ទំនុកតម្កើង 75
75
ពាក្យអរព្រះគុណចំពោះកិច្ចការដ៏អស្ចារ្យរបស់ព្រះ
ទំនុកជាបទចម្រៀងរបស់លោកអេសាភ សម្រាប់មេភ្លេង តាមបទ «សូមកុំបំផ្លាញ»។
1ឱព្រះអើយ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
យើងខ្ញុំអរព្រះគុណ
ដោយព្រោះព្រះនាមព្រះអង្គស្ថិតនៅជិត
យើងខ្ញុំរៀបរាប់ពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។
2៙ ព្រះទ្រង់មានព្រះបន្ទូលថា
«ដល់គ្រាដែលយើងកំណត់
យើងនឹងជំនុំជម្រះដោយយុត្តិធម៌។
3កាលផែនដី និងអស់ទាំងមនុស្ស
នៅផែនដីរលាយទៅ
គឺយើងដែលធ្វើឲ្យសសរផែនដី
នៅតែរឹងមាំ»។ –បង្អង់
4ទូលបង្គំនិយាយទៅកាន់មនុស្សអំនួតថា
«កុំអួតខ្លួនឡើយ»
ហើយទៅកាន់មនុស្សអាក្រក់ថា
«កុំលើកតម្កើងខ្លួនឲ្យសោះ
5កុំលើកតម្កើងខ្លួនខ្ពស់
ឬនិយាយប្រហើនឡើយ»។
6៙ ដ្បិតការលើកតម្កើង
មិនមែនមកពីទិសខាងកើត
ឬមកពីទិសខាងលិច
ហើយក៏មិនមែនមកពីទីរហោស្ថានដែរ
7គឺព្រះទេតើ ដែលព្រះអង្គជាចៅក្រម
ព្រះអង្គបន្ទាបម្នាក់ចុះ
ហើយលើកម្នាក់ទៀតឡើង។
8ព្រោះព្រះយេហូវ៉ាកាន់ពែងមួយនៅព្រះហស្ត
ដែលមានស្រាកំពុងឡើងពពុះ
ពែងនោះពេញដោយស្រាលាយជាស្រេច
ព្រះអង្គនឹងចាក់បង្ហូរពីពែងនោះ
ហើយមនុស្សអាក្រក់ទាំងប៉ុន្មាននៅផែនដី
ត្រូវតែផឹកសម្រេងពីពែងនោះទាល់តែអស់។
9៙ តែឯទូលបង្គំវិញ
ទូលបង្គំនឹងប្រកាសពីកិច្ចការ
របស់ព្រះអង្គជាដរាប
ទូលបង្គំនឹងច្រៀងសរសើរដល់ព្រះ
របស់លោកយ៉ាកុប។
10ព្រះទ្រង់មានព្រះបន្ទូលថា «យើងនឹងកាត់
អស់ទាំងស្នែងរបស់មនុស្សអាក្រក់ចេញ
តែយើងនឹងលើកស្នែង
របស់មនុស្សសុចរិតឡើង»។
Currently Selected:
ទំនុកតម្កើង 75: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies