាព្រះតែមួយព្រះអង្គគត់
ដែលធ្វើការដ៏អស្ចារ្យ។
19សូមលើកតម្កើងព្រះនាម
ដ៏រុងរឿងរបស់ព្រះអង្គ អស់កល្បជានិច្ច
សូមឲ្យផែនដីទាំងមូល
មានពេញដោយសិរីល្អរបស់ព្រះអង្គ!
អាម៉ែន ហើយអាម៉ែន!
20៙ ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ
ជាបុត្ររបស់លោកអ៊ីសាយ ចប់តែប៉ុណ្ណេះ។
Currently Selected:
ទំនុកតម្កើង 72: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies