YouVersion Logo
Search Icon

រ៉ូម 12

12
ជីវិត​ថ្មី​នៅ​ក្នុង​ព្រះគ្រីស្ទ
1ដូច្នេះ បង‌ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នា ដោយ​សេចក្តី​មេត្តា‌ករុណា​របស់​ព្រះ ឲ្យ​ថ្វាយ​រូប‌កាយ​ទុក​ជា​យញ្ញ‌បូជា​រស់ បរិសុទ្ធ ហើយ​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ។ នេះ​ហើយ​ជា​ការ​ថ្វាយ​បង្គំ​របស់​អ្នក​រាល់​គ្នា​តាម​របៀប​ត្រឹម​ត្រូវ។ 2មិន​ត្រូវ​ត្រាប់​តាម​សម័យ​នេះ​ឡើយ តែ​ចូរ​ឲ្យ​បាន​ផ្លាស់​ប្រែ ដោយ​គំនិត​របស់​អ្នក​រាល់​គ្នា​បាន​កែ​ជា​ថ្មី ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ស្គាល់​អ្វី​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ គឺ​អ្វី​ដែល​ល្អ អ្វី​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ ហើយ​គ្រប់​លក្ខណ៍។
3ដ្បិត​ដោយ​ព្រះ‌គុណ​ដែល​បាន​ប្រទាន​មក​ខ្ញុំ ខ្ញុំ​និយាយ​ទៅ​កាន់​មនុស្ស​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ថា មិន​ត្រូវ​គិត​ពី​ខ្លួន​ឯង​ឲ្យ​ខ្ពស់ លើស​ជាង​គំនិត​ដែល​គួរ​គិត​នោះ​ឡើយ តែ​ចូរ​គិត​ឲ្យ​មាន​គំនិត​នឹង​ធឹង តាម​ខ្នាត​នៃ​ជំនឿ​ដែល​ព្រះ​បាន​ចែក​ឲ្យ​រៀង​ខ្លួន​វិញ។ 4ដ្បិត​ដូច​ដែល​យើង​មាន​អវយវៈ​ជា​ច្រើន​នៅ​ក្នុង​រូប​កាយ​តែ​មួយ ហើយ​អវយវៈ​ទាំង​នោះ មាន​ការ‌ងារ​ផ្សេងៗ​ពី​គ្នា​ជា​យ៉ាង​ណា 5នោះ​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូប‌កាយ​តែ​មួយ​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​យើង​ម្នាក់ៗ​ជា​អវយវៈ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នោះ​ដែរ។ 6យើង​មាន​អំណោយ‌ទាន​ផ្សេង​ពី​គ្នា តាម​ព្រះ‌គុណ​ដែល​ព្រះ​ប្រទាន​មក​យើង បើ​ជា​អំណោយ‌ទាន​ថ្លែង​ទំនាយ នោះ​ចូរ​ថ្លែង​តាម​ខ្នាត​ជំនឿ​របស់​យើង​ចុះ 7បើ​ជា​ការ​បម្រើ នោះ​ចូរ​បម្រើ ជា​អ្នក​បង្រៀន ចូរ​បង្រៀន 8ជា​អ្នក​លើក​ទឹក​ចិត្ត ចូរ​លើក​ទឹក​ចិត្ត ជា​អ្នក​ចែក​ទាន ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ ជា​អ្នក​នាំ​មុខ ចូរ​ធ្វើ​ដោយ​ឧស្សាហ៍ ជា​អ្នក​មាន​ចិត្ត​មេត្តា‌ករុណា ចូរ​ធ្វើ​ដោយ​រីក‌រាយ។
សញ្ញា​ដែល​បង្ហាញ​ថា​ជា​គ្រីស្ទ‌បរិស័ទ​ពិតប្រាកដ
9ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា ចូរ​ស្អប់​អ្វី​ដែល​អាក្រក់ ហើយ​ប្រកាន់​ខ្ជាប់​អ្វី​ដែល​ល្អ 10ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន ចូរ​ផ្តល់​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​គោរព។ 11ខាង​សេចក្ដី​ឧស្សាហ៍ នោះ​មិន​ត្រូវ​ខ្ជិល​ច្រអូស​ឡើយ ខាង​វិញ្ញាណ នោះ​ត្រូវ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ឆេះ‌ឆួល។ 12ចូរ​អរ​សប្បាយ​ដោយ​មាន​សង្ឃឹម ចូរ​អត់​ធ្មត់​ក្នុង​សេចក្តី​ទុក្ខ​លំបាក ចូរ​ខ្ជាប់‌ខ្ជួន​ក្នុង​ការ​អធិស្ឋាន។ 13ចូរ​ជួយ​ផ្គត់‌ផ្គង់​ដល់​ពួក​បរិសុទ្ធ​ដែល​ខ្វះខាត ចូរ​ទទួល​ភ្ញៀវ​ដោយ​ចិត្ត​រាក់​ទាក់។
14ចូរ​ឲ្យ​ពរ​ដល់​អស់​អ្នក​ដែល​បៀត​បៀន​អ្នក​រាល់​គ្នា ចូរ​ឲ្យ​ពរ​ចុះ កុំ​ដាក់​បណ្ដាសា​គេ​ឡើយ។ 15ចូរ​អរ​សប្បាយ​ជា​មួយ​អ្នក​ដែល​អរ​សប្បាយ ចូរ​យំ​ជា​មួយ​អ្នក​ណា​ដែល​យំ 16ចូរ​រស់​នៅ​ដោយ​ចុះ​សម្រុង​គ្នា​ទៅ​វិញ​ទៅ​មក មិន​ត្រូវ​មាន​គំនិត​ឆ្មើង‌ឆ្មៃ​ឡើយ តែ​ត្រូវ​រាប់​អាន​មនុស្ស​ទន់​ទាប​វិញ។ មិន​ត្រូវ​អួត​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ ។
17កុំ​តប​ស្នង​ការ​អាក្រក់​ដោយ​ការ​អាក្រក់​ឡើយ តែ​ត្រូវ​តាំង​ចិត្ត​ធ្វើ​ល្អ​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ ។ 18ចំណែក​ខាង​ឯ​អ្នក​រាល់​គ្នា​វិញ ប្រសិន‌បើ​អាច​ធ្វើ​ទៅ​បាន នោះ​ចូរ​រស់​នៅ​ដោយ​សុខ​សាន្ត​ជាមួយ​មនុស្ស​ទាំង​អស់​ចុះ។ 19បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ មិន​ត្រូវ​សង​សឹក​ដោយ​ខ្លួន​ឯង​ឡើយ តែ​ចូរ​ទុក​ឲ្យ​ព្រះ​សម្ដែង​សេចក្ដី​ក្រោធ​វិញ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​ថា ការ​សង​សឹក​នោះ​ស្រេច​លើ​យើង យើង​នឹង​សង​ដល់​គេ» ។ 20ផ្ទុយ​ទៅ​វិញ «បើ​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​ឲ្យ​គេ​បរិ‌ភោគ​ចុះ បើ​គេ​ស្រេក ចូរ​ឲ្យ​ផឹក​ទៅ ដ្បិត​ធ្វើ​ដូច្នេះ ប្រៀប​ដូច​ជា​អ្នក​ប្រមូល​រងើក​ភ្លើង​ដាក់​លើ​ក្បាល​របស់​គេ »។ 21មិន​ត្រូវ​ឲ្យ​សេចក្តី​អាក្រក់​ឈ្នះ​អ្នក​ឡើយ តែ​ត្រូវ​ឈ្នះ​សេចក្តី​អាក្រក់ ដោយ​សេចក្តី​ល្អ​វិញ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for រ៉ូម 12